en     km
en     km

តំណាងអ្នកធ្វើការនៅគ្រឹះស្ថានសេវាកម្សាន្ត ស្នើរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមលើការអនុវត្តច្បាប់ការងារ និងប្រកាស ១៩៤

Share

 

ភ្នំពេញ៖តំណាងអ្នកធ្វើការនៅគ្រឹះស្ថានសេវាកម្សាន្ត ចង់ឃើញ រដ្ឋាភិបាលបច្ចុប្បន្ន យកចិត្តទុកដាក់បន្ថែមពង្រឹងលើការអនុវត្តច្បាប់ការងារ និងប្រកាសលេខ១៩៤ ដើម្បីជួយដល់ជីវភាពអ្នកធ្វើការនៅគ្រឹះស្ថានសេវាកម្សាន្តបានល្អប្រសើរ និងទទួលបានលក្ខខណ្ឌការងារល្អប្រសើរ និងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។ អ្នកស្រី វ៉ាយ វត្តី  ជូនសេចក្តីរាយការណ៍

នៅក្នុងបទសម្ភាសជាមួយវិទ្យុស្រ្តី នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ អ្នកស្រី សេន ចន្ធូ តំណាង      អង្គការបណ្តាញការងារស្រ្តីរួបរួមគ្នា ប្រាប់ឱ្យដឹងថា កន្លងមកអ្នកធ្វើការនៅគ្រឹះស្ថានសេវាកម្សាន្ត បានបាត់បង់អត្ថប្រយោជន៍ជាច្រើនដែលមានចែងនៅក្នុងច្បាប់ ជាពិសេស ច្បាប់ការងារ និងប្រកាស១៩៤ រួមទាំងប្រឈមនឹងបញ្ហាផ្សេងៗ។ ដូច្នេះហើយ អ្នកស្រី ជំរុញឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមលើការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងប្រកាស ១៩៤ ដើម្បីធានានូវលក្ខខណ្ឌការងារល្អប្រសើរ សម្រាប់អ្នកធ្វើការនៅគ្រឹះស្ថានសេវាកម្សាន្ត និងរួមបញ្ចូលទាំង អត្ថប្រយោជន៍ពី ប.ស.ស ផងដែរ។

អ្នកស្រី សេន ចន្ធូ៖«គាត់ប្រឈមនឹងការធ្វើការងារដោយមិនមានកិច្ចសន្យាការងារជាលាយលក្ខណ៍អក្សសរត្រឹមត្រូវ តាមការកំណត់របស់ច្បាប់ និងលក្ខខណ្ឌការងារទទួលរងនូវការកេងប្រវ័ញ្ច ការរំលោភបំពាន និងការបៀតបៀនពីភ្ញៀវដែលទៅរកសេវាកម្សាន្តសប្បាយ។ទី២គាត់ប្រឈមខ្លាំងនឹងបញ្ហាសុខភាពដោយសារគាត់ធ្វើការភាគច្រើនពេលយប់ ការងារគាត់ត្រូវញាំស្រា ញាំគ្រឿងស្រវឹងច្រើនអ៊ីចឹងប៉ះពាល់សុខភាពជំងឺក្រពះ ជំងឺទូទៅ និងបញ្ហាអសន្តិសុខសុវត្ថិភាពព្រោះពួកគាត់ធ្វើការងារយប់អ្នកខ្លះចេញម៉ោង២ ម៉ោង៣ ម៉ោង៤ភ្លឺដូច្នេះគាត់អសុវត្ថិភាពមែនទែនតាមដងផ្លូវដែលគាត់ត្រលប់មកផ្ទះវិញ»។

