នៅថ្ងៃព្រហស្បតិ៍ ទី០៩ មិថុនានេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា បាន ចូលបំភ្លឺនៅរដ្ឋសភា ដើម្បីឆ្លើយសំនួរទាក់ទិនទៅនឹងការចាប់ឃុំខ្លួន អ្នកតំណាងរាស្ដ្រ និងឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស មន្ដ្រីគ.ជ.ប តាមការចោទសួរគណបក្សប្រឆាំង ពីការប្រើប្រាស់អំណាចរបស់មន្ដ្រីយុត្ដិធម៌ មិនស្របច្បាប់ ។ ការបំភ្លឺរបស់លោករដ្ឋមន្ត្រី នៅពេលនេះ គឺឆ្លើយបំភ្លឺមិនមានការចោទ បន្ថែមពីម្ចាស់សំនួរ គឺគណបក្សសង្គ្រោះជាតិ ដែលនាំឱ្យមានការចោទសួរអំពីតម្លៃ និងភាពស្មោះត្រង់របស់អ្នកបកស្រាយ ។
( ពីឆ្វេង) លោក សូ ចន្ថា លោក សម គន្ធាមី និង លោក គល់ បញ្ញា។
អវត្តមានម្ចាស់សំណួរក្នុងការឆ្លើយបំភ្លឺនេះ អ្នកតាមដានស្ថានការនយោបាយ មានទស្សនៈយ៉ាងណា? សូមស្តាប់សេចក្តីរាយការណ៍របស់កញ្ញា ឆេង ណាតា ដូចតទៅ ៖
លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ បានបញ្ចេញទស្សនៈថា នៅពេលគ្មានវត្តមានម្ចាស់សំណួរចោទសួរបន្ថែមទៅលើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើឱ្យការឆ្លើយបំភ្លឺថ្ងៃនេះហាក់បីដូចជាមិនចំ និងមិនស្របនូវអ្វីដែលចង់បាន ហើយក៏មិនបានឆ្លុះបញ្ចាំងនូវការតស៊ូមតិនៅក្នុងរដ្ឋសភាបានទេ ព្រោះមានតែអ្នកឆ្លើយតែគ្មានអ្នកសួរ ។ លោកបន្តថា វេទិកាឆ្លើយបំភ្លឺនេះដែរ ក៏ហាក់បានប្រែក្លាយជាវេទិកា ដើម្បីវាយប្រហារច្រើនជាង ។
លោក សូ ចន្ថា៖ «ប៉ុន្តែយើងឃើញការចូលបំភ្លឺនៅថ្ងៃនេះ ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ យើងមន្ត្រីគណបក្សប្រឆាំងមិនបានចូលរួម ហើយយើងឃើញថាមានការស្នើសុំលើកពេលវេលា ដើម្បីធ្វើការចោទសួរសំណួរអីផ្សេងៗ ក៏ប៉ុន្តែអ្វីដែលសំខាន់ការចូលបំភ្លឺនៅថ្ងៃនេះវាហាក់បីដូចជា ការចូលដើម្បីតែបង្គ្រប់កិច្ចតែប៉ុណ្ណោះ ប៉ុន្តែហាក់បីដូចជាមិនមានខ្លឹមសារអីសំខាន់សម្រាប់ជាប្រយោជន៍ដល់សង្គមឡើយ »។
ចំណែកលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខមហ្វ្រេល ដែលជាអ្នកឃ្លាំមើល ដំណើររដ្ឋសភា មានប្រសាសន៍ថា ការចូលឆ្លើយបំភ្លឺនៅថ្ងៃនេះ គឺសភា បានធ្វើតាមនិតិវិធី និងការទទួលខុសត្រូវរបស់ខ្លួនពិតមែន ប៉ុន្តែការដេញដោលមិនបានធ្វើក្នុងន័យពេញលេញនោះទេ ដោយសារតែអ្នកត្រូវដេញដោល អវត្តមានគឺមិនមានន័យអ្វីទេ ។
លោក គល់ បញ្ញា ៖ «វាអត់មានអត្ថន័យពេញលេញទេ ព្រោះអីជាត្រូវតែមានអ្នកដែលដេញដោលនឹងឯងទៅបញ្ជាក់បន្ថែម ទៅលើកបន្ថែម មិនអាចគ្រាន់តែទៅឆ្លើយអញ្ចឹងទៅក្នុងនាមសមាជិកគណបក្សខ្លួនឯងអញ្ចឹងទេ›› ។
ជាមួយគ្នានេះលោក សម គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច មានប្រសាសន៍ថា លោកមានការសោកស្តាយចំពោះការធ្វើពហិការក្នុងការចូលរួមឆ្លើយបំភ្លឺ របស់គណបក្សប្រឆាំងនៅថ្ងៃនេះ ។
លោកថាប្រសិនបើមានវត្តមានគណបក្សសង្គ្រោះនៅថ្ងៃនេះនឹងល្អ ពីព្រោះការបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានប្រយោជន៍ច្រើនសម្រាប់សង្គម ដោយសារតែប្រជាពលរដ្ឋចង់ដឹងពីប្រព័ន្ធយុត្តិធម៌ ដើម្បីឱ្យរដ្ឋមន្ត្រីឆ្លើយបំភ្លឺជុំវិញបញ្ហាច្បាប់ ជាពិសេសទាក់ទង នឹងការងារឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ ។
លោក សម គន្ធាមី ៖ «អាហ្នឹងជាបញ្ហាមួយដែលយើងសោកស្តាយខ្លាំង បើតាមទស្សនៈខ្ញុំគាត់គួរតែចូលរួមដែរ ដើម្បីសួរបំភ្លឺលោករដ្ឋមន្ត្រីឱ្យបានអស់ចម្ងល់ ជាពិសេសវាជាផលប្រយោន៍សង្គមផង ប្រជាពលរដ្ឋគឺគាត់ចង់ច្រើនពីបញ្ហាសង្គមបច្ចុប្បន្ន» ។
តែបែបនេះក្ដីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត មានប្រសាសន៍ថា មិនមានន័យ ឬមានន័យ គឺអាស្រ័យលើ បក្សប្រឆាំងមកកាន់រដ្ឋសភាមកស្ដាប់ការបំភ្លឺ ។
លោក សុខ ឥសាន្ត ៖ «អាហ្នឹងជាគំនិតគាត់ជាយោបល់គាត់ទេ អាហ្នឹងគាត់លើកអីលើកទៅ រដ្ឋសភាធ្វើតាមតួនាទីភារៈកិច្ចរបស់សភា ។ រដ្ឋសភាមិនឈឺក្បាលអី អាហ្នឹងគេធ្វើតាមភារៈកិច្ចរដ្ឋសភា ។ យើងដឹងហើយតើយើងមានឆ្ងល់ឯណា គណបក្សប្រឆាំងតើដែលឆ្ងល់ ហើយមិនព្រមចូលស្តាប់ ដូច្នេះបានជាវាមិនសូវមានតិ ដោយសារអី ដោយសារគណបក្សប្រជាជនអត់មានឆ្ងល់ផង »។
រីឯលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯវិមានរដ្ឋសភាថា គណបក្សប្រជាជនកម្ពុជាមិនមានអ្វីឆ្ងល់នោះទេ ហើយសំណួរដែលគណបក្សប្រឆាំងបានសួរ ក៏រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឆ្លើយបានក្បោះក្បាយនិងដោះស្រាយតាមរបៀបផ្លូវច្បាប់ហើយដែរ ។
លោក ឈាង វុន ៖ «ហើយគាត់បកស្រាយថាតុលាការគេធ្វើកិច្ចការរបស់គេ ធ្វើកិច្ចរបស់គេត្រឹមត្រូវហើយ ហើយមិនត្រឹមត្រូវសភា អាចកោះហៅគាត់មកសាកសួរទៀត ហើយគណៈកម្មាការដែលអាចសួរបាន គឺគណៈកម្មការទី៦ និតិកម្ម »។
សំនួររបស់គណបក្សប្រឆាំងបានដាក់ទៅ ក្រសួងយុត្តិធម៌ គឺមាន៣សំនួរ ដែលទាក់ទិន នឹងអនុវត្ត ក្រមព្រហ្មទណ្ឌ និងអធិបញ្ជារបស់ក្រសួងយុត្តិធម៌ ដែលបក្សប្រឆាំងថា ចោទសួរពីការបំពានអំណាច រំលោភរដ្ឋធម្មនុញ្ញ ករណីចាប់ខ្លួនអ្នកតំណាងរាស្ត្រ និងមន្ត្រីសិទ្ធិមនុស្ស ។
យ៉ាងណាក៏ដោយ អ្នកតាមដាន កិច្ចការរបស់សភា ទទូចថាបក្សទាំង២ដែលមានអាសនៈនៅរដ្ឋសភាគួរមានការត្រូវគ្នាជាមុន មុននឹង កោះហៅរដ្ឋមន្ត្រីមកបំភ្លឺ ព្រោះប្រជាពលរដ្ឋខ្មែរក៏តាមដានកិច្ចការប្រជុំរបស់សភា ដែរ ៕