en     km
en     km

ទឹកដោះម្តាយមានសារធាតុចិញ្ចឹមខ្ពស់តែម្តាយភាគច្រើននិយមបំបៅកូនដោយម្សៅទឹកដោះគោ

Share

ស្វាយរៀង៖ ការបំបៅកូនដោយទឹកដោះម្តាយមានសារៈសំខាន់ខ្លាំងណាស់សម្រាប់វ័យលូតលាស់របស់ទារកតាំងពីចាប់កំណើតរហូតដល់អាយុ ៣ ឆ្នាំ ព្រោះទឹកដោះម្តាយមានសារធាតុចិញ្ចឹមច្រើន​ អាចឱ្យកុមារមានសុខភាពល្អ និងទប់ស្កាត់រាល់ជម្ងឺនានា។ តែជាអកុសលម្តាយភាគច្រើនបានបំបៅកូនរបស់ខ្លួនដោយម្សៅទឹកដោះគោកំប៉ុងជំនួយវិញ ក្រោមហេតុផលរវល់ការងារ ភាពស៊ីវិល័យ ខ្លាចខូតទ្រង់ទ្រាយដើមទ្រូង និងខ្លះជឿលើការផ្សព្វផ្សាយថា ម្សៅទឹកដោះគោកំប៉ុងមានសារជាតិចិញ្ចឹមខ្ពស់ជាងទឹកដោះម្តាយ។ ជាក់ស្តែងក្រុមអ្នកសារព័ត៌មានបានចុះទៅសម្ភាសន៍ម្តាយមួយចំនួនក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង និងរបាយការណ៍របស់មន្ទីរសុខាភិបាលស្រុកស្វាយទាបបញ្ជាក់ថា ម្តាយភាគច្រើនប្រមាណ៨០% បានបំបៅកូនដោយម្សៅទឹកដោះគោ។ ដោយឡែករបាយការណ៍របស់សម្ព័ន្ធអង្គការដែលធ្វើការលើអាហារូបត្ថម្ភ និងការបំបៅកូនដោយទឹកដោះម្តាយ ក៏រកឃើញថា កម្ពុជាបានធ្លាក់ចុះអត្រានៃការបំបៅកូនដោយទឹកដោះម្តាយដែរ ខណៈនិន្នាការនៃការប្រើប្រាស់ម្សៅទឹកដោះគោមានការកើនឡើង។

ដើម្បីជ្រាបកាន់តែច្បាស់សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ញឹក សំអូន ដូចតទៅ!

(ស្វាយរៀង)៖អង្គុយលើគ្រែក្រោមផ្ទះឈើមួយខ្នងនាភូមិព្រះទន្លេ ឃុំសង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រុងស្វាយរៀង អ្នកស្រី ព្រុំ ដាវី កំពុងបំបៅកូនតូចអាយុជាង ១០ថ្ងៃដោយដើមទ្រូង ជាទិដ្ឋភាពអ្នកម្តាយកំពុងផ្តល់អាហារដល់កូនដោយការថ្នាក់ថ្នមនិងក្តីស្រលាញ់ពេញចិត្ត។

អ្នកស្រី ព្រុំ ដាវី មានកូនពីរនាក់ សព្វថ្ងៃជាកម្មាការិនីរោងចក្រ។រូបភាព ញឹក សំអូន

អ្នកស្រី ដាវី មានរបរជាកម្មាការិនីកាត់ដេរផងនោះ បានប្រាប់ថា អ្នកស្រីបំបៅកូនត្រឹម ៣ ខែប៉ុណ្ណោះដោយឱ្យកូនបៅទឹកគោវិញ ព្រោះត្រូវចូលធ្វើការរកប្រាក់ចំណូល។ តែយ៉ាងណាអ្នកស្រីឆ្លៀតឱ្យកូនបៅទឹកដោះខ្លួនពេលត្រឡប់មកពីធ្វើការវិញ ព្រោះយល់ថា ទឹកដោះម្តាយមានគុណប្រយោជន៍ជាងទឹកដោះម្សៅ និងកាត់បន្ថយចំណាយ។ អ្នកស្រី ព្រុំ ដាវី ៖«ជាប់ធ្វើការឲ្យកូនបៅទឹកដោះគោផងទឹកដោះយើងផង ពេលកើតមកឲ្យបៅទឹក ដោះយើង អីចឹងពេលអត់ឆ្អែតឲ្យវាបៅទឹកដោះគោបន្ត ឲ្យវាបៅហើយទៅកុំឲ្យដល់ពេលថ្ងៃ ដែលយើង ចូលធ្វើការវាអត់ចេះបៅ  ទឹកដោះគោមួយខែអស់៧៥ដុល្លាទាំងខោទឹកនោមផង អស់១០០ ដុល្លាក្នុងមួយខែ» 