រូបភាពពី អ្នកស្រី សេន ចន្ធូ 

អ្នកស្រី សេន ចន្ធូ បានឱ្យដឹងទៀតថាក្នុងនាមជាដៃគូធ្វើការជាមួយអ្នកនៅសេវាកម្សាន្ត និងអ្នកប្រកបរបរផ្លូវភេទ កន្លងមកអ្នកស្រី បានឃើញពីការបង្ហាញការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដល់អ្នកប្រកបរបរផ្លូវភេទ និងអ្នកធ្វើការនៅគ្រឹះស្ថានសេវាកម្សន្ត ដូចជា ការធ្វើយុទ្ធនាការណ៍ចុះបញ្ជី ប័ណ្ណសមធម៌  ការផ្តល់មេធាវីស្ម័គ្រចិត្តសម្រាប់ការពារក្តី ដល់អ្នកធ្វើការនៅសេវាកម្សន្ត និងការផ្តល់ប័ណ្ណ ម.ស.ស. ជាដើម។ ប៉ុន្តែការគាំទ្រទាំងអស់នោះ នៅតែមានកម្រិតនៅឡើយសម្រាប់ក្រុមគោលដៅ ដែលក្រុមការងារអ្នកស្រីធ្វើការជាមួយ ព្រោះតែបញ្ហាស្មុគស្មាញមួយចំនួន ទាក់ទងនឹងឯកសារអាត្រានុគោលដ្ឋាន។ អ្នកស្រីបន្ថែមទៀតថា អ្នកស្រីពិតជាចង់ឃើញ រាជរដ្ឋាភិបាលបន្ថែមការយកចិត្តទុកដាក់ទៅលើការពង្រឹងការអនុវត្តច្បាប់ ពិសេសច្បាប់ការងារ និងប្រកាសលេខ១៩៤ ទៅគ្រឹះស្ថានសេវាកម្សាន្ត ដើម្បីធានានូវលក្ខខណ្ឌការងារល្អប្រសើរសម្រាប់អ្នកធ្វើការនៅគ្រឹះស្ថានសេវាកម្សន្តទាំងអស់ ការទទួលបានប្រាក់ខែគោលសមរម្យតាមច្បាប់ និងការរួចផុតពីការកេងប្រវ័ញ្ចគ្រប់រូបភាព ជាពិសេសត្រួតពិនិត្យទៅលើ តួនាទីកាតព្វកិច្ចនិយោជក និងការផ្តល់អត្ថប្រយោជន៍ផ្សេងទៀតតាមច្បាប់កំណត់ រួមបញ្ចូលទាំងបេឡាជាតិសន្តិសុខសង្គម ប.ស.ស ដល់អ្នកធ្វើការនៅក្នុងគ្រឹះស្ថានសេវាកម្សាន្ត។

សំឡេង៖បើយើងនិយាយអំពីការអនុវត្តច្បាប់ សំដៅសេវាកម្សាន្តគឺមានច្បាប់ការងារនិងប្រកាស១៩៤គឺពង្រឹងការអនុវត្តឡើងវិញ ក្នុងហ្នឹងមានចែងទាក់ទងនឹងលក្ខខណ្ឌការងារវិធានអនាម័យ ឬតួនាទីកាតព្វកិច្ចរបស់និយោជក និងនិយោជិតគឺឱ្យពង្រឹងការអនុវត្ត​ហើយលាតសន្ធឹងទៅដល់អ្នកធ្វើការសេវាកម្សាន្ត ព្រោះអីកន្លងមកគឺគាត់បាត់បង់អត្ថប្រយោជន៍ជាច្រើនដែលមានចែងនៅក្នុងច្បាប់»។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា​ លោក ប៉ា ចន្ទរឿន​ យល់ឃើញថា​ ការងារនៅតាមភោជនីយដ្ឋាន តាមក្លឹបកម្សាន្ត រួមទាំងការងារនៅតាមរោងជាង ហ្គារាសឡាន នៅតែជាការងារក្រៅប្រព័ន្ធនៅឡើយទេ ដែលអ្នកទាំងនោះមិនសូវទទួលបានអត្ថប្រយោជន៍ពីកិច្ចគាំពារសង្គម​ និងការការពារពីច្បាប់ការងារ។ ហេតុនេះលោកថា រដ្ឋគួរតែពង្រីកវិសាលភាពការងារក្នុងប្រព័ន្ធ ដើម្បីឱ្យប្រជាពលរដ្ឋអ្នកធ្វើការក្រៅប្រព័ន្ធក៏អាចទទួលបានអត្ថប្រយោជន៍ និងច្បាប់ការងារដូចអ្នកធ្វើការក្នុងវិស័យដទៃទៀត រួមទាំងការទទួលបាន ប.ស.ស ផងដែរ។

