នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាលបានប្រកាសលេខដល់សារធាណជនគ្រប់រូបអាចរាយការណ៍ពីអាការៈជំងឺរបស់ខ្លួនដើម្បីទប់ស្កាត់ការរាលដាលជំងឺឆ្លងរាតត្បាតផ្សេងៗឲ្យបានទាន់ពេលវេលា។
នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាលបានប្រកាសលេខ Hot Line ១១៥ បាន ២៤ម៉ោង ដើម្បីឲ្យសារធាណៈជនគ្រប់រូប អាចរាយការណ៍ពីអាការៈជំងឺរបស់ខ្លួនទៅកាន់នាយកដ្ឋាននេះដើម្បីទប់ស្កាត់ការរាលដាលជំងឺឆ្លងរាតត្បាតផ្សេងៗឲ្យបានទាន់ពេលវេលា ។
នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាលបានរៀបចំសិក្ខាសាលាមួយស្តីពី៖ «ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវបច្ចេកវិទ្យាឌីជីថល (Digital) និងប្រព័ន្ធតាមដានបែបចូលរួមជាសាធា រណៈ ដើម្បីទប់ស្កាត់ការរាលដាលជំងឺឆ្លងរាតត្បាតនៅកម្ពុជា» នាព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៦ នេះ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន រាជធានីភ្នំពេញ។
ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាល លោក វេជ្ជបណ្ឌិត លី សុវណ្ណ មានប្រសាសន៍នៅក្នុងសិក្ខាសាលានេះថា ការដាក់ឲ្យប្រើប្រាស់នៅប្រព័ន្ធឌីជីថល (Digital) និងប្រព័ន្ធតាមដានជាសាធារណៈនេះមានសារៈសំខាន់ទៅដល់សាធារណៈជនទូទៅ។ លោក វេជ្ជបណ្ឌិត លី សុវណ្ណ បន្តថា សារៈសំខាន់នោះដោយសារតែ ប្រជាពលរដ្ឋខ្មែរគ្រប់រូបអាចរាយការណ៍ពីអាការៈជំងឺរបស់ខ្លួននៅពេលដែលពួកគេសង្ស័យថា ខ្លួនមានអាការៈជំងឺណាមួយខុសប្រក្រតី ដើម្បីឲ្យវេជ្ជបណ្ឌិតអាចជួយទប់ស្កាត់ជំងឺទាំងនោះបានទាន់ពេលវេលា ដោយពួកគេអាចហៅចូលទៅនាយកដ្ឋានប្រយុទ្ធជំងឺឆ្លងបានតាមរយៈលេខ ១១៥ បាន២៤ ម៉ោង ដោយពុំគិតថ្លៃទ្បើយ។
លោក វេជ្ជបណ្ឌិត លី សុវណ្ណ ៖«គឺលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបានដឹងលេខដែលគាត់ត្រូវតេ ពីមុនយើងដាក់បង្ហោះដែរប៉ុន្តែជួនកាលគាត់តេតែយើងអត់នៅ បាទបច្ចុប្បន្ននេះគាត់អាចតេបាន២៤ម៉ោង លើ២៤ម៉ោង ដូច្នេះគាត់ដឹងពីលេខរបស់យើងហើយគាត់នឹងមានកំលាំងចិត្តរាយការណ៍ផងដែរ..»។
ទន្ទឹមគ្នានេះ លោក វេជ្ជបណ្ឌិត លី សុវណ្ណ ស្នើឲ្យប្រជាពលរដ្ឋដែលធ្លាប់មានប្រវត្តិធ្វើដំណើរមកពីតំបន់ អាហ្វ្រិក ឬអាមេរិកខាងត្បូងបើមានរោគសញ្ញាដូចជា គ្រុនក្តៅ ឈឺក្បាល ក្រហមភ្នែក ឬឈឺសន្លាក់ជាដើម ត្រូវប្រញាប់រួសរាន់ទៅមន្ទីរពេទ្យដើម្បីធ្វើតេស្ត(Test) សាកល្បងថា មានជំងឺដែលបង្កដោយវីរុស Zika ដែរឬទេ? ពីព្រោះថា ជំងឺនេះ កំពុងតែរាតត្បាតនៅអាហ្វ្រិក និងអាមេរិក ហើយបើអ្នកកើតជំងឺនេះ មិនឆាប់ទៅព្យាបាលឲ្យទាន់ពេលទេ នោះនឹងអាចធ្វើឲ្យអ្នកជំងឺស្លាប់បាន។
ទាក់ទងនឹងការលើកទ្បើងខាងលើនេះដែរ ជំនួយការទំនាក់ទំនងអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ថា CCC អ្នកស្រី ប្រាក់ កែវគង្គា បាននិយាយថា ការដាក់ឲ្យប្រើប្រាស់នៅប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ ពិតជាមានសារៈសំខានសំរាប់ប្រជាពលរដ្ឋគ្រប់រូប អាចរាយការណ៍ពីជំងឺឆ្លងផ្សេងៗដែលកើតមាននៅក្នុងភូមិ ឃុំ របស់ពួកគេ ហើយម្យ៉ាងវិញទៀត ប្រជាពលរដ្ឋអាចហៅចូលលេខ ១១៥ ដោយមិនមានការចំណាយថវិការផងដែរ។
អ្នកស្រី ប្រាក់ កែវគង្គា បន្ថែមទៀតថា៖ «សំរាប់ខ្ញុំក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ហើយដែលបានចូលរួមស្វែងយល់ទាក់ទងនឹងប្រព័ន្ធថ្មីហ្នឹងខ្ញុំនឹងប្រាប់ទៅដល់បងប្អូនរបស់ខ្ញូំ សាច់ញាតិខ្ញុំឬអ្នករួមការងាររបស់ខ្ញុំត្រទ្បប់ទៅវិញថាយើងមានប្រព័ន្ធ ១១៥ ហ្នឹងដែលបង្កើតទ្បើងដោយក្រសួងសុខាភិបាលហើយយើងអាចរាយការណ៍បានបើក្នុងករណី ឧទាហរណ៍ ថាភូមិយើងមានមាន់ស្លាប់ច្រើន មានជ្រូក ឬមនុស្សឆ្លងជំងឺចម្លែកដែលយើងអត់ដឹង យើងអាចរាយការណ៍បាន.. »។
សូមបញ្ជាក់ផងដែរថា កន្លងមកនាយកដ្ឋានប្រយុទ្ធជំងឺឆ្លងធ្លាប់បានប្រកាសលេខ ១១៥ ម្តងរួចមកហើយ កាលពីឆ្នាំ២០០៩ ប៉ុន្តែនៅពេលនោះមន្ត្រីធ្វើការងារទាក់ទងនឹងប្រព័ន្ធលេខមួយនេះ រង់ចាំទទួលតែនៅម៉ោងធ្វើការតែប៉ុណ្ណោះ ។ ដោយឡែក ចាប់ពីពេលនេះតទៅប្រព័ន្ធមួយនេះនឹងទទួលការហៅចូលរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន២៤ម៉ោង ទាក់ទងនឹងការរាយការណ៍ពីជំងឺផ្សេងៗ៕