loader

នាយករដ្ឋមន្រ្តី៖ ទីផ្សារចិន-វៀតណាមអាចធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាប្រសើរឡើងទោះបីអឺរ៉ុបយកពន្ធ

កណ្តាល៖ ថ្លែងចំពោះមុខកម្មករកាត់ដេរជាងមួយម៉ឺននាក់នៅស្រុកអង្គស្នួល ខេត្តកណ្តលនៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានលើកទឹកចិត្តដល់ប្រជាកសិករកុំមានការព្រួយបារម្ភពីការផលិតស្រូវអង្ករ ព្រោះកម្ពុជាមានទីផ្សារចិន និងវៀតណាមជួយទិញស្រូវអង្ករពីកម្ពុជាជាង ៧០ម៉ឺនតោនក្នុងមួយឆ្នាំ ស្របពេលដែលសហគមន៍អឺរ៉ុបបានសម្រេចយកពន្ធលើការនាំចូលអង្ករពីកម្ពុជា។ អ្នកជំនាញនិងជាអ្នករកស៊ីលើវិស័យស្រូវអង្ករមានសុទិដ្ឋិនិយមថា ទីផ្សារចិន និងវៀតណាមនឹងអាចស្រូវយកអង្ករកម្ពុជាច្រើនជាងនេះទៀត ហើយប្រទេសទាំងពីរនឹងមិនអាចក្រឡុកតម្លៃស្រូវកម្ពុជាបានទេ ព្រោះកម្ពុជាបច្ចប្បន្នមានទីផ្សារនាំចេញជាង ៧០ប្រទេសឯណ្ណោះ។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

 

នេះជាប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងអះអាងចំពោះអាយុជីវិតវិស័យស្រូវអង្ករកម្ពុជា ក្នុងកាលៈទេសៈដែលសហគមន៍អឺរ៉ុបបានសម្រេចយកពន្ធលើការនាំអង្ករកម្ពុជាកាលពីពេលថ្មីៗនេះ។

សម្តេចនាយករដ្ឋមន្រ្តីថ្លែងបន្តថា រដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើបញ្ហាកសិកម្មពិសេសវិស័យស្រូវអង្ករ ព្រោះវិស័យមួយនេះជាចរន្តសេដ្ឋកិច្ចរបស់កម្ពុជាមួយផ្នែកធំ។ ប្រមុខរដ្ឋាភិបាលបន្ថែមថា ទិសដៅបន្ទាប់ រដ្ឋាភិបាលនឹងជួយសម្រួលកាត់បន្ថយថ្លៃដើមផលិតរបស់កសិករតាម រយៈការតភ្ជាប់ប្រព័ន្ធអគ្គិសនីដល់ស្រែរបស់ប្រជាពលរដ្ឋតែម្តង ដើម្បីឱ្យកសិករអាចបូមទឹកដាក់ស្រែជំនួសការប្រើម៉ាស៊ីនបូមទឹកដោយប្រើប្រេងសាំង។ ជាងនេះទៀតសម្តេចក៏ជំរុញឱ្យមានការផលិតជីកសិកម្មក្នុងស្រុកដើម្បីផលិតផលកសិកម្មកម្ពូជាអាចបង្កើនភាពប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិបាន។

កម្ពុជាកំពុងហែលឆ្លងអន្តរកាលនៃការយកពន្ធអង្ករពីសហគមន៍អឺរ៉ុប ហើយកម្ពុជាក៏កំពុងស្ថិតក្នុងដំណើរការនីតិវិធីនៃការដកពន្ធអនុគ្រោះលើទំនិញទាំងអស់លើកលែងតែអាវុធឬEBA ដែលនាំចូលទីផ្សារអឺរ៉ុបផងដែរ។ ការព្យាករណ៍មួយបង្ហាញថា ការសម្រេចយកពន្ធអង្ករពីកម្ពុជាពីសំណាក់សហគមន៍អឺរ៉ុបនេះនឹងធ្វើឱ្យកម្ពុជាខាតបង់ទឹកប្រាក់ប្រមាណ៥៤លានដុល្លារក្នុងមួយឆ្នាំលើការនាំចេញអង្ករទៅអឺរ៉ុប។

                                                                       ​​ស្រូវអង្ករដែលដាក់តាំងក្នុងពិពណ៌ស្រូវអង្ករ។

 

ការសម្រេចយកពន្ធអង្ករលើកម្ពុជាគឺបន្ទាប់ពីកសិករអ៊ីតាលី និងអេស្បាញបានប្តឹងលើបញ្ហាការនាំចូលអង្ករពីកម្ពុជា និងភូមាមានចំនួនច្រើន ដែលបណ្តាលឱ្យប៉ះពាល់ផលិតកម្មស្រូវរបស់កសិកម្មអឺរ៉ុប។

អ្នកវិភាគផ្នែកសេដ្ឋកិច្ចប្រមើលឃើញថា សេដ្ឋកិច្ចកម្ពុជាមួយផ្នែកនឹងទទួលរងការខាតបង់ពេលពន្ធអង្ករត្រូវបានរឹតបណ្តឹង។​ មួយវិញទៀតប្រជាកសិករនឹងត្រូវរងផលប៉ះពាល់ផងដែរ ពិសេសលើការប្រកួតប្រជែង។

