ភ្នំពេញ៖ បើដើរមកដល់ថ្ងៃទី ៥-៦ កក្កដា អ្នកភ្នំពេញនឹកគិតភ្លាមថាកាលពី១៩ ឆ្នាំមុន មានព្រឹត្តិការណ៍ អ្វីកើតឡើង នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ បានទាញមុខមាត់កម្ពុជាទម្លាក់ អាប់ឱនមួយកម្រិត លើឆាកអអន្តរជាតិ ។
វាជាព្រឹត្តិការណ៍នៃការវាយប្រយុទ្ធគ្នាដ៏សាហាវ រវាងកងទ័ព គាំទ្រគណបក្ស ហ្វ៊ុន ស៊ីនប៉ិច និង កងទ័ពស្មោះត្រង់និងគណបក្សប្រជាជនកម្ពុជា។ មជ្ឈដ្ឋានខ្លះហៅថា ជារដ្ឋប្រហារ និង ខ្លះទៀត ហៅថាជាព្រឹត្តិការណ៍ផ្ទុះអាវុធ។
សហគមន៍អន្តរជាតិមានអាមេរិក សហភាពអឺរ៉ុប បានហៅថារដ្ឋប្រហារ។ ក្នុងព្រឹត្តិការណ៍គ្រានោះ កងទ័ពទាំង២ បានស្លាប់ រៀងៗខ្លួន ប៉ុន្តែកងទ័ពស្មោះត្រង់ នឹងសម្ដេចក្រុមព្រះ ត្រូវបានសម្លាប់ច្រើន ព្រោះក្រុមបរាជ័យ ដែលអ្នកស្លាប់ ទាំងនោះត្រូវបានរកឃើញ ត្រូវបានសម្លាប់ ក្រៅប្រព័ន្ធ។ នៅគ្រានោះប្រជាជនស៊ីវិល រត់ចោលរាជធានីភ្នំពេញ ទាំងហ្វូងៗ ខណៈកងទ័ពទាំង២ វាយប្រហារយ៉ាងសន្ធប់។
កងទ័ពអបដោយរថក្រោះ របស់គណបក្សប្រជាជនកម្ពុជា និងកងទ័ព ហ្វ៊ុន ស៊ីនប៉ិច ដាក់ពង្រាយម្ខាងម្នាក់ គឺទ័ពបក្សកាន់អំណាច សព្វថ្ងៃ ដាក់ពង្រាយកណ្ដាលក្រុង ជាពិសេស ដាក់នៅផ្លូវសហព័ន្ធរុស្សី ផ្លូវកម្ពុជាក្រោម និងផ្លូវពីតាខ្មៅ មកភ្នំពេញ។
ចំណែកកងទ័ព របស់សម្ដេចក្រុមព្រះចេញមកពី ខេត្តកំពង់ស្ពឺ ហើយដាក់ពង្រាយផ្លូវកប់ស្រូវ ។ ព្រឹត្តិការណ៍នេះ កើតឡើង បន្ទាប់ពី បានចោទប្រកាន់គ្នាថា ជាអ្នកនាំទ័ពក្រហមចូលភ្នំពេញ ជាពិសេសគណបក្សកាន់អំណាច របស់សម្ដេច ហ៊ុន សែន ចោទ ហ្វ៊ុន ស៊ីនប៉ិច នាំកងទ័ពខ្មែរក្រហមមកកាន់ក្រុងភ្នំពេញ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយទៀត។
ការចរចាមិនអាចរកដំណោះស្រាយឃើញ ហើយគ្មានយន្តការទី៣ មកជួយដោះស្រាយ ធ្វើឱ្យកងទ័ពនៃបក្សទាំង២វាយប្រយុទ្ធគ្នា យ៉ាងសាហាវ ហើយទីបំផុតសម្ដេចក្រុមព្រះ នាយករដ្ឋមន្ត្រីទី១ ត្រូវទម្លាក់ពីតំណែង ដែលធ្វើឱ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
សម្ដេចឪ ព្រះបាទនរោត្តមសីហនុ ដែលជាព្រះមហាក្សត្រ បានសម្រេចតែងតាំង លោក អ៊ឺង ហួត រដ្ឋមន្ត្រីក្រសួងអប់រំ ជានាយករដ្ឋមន្ត្រីទី១ ជំនួសសម្ដេចក្រុមព្រះដែល រត់ភៀសខ្លួន ទៅក្រៅប្រទេស។
ក្នុងអន្តរកាលនោះសហគមន៍អន្តរជាតិ សម្រេចព្យួរជំនួយ មកកាន់កម្ពុជា ទោះបីមាននាយករដ្ឋមន្ត្រីថ្មី ជំនួសនាយករដ្ឋមន្ត្រី ឈ្នះឆ្នោត ឆ្នាំ១៩៩៣ ក៏ដោយ។
ព្រឹត្តិការណ៍នេះ ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រមួយរបស់កម្ពុជានិងអន្តរជាតិ ថាជាអន្តរកាល ដ៏ខ្មៅងងឹត ដែលជាហេតុការណ៍ធ្វើឱ្យកម្ពុជា ត្រូវបានគិតថាឆ្លងកាត់សង្គ្រាមជាថ្មីទៀតបន្ទាប់ពីកម្ពុជា បែកបាក់គ្នាជាច្រើនទសវត្ស មកហើយ។ ព្រឹត្តិការណ៍នេះក៏នាំខ្មែរ បាត់បង់ឱកាសនៃការបង្រួមបង្រួមជាតិ កសាងជាតិ ផងដែរ ៕