loader

នាយករដ្ឋមន្រ្តីអំពាវនាវឱ្យតុលាការពិចារណាបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវឱ្យស្ថាប័នតុលាការពិនិត្យ ពិចារណាបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី ហើយស្នើឱ្យលោកបន្តកិច្ចការស្រាវជ្រាវ និង វិភាគបន្ថែមទៀតដើម្បីជាប្រយោជន៍ដល់ការសិក្សាផ្នែកវិទ្យា សាស្ត្រសង្គម។

នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន លើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ។

បើតាមនាយករដ្ឋមន្ត្រី ការអំពាវនាវនេះដោយសារសម្តេចបានស្តាប់ការសម្ភាសន៍របស់លោកបណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily កាលពីថ្ងៃទី ១៨ កញ្ញា  ដែលពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ ៦ ចំណុច ដែលជាលក្ខខណ្ឌបង្កើតរដ្ឋាភិបាលក្រៅប្រទេសតាមគំរូ​​ប្រទេស​ភូមា ។ សម្តេច ហ៊ុន សែន បន្ថែមថា ការវិភាគរបស់បណ្ឌិត សេង សារី នេះជាការវិភាគបែបសេនារីយោ ហើយមានការបកស្រាយសមហេតុផលនិងអាចទទួលយកបាន។

ប៉ុន្តែការអំពាវនាវនេះ កើតមានបន្ទាប់នាយករដ្ឋមន្រ្តីបានប្រតិកម្មធ្ងន់ៗលើបណ្ឌិត សេង សារី ដែលបានលើកឡើងពីកំលាំង ៦ យ៉ាង ដែលនាំឱ្យអាចមានការផ្លាស់ប្តូរនៅកម្ពុជាតាមការអំពាវនាវរបស់លោក សម រង្សី។

ក្នុងសន្និសីទកាសែត នាពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំកាលពីថ្ងៃទី១៧ កញ្ញា សម្តេច ហ៊ុន សែន បានថ្លែងចាត់ទុកការបកស្រាយរបស់បណ្ឌិត សេង សារី ថាជាការគាំទ្រចលនាប្រដាប់អាវុធក្រៅប្រទេសដែលត្រូវចាប់ខ្លួន ឬអាចបាញ់សម្លាញ់ចោលផងដែរ។

សូមស្តាប់ប្រសាសន៍របស់សម្តេច ហ៊ុន​ សែន

កាលពីថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២១ កន្លងទៅលោកបណ្ឌិត សេង សារី បានផុសគំនិតវិភាគរបស់លោកលើទំព័រហ្វេសប៊ុកដែលមានចំណងជើងថា«ការផ្តួចផ្តើមគំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ អាចទៅរួច ឬមិនរួច?»ដែលជាការអំពាវនាវរបស់ លោក សម រង្សី​។ ​

លក្ខខណ្ឌទាំង ៦ ចំណុចនោះមាន ទី១៖  កំលាំងអ្នកគាំទ្រគណបក្សប្រឆាំងៈ កំលាំងនេះស្មោះត្រង់និងមោះមុតជាមួយលោក សម រង្ស៊ី តែកំពុងរងការគ្រប់គ្រងយ៉ាងណែន គៀបសង្កត់ សម្លត់ និងគំរាមកំហែងយ៉ាងខ្លាំងពីសំណាក់គណបក្សកាន់អំណាច។ ទី២៖ កំលាំងមហាជនដែលសំដៅទៅលើពលរដ្ឋទូទៅដែលចង់ឲ្យមានការផ្លាស់ប្តូរ ពលរដ្ឋរងភាពអយុត្តិសង្គម ការំលោភបំពាន ការជិះជាន់ និងពោរពេញដោយការឈឺចាប់។ ទី៣៖ កំលាំងយុវជនកំពុងកសាងសមត្ថភាព និងជនចំណាកស្រុក តែកម្លាំងនេះខ្លះកំពុងវង្វេងនឹងសម្ភារនិយម។ លោកថា កំលាំងនេះអាចងើបឡើងបានលុះត្រាណាតែទំហំគ្មានការងារធ្វើកើតឡើងទូទាំងប្រទេស ប៉ុន្តែកន្លងមករដ្ឋាភិបាលបានជម្រុញឲ្យយុវជនចេញធ្វើការក្រៅប្រទេស អាចបញ្ចៀសវិបត្តិគ្មានការងារធ្វើនេះបានយ៉ាងជោគជ័យ។ ទី៤៖កំលាំងផ្ទៃក្នុងគណបក្សកាន់អំណាចៈ កំលាំងនេះអាចកើតចេញពីការបែកបាក់ផ្ទៃក្នុងរបស់បក្សកាន់អំណាច បើសិនដូចអ្នកវិភាគធ្លាប់លើកឡើង។ លោកបន្ថែមថា កម្លាំងនេះអាចទៅចាប់ដៃជាមួយកំលាំងប្រឆាំង ហើយចូលរួមតាមការអំពាវនាវរបស់លោក សម រង្សី។ ទី៥៖កំលាំងប្រដាប់អាវុធៈ កម្លាំងនេះលោកបណ្ឌិតថា គ្មានសញ្ញាណពិតប្រាកដកើតឡើងតាមការអំពាវនាវរបស់លោក សម រង្សី នោះទេ។ និងទី ៦ ចុងក្រោយ គឺកំលាំងអន្តរជាតិ និងប្រទេសជិតខាង។

បើតាមការផ្តល់សម្ភាសន៍របស់លោកបណ្ឌិត សេង សារី ជាមួយសារព័ត៌មានក្នុងស្រុក លោកបញ្ជាក់ថាលោកកំពុងមានវត្តមាននៅប្រទេសថៃ ដើម្បីគេងពីការចាប់ខ្លួន។ តែយ៉ាងណា លោកបារម្ភពីសុវត្ថិភាពសមាជិកក្រុមគ្រួសាររបស់លោកនៅកម្ពុជា។ តែនៅក្នុងការអំពាវនាវរបស់សម្តេច ហ៊ុន សែន នៅព្រឹកនេះ សម្តេចបានអំពាវនាវដល់សមាជិកក្រុមគ្រួសាររបស់បណ្ឌិត សេង សារី កុំអោយមានការព្រួយបារម្ភពីសុវត្ថិភាព។

ជាការកត់សម្គាល់ ក្រោយរយៈពេលជាង ២ម៉ោង បន្ទាប់ពីមានសារអំពាវនាវរបស់នាយករដ្ឋមន្រ្តីនេះ លោកបណ្ឌិត សេង សារី ក៏បានបង្ហោះរូបភាពលើទំព័រហ្វេសប៊ុករបស់លោក ដែលបានដើរកំសាន្តជួបជុំក្រុមគ្រួសារនៅទឹកជ្រោះមួយកន្លែង អបដោយសារសរសេរថា៖«ម៉ែ!អាចទៅវត្តនៅថ្ងៃកាន់បិណ្ឌខាងមុននេះបានហើយ ម៉ែមិនបាច់បារម្ភពីអ្នកណាថាឲ្យម៉ែមានកូនជាជនក្បត់ជាតិទេ!។ លោកបន្ថែមថា៖«ប្រពន្ធសម្លាញ់! អូនអាចបើកទ្វារបងឲ្យកូនរត់លេងវិញបានហើយ!»៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

នៅឆ្នាំ២០៣០ ស្ត្រី និងកុមារ នឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាព

នៅឆ្នាំ២០៣០ ពលរដ្ឋកម្ពុជា នឹងទទួលបានរបបអាហារប[...]

ខេមបូចារកឃើញករណីមន្ត្រីថ្នាក់លើបើកផ្លូវឱ្យអាជ្ញាធរយាយីអ្នកកាសែតពេលបំពេញការងារ

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)ព[...]

នាយករដ្ឋមន្រ្តីផ្តួចផ្តើមគំនិតត្រៀមរៀបចំបើកប្រទេសឡើងវិញ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញគំនិត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x