ភ្នំពេញ៖ អ្នកស្រឡាញ់ភេទដូចគ្នា សម្តៅលើបុរសស្រឡាញ់បុរស ស្ត្រីស្រឡាញ់ស្ត្រីដូចគ្នា ប្រាថ្នាចង់រៀបអាពាហ៍ពិពាហ៍ជាមួយគ្នា មិនមែនមានតែនៅក្នុងសង្គមបរទេសផ្សេងៗនោះទេ នៅក្នុងសង្គមកម្ពុជាក៏មានខ្លះដែរ ប៉ុន្តែបញ្ហាប្រឈមខ្លាំងបំផុតនៃស្នេហាបែបអាថ៌កំបាំងភេទដូចគ្នានេះ តែងមានការបន្តុះបង្អាប់រិៈគន់ សង្គមមនុស្សមិនសូវឱ្យតម្លៃ ចោទថាខុសទំនៀមទម្លាប់ប្រពៃណីជាដើម។ ទន្ទឹមគ្នានេះ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ចង់ឱ្យកម្ពុជាមានច្បាប់រៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាដើម្បីបំពេញបំណងប្រាថ្នាស្នេហាភេទដូចគ្នាដែលមាននិស្ស័យពីធម្មជាតិ ព្រមទាំងការពារពួកគេពីការរិៈគន់ផ្សេងៗ។
មនោសញ្ចេតនាស្នេហាចាក់ទឹកមិនលិចរវាងអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងសង្គមកម្ពុជា ហាក់មិនត្រូវបានប្រជាពលរដ្ឋខ្មែរឱ្យតម្លៃដូចស្នេហាបុរសស្ត្រីធម្មតានោះទេ។ គំនាបផ្លូវចិត្ត អន្ទាក់ទំនៀមទម្លាប់ប្រពៃណីបានឃាត់ឃាំងស្នេហាអ្នកមានភេទដូចគ្នានៅកម្ពុជា មិនឱ្យស្រឡាញ់គ្នាដោយបើកចំហរបានឡើយ។ ដូច្នេះ តើមនុស្សស្រឡាញ់ភេទដូចគ្នា ត្រូវការតម្លៃនិងសេរីភាពនៃស្នេហារបស់ពួកគេពីសង្គមដែរឬទេ? ហេតុអ្វីពួកគេចង់ឱ្យកម្ពុជាមានច្បាប់អនុញ្ញាតិឱ្យមនុស្សមានភេទដូចគ្នាមានសិទ្ធិរៀបអាពាហ៍ពិពាហ៍ដែរឬទេ?

យុវជន សីហា អាយុ ២២ ឆ្នាំបាននិយាយដោយអារម្មណ៍អឹមអៀនថា រូបគេមាននិស្ស័យស្រឡាញ់មនុស្សភេទដូចគ្នាចាប់តាំងពីវ័យកុមារមកម្ល៉េះ ហើយនេះជានិស្ស័យមានតាំងពីកំណើត។ សីហា បានបន្តឱ្យដឹងថា នៅពេលដែលរូបគេចង់និយាយថាខ្លួនជាមនុស្សស្រឡាញ់ភេទដូចគ្នា ចង់ឱ្យគេឯងដឹងការពិតនោះ អារម្មណ៍ខ្មាស់អៀនក៏ចាប់ផ្តើមកើតមានឡើងភ្លាមៗ ព្រោះខ្មាស់មនុស្សនៅជុំវិញខ្លួនយ៉ាងខ្លាំង ខ្លាចមនុស្សជុំវិញខ្លួនរើសអើងសើចចំអក បានត្រឹមតែលាក់ទុកក្នុងចិត្តតែប៉ុណ្ណោះ។ ប្រសិនបើមានច្បាប់អនុញ្ញាតិឱ្យមនុស្សស្រឡាញ់ភេទដូចគ្នាអាចរៀបការ មានច្បាប់ការពារការរើសអើងផ្សេងៗ វាជារឿងសំខាន់មួយដែលរូបគេចង់បាន ព្រោះច្បាប់រដ្ឋធម្មនុញ្ញនៅក្នុងសង្គមកម្ពុជាមិនបានអនុញ្ញាតិឱ្យអ្នកស្រឡាញ់ភេទដូចគ្នាមានសិទ្ធិរៀបការបាននោះទេ ហើយផ្នត់គំនិតរិៈគន់របស់មនុស្សនៅក្នុងសង្គម ក៏មិនបានបើកចំហរសេរីភាពឱ្យអ្នកស្រឡាញ់ភេទដូចគ្នាគ្រប់គ្រាន់ក្នុងបង្ហាញអារម្មណ៍កក់ក្តៅដែរ។
