ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជាស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាជួយពន្លឿនការចុះបញ្ជីដីធ្លីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច ដើម្បីឱ្យពួកគេឆាប់ទទួលបាន ប័ណ្ណកម្មសិទ្ធិងាយស្រួលក្នុងការប្របកបរបរចិញ្ចឹមជីវិត។ ការថ្លែងបែបនេះធ្វើទ្បើងនៅក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ ស្តីពី “ការទទួលបានបណ្ណកម្មសិទ្ធិដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច” ដែលរៀបចំទ្បើងដោយមជ្ឈមណ្ឌលសិទ្ទិមនុស្សកម្ពុជា នៅទីស្នាក់ការរបស់ខ្លូន ព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ៖
ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថា ការណ៍ដែលជនជាតិដើមភាគតិចមិនទទួលបានបណ្ណកម្មសិទ្ធិដីធ្លី នោះនឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ ជាពិសេសធ្វើឱ្យប៉ះពាល់ទៅដល់ជនជាតិដើមភាគតិចជំនាន់ក្រោយផងដែរ។

លោក George Edgar បានបន្តទៀតថា សហភាពអឺរ៉ុបនឹងបន្តជួយគាំទ្រទៅដល់ជនជាតិដើមភាគតិច ដើម្បីធ្វើយ៉ាងណាឱ្យពួកគេទទួលបានកម្មសិទ្ធិដីធ្លីនៅក្នុងទម្រង់មួយដែលមានការគោរពទៅដល់សង្គម និងវប្បធម៌ជនជាតិដើមភាគតិច ហើយសហភាពអឺរ៉ុបក៏គាំទ្រទៅដល់រដ្ឋាភិបាលកន្លងមក ដែលបានចុះបញ្ជីកម្មសិទ្ធិដីធ្លីជនជាតិដើមភាគតិច ប៉ុន្តែសហភាពអឺរ៉ុបស្នើឱ្យរដ្ឋាភិបាលត្រូវពន្លឿនការចុះបញ្ជីកម្មសិទ្ធិដីធ្លីសមូហភាពទៅដល់សហគមន៍ជនជាតិដើមភាគតិចដែលមិនទាន់ទទួលបានកម្មសិទ្ធិ។
«សហភាពអឺរ៉ុបទទួលស្គាល់នូវវឌ្ឍនភាពដែលបានធ្វើកន្លងមក ក្នុងការផ្តល់នៅសិទ្ធិដីធ្លីទៅឱ្យជូនជនជាតិដើមភាគតិចតាមរយៈសកម្មភាពរួមជាច្រើនក៏ប៉ុន្តែយើងបន្តអំពាវនាវឱ្យរាជ រដ្ឋាភិបាលកម្ពុជាពន្លឿន និងពង្រីកនូវកិច្ចខិតខំប្រឹងប្រែងផ្សែងទៀតនោះនៅក្នុងនីតិវិធីនៃការចុះបញ្ជីកម្មសិទ្ធិដីធ្លីជូនសហគមន៍»។
ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី យុន ម៉ាណេ បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីសមូហភាព ជនជាតិដើមភាគតិចនៅមានកម្រិតនៅទ្បើយ។ ពោលគឺ ដោយសារតែ នៅក្នុងប្រទេសកម្ពុជាមានសហគមន៍ជនជាតិដើមភាគតិចចំនួន ៤៥៨ សហគមន៍។ នេះបើតាមអ្នកស្រីទទួលបានទិន្នន័យពីក្រសួងមហាផ្ទៃ ហើយក្នុងចំណោមសហគមន៍ទាំងនោះ ទើបតែមាន ១១ សហគមន៍តែប៉ុណ្ណោះ ដែលទទួលបានប្លង់ដីសមូហភាពនៅក្នុងដៃរបស់ពួកគេ។

