en     km
en     km

នាទីប្រវត្តិសាស្រ្ត៖ ប្រវត្តិនៃព្រះរាជពីធីច្រត់ព្រះនង្គ័ល

Share

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺ​ជាពិធី​បុណ្យ​ប្រពៃណី​ជាតិ​មួយ ដែល​គេ​តែង​រៀប​ចំ​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ​ ៤រោច ខែ ពិសាខ។ សម្រាប់ឆ្នាំ២០២០នេះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គល់ គ្រោងនឹងប្រារព្ធឡើងនៅខេត្តកំពង់ធំ ក៏ប៉ុន្តែដើម្បីចូលរួមទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនៃជំងឺកូវីត១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកពិធីបុណ្យច្រុតព្រះនង្គល់នៅឆ្នាំនេះ ដោយយោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គឈ្វេងយល់អំពីទុក្ខលំបាក នៃផលប៉ះពាល់ពីជំងឺរលោកផ្លូវដង្ហើមប្រភេទថ្មីកូវីដ-១៩ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោក ហើយព្រះរាជាណាចក្រកម្ពុជាយើង ក៏កំពុងរងផលប៉ះពាល់នេះដែរ។

ដូច្នេះទំនៀមស្ដេចច្រត់ព្រះនង្គ័លនៅកម្ពុជរដ្ឋ ទើបនឹងមានក្នុងសម័យនេះ ឬក៏មានតាំងពីបុរាណកាលមក?

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូននូវសេចក្តីអត្ថាធិប្បាយលំអិត៖

ព្រះ​រាជពិធី​ច្រត់​ព្រះ​នង្គ័ល គឺ​ជា​ទំនៀម​ទម្លាប់​បវេណី​របស់​ខ្មែរ​តាំង​ពី​អតីតកាល​ ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ដើម្បី​ប្រកាស​ពី​ដំណើរ​មក​ដល់​នៃ​រដូវ​ធ្វើ​ស្រែ​ចម្ការ​របស់​ប្រជានុរាស្ត្រ​ និង​ជា​ពិសេស ដើម្បី​ផ្សង​ប្រផ្នូល​ពី​ភោគផល​កសិកម្ម​នា​ឆ្នាំ​ខាង​មុខ​។ នៅ​ក្នុង​បរិបទ​សង្គម​ខ្មែរសព្វ​ថ្ងៃ ជំនឿ​ចំពោះ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ហាក់​ដូច​ជា​ថម​ថយ​ជាង​មុន​។ ​បើ​ទោះ​បី​ជា​ជំនឿ​ចំពោះ​ពិធី​នេះ​ថម​ថយ​ក៏​ដោយ ក៏​ការ​អភិរក្ស​និង​ថែ​រក្សា​ទំនៀម​ទម្លាប់​នេះ​នៅ​តែ​ជា​រឿង​ចាំ​បាច់ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​ជាតិ​ខ្មែរ​។

ទំនៀមច្រត់ព្រះនង្គល់ត្រូវបានអ្នកបុរាណវិទូជាច្រើនបានធ្វើការសន្និដ្ឋានថា អាចមានកំណើតមកយ៉ាងតិចណាស់នៅក្នុងសម័យក្រុងនគរធំ ព្រោះមានរូបចម្លាក់មួយឈ្មោះថា ពលទេព ឬហៅម្យ៉ាងទៀតថាពលរាម ជាចម្លាក់លីនង្គ័ល ដែលត្រូវបានគេដឹងថាកសាងឡើងសម្រាប់បូជាក្នុងពិធីច្រត់ព្រះនង្គល់ ហើយរូបនេះត្រូវបានកសាងឡើងតាំងពីសម័យនគរធំ ឬអាចថាមុននេះទៅទៀតក៏អាចថាបាន ហើយក្នុងសម័យនោះគង់សាងឡើងជាច្រើន សព្វថ្ងៃនេះគេឃើញរូបមួយនៅមានហោព្រះបញ្ចក្សត្រក្នុងព្រះបរមរាជវាំងជារូបសមិទ្ធិលីនង្គ័ល ឬចបកាប់មើលមិនច្បាស់ រូបមួយទៀតធ្វើដោយថ្មភក់ជារូបលីនង្គ័ល មាននៅសារមន្ទីរភ្នំពេញ ដោយហេតុមានរូបនេះជាស្នាដៃរបស់ខ្មែរសាង មាននៅក្នុងមណ្ឌលស្រុកខ្មែរតាំងពីបុរាណកាល ដូច្នេះទើបនាំឲ្យយល់ថា ទំនៀមច្រត់ព្រះនង្គ័លគង់មានមកពីបុរាណយ៉ាងតិចណាស់ក៏ត្រឹមសម័យក្រុងនគរធំ។

ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល គឺ​ជា​ព្រះ​រាជ​ពិធី​បុណ្យ​ដែល​ខ្មែរ​បាន​ប្រារព្ធ​ធ្វើ​​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​៤​រោច​ខែ​ពិសាខ ដើម្បី​ជាប្រកាស​ពី​ដំណើរ​មក​ដល់​នៃ​រដូវ​ធ្វើ​ស្រែ​ចម្ការ​របស់​ប្រជារាស្ត្រ​ក្នុង​នគរ និង​ដើម្បី​ផ្សង​ប្រផ្នូល​ពី​ភោគផល​កសិកម្ម​នា​ឆ្នាំ​ខាង​មុខ​។

នៅថ្ងៃទី១រោច ដល់ថ្ងៃទី៣រោចខែពិសាខ គេចាត់ឲ្យព្រាហ្មណ៍៥នាក់ធ្វើហោមពិធីបូជាទេវតា៥អន្លើនៅទីព្រះស្រែ។ ថ្ងៃទី៤រោចខែពិសាខ គេចាប់ហែមន្ត្រីអ្នកច្រត់ព្រះនង្គ័លតំណាង ព្រះមហាក្សត្រចេញពីព្រះបរមរាជវាំងទៅកាន់ទីព្រះស្រែ។ ព្រះ​មហាក្សត្រ​ខ្មែរ យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ពិធី​នេះ​ណាស់ ដោយពី​អតីតកាល ​ទ្រង់​បាន​យាង​ច្រត់​ព្រះ​នង្គ័ល​ដោយ​អង្គ​ឯង​។ ប៉ុន្តែ​សម័យ​ក្រោយ​ៗ​មក ព្រះ​មហាក្សត្រ​គ្រាន់​តែ​យាង​ជា​អធិបតី ដោយ​មាន​តំណាង​ព្រះ​មហាក្ស​ជា​អ្នក​ច្រត់នង្គ័ល​ជំនួស​វិញ​។

គោឧសភរាជ ៣នឹម ទឹមច្រត់ព្រះនង្គ័លត្រៀមចាំនៅមុខរោងពិធី ពេលព្រឹកម៉ោង៧កន្លះចាប់ផ្ដើមច្រត់ព្រះនង្គ័លពីទិសនិរតីវិល ស្ដាំ រៀងគ្រប់បីជុំឈប់ ដោះព្រះគោឲ្យបរិភោគអាហារ៧យ៉ាង។ មុនថ្ងៃទី១រោច ខែពិសាខ ក្រុមមេការត្រូវរៀបចំធ្វើរោងមណ្ឌលពិធីនៅព្រះស្រែ៥អន្លើ គឺនៅត្រង់ទិស   បូព៌ាមួយ ទិសអាគ្នេយ៍មួយ ទិសនិរតីមួយ ទិសពាយ័ព្យមួយ និងទិសឦសានមួយ។ ខ្នាតរោងនីមួយៗទំហំទទឹង២ហត្ថកន្លះ បណ្ដោយ៤ហត្ថ ក្រាលរនាប ជញ្ជាំងស្លឹកភ្ជល់ ដំបូលប្រក់ស្លឹកដូចគ្នាទាំង៥អន្លើ។

