loader

ទស្សនៈ​វិភាគ​៖​ហេតុ​អ្វី​អ្នកនយោបាយ​ខ្មែរ​ ខ្វះ​នូវ​គុណធម៌​ អត់ឱន​ឲ្យ​គ្នា​?

​ភ្នំពេញ​៖​ កាលណា​គេ​និយាយ​ពី​គុណធម៌​ គឺ​គេ​នឹង​គិត​ទៅ​ដល់​ការ​សណ្ដោស​ប្រណី​ ការ​ធ្វើ​នូវ​អំពើ​ល្អ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​បើ​គេ​និយាយ​ពី​ការ​អត់ឱន​គឺ​គេ​ស​ម្ដៅ​ដល់​ការ​យោគយល់​ ការ​អធ្យាស្រ័យ​គ្នា​ ការ​មិន​តាម​ចងអាឃាត​គ្នា​។​ បើ​យើង​ក្រឡេក​មើលទៅ​អ្នកនយោបាយ​ស្រុក​ខ្មែរ​ តើ​ពាក្យ​ទាំង​ពីរ​នេះ​បាន​ស្ថិត​ក្នុង​បេះដូង​អ្នក​ទាំងនោះ​ដែរ​ឬទេ​?

សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី នៅក្រុងសៀមរាប កាលពី ឆ្នាំ ២០១៥
សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី នៅក្រុងសៀមរាប កាលពី ឆ្នាំ ២០១៥
​ប្រហែលជា​មិន​មាន​នោះ​ទេ​ បើ​មាន​ក៏​ជា​គុណធម៌​ និង​ការ​អត់ឱន​ក្លែងក្លាយ​ដែរ​។​ អ្នកនយោបាយ​ទាំងនេះ​ ច្រើន​គិត​ពី​ប្រយោជន៍​បក្សពួក​របស់​ខ្លួន​ ច្រើន​ជាង​ប្រយោជន៍​ប្រជាជន​ និង​ប្រទេស​ជាតិ​។​ បើ​អ្នកនយោបាយ​យល់​ថា​ ប្រើ​រូបភាព​គុណធម៌​ និង​ការ​អត់ឱន​មាន​ប្រយោជន៍​ដល់​បក្សពួក​ខ្លួន​ នោះ​គេ​នឹង​ធ្វើ​ភ្លាម​ គេ​នឹង​លើកលែងទោស​ គេ​នឹង​ចាប់ដៃ​គ្នា​ គេ​នឹង​ហូប​បាយ​ជុំ​គ្នា​ បង្កើត​វប្បធម៌​សន្ទនា​គ្នា​ជាដើម​។​

​គុណធម៌​ និង​ការ​អត់ឱន​ក្លែងក្លាយ​ មិន​មាន​ពិត​ក្នុង​បេះដូង​ មិន​អាច​ស្ថិតស្ថេរ​បាន​យូរអង្វែង​នោះ​ទេ​ នឹង​រសាត់​បាត់​ស្រមោល​ នៅ​ពេល​គេ​ប្រើប្រាស់​គ្មាន​ប្រសិទ្ធភាព​ដើម្បី​ទាញ​យក​ប្រយោជន៍​ឲ្យ​បក្សពួក​ខ្លួន​។​ មាន​ទឡ្ហីករណ៍​មួយ​ចំនួន​ដែល​អាច​ទាញ​យក​មក​ពិចារណា​ធ្វើ​ជា​ហេតុផល​៖

១.​ បើ​យើង​ក្រឡេក​មើល​ប្រវត្តិសាស្ត្រ​ ក្រោយ​សម័យ​អង្គរ​បាន​បញ្ចប់​ទៅ​ អាណាចក្រ​ខ្មែរ​បាន​ថយ​ចុះ​ឥទ្ធិពល​ជា​បន្តបន្ទាប់​ ព្រោះ​អ្នកដឹកនាំ​ អ្នកនយោបាយ​ខ្មែរ​ភាគច្រើន​ តែងតែ​ប្រកាប់ប្រចាក់​គ្នា​ឯង​។​ ទន្ទឹម​នឹង​នេះ​ គឺរ​ត់ទៅ​ជ្រកកោន​នឹង​បរទេស​ ហើយ​ឲ្យ​មក​ជួយ​ច្បាំង​ដណ្ដើម​អំណាច​ ឬ​សងសឹក​ ហើយ​ក៏​តាំង​កាត់ទឹក​កាត់​ដី​ឲ្យ​បរទេស​ ដើម្បី​ជា​ការ​តបស្នង​។​ រហូត​មក​ដល់​សម័យ​ទំនើប​នេះ​ហើយ​ក្ដី​ ក៏​អ្នកនយោបាយ​ នៅ​តែ​បន្ត​ដំឡើង​សាច់ដុំ​ដាក់​គ្នា​ក្រៅ​សង្វៀន​ ដែល​គ្មាន​អាជ្ញាកណ្ដាល​ឯករាជ្យ​ ដោយ​ទាត់​ចោល​ច្បាប់​ល្អៗ​របស់​ប្រទេស​ និង​ជួនកាល​បង្កើត​ច្បាប់​ថ្មី​ដើម្បី​ដាក់​គំនៀប​ភាគី​ម្ខាង​ទៀត​ឱ្យ​ចុះ​ខ្សោយ​ឥទ្ធិពល​ហើយ​ជាន់​ងើប​ខ្លួនឯង​។​  

