ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចេញអនុក្រឹត្យបញ្ចប់មុខតំណែងមន្ត្រីអាកាសចរស៊ីវិលម្នាក់ឈ្មោះ បែល វ៉ាន់ដែត ដែលដកកាំភ្លើងភ្ជង់គេព្រោះស៊ីប្លេរថយន្ត។
នេះបើតាមអនុក្រឹត្យនាយករដ្ឋមន្រ្តីចុះថ្ងៃទី១១ខែមេសាឆ្នាំ២០២៣ បង្ហោះលើប្រព័ន្ធតេឡេក្រាមរបស់នាយករដ្ឋមន្ត្រី។
សម្តេច ហ៊ុន សែន សរសេរបន្តទាក់ទងករណីនេះថា បើសិនជាតុលាការមិនចាត់ការតាមផ្លូវច្បាប់ ទុកឲ្យនាយករដ្ឋមន្រ្តីដាក់វិន័យតាមផ្លូវរដ្ឋ។ សម្តេចបញ្ជាក់ថា ជននេះអាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។
តាមរយៈការបញ្ចប់មុខតំណែងមន្រ្តីដែលអាងអំណាចធ្វើទុកបុម្នេញអ្នកទន់ខ្សោយនេះ នាយករដ្ឋមន្ត្រីសុំផ្ញើសារនេះព្រមានចំពោះមន្ត្រីទាំងអស់ កុំអាងមានអំណាចធ្វើបាបអ្នកទន់ខ្សោយជាពិសេស កុំប្រើប្រាស់អាវុធខុសច្បាប់។
សម្តេចស្នើដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការអន្តរាគមន៍ កុំឲ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំមុនពេលកាត់ទោស ព្រោះជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត៕