  • រោងទិសបូព៌ា ជាមុខងារសេនាបតីទី១
  • រោងទិសអាគ្នេយ៍ ជាមុខងារសេនាបតីទី២
  • រោងទិសនិរតី ជាមុខងារសេនាបតីទី៣
  • រោងទិសពាយ័ព្យ ជាមុខងារសេនាបតីទី៤

ក្រៅពីនោះមានការសង់ព្រះពន្លាមួយខ្នង ជាទីសម្រាប់គង់ទតការច្រត់ព្រះនង្គ័ល។ ខ្នាតព្រះពន្លាទទឹង១៤ហត្ថ បណ្ដោយ៤៦ហត្ថ បាសសំពត់យ៉ាងប៉ារ៉ាំ បាំងវាំងនន និងតាំងព្រះទីនាំងកៅអីសម្រាប់ព្រះករុណាគង់ និងកៅអីសម្រាប់មន្ត្រីរាជការ និងប្រដាប់ដោយទង់តាមសមគួរ។

ក្នុងវេលាមុនច្រត់ព្រះនង្គ័ល៣ថ្ងៃ គឺក្នុងពេលដែលព្រាហ្មណ៍ធ្វើពិធី៣ថ្ងៃ ព្រះគោទាំងគូ និងព្រះនង្គ័លនោះតាមទំនៀមពីដើម គេយកទៅតាំងក្នុងរោងមួយដែលទើបសង់ថ្មី នៅក្នុងទីព្រះស្រែនោះ ដោយមានភ្នាក់ងារក្រុមព្រះស្រែមើលថែរក្សា ដាក់ស្មៅ ដាក់ទឹកឲ្យព្រះគោស៊ី ផឹក ឆ្អែតឆ្អន់រាល់ថ្ងៃ ក្នុងរវាង៣ថ្ងៃនោះ ហាមមិនឲ្យយកចេញទៅក្រៅទីព្រះស្រែ សម្ដេចឥសីភទ្ទាធិបតីម៉ាំងថា ព្រះគោ និងព្រះនង្គ័លនេះធ្លាប់មានជារបស់ព្រះរាជទ្រព្យមកតាំងពី បុរាណ ទើបមកលើកលែងក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ដោយលុបមិនឲ្យមានក្រុមក្សត្រ និងមិនឲ្យមានគោព្រះរាជទ្រព្យឡើយ ដល់ពេលធ្វើព្រះរាជពិធី គេយកតែនង្គ័លទៅតាំងនៅរោងទិសនិរតី រហូតដល់សព្វឆ្នាំនេះការតាំងដូច្នោះដើម្បីឲ្យព្រះគោ និងព្រះនង្គ័លចូលក្នុងពិធីរបស់ព្រាហ្មណ៍ផង។

កាលព្រាហ្មណ៍ធ្វើហោមពិធីគ្រប់បីថ្ងៃហើយ ក្នុងថ្ងៃទី៤ ពេលព្រឹកព្រះរាជាព្រះអង្គឯង ឬទ្រង់ចាត់ឲ្យអ្នកតំណាងចេញទៅច្រត់ព្រះនង្គ័ល តែមកសម័យនេះឃើញទ្រង់ចាត់ឲ្យមានតំណាងព្រះអង្គរាល់ៗឆ្នាំ។

អ្នកតំណាងព្រះអង្គ ឬស្ដេចមេឃ តែងខ្លួនក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមតាមបែបចាស់ទុំតំណាលមកគឺ៖

មកក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្តិមុនីវង្ស និងក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះសីហនុវរ្ម័ន មានពាក់ស្រោមជើងពណ៌ខ្មៅផង។

ឯចំណែកជំទាវ ឬមេហួ ក្នុងរជ្ជកាលព្រះករុណាព្រះបាទនរោត្តម តាមចាស់ទុំទាំងឡាយតំណាលមកថា តែងខ្លួនដូច្នេះដូចតទៅ៖

មកក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្តិ តាមដែលប្រាកដ ក្នុងកំណត់ព្រះរាជពិធីច្រត់ព្រះនង្គ័លក្នុងឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ២៤៤៨ គ្រិស្តសករាជ១៩០៥ថា ៖

មកដល់ក្នុងកាលបច្ចុប្បន្ន គេឃើញព្រះមេហួតែងខ្លួនប្រហែលកូនល្ខោនគឺ ៖

  • ស្លៀកពាក់សារបាប់សំឡុយ
  • ពាក់អាវទ្រនាប់ពណ៌លឿងរឹតខ្លួន
  • ពាក់ស្បៃឆៀងដូចកូនល្ខោន
  • និងប្រដាប់មាសពេជ្រដូចពោលហើយ។

ឯមហាតលិកទាំងបួនរបស់ស្ដេចមេឃ តែងខ្លួនរបៀបបច្ចុប្បន្ន ស្លៀកសំពត់ពណ៌ចងក្បិន ពាក់អាវផ្កាមាសនង ពាក់មួកប្រពាត់ដូចៗគ្នា នាងសាវឡិករបស់ជំទាវ ស្លៀកសំពត់ពណ៌ គឺពីរនាក់ពណ៌ម្យ៉ាង និងពីរនាក់ទៀតពណ៌ម្យ៉ាង ពាក់អាវទ្រនាប់រឹតខ្លួន ពានាក្រមាពណ៌ពីរនាក់ ពណ៌ម្យ៉ាង និងពីរនាក់ទៀត ពណ៌ម្យ៉ាង ក្បាលឥតមានពាក់អ្វីទេ។

របៀបតែងខ្លួនអ្នកតំណាងព្រះអង្គ នូវបរិពារ និងចំនួនមនុស្ស បើប្រមើលមើលតាំងពីបុរាណកាលរៀងមកសម័យនេះ គេស្មានថាគង់មិនឈរបែបតែមួយទេ រមែងមានការកែប្រែរេទៅតាមសម័យខ្លះជាធម្មតា តែគង់មិនឆ្ងាយប៉ុន្មានអ្វីពីរបៀបដើម។

ការជួបជុំសព្វគ្រប់ដូច្នេះ ហើយលំដាប់នោះក្បួនហែក៏ហែទៅដល់ទីព្រះស្រែក្នុងពេលបន្ទាប់ៗ គ្នានេះកាលទៅដល់ស្ដេចមេឃ និងព្រះមេហួចូលទៅថ្វាយបង្គំព្រះទេវរូបនៅរោងពិធីទិសនិរតី(ជា ទីតាំងព្រះចន្ទទេវរូបបាគូផ្លុំស័ង្ខ៣បទ រួចចេញច្រត់ព្រះនង្គ័លភ្នាក់ងារអ្នកកាន់នង្គ័លស្ដេចមេឃក៏ប្រគល់ឲ្យស្ដេចមេឃ ហើយចេញទៅដើរនាំមុខនង្គ័ល១ច្រត់មុខយោង នង្គ័ល១ទៀតច្រត់តាមក្រោយព្រះនង្គ័លស្ដេចមេឃនៅជាកណ្ដាល មានម្នាក់បាំងក្លស់និងមហាតលិក៤នាក់កាន់គ្រឿងដើរតាមក្រោយ។

មេហួដើរក្រោយនង្គ័លទី៣ម្នាក់បាំងក្លស់ និងសាវឡិក៤នាក់ កាន់គ្រឿងដើរហែតាមក្បួនព្រះនង្គ័លចេញច្រត់ជាទក្ខិណាព័ទ្ធ៣ជុំ ខណៈកំពុងច្រត់នោះ មេហួចាប់ស្រូវហៅថាក្រយាសំពាន់ក្នុងកញ្ជើព្រាចសាចទៅឆ្វេង ទៅស្ដាំដរាបណាឈប់ច្រត់ តែក្នុងមួយជុំពួកបាគូផ្លុំស័ង្ខម្ដង។

លុះច្រត់គ្រប់បីជុំហើយ ភ្នាក់ងារដែលដើរនាំមុខ ក៏ដើរនាំក្បួនព្រះនង្គ័លទៅឈប់ដោះគោចេញពីនឹមនៅទីទាបខាងរោង ពិធីទិសបូព៌ា។

លំដាប់នោះព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះឲ្យស៊ីផឹកអាហារទាំង៧យ៉ាង ដែលភ្នាក់ងាររៀបដាក់តុប្រាក់ធំៗតាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវមួយតុ គ្រាប់សណ្ដែកមួយតុ គ្រាប់ពោតមួយតុ គ្រាប់ល្ងមួយតុ ស្មៅស្រស់មួយតុ ទឹកមួយតុ ស្រាមួយតុ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្តប្រស់ក្បាលព្រះគោ ទាំងពីរហើយមន្ត្រីម្នាក់ ដែលកាន់នង្គ័លស្ដេចមេឃដឹកគោឧសភរាជទាំងពីរទៅឲ្យស៊ី ផឹករបស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់ទាំង៧យ៉ាងស្រេចហើយ តែគោឧសភរាជចូលចិត្តស៊ី ផឹកអ្វី ក៏ស៊ីផឹកទៅ គេមិនបង្ខំឲ្យស៊ី ផឹកចំពោះអាហារណាមួយៗទេ កាលព្រះគោស៊ី ផឹកអ្វីម្យ៉ាង ឬពីរយ៉ាង ព្រហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះ។ ទំនាយមិនជាការប្រាកដបានទេ គឺថាបើព្រះគោស៊ីអ្វីក៏ទាយថា ក្នុងឆ្នាំនេះរបស់នេះសម្បូរប្លែក តែបើស៊ីស្មៅទាយថា នឹងកើតជំងឺគោ បើផឹកស្រា នឹងកើតមនុស្សពាលចោរលួចចោរប្លន់ជាច្រើន។

លំដាប់នោះស្ដេចមេឃ និងនាងមេហួចូលទៅថ្វាយបង្គំព្រះទេវរូប នៅក្នុងរោងមណ្ឌលទិសខាងកើត នោះពួកបាគូក៏ចូលផ្លុំស័ង្ខ ព្រះរាជគ្រូយកទឹកមន្តប្រោះព្រំឲ្យអ្នកទាំងពីរ ព្រមទាំងឲ្យសព្វសាធុការពរឲ្យបានប្រកបដោយសេរីសួស្ដី នូវសេចក្ដីសុខ មហាប្រសើររៀងទៅប៉ុណ្ណោះជាការសម្រេចព្រះរាជពិធីច្រត់ព្រះនង្គ័លហើយ។

នៅ​ក្នុង​ព្រះ​រាជពិធី​មង្គល​នេះ ជា​រៀង​រាល់​ពេល​ដែល​គោ​ឧសភរាជ​ទាំង​ពីរ​បរិភោគ​អាហារ​ទាំង​៧​មុខ​រួច​ហើយ ប្រជារាស្ត្រ​ខ្មែរ​តែង​តែ​នាំ​គ្នា​យក​សំណល់​អាហារ​​ជា​អាថិ៍​ដូច​ជា ស្រូវ សណ្ដែក ពោត និង​ល្ង​ជា​ដើម ដើម្បី​រក្សា​ទុក ដោយ​មាន​​ជំនឿ​ថា សំណល់​អាហារ​ទាំង​នោះ នឹង​ផ្ដល់​សេចក្ដី​សុខ​ចំពោះ​រូប​គេ​ម្នាក់​ៗ​។ ចំណែក​ប្រជានុរាស្ត្រ​ដែល​​ចិញ្ចឹម​ជីវិត​ដោយ​របរ​កសិកម្ម​វិញ តែងមានជំនឿ​​ថា ប្រសិន​បើ​បាន​យក​សំណល់​គ្រាប់​ធុញ្ញជាតិ​ទាំង​នោះ ទៅ​រួម​ផ្សំ​ជាមួយ​គ្រាប់​ពូជ​ដែល​ពួក​គេ​ត្រូវ​បង្ក​បង្កើន​ផល​នា​រដូវ​ខាង​មុខ នោះ​របរ​កសិកម្ម​របស់​ពួក​គេ​នឹង​ចម្រុង​ចម្រើន ទទួល​បាន​ទិន្នផល​ខ្ពស់​ជា​ដើម​។ ដោយ​ឡែក ​ ការ​ទស្សន៍ទាយ​នៅ​ក្នុង​ព្រះ​រាជពិធី​ច្រត់​ព្រះ​នង្គ័ល ក៏​ត្រូវ​បាន​ប្រជាកសិករ​តាំងតែ​ពី​បុរាណកាល ជឿជាក់​និង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​។