ស្រដៀងគ្នានេះដែរ អ្នកស្រី​​ ភា ចាន់ពន្លឺ ជាស្រ្ដីមេផ្ទះរស់នៅភូមិឃុំខាងលើនិយាយថា អ្នកស្រីបំបៅកូនដោយទឹកដោះខ្លួនផង និងទឹកដោះគោផង ព្រោះរវល់ធ្វើការ។ តែយ៉ាងណាអ្នកស្រីបានយល់ដឹងពីសារៈប្រយោជន៍របស់ទឹកដោះម្តាយ ទើបអ្នកស្រីមិនមើលរំលង។ អ្នកស្រី ភា ចាន់ពន្លឺ ៖«ខ្ញុំគិតថាទឹកដោះ ទឹកដោះវាចេញមកពីក្នុងឈាមយើង យើងហូបបន្លែសព្វមុខ មានជាតិបន្លែប៉ៃតង ស្លឹកកប្បាស ផ្ទី ល្ពៅវាមានទឹកដោះឲ្យកូនបៅ»

អ្នកស្រី​​ ភា ចាន់ពន្លឺ បានបំបៅកូនដោយទឹកដោះខ្លះ និងទឹកដោះគោខ្លះ ដោយរវល់ការងារប្រចាំថ្ងៃរូបភាព ញឹក សំអូន

អ្នកស្រី សូ ភួងម៉ាឡៃ គ្រូពេទ្យប្រចាំនៅមណ្ឌលសុខភាពសង្ឃ័រ ផ្នែកសម្ភព និងពន្យាកំណើតតែងតែណែនាំដល់ប្រជាពលរដ្ឋ ពិសេសស្រ្តីជាម្តាយដែលមកសម្រាលកូន ឱ្យបំបៅដោះកូនដោយទឹកដោះម្ដាយឲ្យបានច្រើនជាងទឹកដោះគោ។ អ្នកគ្រូពេទ្យបានរៀបរាប់ប្រាប់វិទ្យុស្រ្ដីថា៖«ពេលគាត់មកសម្រាល នៅកន្លែងខ្ញុំ តែងតែប្រាប់គាត់  បើសម្រាលកូនលើកទី១ ឫកូនដំបូងរយៈពេល២ថ្ងៃទៅ ៣ថ្ងៃ ទើបចេញទឹកដោះ ជាទូទៅតាមគោលការកន្លែងខ្ញុំរយៈពេល៦ខែយើងអាចឲ្យញុំាអាហារបន្ថែម ក្រៅ វាអាចជួយកាត់បន្ថយការចំនាយផ្សេងៗ ប៉ុន្តែឥឡូវវាអត់ដូចមុនវាប្រែប្រួលអ្នកខ្លះធ្វើការ គិតថាពិបាកសម្រាប់គាត់ សឹងតែ៩០%ហើយដែលបៅទឹកដោះគោ»

អ្នកគ្រូពន្យល់បន្ថែមថា៖«ទឹកដោះម្ដាយវាមានសារសំខាន់សម្រាប់ កូនព្រោះ វាមានសារជាតិ គ្លូសដ្រូមក្នុងនឹងចឹងវាមានសារធាតុចិញ្ចឹមគ្រប់បែបយ៉ាងមានទាំង ប្រូយតេអ៊ីន និងអង់ទីគ័រជួយការពារកូន ណាមួយនៅពេលដែលយើងឲ្យកូនបំបៅនឹង ដោះ យើងទៅ មានភាពកក្ដៅគាត់បីត្រកងធ្វើឲ្យស្បែកប៉ះនឹងស្បែងរវាងម្ដាយមានភាពស្និតស្នាល»។

អ្នកគ្រូពេទ្យ សូ ភួងម៉ាឡៃ ប្រចាំការមណ្ឌលសុខភាពសង្ឃ័រ យ។ រូបភាព ញឹក សំអូន

ការរកឃើញរបស់សម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហាររូបត្ថម្ភកម្ពុជាឱ្យដឹងថា ការអនុវត្តការបំបៅទឹកដោះម្តាយទៅកូនអាចបង្ការការស្លាប់របស់កុមារទូទាំងពិភពលោកចំនួនជាង ៨២ ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ ភស្តុតាងវិទ្យាសាស្រ្តបញ្ជាក់ច្បាស់ថា ការបំបៅដោះម្តាយទៅកូនភ្លាមៗក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល អាចទប់ស្កាត់មរណភាពទារកបានប្រហែល២០% ។ ចំណែកកុមារដែលបានបៅទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេល ៦ ខែដំបូងអាចកាត់បន្ថយជំងឺរាករូសបាន ១១ដង និងជំងឺរលាកសួតបាន ១៥ដង បើធៀបជាមួយកុមារដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយ។