នៅក្នុងបរិបទនៃការយកពន្ធលើវិស័យនាំចេញអង្ករកម្ពុជាចូលទីផ្សារអឺរ៉ុបនេះ អ្នកជំនាញនិងជាអ្នករកស៊ីលើវិស័យស្រូវអង្ករមានសុទិដ្ឋិនិយមថា កម្លាំងស្រូបទិញរបស់ទីផ្សារប្រទេសចិន និងវៀតណាមនឹងអាចកើនឡើងលើស៧០ម៉ឺនតោននេះទៀត ព្រោះប្រជាជនប្រទេសទាំងពីរនិយមបរិភោគអង្ករកម្ពុជាដោយអង្ករមានរសជាតិឆ្ងាញ់។

លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ប្រាប់វិទ្យុស្រ្តីថា ទីផ្សារចិន និងវៀតណាមជាទីផ្សារមួយល្អក្នុងការទទួលយកអង្ករពីកម្ពុជា ព្រោះប្រជាជនប្រទេសទាំងពីរនេះបរិភោគបាយ និងគុយទាវដែលផលិតចេញពីអង្ករ។ លោកបន្តថា ប្រទេសចិន និងវៀតណាមអាចទទួលទិញអង្ករកម្ពុជាលើស៧០ម៉ឺនតោនទៅទៀតនាពេលអនាគត។

លោកឱ្យដឹងទៀតថា បើទោះបីជាទីផ្សារប្រទេសទាំងពីរមានកម្លាំងស្រូបយកអង្ករកម្ពុជាច្រើនយ៉ាងណា តែក៏មិនអាចទម្លាក់ថ្លៃស្រូវកម្ពុជាតាមទំនើងចិត្តបាននោះទេ ព្រោះកម្ពុជាបច្ចុប្បន្នមានទីផ្សារនាំចេញអង្កររហូតទៅដល់ជាង៧០ប្រទេសឯណ្ណោះ ដែលនេះជាជម្រើសសម្រាប់កម្ពុជានៅពេលប្រទេសណាមួយក្រឡុកថ្លៃ។

លោក សុខ ពុទ្ធីវុធ (ឆ្វេង) លោក វេង សុខន (កណ្តាល) លោក យឹម ឆៃលី (ស្តាំ)។ក្នុងពេលប្រគល់ប័ណ្ឌសសើរដល់លោក សុខ ពុទ្ធីវុធកាលពីថ្ងៃទី២២ មករា ឆ្នាំ២០១៨។

 

លោក នង វាសនា ឱ្យដឹងទៀតថា ទីផ្សារប្រទេសចិនបានទទួលទិញអង្ករប្រភេទប្រណិតរហូតទៅដល់ជាង ៨០%ឯណ្ណោះលើការនាំចូលសរុប។ ចំណែកវៀតណាមវិញនាំចូលអង្ករចម្រុះ ហើយឈ្មួញវៀតណាមទិញស្រូវកម្ពុជាក្នុងតម្លៃថ្លៃជាងស្រូវក្នុងប្រទេសវៀតណាម ព្រោះស្រូវអង្ករកម្ពុជាមានរសជាតិឆ្ងាញ់ ។

នៅក្នុងអន្តរកាលដែលសហគមន៍អឺរ៉ុបយកពន្ធអង្ករពីកម្ពុជាអ្នកជំនាញផ្នែកស្រូវអង្ករខាងលើនិយាយថា ក្រុមអ្នករកស៊ីលើការនាំចេញអង្ករទៅសហគមន៍អឺរ៉ុបនឹងកែសម្រួលឧស្សាហកម្មមួយនេះឱ្យល្អប្រសើរជាងមុន និងពង្រឹងសមត្ថភាពប្រកួតប្រជែងដើម្បីរក្សាស្ថានភាពឱ្យនឹងនរ និងមានសក្តានុពល។

ជាអនុសាសន៍សម្រាប់រដ្ឋាភិបាលក្នុងកាលៈទេសៈនេះ អ្នកជំនាញលើកឡើងថា រដ្ឋាភិបាលត្រូវជួយរកវិធីសាស្រ្តជំរុញឱ្យប្រជាកសិករអាចផលិតស្រូវបានទិន្នផលច្រើន និងអាចផលិតស្រូវបានពីរទៅបីដងក្នុងមួយរដូវ។ មួយវិញទៀតរដ្ឋាភិបាល ត្រូវលើកទឹកចិត្តឱ្យកសិករផលិតស្រូវប្រណិតដូចជាផ្កាម្លិស និងសែនក្រអូបជាដើម ព្រោះវាមានភាពក្រកួតប្រជែង។​ និងចុងក្រោយត្រូវជួយកសិករលើការកាត់បន្ថយចំណាយថ្លៃដើម លើការទិញពូជ ជី និងចំណាយលើការប្រាក់ដែលកសិករខ្ចីធនាគារ។ ជាពិសេសជាងនេះ គឺរដ្ឋាភិបាលត្រូវចូលរួមក្នុងការចំណាយច្រូតកាត់ដែលជាចំណាយធំរបស់កសិករ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អង្គការអ្នកប្រជាធិបតេយ្យសុំឲ្យ EU ផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជាករណី EBA

អង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិ(Centr[...]

រដ្ឋមន្រ្តីពាណិជ្ជកម្មពន្យល់ម្ចាស់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ពីជំហរការពារវិស័យវាយនភ័ណ្ឌ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋមន្រ្[...]

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាមានកំណើនស្វាហាប់គឺ៧,៥%ក្នុងឆ្នាំ២០១៨

ភ្នំពេញ៖ កម្ពុជានៅតែបន្តរក្សាបានកំណើនសេដ្ឋកិច[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត