loader

នាយករដ្ឋមន្ត្រីឡាវធានាចំពោះមុខសម្ដេច ហ៊ុនសែនថានឹងមិនឱ្យលោក សម រង្ស៊ី​ មកកម្ពុជាតាមទឹកដី ឡាវឡើយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីឡាវ បានធានាអះអាងនៅចំពោះមុខសម្ដេចហ៊ុនសែនថា នឹងមិនអនុញ្ញាតឱ្យលោក សម រង្ស៊ី និងបក្សពួក ចូលមកកម្ពុជាតាមទឹកដីរបស់ខ្លួននោះទេ ។ សម្ដេច ហ៊ុន សែន ថា​កម្ពុជា និងឡាវ មិនធ្វើអ្វីដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរវាងប្រទេសទាំងពីរនេះនោះទេ ហើយកម្ពុជានឹងបញ្ជូនសាលដីការចាប់ខ្លួនលោក សម រង្ស៊ី ទៅប្រទេសទាំងអស់ដែលជាសមាជិកក្នុងតំបន់អាស៊ាន ។

លោក សោម លាភ រាយការណ៍អំពីព័ត៌មាននេះ៖  

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងកិច្ចពិភាក្សាការងារជាទ្វេភាគីជាមួយភាគីឡាវ ថ្ងៃពុធទី១២ ខែកញ្ញានៅវិមានសន្តិភាពថា កម្ពុជាខិតខំប្រឹងប្រែង និងស្វះស្វែងធ្វើយ៉ាងណា ដើម្បីឱ្យប្រទេសឡាវធានាថា មិនយកក្រុមលោក សម រង្ស៊ី ធ្វើជាចំណាត់ខ្មាំងសម្រាប់កម្ពុជា ។

នាយករដ្ឋមន្ត្រីកម្ពុជាបង្ហាញដោយមិនបញ្ចេញឈ្មោះថា មានបណ្ឌិតម្នាក់ មិនទាន់យល់ច្បាស់អំពីគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ាន ។

សម្ដេច នាយករដ្ឋមន្ត្រីកម្ពុជា បន្ថែមថានឹងបញ្ជូនសាលដីកាចាប់ខ្លួនលោក សម រង្ស៊ីទៅបណ្ដាប្រទេសជាសមាជិកអាស៊ាន ដោយឡែកចំពោះប្រទេសបានទទួលសាលដីកានេះរួចហើយ ។

តែយ៉ាងណាសម្ដេចនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់ទេអំពីជំហរបស់ថៃក្នុងការចាត់វិធានការបែបណាចំពោះសាលដីការបស់កម្ពុជានោះទេ ។

យ៉ាងណានាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញការហួសចិត្តចំពោះអ្នកវិភាគមួយរូប ដែលសម្ដេចមិនបង្ហាញឈ្មោះ វិភាគថា ឡាវនឹងយកក្រុមលោកសម រង្ស៊ី ធ្វើជាចំណាត់ខ្មាំង ដោយថាបើកម្ពុជាមិនឱ្យដីមួយចំនួនទៅឡាវទេ ភាគីឡាវនឹងបើកឱ្យក្រុមលោក សម រង្ស៊ី ចូលមកកម្ពុជាតាមទឹកដីឡាវ ។

នាខណៈនោះ សម្ដេច ហ៊ុន សែន បានស្នើឱ្យភាគីឡាវថ្លែងជំហររបស់ខ្លួនចំពោះបញ្ហានេះ ។

នាយករដ្ឋមន្ត្រីឡាវ លោកថោង លុនស៊ីសុលីត ថ្លែងថាប្រទេសឡាវ និងមិនឱ្យមានបុគ្គលណាដែលមានទោសឆ្លងកាត់ទឹកដីនៃប្រទេសនេះដើម្បីទៅបំផ្លាញប្រទេសដទៃឡើយ ។

នាយករដ្ឋមន្ត្រីកម្ពុជាសរសេរលើទំព័រហ្វេសបុករបស់ខ្លួនបន្ថែមទៀតថា ប្រមុខដឹកនំានៃប្រទេសកម្ពុជា និងឡាវ បន្តជំរុញអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ។

សម្ដេចបន្ថែមថា កម្ពុជា និងឡាវ បញ្ជាក់ជាថ្មីពីការទុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក និងការគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ការមិនប្រើប្រាស់កម្លាំង  ឬការគម្រាមប្រើកម្លាំង  ការដោះស្រាយទំនាស់ដោយសន្តិវិធី  ព្រមទាំងមិនអនុញ្ញាតឱ្យក្រុមអ្នកនយោបាយ ឬកម្លាំងប្រដាប់អាវុធបរទេសណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងភាគីម្ខាងទៀតឡើយ ។

លោក សន ដារ៉ា សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅបរទេសសរសរលើទំព័រហ្វេសបុករបស់ខ្លួនក្នុងន័យដើមថា «អានសារនេះដឹងច្បាស់ថាតេជោភ័យបាត់សតិ។ ដីកាចាប់ដល់​ដៃប្រទេសអាស៊ាន​ តែឡាវមិនឲ្យសម រង្ស៊ីឆ្លងកាត់។ មិនឲ្យឆ្លងកាត់ចាប់ខ្លួនម្តេចទៅ? វាជាដីការារាំង មិនមែនដីកាចាប់ទេ​។ បើប្រទេសអាស៊ានមិនឲ្យសម រង្ស៊ីឆ្លងកាត់ចាំបាច់មានដីកា​ចាប់ខ្លួន​? »

បើយោងតាមធម្មនុញ្ញនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ឬធម្មនុញ្ញអាស៊ាន នៅបុព្វកថានៃធម្មនុញ្ញនេះបញ្ជាក់ថា រដ្ឋជាសមាជិកអាស៊ាន គឺគោរពចំពោះសារសំខាន់ជាមូលរដ្ឋាននៃមិត្តភាព សហប្រតិបត្តិការណ៍ និងគោលការណ៍អធិបតេយ្យភាព សមភាព បូរណភាពទឹកដី ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គោលការណ៍កុងសង់ស៊ីស និងឯកភាពក្នុងពហុភាគី ។

ជាងនេះទៅទៀត មាត្រា ២ វាក្ខ័ន្យ២ នៅចំណុច ង នៃធម្មនុញ្ញអាស៊ានចែងថា ត្រូវគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋសមាជិកអាស៊ាន ។

មាត្រាដដែលត្រង់ចំណុង ច ចែងអំពីការគោរពគោលការណ៍ដោយគោរពទៅលើសិទ្ធិរបស់រដ្ឋជាសមាជិកនីមួយៗ ក្នុងការដឹកនាំអត្ថិភាពជាតិរបស់ខ្លួន ដោយពុំមានការជ្រៀតជ្រែកពីខាងក្រៅ ការធ្វើវិទ្ធង្សនា និងការបង្ខិតបង្ខំ ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកាលពីឆ្នាំ ២០១១ បានបញ្ជាក់ថា គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ធម្មនុញ្ញអាស៊ាន គឺជាគោលការណ៍ស្នូលរបស់គោលនយោបាយអាស៊ាន ហើយគោលការណ៍នេះត្រូវបានមើលឃើញថាជាមូលដ្ឋានគ្រឹះដ៏សំខាន់តាំងពីការបង្កើតសន្ធិសញ្ញាស្ដីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការណ៍ល្អរបស់អាស៊ីអាគ្នេយ៍ឆ្នាំ ១៩៧៩ ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សនេះ បន្ថែមថា គោលការណ៍នេះ គឺមានសារៈសំខាន់ជាងការធានាឱ្យមានការគោរពសិទ្ធិមនុស្ស ។

បើតាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដដែលបានបញ្ជាក់ក្នុងសលាកបត្រព័ត៌មានស្ដីពីការធ្វើបត្យាប័ននៅកម្ពុជាកាលពីឆ្នាំ ២០១២ បញ្ជាក់ថា ចំពោះការធ្វើបត្យាប័ន  បើតាមគោលការអន្តរជាតិ ការធ្វើបត្យាប័នអន្តររដ្ឋ គឺត្រូវបានគ្រប់គ្រងសន្ធិសញ្ញាទ្វេភាគី និងនីតិវិធីនៃការធ្វើបត្យាប័នឧក្រិដ្ឋជនដែលត្រូវបានចោទប្រកាន់នៅក្នុងប្រទេសទាំងពីរ ។ យ៉ាងណា ការធ្វើបត្យាប័ននេះ មិនអាចធ្វើទៅបានឡើយ ប្រសិនបើបុគ្គលដែលត្រូវបានសុំឱ្យធ្វើបត្យាប័ននោះ អាចពាក់ព័ន្ធទៅនឹងការដាក់ទណ្ឌកម្ម ។ ជាងនេះទៅទៀត បត្យាប័ននោះក៏នឹងត្រូវបដិសេធ ប្រសិនបើរដ្ឋដែលត្រូវបានស្នើចាត់ទុកថាបទល្មើសដែលត្រូវស្នើឱ្យមានការធ្វើបត្យាប័ននោះ មានពាក់ព័ន្ធនឹងករណីនយោបាយ ។