ជាការកត់សម្គាល់របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងឱ្យកាសប្រារព្ធទិវាបំបៅកូនដោយទឹកដោះម្តាយលោកបានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅទីជនបទមានអត្រាបំបៅកូនដោយទឹកដោះម្តាយច្រើនជាងអ្នកនៅទីក្រុងដែលរវល់កិច្ចការងារច្រើន។

លោក ភោគ ជាតិ មេភូមិព្រះទន្លេ ឃុំសង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ឱ្យដឹងថា ពលរដ្ឋភាគច្រើនពីសេសស្រ្តីមានមុខរបរជាកម្មកររោងចក្រកាត់ដេរ។ ចំណែកការបំបៅកូនវិញលោកសង្កេតឃើញថា ម្តាយភាគច្រើនបំបៅកូនដោយទឹកគោ។លោក ភោគ ជាតិ «ឲ្យគាត់ប្រើទឹកដោះម្ដាយល្អជាងទឹកដោះគោ ជាក់ស្ដែង ឥឡូវម្ដាយក្មេងច្រើនធ្វើរោងចក្រ គេប្រើម្សៅទឹកដោះគោជំនួសដោយសារជាប់ធ្វើការ រោងចក្រ»

លោក ភោគ ជាតិ មេភូមិព្រះទន្លេ ឃុំសង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង រូបភាព ញឹក សំអូន

ពាក់ព័ន្ធការបំបៅកូននេះលោក សរ សុខចំរើន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ឱ្យដឹងថា ការបំបៅកូនដោយទឹកដោះម្តាយមានអត្រាទាបណាស់គឺមានត្រឹម ២០ ៣០% តែប៉ុណ្ណោះ ខណៈ៧០ ៨០% បំបៅកូនដោយម្សៅទឹកដោះគោ។

ដោយឡែកលោក ហួ គ្រឿន នាយករងអង្គការ Helen keller ដែលធ្វើការទាក់ទិនអាហារូបត្ថម្ភ បានឲ្យថា ការបំបៅកូនដោយទឹកដោះម្តាយប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្លាក់ចុះជាលំដាប់។ លោកបញ្ជាក់ថា ការបំបៅកូនដោយទឹកដោះពីម្តាយទៅទារកពីសូន្យអាយុទៅដល់អាយុ ៦ ខែបានធ្លាក់ចុះពី ៦២% នៅឆ្នាំ២០១០ មកត្រឹម ៣៩%នៅឆ្នាំ២០១៤។ ចំណែកនៅតំបន់ជនបទមានការធ្លាក់ចុះតិចជាងត្រឹម៩% គឺពី ៧៤% ក្នុងឆ្នាំ ២០១០ដល់ ៧០%នៅឆ្នាំ២០១៤។

អង្គការ Hellen Keller រកឃើញថា កម្ពុជាខាតបង់ជាងប្រាក់ ៣២៦ លាន ៨ សែន ដុល្លារអាមេរិកក្នុងរយៈពេល ១ ឆ្នាំ ដោយសារតែ​ការមិន​បំបៅ​ដោះ​ម្តាយ។ ​​ក្នុងនោះ​ខាតបង់​តាមរយៈ​ការទិញ​ទឹកដោះ​ជាង​ ១០៧ លាន​ដុល្លារ  ខាតបង់លើបញ្ហាទារក និងកុមារ​ងាយ​ឈឺនាំឱ្យ​ពុក​ម្តាយ​ខាតវេលា និង លុយកាក់ ហើយ​ពេលខ្លះ​បណ្តាលឱ្យ​កុមារ​ស្លាប់បាត់​បង់ជីវិត​ក៏មាន ។ លើសពីនេះ​ ការមិន​បំបៅ​ដោះ​ម្តាយ​ដល់​កូន ធ្វើឱ្យ​កូន​អាច​ខ្វះ​អាហារូបត្ថម្ភ នាំឱ្យ​ថយចុះ​គុណភាព នៃ គំនិត​ប្រាជ្ញា​ស្មារតី។