លោក ប៉ា ចន្ទរឿន៖«ខ្ញុំស្នើទៅរដ្ឋាភិបាលពិសេសក្រសួងការងារ​ និងខាងស្ថាប័ន ប.ស.ស យកចិត្តទុកដាក់បន្ថែមទៀតជាមួយម្ចាស់អាជីវកម្ម ដែលគិតថានៅក្រៅប្រព័ន្ធ ដើម្បីរកមធ្យោបាយដាក់បញ្ជូលអ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យគាត់មានឱកាសនិងលទ្ធភាពទទួលបាន ប.ស.សផងជាប្រយោជន៍ក្នុងការគាំពារសុខភាពប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើការនៅក្នុងវិស័យក្រៅប្រព័ន្ធ។ ខ្ញុំមើលឃើញថា បើសិនជាគាត់មានប.ស.ស ធ្វើឱ្យសុខភាពផ្លូវចិត្តគាត់មានលំនឹង ជាងមុនពេលពួកគាត់ឈឺថ្កាត់ ឬរងរបួសជួយកាត់បន្ថយការចំណាយរបស់គាត់មួយផ្នែក ដែលចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យជីវភាពគាត់បានប្រសើរមួយកម្រិតដែរ»។

ជុំវិញរឿងនេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស បានប្រាប់វិទ្យុស្រ្តីថា ជាទិសដៅ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែងតែចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលមិនអនុលោមតាមច្បាប់ស្ដីពីការអនុវត្តរបបសន្តិសុខសង្គម។ សម្រាប់ករណីវិស័យសេវាកម្សាន្តនេះ កន្លងមកបេឡាជាតិសន្តិសុខសង្គម ប.ស.ស. ក៏បានចុះអធិការកិច្ចផងដែរ ករណីមានការរាយការណ៍ ឬប្តឹងពីបុគ្គលិក ករណីសហគ្រាសមិនអនុវត្តន៍ការចុះបញ្ជីការ ក្នុងប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល។ លោក ហេង សុផាន់ណារិទ្ធក៏បានបញ្ជាក់ប្រាប់អំពីមូលហេតុមួយចំនួនដែលម្ចាស់ភោជនីយដ្ឋាន ឫមណ្ឌលសេវាកម្សាន្ដមិនចុះបញ្ជីជាមួយ ប.ស.ស. ។

​លោក ហេង សុផាន់ណារិទ្ធ៖« ដោយសារតែមានហេតុផលមួយចំនួនទី១ ស្ត្រីធ្វើការវិស័យកម្សាន្ត បៀហ្គាឌិន ក្លឹបកម្សាន្ត ខារ៉ាអូខេ ឬសហគ្រាសប្រភេទនេះភាគច្រើនមិនផ្តល់បៀវត្សប្រចាំខែពីម្ចាស់ហាង និងទី២មានចលនាចេញចូលញឹកញាប់ ពិបាកកំណត់ប្រាក់ឈ្នួល និងការបង់ភាគទាន មកបេឡាជាតិសន្តិសុខសង្គម និងការធ្វើការពួកគាត់មិនច្បាស់លាស់ មានន័យថា​ ចេញចូលៗ ពិបាកកំណត់អត្តសញ្ញាណគាត់។ មួយវិញទៀត ម្ចាស់សេវាកម្សាន្តគាត់ក៏មានការពិបាកក៏ដូចជាព្យាយាមបិទបាំងចំនួនអ្នកមកធ្វើការ ដែលធ្វើឱ្យមានការគេចវេសពីកាតព្វកិច្ចបង់ភាគទានមក ប.ស.សផងដែរ ហើយការចុះអធិការកិច្ចដោយផ្ទាល់មានការលំបាកដោយសារតែវាខុសជាមួយម៉ោងការងាររបស់មន្រ្តីរាជការ  ដោយសារពួកគាត់ធ្វើការពេលយប់ ហើយការងាររបស់យើងធ្វើការនៅពេលថ្ងៃ អ៊ីចឹងធ្វើឱ្យមានការពិបាកមែនទែនក្នុងការត្រូវកំណត់អត្តសញ្ញាណក្រុមគោលដៅមួយនេះ»។

​ លោក ហេង សុផាន់ណារិទ្ធ បានឱ្យដឹងបន្ថែមថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រ ក៏ដូចជាបន្ធូរបន្ថយកាតព្វកិច្ចដល់សហគ្រាសក្នុងវិស័យសេវាកម្សាន្តទេសចរណ៍កាលពីឆ្នាំ២០២៣កន្លងមក រាជរដ្ឋាភិបាល ​​បានចេញប្រកាសអន្តរក្រសួងលេខ ៣៥៩ ស្តីពីរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលវិសាលភាព សម្រាប់កម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធជាពិសេសស្រ្តីដែលបម្រើការងារតាមរង្គសាល ឌីស្កូរតែក ខារ៉ាអូខេ បៀហ្គាឌិន កន្លែងម៉ាស្សា និងស្ប៉ា៕

 

Share

ព័ត៌មានទាក់ទង