យ៉ាងណា រាល់បទល្មើស និងការចោទប្រកាន់ទៅលើមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានគេមើលឃើញថា ជារឿងសុទ្ធតែពាក់ព័ន្ធនឹងនយោបាយ ។

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ និងអតីតមន្ត្រីនៃអតីតគណបក្សនេះ ប្រកាសថានឹងវិលចូលកម្ពុជាវិញនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ។

មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាតែងតែអះអាងថា នឹងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីប្រឆាំងនឹងវត្តមានរបស់ក្រុមលោក សម រង្ស៊ី ដោយចាត់ទុកថាជាការធ្វើសកម្មភាពបដិវត្តន៍ពណ៌ ។

យ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់ប្រកាសថានឹងចាប់លោក សម រង្ស៊ី នៅពេលដែលលោកមកដល់ទឹកដីនៃប្រទេសក្នុងតំបន់អាស៊ាន ។

កាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី បានមកជួបអ្នកគាំទ្រខ្លួនដល់ប្រទេសម៉ាលេស៊ី និងប្រទេសសឹង្ហបុរីផងដែរ ។

បើទោះបីជាមានការគម្រាមបែបណាក្ដី ក៏លោក សម រង្ស៊ី អះអាងថា ១០០% គឺលោកនឹងវិលចូលកម្ពុជាតាមការកំណត់ឱ្យខានតែបាន ។

មតិមួយចំនួនលើកឡើងជាចម្ងល់ថា តើក្រុមលោក សម រង្ស៊ី នឹងវិលចូលកម្ពុជាដោយរបៀបណា តាមផ្លូវណា ។

យ៉ាងណា បើតាមអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ គឺលោកស្រីមួ សុខហួ និងលោក អេង ឆៃអៀងបញ្ជាក់តាមរយៈវីដេអូផ្សាយផ្ទាល់ថា ថ្នាក់ដឹកនាំអតីតគណបក្សនេះបាន​បែង​ចែក​ការងារ សម្រាប់ថ្នាក់ដឹកនាំសំខាន់ៗក្នុងកិច្ចការដំណើរមាតុភូមិនិវត្ត ។

ជាក់ស្ដែង ការបែងចែកនោះគឺលោក សម រង្ស៊ី និង ភរិយារបស់លោក គឺស្វែង​រក​ការ​គាំទ្រ និង​ជួប​ជាមួយ​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​តំបន់​អឺរ៉ុប និង​អាមេរិក​ ។

ដោយឡែក លោក អេង ឆៃអ៊ាង ទទួល​ខុស​ត្រូវ​ការ​ងារ​ទំនាក់​ទំនង​ជា​មួយ​សកម្ម​ជន​អតីត​បក្ស​ប្រឆាំង​ទាំង​នៅ​ក្នុង​ស្រុក និង ក្រៅ​ស្រុក ។ ចំពោះ លោកស្រី មួរ សុខហួរ ​ទទួល​ខុស​ត្រូវ​នៅ​តំបន់​អាស៊ី ។

ក្នុងវីដេអូផ្សាយផ្ទាល់នោះ លោក​អេង ឆៃអ៊ាង ​ថាជិតដល់ថ្ងៃកំណត់ ថ្នាក់​ដឹក​នាំ​អតីត​បក្សសង្គ្រោះជាតិ នឹង​ចូល​មកជិត​កម្ពុជា ក្នុងការ​ចូល​កម្ពុជាតាមថេរវេលាដែលបានកំណត់ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាតំឡើងប្រាក់ឈ្នួលកម្មករនយោជិត ១៩០ដុល្លារ ខណៈពន្ធអនុគ្រោះប្រឈមនឹងការបាត់បង់

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារចេញផ្សាយន[...]

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកចូលរួមគាំទ្រគម្រោងជាមួយលោក សម រង្ស៊ី អាចជាប់ទោសរហូតដល់ ១០ ឆ្នាំ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា លោក សម[...]

សហរដ្ឋអាមេរិកបន្តជំរុញអោយកម្ពុជាដោះលែងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិជាបន្ទាន់

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានប្រតិកម្មជាបន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត