en     km
en     km

ក្រសួងធម្មការច្រានចោលព័ត៌មានករណីផ្សាយថាក្រសួងហាមប្រាមនិងបិទការសម្តែងទីងមោង

Share

ភ្នំពេញ៖ ក្រសួងធម្មការនិងសាសនា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានចេញលិខិតបំភ្លឺដោយបដិសេធព័ត៌មានដែលផ្សាយថា ក្រសួងហាមប្រាមមិនឱ្យដង្ហែទីងមោងទៀតនោះទេ។ តាមរយៈសេចក្តីបំភ្លឺក្រសួងអំពាវនាវដល់អ្នករៀបការដង្ហែរទីងមោង ត្រូវសម្តែងដោយមានរបៀបរៀបរាយ រក្សាភាពថ្លៃថ្នូរជាសិល្បៈវប្បធម៌ខ្មែរពិតប្រាដក។

(កញ្ញា ងិន ស៊ាងលីមរាយការណ៍)

 

កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងធម្មការនិងសាសនាបានចេញលិខិតបដិសេដនិងបំភ្លឺជុំវិញករណីហាមឃាត់ទីងមោងនៅស្រុកស្អាង ខេត្តកណ្តាល ដោយភ្ជាប់ខ្លឹមសារថា«កន្លងមកមានសារព័ត៌មាននិងបណ្តាញសង្គមមួយចំនួនបានចុះផ្សាយថា ការដង្ហែទីងមោងសម្រាប់រៃអង្គាស បច្ច័យនៅក្នុងរដូវកាលបុណ្យចូលព្រះវស្សាត្រូវបានហាមឃាត់មិនឱ្យធ្វើទៀតឡើយ»។ ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា សូមបដិសេធព័ត៌មាននេះដោយបញ្ជាក់បន្ថែមថា គ្មានការហាមប្រាមការដង្ហែទីងមោង ដែលជាប្រពៃណីរបស់ប្រជាជន ឬពុទ្ធសាសនិកកម្ពុជាដូចការចុះផ្សាយនោះទេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធម្មការនិងសាសនា។ រូបភាព៖ ក្រសួងធម្មការនិងសាសនា

 

តែយ៉ាងណា ក្រសួងទទួចឱ្យអ្នករៀបចំការដង្ហែទីងមោង ត្រូវរៀបចំសម្តែងឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ពោលគឺ ការរចនាទីងមោងត្រូវធ្វើតាមរចនាបទខ្មែរ ដើម្បីរក្សាគុណតម្លៃសិល្បៈវប្បធម៌របស់ខ្មែរ។ ការស្នើនេះដ្បិតកន្លងទៅ ការសម្តែងតាមតំបន់មួយចំនួនមានរចនារូបទីងមោងប្រាសចាកពីទម្រង់និងរចនាបទរបស់ខ្មែរ អ្នកខ្លះរចនាជារូបក្មេងទំនើង រូបមនុស្សកាន់កំប៉ុងស្រាបៀរ រូបអាសអាភាស ឬប្រើប្រាស់ឧបករណ៍ភ្លេងមិនសមស្របជាដើម។ មិនតែប៉ុណ្ណោះ នៅតាមតំបន់មួយចំនួនទៀត គេប្រែក្លាយការដង្ហែទីងមោងទៅជាចាក់ធុងបាស់ទៅវិញ។
លិខិតរបស់ក្រសួងបន្ថែមទៀតថា ថ្មីៗនេះមានការភ័ន្តច្រឡំនិងទទួលព័ត៌មានមិនច្បាស់លាស់ ពីប្រភពសារព័ត៌មានឬបណ្តាញសង្គមមួយចំនួន បានយករឿងនេះទៅផ្សព្វផ្សាយប្រាសចាកពីខ្លឹមសារដើម ធ្វើឱ្យសាធារណៈមតិមួយចំនួនយល់ច្រឡំថាក្រសួងបិទមិនឱ្យមានការសម្តែងទីងមោង។

រូបភាពតំណាងទីមោង។ រូបភាព៖ តាមបណ្តាញសង្គម

 