អ្នកស្រី យុន ម៉ាណេ បន្តថា ការចុះបញ្ជីដីធ្លីនេះមានការយឺតយ៉ាវដោយសារតែ សហគមន៍ជនជាតិដើមភាគតិចនៅមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនដែលរាជរដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ច នឹងដីសម្បទានសង្គមកិច្ចជាដើម ជាពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានតួនាទីក្នុងការសម្របសម្រួលចុះបញ្ជីដីធ្លីនេះ បានតែ ១០ សហគមន៍តែប៉ុណ្ណោះក្នុងមួយឆ្នាំ។
អ្នកស្រី យុន ម៉ាណេ យល់ឃើញថាដើម្បីឱ្យរដ្ឋាភិបាលអាចពន្លឿនក្នុងការចុះបញ្ជីដីធ្លីខាងលើនេះរួមមាន៖ «ចំណុចមួយដែលសំខាន់ក្នុងការពន្លឿន គឺបញ្ហាដែលត្រូវដោះស្រាយ ជាមួយនឹងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ហើយនិងដីសម្បទានសង្គមកិច្ច …»។
ចំណែកឯជនជាតិដើមភាគតិច ព្នង មកពីខេត្តមណ្ឌលគិរី គឺ អ្នកស្រី សង បូរ៉ូ បាននិយាយថា អ្នកស្រីរស់នៅសព្វថ្ងៃដោយមានការភ័យខ្លាចពីការទន្ទ្រានយកដីធ្លីពីសំណាក់ជនខិលខូចមួយចំនួន។ ការភ័យខ្លាចនោះ ដោយសារតែសហគមន៍របស់អ្នកស្រីមិនទាន់ទទួលបានប្លង់កម្មសិទ្ធិដីធ្លីសហគមន៍នៅទ្បើយ។
អ្នកស្រី សង បូរ៉ូ ស្នើយ៉ាងដូច្នេះថា៖ «ខ្ញុំសំណូមពរទាំងអស់រដ្ឋាភិបាល មិនថាគ្រប់ស្ថាប័នអ្នកធ្វើការធំៗពីលើជួយដោះស្រាយឱ្យពួកខ្ញុំឱ្យបានសម្រេចក្នុងឆាប់ៗនេះ»។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជៀម សុផលមករា បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី ១១ ខែកុម្ភៈ នេះថា ការចុះបញ្ជីដីធ្លីខាងលើនេះមានការយឺតយ៉ាវនោះដោយសារតែក្រសួងត្រូវអនុវត្តតាមនីតិវិធី ដោយតម្រូវឱ្យពួកគាត់មានឯកសារត្រឹមត្រូវទៅតាមទីកន្លែងដែលពួកគាត់បានរស់នៅ។
លោក ជៀម សុផលមករា បន្ថែមទៀតថា ចំពោះតួលេខដែលថាក្រសួងបានចុះបញ្ជីដីធ្លីសមូហភាពជូនដល់សហគមន៍ជនជាតិដើមភាគតិចនោះលោកមិនទាន់អាចប្រាប់បាននៅទ្បើយទេ ដោយសារតែខាងក្រសួងមិនទាន់បានពិនិត្យឯកសារទាំងនេះនៅឡើយ។ លោកថា ដើម្បីឱ្យនីតិវិធីចុះបញ្ជីនេះដំណើរការទៅលឿននោះ សហគមន៍ជនជាតិដើមភាគតិចត្រូវគោពនីតិវិធីដូចជា៖ «ត្រៀមនៅឯកសារឧទាហរណ៍គាត់ជាសហគមន៍អញ្ចឹងគាត់ត្រូវមានការទទួលស្គាល់ថាពួកគាត់ជាសហគមន៍ជនជាតិដើមភាគតិច ត្រូវមានការទទួលស្គាល់ ឱ្យច្បាស់លាស់ ហើយគាត់ប្រជុំជជែកគ្នាទៅ ហើយកំរិតទំហំដីរបស់គាត់ឲ្យសមស្របទៅតាមច្បាប់..»។
យោងតាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានចេញនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបានបង្ហាញថា ក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចកម្ពុជាចំនួន ៤៥៨ គឺមានសហគមន៍ចំនួនតែ ១១ ប៉ុណ្ណោះបានទទួលបណ្ណកម្មសិទ្ធិដីសមូហភាពមកទល់សព្វថ្ងៃនេះ៕