ភ្នំពេញ ៖ យ៉ាងហោចណាស់ចំណតចំនួនពីរអាចនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ២០១៧នេះ។ ចំណតទាំងបួនអាចនឹងអនុញ្ញាតិឲ្យរថយន្តច្រើនជាង ១៥០០ គ្រឿងចូលចត។
ចំណតរថយន្តក្រោមដីបង់ថ្លៃដំបូងគេនៅកម្ពុជានឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០១៧នេះ។ សាលារាជ ធានីភ្នំពេញសហការជាមួយក្រុមហ៊ុនវិនិយោគឯកជនកំពុងសាងសង់ចំណតរថយន្តក្រោមដីចំនួនបួន នៅពីក្រោមសួនខាងក្រោយធនាគារវឌ្ឍនៈ ឆ្ពោះទៅកាន់មាត់ទន្លេផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌ័ដូនពេញ។ ចំណតនិមួយៗវិនិយោគដោយក្រុមហ៊ុនឯកជនផ្សេងៗគ្នា។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុនអូស៊ីអាយស៊ី Overseas Cambodian Investment Corporation (OCIC) ដែលជាក្រុមហ៊ុនមួយក្នុងចំ ណោមក្រុមហ៊ុនវិនិយោគទាំងនោះ បានឲ្យដឹងថា ចំណតដែលក្រុមហ៊ុនរបស់លោកទទួលសិទ្ធិវិនិយោគនោះនឹងត្រូវសាងសង់រួចរាល់នៅចុងឆ្នាំនេះ។ ហើយបន្ទាប់ពីសាងសង់រួចរាល់ ចំណតនោះនឹងត្រូវដាក់ឲ្យដំណើរការភ្លាម។ «បញ្ចប់គម្រោងនៅចុងឆ្នាំនេះ នឹងដាក់ឲ្យដំណើរភ្លាម»។
ក្រុមហ៊ុន OCIC វិនិយោគនូវទឹកប្រាក់ចំនួន ៣ លានដុល្លារក្នុងការសាងសង់ចំណតក្រោមដីដែលមានទំហំ ៧០០០ ម៉ែត្រការ៉េ។ ចំណតនេះអាចផ្ទុករថយន្តបានចំនួន ២០០គ្រឿង។
ការសាងសង់ចំណតរថយន្តក្រោមដីធ្វើឡើងក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់ចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈដើម្បីចតរថយន្ត និងសម្រួលដល់ការកកស្ទះចរាចរណ៍ និងធ្វើឲ្យសណ្តាប់ធ្លាប់តាមទ្រូងផ្លូវកាន់តែប្រសើរឡើង។
បើយោងតាមអ្នកនាំពាក្យរសាលាក្រុងភ្នំពេញ លោក ម៉េត មាសភក្តី ចំណតរថយន្តក្រោមដីចំនួន ៣ នៅក្នុងចំណោម ៤ ទីតាំងអាចផ្ទុករថយន្តបានចំនួន ១៥០០គ្រឿង និងម៉ូតូ ១៥០០ គ្រឿង។ ប៉ុន្តែក្នុងពេលនេះចំណតចំនួនពីរក្នុងចំណោមនោះមិនទាន់ចាប់ផ្តើមសាងសង់នៅឡើយទេ។
មន្ត្រីសាលារាជធានីភ្នំពេញដដែលលើកឡើងថា ចំណតក្រោមដីនេះនឹងជួយសម្រួលដល់ប្រជាពលរដ្ឋនៅតំបន់ជុំវិញដែលមានយានយន្ត ប៉ុន្តែខ្វះទីតាំងសំរាប់ចតឲ្យមកចតនៅទីតាំងថ្មីនេះបាន។«ធ្វើចំណតនេះមិនមែនមានន័យថា ត្រូវប្រមូលរថយន្ត ឬ ម៉ូតូទាំងអស់នៅក្នុងរាជធានី មកចតនៅចំណតហ្នឹងទេ ព្រោះវាជាចំណតដែលសម្រាប់ជួយសម្រួលទៅដល់អ្នកដែលធ្វើដំណើរ ឬអ្នករស់នៅ ឬអ្នកដែលមានបំណង់ចង់ធ្វើការសំចតនៅម្តុំហ្នឹងគឺអាចប្រើប្រាស់ចំណត់នេះ»។
លោក ម៉េត មាសភក្តី អះអាងថា ដំណើរការសាងសង់ចំណតយានយន្តក្រោមដីចំនួនពីរទីតាំងដំបូងសំរេចបាន ៧០ភាគរយហើយ។ ចំណែកចំណតរថយន្តក្រោមដីចំនួនពីរទីតាំងផ្សេងទៀត មិនទាន់កំណត់ពេលវេលាសាងសង់នៅឡើយ។
សូមបញ្ជាក់ថាចំណតយានយន្តក្រោមដីទាំងបួនមានទំហំជាង ៩១០០ ម៉ែត្រការ៉េ។ ហើយចំណតនិមួយៗមានកំពស់ពីរជាន់៕