គួររំលឹកបន្តិចថា កាលពីទី១១ ខែកក្កដា ឆ្នាំ២០២៤ មានទំព័រហ្វេសប៊ុកមួយឈ្មោះទីងមោង វត្តសូរភី បានបង្ហោះសារនៅក្នុងគណនីរបស់ខ្លួនអំពីការបិទដំណើរការទីងមោងក្នុងកម្មវិធីនានានៅក្នុងវត្តទូលទាំងខេត្ត។ ខ្លឹមសារនៃការបង្ហោះនោះលើកឡើងថា៖«ក្នុងនាមពួកខ្ញុំជាកូនអ្នកស្រុកស្អាង នៅពេលដែលខ្ញុំបានលឺដំណឹងថា ទីងមោងទាំងអស់នៅក្នុងវត្តទូទាំងខេត្តកណ្តាលត្រូវបិទ ពួកខ្ញុំពិតជា សោកស្តាយជាខ្លាំង និងសុំទោសជាខ្លាំងចំពោះជីដូនជីតាដែលពួកខ្ញុំ មិនអាចធ្វើអ្វីបាន.. ដើម្បីថែរវប្បធម៌មួយនេះបាន បើអាចសុំថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមយោគយល់ដល់ពួកខ្ញុំជាកូនអ្នក ស្អាងផងចុះ ដែលថែរវប្បធម៌មួយនេះផងចុះ បើតាមលក្ខណៈរបស់ពួកខ្ញុំ ក្នុងមួយវត្ត (ក្នុងមួយវត្តអនុញ្ញាត អោយ ហែរ15ទៅ16 ទីងមោងចុះ) ក្នុង1ឆ្នាំសុំតែ3ថ្ងៃ ចំពោះការហែរទៅចុះ»។

ការលើកឡើងរបស់យុវជននៅក្នុងស្រុកស្អាងដែលតែងហែរទីមោង។ រូបភាព៖ ទីងមោង វត្តសូរភី

 

បន្ទាប់ពីមានការបង្ហោះនេះ អ្នកប្រើបណ្តេញសង្គមផ្សេងទៀតក៏បន្តចែករំលែកដោយប្រើសារដដែល ពុំបានពន្យល់មូលហេតុជាក់លាក់ ឬភ្ជាប់លិខិតរបស់ក្រសួងដែលបង្គាប់ឲ្យពួកគេបិទដំណើរទីងមោងទាំងអស់នៅក្នុងវត្តទូទាំងខេត្តកណ្តាលនោះទេ។ ប្រការនេះជាហេតុធ្វើឲ្យអ្នកលេងតាមបណ្តាញសង្គមមានការងឿងឆ្ងល់ និងបញ្ចេញមតិវែកញែកលើរឿងនេះ ហើយខ្លក៏ស្នើសុំឲ្យមានការបញ្ជាក់ឲ្យច្បាស់លាស់ប៉ុន្តែក៏ពុំមានការឆ្លើយតប។

ចំណែកគណនីឈ្មោះថា Seav Kou បានបង្ហាញពីការខកចិត្តថា «វប្បធម៌ទីងមោងអរូបីត្រូវបានបិទដោយក្រសួង ខ្ញុំសូមមិនយល់ស្របចំពោះការមិនឲ្យហែរទាន ព្រះវស្សាទីងមោងស្រុកស្អាងទេ។ មូលហេតុក្រសួងមិនឱ្យហែរព្រោះមានពាក្យចា រាមថាប៉ះពាល់សណ្តាប់ធ្នាប់និងចរាចរណ៍តាម ដងផ្លូវនិងរញ៉េរញ៉ៃ។» លោកយល់ថា នេះជាមូលហេតុមិនសមហេតុផល ព្រោះទីងមោងនៅស្រុកស្អាងខេត្តកណ្តាលមានតាំងពីបុរាណមកម្ល៉េះ រួចលោកក៏ស្នើរឲ្យក្រសួងពិចារណាម្តងទៀត។

រូបភាពតំណាងទីមោង។ រូបភាព៖ តាមបណ្តាញសង្គម

 

ចំណែកគណនីដែលមានឈ្មោះថា Bong Kha បានឲ្យដឹងថា «គេមិនអោយហែរអង្គាសលុយ តាមផ្លូវសាធារណៈ ព្រោះទីងមោងធ្វើឡើងឥលូវខុសពីមុន ហើយ ពេលហែរបែរជាចាក់បទឌីស្កូ រីមិច ខុសប្រាសចាកពីអ្វីដែលដូនតា បានបន្សល់ទុកមកទៅវិញ ដូចនេះវាធ្វើអោយបរទេសមើលមកអាច យល់ច្រលំពី វប្បធម៌របស់ខ្មែរ ។»
យ៉ាងណាមិញ ដោយសារតែពុំមានភាគីខាងណាមកបញ្ជាក់ច្បាស់ចំពោះបញ្ហានេះ ទើបដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាលខេត្តកណ្តាលទើបមកកាន់ដំណែងថ្មី បានចេញសារបញ្ជាក់ថា ពុំមានការបិទដំណើការទីងមោងនោះទេ តែស្នើដល់អ្នករៀបចំ ត្រូវរក្សាសណ្តាប់ធ្នាប់ឲ្យបានល្អ ដើម្បីរក្សាគុណតម្លៃនៃសិល្បៈខ្មែរ។ លោកបញ្ជាក់ទៀតថា លោកនឹងចុះទៅជួបជាមួយពួកគេដោយផ្ទាល់នាពេលខាងមុខផងដែរ៕

ត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

Share

Image Not Found
Image

ព័ត៌មានទាក់ទង