២.​មហិច្ឆតា​ក្នុង​ការ​កាន់កាប់​អំណាច​ ភាព​អត្តា​ធិ​ប​តេ​យ្យ​ គឺ​នៅ​ពេញ​បេះដូង​អ្នកនយោបាយ​ខ្មែរ​ភាគច្រើន​តែ​ម្ដង​។​ នរណាៗ​ក៏​មាន​មហិច្ឆតា​ដែរ​ តែ​សំខាន់​ដើម្បី​សម្រេច​មហិច្ឆតា​ ថា​តើ​អ្នកនយោបាយ​ខ្មែរ​គួរ​ប្រើ​វិធី​ណា​។​ មើលទៅ​!​ គេ​មិន​ខ្វល់​ទេ​ គេ​ប្រើ​វិធី​ក្ដៅ​ផង​ ត្រជាក់​ផង​ បោក​ផង​ បន្លំ​ផង​ ដើម្បី​អំណាច​ និង​ឥទ្ធិពល​នយោបាយ​របស់​បក្ស​ខ្លួន​។

៣.​អំពើ​ខ្វះ​គុណធម៌​ អំពើ​ខ្វះ​ការ​អត់ឱន​គ្នា​នេះ​ ក៏​អាច​ដោយសារ​ឥទ្ធិពល​មនោគមន៍​បរទេស​ដែរ​។​ ទោះបី​ កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​ ប៉ុន្តែ​មនោគមន៍​បរទេស​កំពុង​ជ្រួតជ្រាប​ក្នុង​ចំណោម​អ្នកនយោបាយ​ខ្មែរ​មួយ​ចំនួន​។​ ឥទ្ធិពល​មនោគមន៍​បរទេស​ យើង​ឃើញ​មាន​ខ្លាំង​តាំងពី​មុន​សម័យ​ខ្មែរក្រហម​ ។​ សម័យ​នោះ​ អ្នកនយោបាយ​ចាប់​អ្នកនយោបាយ​ដូច​គ្នា​ដាក់គុក​ ខ្មែរ​សម្លាប់​គ្នា​ សម្លាប់​ប្រជាជន​ខ្លួនឯង​ ដើម្បី​តែ​អំណាច​ និង​ប្រើប្រាស់​អំណាច​ដើម្បី​តែ​ផលប្រយោជន៍​បក្សពួក​ខ្លួនឯង​តែ​ប៉ុណ្ណោះ​។​

​សរុប​មក​ បើសិនជា​អ្នកនយោបាយ​គ្មាន​គុណធម៌​ ការ​អត់ឱន​ឲ្យ​គ្នា​ទេ​ នោះ​ប្រទេស​មួយ​នេះ​នឹង​ជួប​តែ​ការ​បែកបាក់​ រាស្ត្ររ​ស់រង​ទុក្ខ​ ភ័យ​ខ្លាច​ជា​និច្ច​។​ ដើម្បី​មើលឃើញ​កម្ពុជា​មាន​ពន្លឺ​អភិវឌ្ឍ​ និង​សន្តិភាព​ពិត​ប្រា​ដក​ អ្នកនយោបាយ​គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ​ហ៊ាន​ចរចា​ ដោយ​ស្មោះត្រង់​នឹង​គ្នា​ គិត​អំពី​គុណធម៌​ និង​យក​ការ​អត់ឱន​មក​ដាក់​ពីមុខ​ សាមគ្គីភាព​មិន​ឲ្យ​ឥទ្ធិពល​មនោគមន៍​អាក្រក់ៗ​របស់​បរទេស​ចូល​ជ្រាតជ្រែក​បាន​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

តើប្រជាជនក្រុងហុងកុងស្វាគមន៍រថក្រោះរបស់ចិនដោយវិធីណា?

ចលនាឆ្ពោះទៅរកការបង្ក្រាបបាតុករនៅក្រុងហុងកុងពី[...]

ប៉េកាំងស្ថិតក្នុងស្ថានភាពវិលវល់ មិនដឹងថាត្រូវបង្រ្កាបឬសម្របសម្រួលនឹងបាតុករក្រុងហុងកុង

ពេលវេលា ចាប់ផ្ដើមចង្អុល បង្ហាញ ហើយថាតើ ក្រុងប[...]

ព្រះបាទសូរ្យវរ្ម័នទី២ ជាស្ដេចវាយបង្រ្កាបអ្នកបំបែកទឹកដីហើយបង្រួបបង្រួមនគរឡើងវិញ

ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ដែល​ជា​អ្នក​ផ្ដួ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត