កម្ពុជាដែលពីមុនមកមានថ្ងៃឈប់សំរាក២៨ថ្ងៃកាត់មកត្រឹម២២ថ្ងៃប៉ុណ្ណោះ។នេះបើយោងតាមអនុក្រឹត្យស្ដីពីប្រតិទិនថ្ងៃឈប់សម្រាកការងាររបស់មន្រ្ដីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០។ស្របគ្នានេះដែរក៏លេចចេញនូវមតិសាធារណជនព្រោងព្រាតជុំវិញរឿងនេះ។
កញ្ញា ឆោម ពៅនិកា រាយការណ៍៖
សម្ដេចហ៊ុនសែនធ្លាប់បានលើកឡើងដោយប្រៀបធៀបអំពីថ្ងៃឈប់សម្រាកចន្លោះពី២៨ទៅ៣០ថ្ងៃរបស់កម្ពុជា និងថ្ងៃឈប់សម្រាករបស់ប្រទេសសិង្ហបុរីដែលមានត្រឹម១១ថ្ងៃប៉ុណ្ណោះ។សម្ដេចបានគូសបញ្ជាក់ថា«ប្រទេសកម្ពុជាក្រ ប៉ុន្តែមានថ្ងៃឈប់សម្រាកច្រើនជាងប្រទេសអ្នកមានដ៏ទៅប៉ុន្មានដងនោះ»។
ដូច្នេះនៅថ្ងៃទី០២សីហា សម្ដេចបានចុះហត្ថលេខាលើអនុក្រឹត្យស្ដីពីប្រតិទិនថ្ងៃឈប់សម្រាកការងាររបស់មន្រ្ដីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០និងប្រកាសឱ្យចាប់អនុវត្តតាំងពីថ្ងៃចុះហត្ថលេខានោះ។
ដោយគិតចាប់ពីថ្ងៃចេញផ្សាយជាសាធារណៈរបស់ទីស្ដីការគណៈរដ្ឋមន្រ្ដីកម្ពុជា ក៏ចាប់មានមតិសាធារណជន ខ្លះ គាំទ្រ ខ្លះរិះគន់និង ខ្លះទៀតសំណូមពរផ្សេងៗគ្នា។
ដោយចាប់ផ្ដើមពីអ្នកវិភាគសង្គមចំណាស់មួយរូប គឺលោក ឡៅម៉ុងហៃ លោកថាការលុបចោលថ្ងៃឈប់សម្រាក ៦ថ្ងៃ នៅឆ្នាំ២០២០គឺជារឿងអយុត្តិធម៌។លោកសរសេរមានន័យដើមទាំងស្រុងថា ការលុបចោលថ្ងៃឈប់សម្រាក៦ថ្ងៃនៅឆ្នាំ២០២០គឺជារឿងអយុត្តិធម៌ ដល់និយោជិតនិងកម្មករដែលត្រូវធ្វើការនៅថ្ងៃទាំងនេះ ដើម្បីជួយកាត់បន្ថយតម្លៃទំនិញផលិតក្នុងស្រុក សម្រាប់ប៉ះប៉ញវទៅនឹងពន្ធបន្ថែម បើអស់EBA ។
លោកបន្ដរៀបរាប់ថាដើម្បីយុត្តិធម៌គេត្រូវបញ្ចូលថ្ងៃឈប់សម្រាកដែលទៅជាថ្ងៃធ្វើការទាំងនោះ ជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់និយោជិតនិងកម្មករម្នាក់ៗទៅវិញ ។ គឺគេអាចយកថ្ងៃណាមួយក៏បាន ដើម្បីឈប់សម្រាកតាមការជ្រើសរបស់គេ ។
ដោយឡែក លោក វនពៅ ដែលជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រើសិទ្ធិបញ្ចេញមតិរិះគន់ថា «លុបចោលបុណ្យទិវាសិទ្ធិមនុស្ស១០ធ្នូនិងលុបចោលបុណ្យ២៣តុលា!ដូចលុបគឺមិនគោរពសិទ្ធិមនុស្សនិងលុបសម្មិទ្ធផលក្រោយ២៣តុលាឆ្នាំ១៩៩១ដែរ!»
ស្រដៀងនឹងលោកវន ពៅនេះដែរ គឺ អ្នកគាំពារសិទ្ធិមនុស្សមួយរូបទៀត គឺ លោកស ម៉ូរ៉ា ជាប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាវាយតម្លៃថា ការដែលកាត់បន្ថយថ្ងៃឈប់សម្រាកឆ្នាំ២០២០នេះគឺជាមិនឱ្យតម្លៃលើការសុវត្ថិភាពសុខភាពកម្មករ ដោយលោកថា«កម្មករស្រុកខ្មែរធ្វើមួយថ្ងៃពី៨ម៉ោងទៅ ១០ម៉ោងយ៉ាងតិច ហើយធ្វើការមួយអាទិត្យ៦ថ្ងៃ ។ឥឡូវនេះរដ្ឋាភិបាលបានកាត់បន្ថយថ្ងៃឈប់សំរាក់ទៀត ប្រហែលជាគេចាត់ទុកកម្មករខ្មែរជាម៉ាស៊ីន ឬគោក្របីហើយមើលទៅបានជាមិនគិតដល់សុខទុក្ខកម្មករសោះចឹង។ មួយវិញទៀត២៣តុលា និងសិទ្ធិមនុស្សលែងសំខាន់ហើយបានជាគេលុបចោល….។»
រាប់ថាជាមតិរិះគន់មួយផងដែរ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគបញ្ហាសង្គមវ័យក្មេងបានសរសេរបង្ហោះលើបណ្ដាញសង្គមផងដែរដោយស្នើឱ្យមានការពិចារណាអំពីទិវាទាក់ទងទៅនឹងសិទ្ធិ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដដែលថា «👉មានទិវានារីអន្តរជាតិ តែអត់ទិវាសិទ្ធិមនុស្សអន្តរជាតិ ។មានថ្ងៃ ៧ មករា មានបុណ្យឯករាជ្យជាតិ តែអត់មានកិច្ចព្រមព្រៀងទីក្រុងបារីស ។ទិវាខ្លះពិតជាសំខាន់តែគ្រាន់តែអត់បានបម្រើរនយោបាយបុគ្គលខ្លះ ក៏អត់ដាក់គ្នាចូលជាថ្ងៃពិសេសដែរ ។សូម្បីតែថ្ងៃសម្រាកក៏ទទួលរងនូវ ភាពអយុត្តិធម៌ដែរ ។»
ទាក់ទងថ្ងៃឈប់សម្រាកច្រើននេះ អ្នកវិនិយោគ និងម្ចាស់អាជីវកម្មគ្រប់ប្រភេទ ក៏ធ្លាប់រអ៊ូរទាំពីផលប៉ះពាល់ដល់ចង្វាក់ផលិតកម្មរបស់ពួកគេកន្លងមកដែរ។ ការឈប់សម្រាកច្រើន វាធ្វើឲ្យសង្វាក់ផលិតកម្មមានភាពយឺតយ៉ាវ និងស្ទះ ដែលធ្វើឲ្យការផលិតមានការចំណាយខ្ពស់ ហើយពិបាកនឹងប្រកួតប្រជែង។
សម្រាប់អ្នកវិភាគសេដ្ឋកិច្ចវិញ ក៏មើលឃើញពីផលវិជ្ជមាននៃការកាត់បន្ថយថ្ងៃឈប់សម្រាកនេះដែរ។
តាមរយៈការគណនាបែបសេដ្ឋកិច្ច លោក គី សេរីវឌ្ឍន៍ ធ្លាប់បានព្យាករតាំងពីការប្រកាសលើកដំបូងរបស់សម្ដេចថាគ្រោងនឹងកាត់បន្ថយថ្ងៃឈប់សម្រាកដោយថា កម្ពុជា នឹងកើនចំណូលថវិកាជាតិយ៉ាងតិច ១៥០លានដុល្លារអាមេរិក បើសិនជារដ្ឋាភិបាលសម្រេចលុបចោលថ្ងៃបុណ្យជាតិមិនសំខាន់ចំនួន ៧ ថ្ងៃ ចេញពីថ្ងៃឈប់សម្រាកប្រចាំឆ្នាំបច្ចុប្បន្ននេះ។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលុបចោលទិវានិងបុណ្យជាតិចំនួន ៧ថ្ងៃ តែត្រូវបានថែម ១ថ្ងៃមកវិញ ដូចខាងក្រោមពោលគឺ ថ្ងៃមាឃបូជា ១ថ្ងៃ ថ្ងៃចងចាំ ១ថ្ងៃ ថ្ងៃចូលឆ្នាំខ្មែរ ថែម ១ថ្ងៃ ១៣ មេសា ថ្ងៃចម្រើនព្រះជន្ម ២ថ្ងៃ ថ្ងៃសិទ្ធិកុមារ ១ថ្ងៃ ថ្ងៃ២៣ តុលា ១ថ្ងៃ និង ថ្ងៃសិទ្ធិមនុស្ស ១០ធ្នូ ១ថ្ងៃ។
បើតាមប្រភពគេហទំព័រ World Atlas ចេញផ្សាយនៅឆ្នាំ២០១៨ថាតើប្រទេសអាស៊ី ណាដែលមានថ្ងៃឈប់សម្រាកច្រើនជាងគេក្នុងមួយឆ្នាំៗ។គេហទំព័រនេះបានគូសសម្គាល់ថា កម្ពុជារីករាយនឹងថ្ងៃឈប់សម្រាកជាច្រើនខណៈ សិង្ហបុរីមានថ្ងៃឈប់សម្រាកតិចបំផុត ស្របពេលដែលសិង្ហបុរីជាប្រទេសដែលមាន ទំហំសេដ្ឋកិច្ចដោយផ្អែកលើGDPលំដាប់ទី៤ក្នុងសមាគមASEANអំឡុងពេលដែលលេខលំដាប់ទី១ជារឿយៗកាន់កាប់ដោយប្រទេសឥណ្ឌូនេស៊ីព្រោះកត្តាកម្លាំងពលកម្មច្រើន។
ជារួម គេមើលឃើញថា គោលបំណងមួយនៃការកាត់បន្ថយ ថ្ងៃឈប់សម្រាករបស់រដ្ឋាភិបាលគឺលើកកម្ពស់ម៉ាក្រូសេដ្ឋកិច្ចរបស់ជាតិ ខណៈក្រុមអ្នកគាំពារសិទ្ធិមនុស្សព្រួយបារម្ភអំពីសិទ្ធិសំរាកលំហែពីការងារ របស់និយោជិត និង ចំណុចដែលរដ្ឋាភិបាលមិនប្រមូលផ្ដុំសិទ្ធិនារី និងសិទ្ធិកុមារចាត់ទុកថាជាសិទ្ធិមនុស្សតែមួយ ស្របនឹងក្រុមអ្នកវិភាគបញ្ហាសង្គម មើលឃើញអំពីរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជាពន្លេចតែព្រឹត្តិការណ៍ជាផលប្រយោជន៍ខ្លួន៕