ផ្អែកតាមរបាយការណ៍របស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ មានចំណងជើងថា «ការធ្វើធុរកិច្ចឆ្នាំ២០១៦៖ ការវាស់វែងអំពីគុណភាព និងប្រសិទ្ធភាព» ឱ្យដឹងថា កម្ពុជា បានកែលម្អឱ្យមានទំនុកចិត្តលើការផ្គត់ផ្គង់អគ្គិសនី និងកែលម្អលើរយៈពេលដែលត្រូវចំណាយ ដើម្បីចាប់ផ្ដើមបើកក្រុមហ៊ុនរកស៊ីមួយ និងបានកាត់បន្ថយចំនួននៃនីតិវិធីដែលចាំបាច់។ កត្តានេះបានធ្វើឲ្យកម្ពុជាមានចំណាត់ថ្នាក់ល្អ ក្នុងការសម្រួលដល់ការធ្វើអាជីវកម្ម៕
ធនាគារពិភពលោកបានបញ្ចេញរបាយការណ៍ថា នៅឆ្នាំ ២០១៥ ការសម្រួលការធ្វើអាជីវកម្មនៅកម្ពុជាបានល្អជាងឆ្នាំ២០១៤។ ការបង្ហាញរបាយការណ៍របស់ធនាគារពិភពលោក ធ្វើឡើងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ។ ក្នុងរបាយការណ៍របស់ធនាគារពិភពលោក ដែលមានចំណងជើងថា «ការធ្វើធុរកិច្ចឆ្នាំ២០១៦៖ ការវាស់វែងអំពីគុណភាព និងប្រសិទ្ធភាព» ឱ្យដឹងថា ការសម្រួលការធ្វើអាជីវកម្មនៅកម្ពុជានាឆ្នាំ២០១៤ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខរៀង១៣៣ ហើយនៅឆ្នាំ២០១៥ ចំណាត់ថ្នាក់នេះបានធ្លាក់ចុះមកនៅត្រឹមលេខរៀងទី១២៧ ក្នុងចំណោមប្រទេសទាំង១៨៩ ដែលធនាគារពិភពលោកបានសិក្សាវាយតម្លៃ។
សូមជម្រាបថា ក្នុងចំណោមប្រទេសចំនួន ១៨៩ ដែលធនាគារពិភពលោកបានផ្ដល់ចំណាត់ថ្នាក់ ទាក់ទងនឹងការសម្រួលការធ្វើអាជីវកម្មនេះ ប្រទេសសឹង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខរៀងទី១ ក្នុងចំណោមប្រទេសមានចំណាត់ថ្នាក់ល្អជាងគេទាំង ២០ ឯប្រទេសម៉ាឡេស៊ីបានជាប់ចំណាត់ថ្នាក់លេខរៀងទី១៨។
ធនាគារពិភពលោកចាត់ទុកថា ចំណាត់ថ្នាក់របស់កម្ពុជា ដែលធ្លាក់ចុះពីលេខរៀងទី១៣៣ មកនៅត្រឹម១២៧ បង្ហាញថា កម្ពុជាបានប្រឹងប្រែងយ៉ាងល្អ ក្នុងការសម្រួលដល់ការធ្វើអាជីវកម្មនៅក្នុងប្រទេសនេះ។
របាយការណ៍របស់ធនាគារពិភពលោកបញ្ជាក់ថា កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសតែពីរប៉ុណ្ណោះនៅលើពិភពលោក ដែលបានធ្វើកំណែទម្រង់ ដោយបានកែលម្អលើទំនុកចិត្តនៃការផ្គត់ផ្គង់អគ្គិសនី។ របាយការណ៍បន្តថា កម្ពុជាក៏បានកែលម្អផងដែរលើរយៈពេលដែលត្រូវចំណាយ ដើម្បីចាប់ផ្ដើមបើកក្រុមហ៊ុនរកស៊ីមួយ និងបានកាត់បន្ថយចំនួននៃនីតិវិធីដែលចាំបាច់។
ធនាគារពិភពលោកបន្ថែមថា នាពេលអនាគត កម្ពុជានឹងមានឱកាសធ្វើឱ្យប្រសើរលើបរិយាកាសសម្រួលដល់ការធ្វើអាជីវកម្មបន្ថែមទៀត ជាពិសេសការលុបចោលលក្ខខណ្ឌតម្រូវឱ្យមានដើមទុនអប្បបរមា ដើម្បីចាប់ផ្ដើមដំណើរការបើកក្រុមហ៊ុនថ្មីមួយ៕