រូបភាពពីហ្វេសប៊ុក អង្គការ Hellen Keller

អង្គការ Hellen Keller បានពិនិត្យឃើញទៀតថា មានការថយចុះនៃការ​បំបៅ​ដោះ​ម្តាយ​ដល់​កូន ហើយ​កើន​ឡើ​ង​ការ​បំបៅ​​ទឹកដោះគោ​។ មូលហេតុ​ដោយសារ​ខ្វះ​យល់ដឹង​អំពី​គុណប្រយោជន៍នៃការ​បំបៅ​ដោះ​ម្តាយ  ការអនុវត្ត​អនុក្រឹត្យ​លេខ ១៣៣ នៅ​មាន​ក​ម្រិត។  ភាព​សុះសាយនៃការឃោសនា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លក់​ផលិតផល​ទឹកដោះគោ បំផ្លើស​ហួសហេតុ​នាំឱ្យមាន​ការយ​ល់​ច្រឡំ​ដូចជា​ថា​ ផលិត​ទាំងនោះ​មានគុណ​ភាពល្អ ធ្វើឱ្យ​កុមារមាន​សុខភាព​ល្អ ប្រាជ្ញា​ឆ្លាត​វៃជាដើម ខណៈ​ម្តាយ​ខ្លះ​យល់ថា ការ​មិន​បំបៅ​ដោះ​របស់ខ្លួន​ទៅ​កូនជាភាពទាន់សម័យ​ ហើយម្តាយ​មួយ​ចំនួន​មិន​ចង់​បំបៅ​ដោះ​កូន​ព្រោះ​​ខ្លាច​ខូច​ទ្រង់​ទ្រាយ​ដោះ​​ជាដើម​។​

ក្នុងថ្ងៃប្រារព្ធពិធីសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយកាលពីថ្ងៃទី៣០ ខែកក្តដា លោករដ្ឋមន្រ្តី ម៉ម ប៊ុន ហេង ថ្លែងថា មន្រ្តីជំនាញតែងតែតាមដាន និងអនុវត្តវិធានការច្បាប់ចំពោះសហគ្រាស ឬក្រុមហ៊ុនណាដែលមិនព្រមអនុវត្តតាមការណែនាំរបស់ក្រសួង។ លោករដ្ឋមន្រ្តីថ្លែងដោយអំពាវនាវដល់ម្តាយគ្រប់រូប សូមបំបៅកូនដោយទឹកដោះម្តាយឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។ លោកឱ្យដឹងថា ការបំបៅកូនដោយទឹកដោះម្តាយ គឺមានគុណប្រយោជន៍យ៉ាងច្រើន កាត់បន្ថយអត្រាស្លាប់របស់ទារក ។

ដោយឡែកអ្នកស្រី ឈួន វណ្ណី វ័យ ៥១ ឆ្នាំជាអ្នកលក់ចាប់ហួយ រស់នៅស្រុកស្វាយទាប ខេត្តស្វាយរៀងដូចគ្នាចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា៖ «កូនអ៊ុំបំបៅដោះ វាមិនដែលឈឺមានសុខភាពល្អ ហើយកូនដំបូងឲ្យអឹមទឹកដោះយូទៅវាចេញ ហើយអត់មានគិតពីរបអាហារអីផងដ៏ពេលបានមួយខួបទៅបបរកិនដាក់ស្កសរនឹងអំបិលតិចៗ ទៅហើយបញ្ចុកវា មិនដូចអ្នកអឹមទឹកដោះគោងាកឈឺៗចៅកូនបងគេនោះឲ្យអឹមទឹកដោះគោ វារាកងាកឈឺៗវាក្ដៅពេលយើងបំបៅទឹកដោះគោខុស»។

អ្នកស្រី ឈួន វណ្ណី វ័យ ៥១ ឆ្នាំ បានប្រាប់ពីភាពខុសគ្នារវាងការចិញ្ចឹមកូនដោយការបំបៅទឹកដោះម្តាយ ដែលកូនៗរបស់គាត់មានសុខភាពល្អ ជាងចៅៗដែលបៅទឹកដោះគោកំប៉ុងនាសម័យបច្ចុប្បន្ន ។ រូបភាព ញឹក សំអូន

អ្នកស្រីបន្តថា៖«សម័យឥឡូវកូនច្រើនកើតមកទុកលើយាយអឹមទឹកដោះគោ ដើម្បីគ្នាបាន រកលុយជួយទប់ទល់ បើគ្នានៅឲ្យអឹមទៅរកតែប្ដីវាអត់សល់»​

អត្ថបទ៖ ញឹក សំអូន, សម្រួលអត្ថបទ៖ កែវ សុខា

Share

Image
Image
Image