ជា​ការ​ពិត ពិធី​ច្រត់​ព្រះ​នង្គ័ល​គឺ​ជា​ជំនឿ​របស់​ប្រជារាស្ត្រ ជា​ពិសេស​ប្រជា​កសិករ​។ ប៉ុន្តែ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ គេ​មិន​អាច​បដិសេធ​បាន​ទេ​នូវ​ភាព​ថម​ថយ​នៃ​ជំនឿ​​របស់​កសិករ​ចំពោះ​ ​ព្រះ​រាជពិធី​ច្រត់ព្រះ​នង្គ័លនេះ​​។ ​ជំនឿ​ដែល​ថម​ថយ​នោះ​ទៀតសោត ចម្បង​បំផុត​គឺ​ដោយ​សារ​តែ​ភាព​ជឿន​លឿន​នៃ​វិទ្យាសាស្ត្រ​​បច្ចេកវិទ្យា​​។ ជំនឿ​និងវិទ្យាសាស្ត្រ ជា​រឿង​ពីរ​ផ្សេង​គ្នា​។ ​ជំនឿ​របស់​ប្រជាកសិករ​ចំពោះ​ពិធី​ច្រត់​ព្រះ​នង្គ័ល​​ជា​រឿង​មួយ​។ ចំណែក​ឯ​ការ​ប្រែប្រួល​អាកាសធាតុ​និង​បញ្ហា​វិទ្យាសាស្ត្រ​ជា​រឿង​មួយ​ផ្សេង​​ទៀត​។ រឿង​ទាំង​ពីរ​នេះ ពិបាក​នឹងដើរ​ស្រប​គ្នា​រហូត​ណាស់​។ ដូច្នេះ​ហើយ បើ​ទោះ​បី​ជា​ទំនាយ​ទាយ​ថា​ល្អ ប៉ុន្តែ​ប្រសិនបើ​មិន​សូវ​មាន​ទឹក​ភ្លៀង ដំណាំ​កសិកម្ម​​​ក៏​ពិបាក​នឹង​ទទួល​ទិន្នផល​ល្អ​ប្រសើរ​ដែរ​។ បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ បើ​ទោះ​បី​ជា​ជំនឿ​ថយ​ចុះ​ខ្លះក៏​ដោយ ក៏​ទំនៀម​ទម្លាប់​បវេណី​ច្រត់​ព្រះ​នង្គ័ល​នេះ នៅ​តែ​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម​ខ្មែរ​ជា​និច្ច​។ ទំនៀម​ទម្លាប់​​​ប្រពៃណី​នេះ​ ​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ ​នៅ​ក្នុង​អារម្មណ៍​របស់​មនុស្ស​ខ្មែរ​គ្រប់​ជំនាន់​ រហូត​ក្លាយ​ជា​អត្តសញ្ញាណ​ដែល​ពិបាក​នឹង​លុប​បំបាត់​។ ដូច្នេះ​ការ​អភិរក្ស​និង​ថែ​រក្សា​ទំនៀម​ទម្លាប់​បវេណី ដែល​កើត​មាន​តាំង​ពី​ច្រើន​ជំនាន់​មក​ហើយ​នោះ គឺ​ជារឿង​ចាំ​បាច់ ដើម្បី​ថែ​រក្សា​អត្តសញ្ញាណ​ជាតិ​ខ្មែរ និង​ដើម្បី​ឲ្យ​កូន​ខ្មែរ​ព្រម​ទាំង​​ពិភពលោក​ទាំង​មូល​បាន​ស្គាល់​និង​យល់​ដឹង​៕

អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា

Share

Image
Image
Image