សីហា បានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំបើមានច្បាប់គឺល្អ ព្រោះបើមានវាអាចធ្វើឱ្យមនុស្សស្រឡាញ់ភេទដូចគ្នាមានឱកាសស្រឡាញ់គ្នាកាន់ខ្លាំង មិនមានការរើសអើង ស្រឡាញ់គ្នាដោយពេញមុខស្របច្បាប់ ដូចនៅបរទេសដែរ»។
មិនខុសពីយុវជនខាងលើ កញ្ញា ចាន់ សុជាតា ជាស្សិតឆ្នាំទី ៤ នៅសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ បាននិយាយថា ប្រសិនបើមានច្បាប់អនុញ្ញាតិឱ្យមនុស្សស្រឡាញ់ភេទដូចគ្នាអាចរៀបការបាននោះ ជាការប្រសើរបំផុតសម្រាប់កញ្ញា ព្រោះអ្នកស្រឡាញ់ភេទដូចគ្នា អាចមានឱកាសហ៊ាននិយាយបើកចំហរពីការស្រឡាញ់របស់គាត់ទៅកាន់មនុស្សដែលខ្លួនស្រឡាញ់ និងបង្ហាញការពិតទៅកាន់មនុស្សនៅជុំវិញខ្លួន។
«បើមានច្បាប់អនុញ្ញាតិឱ្យមនុស្សស្រឡាញ់ភេទដូចគ្នាអាចរៀបការបាន ពិតជាងាយស្រួលសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ព្រោះវាជាធម្មជាតិរបស់មនុស្ស… ធ្វើម្តេចបើគ្នាកើតមកមាននិស្ស័យបែបហ្នឹង។ មានច្បាប់ការពារនេះ មនុស្សនៅក្នុងសង្គមមិនរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ហើយអាចកែប្រែផ្នត់គំនិតឱ្យគិតវិជ្ជមានទៅលើពួកគេ។ សម្រាប់ខ្ញុំ នៅស្រុកយើងមានការបើកចំហរសិទ្ធិសេរីភាពដល់អ្នកស្រឡាញ់ភេទដូចគ្នាហើយនាពេលបច្ចុប្បន្ន ប៉ុន្តែវាហាក់ស្ថិតនៅក្រោមគំនាបទំនៀមទម្លាប់ប្រពៃណីនៅឡើយ មនុស្សមិនទាន់មានការយល់ដឹងទូលំទូលាយនោះទេ»។ នេះជាការបញ្ជាក់ពីកញ្ញា កញ្ញា ចាន់ សុជាតា បង្ហាញពីការយល់ឃើញរបស់ខ្លួន។
ទាក់ទងនឹងបញ្ហានេះដែរ អ្នកស្រី ប៉ែន ចាន់ធូក ជាប្រជាពលរដ្ឋរស់នៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ បាននិយាយថា អ្នកស្រីមិនគាំទ្រចំពោះស្នេហាមនុស្សភេទដូចគ្នានោះទេ កុំថាឡើយបង្កើតឱ្យមានច្បាប់អាពាហ៍ពិពាហ៍ ព្រោះបច្ចុប្បន្នអ្នកស្រឡាញ់ភេទដូចគ្នាកំពុងមានសំទុះកើតឡើងច្រើននៅក្នុងសង្គមខ្មែរ ហើយប្រសិនបើបណ្តោយឱ្យបញ្ហាមួយនេះកាន់តែរីករាលដាលទៅ សង្គមខ្មែរនឹងមានអ្នកស្រឡាញ់ភេទដូចគ្នាកាន់តែច្រើន។ អ្នកស្រីបានបន្ថែមថា បើសង្គមជាតិខ្មែរអនុញ្ញាតិឱ្យមានច្បាប់មនុស្សស្រឡាញ់ភេទដូចគ្នារៀបការបានមែននោះ មានន័យថានឹងបង្កើតឱ្យមានបញ្ហាជាច្រើននៅថ្ងៃក្រោយជាក់ជាពុំខាន។ បញ្ហាទាំងនោះ មានដូចជាបញ្ហាខុសទំនៀមទម្លាប់ប្រពៃណីដូនតាខ្មែរ ខុសច្បាប់រៀបអាពាហ៍ពិពាហ៍ ជាពិសេសអាចឱ្យកម្ពុជាបាត់ធនធានមនុស្សបន្តជំនាន់នៅក្នុងសង្គម។
ផ្ទុយពីការយល់ឃើញរបស់ពលរដ្ឋខាងលើ កញ្ញា ឈុន មុន្នីវិជ្ជរ៉ា ប្រធានគណៈកម្មាការប្រតិបត្តិបណ្តាញចតុមុខ ដែលធ្វើការងារពាក់ព័ន្ធនឹងអ្នកស្រឡាញ់ភេទដូចគ្នា បាននិយាយថា ការរស់នៅរបស់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន មានភាពរើសអើងច្រើននៅតាមទីសាធារណៈ និងនៅកន្លែងបំពេញការងារ។ ប្រធានគណៈកម្មាការប្រតិបត្តិបណ្តាញចតុមុខរូបនេះ រំពឹងថា បើមានច្បាប់ការពារ ឬច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងសង្គមកម្ពុជាដែលរដ្ឋាភិបាលបង្កើតឡើងមែននោះ នោះនៅក្នុងសង្គមនឹងមិនមានការរើសអើងភេទឡើយ ព្រោះបុគ្គលស្រឡាញ់ភេទដូចគ្នាត្រូវបានការពារពេញលេញដោយច្បាប់។
ទាក់ទិននឹងបញ្ហានេះ លោក នួន ស៊ីដារ៉ា មន្ត្រីសម្របសម្រួលគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងនៅថ្ងៃនេះថា បណ្តាអង្គការសង្គមស៊ីវិល ក្រុមហ៊ុនឯងជន បានចេញសេចក្តីថ្លែងការរួមមួយកាលពីថ្ងៃទី ២៨ កញ្ញា ឆ្នាំ ២០១៥ គាំទ្ររដ្ឋាភិបាលចំពោះការគាំទ្រសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាម្តងរួចមកហើយ។
«ក្រៅពីសិទ្ធិមួយចំនួនដូចជា សិទ្ធិទទួលបានការអប់រំ សិទ្ធិនៅក្នុងការរស់នៅ សិទ្ធិរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាហ្នឹងក៏ជាតម្រូវការដែលពួកគាត់ចង់បានផងដែរ… យើងមើលក្រមរដ្ឋប្បវេណីរបស់ខ្មែរយើងនៅឆ្នាំ ២០០៧ ក៏ដូចជាក្រមអនុវត្តបន្ថែមនៅឆ្នាំ ២០១១ ហ្នឹងគឺបានដកចេញអស់ហើយចំណុចហាមឃាត់អាពាហ៍ពិពាហ៍ភេទដូចគ្នា ពីព្រោះបើយើងប្រៀបធៀបច្បាប់អាពាហ៍ពិពាហ៍ ១៩៨៩ ត្រង់មាត្រ ៦ គេហាមឃាត់តែម្តងចំពោះអាពាហ៍ពិពាហ៍ភេទដូចគ្នា។ ប៉ុន្តែបច្ចុប្បន្នយើងនៅខ្ទាស់ត្រង់ថារដ្ឋធម្មនុញរបស់យើងជាច្បាប់កំពូលរបស់ប្រទេសគឺបានដាក់ថា អាពាហ៍ពិពាហ៍គឺធ្វើឡើងសម្រាប់បុរសនិងស្ត្រី មិនបាននិយាយលើអ្នកស្រឡាញ់ភេទដូចគ្នា… ហើយរដ្ឋាភិបាលកម្ពុជាមិនបានយល់ទាស់អីដែរចំពោះអ្នកស្រឡាញ់ភេទដូចគ្នាទេកន្លងទៅ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក លោក នួន ស៊ីដារ៉ា មន្ត្រីសម្របសម្រួលគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ។
មន្ត្រីផ្នែកសិទ្ធិមនុស្សសម្របសម្រួលគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ លោក នួន ស៊ីដារ៉ា បានឱ្យដឹងទៀតថា កន្លងទៅប្រជាពលរដ្ឋកម្ពុជាមួយចំនួនមានការយល់ខុសចំពោះអ្នកស្រឡាញ់ភេទដូចគ្នាថា បើអនុញ្ញាតិឱ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នានឹងកាត់បន្ថយកំណើនប្រជាជន ប៉ុន្តែមិនដូច្នេះទាំងស្រុងនោះទេ អ្នកស្រឡាញ់ភេទដូចគ្នា អាចមានវិធីសាស្ត្រមានផ្ទៃពោះបានធម្មតា និងអាចចូលរួមសកម្មភាពការងារជួយសង្គមជាតិបានយ៉ាងច្រើន ប្រសិនបើមានច្បាប់ការពារពួកគាត់បានយ៉ាងត្រឹមត្រូវ។
ទន្ទឹមនឹងការលើកឡើងខាងលើ ជុំវិញការយល់ឃើញពីបញ្ហាអ្នកស្រឡាញ់ភេទ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាឱ្យដឹងពីទស្សនៈផ្ទាល់ខ្លួននៅថ្ងៃនេះថា សង្គមខ្មែរបានឱ្យតម្លៃចំពោះអ្នកស្រឡាញ់ភេទដូចគ្នាយ៉ាងពេញលេញ មិនមានការរើសអើងនោះទេ ព្រោះអ្នកទាំងនោះបានដើរតួនាទីយ៉ាងច្រើនជួយដល់សង្គមកម្ពុជាយ៉ាងច្រើនក្នុងពេលកន្លងទៅ។
«វប្បធម៌ទំនៀមទម្លាប់ព្រះពុទ្ធសាសនា គ្មានមាត្រាណា ឬចំណុចណាចែងថា ប្រឆាំងនឹងភេទដូចគ្នារៀបអាពាហ៍ពិពាហ៍ អាហ្នឹងតាមទម្លាប់ ប៉ុន្តែច្បាប់មិនមានចែងច្បាស់ថា ហាមមិនឱ្យភេទដូចគ្នារៀបអាពាហ៍ពិពាហ៍ទេ… ប៉ុន្តែពាក្យដែលពិបាកវាងនៅក្នុងច្បាប់នោះ ដែលគេនិយាយថាប្តីសម្តៅភេទប្រុស ប្រពន្ធសម្តៅភេទស្រី អានុងហើយដែលយើងជួបបញ្ហា។ ដូច្នេះ ជាទស្សនៈផ្ទាល់ការទទួលស្គាល់របស់កម្ពុជា ភេទទីបីហ្នឹងគេបានក្លាយទៅជាភ្នាក់ងារមួយកសាងសង្គមជាតិយ៉ាងសំខាន់ មានដូចជាតារា ដូចជាការចូលរួមការកម្សាន្ត និន្នាការរបស់សង្គមយើងដូចជាអត់បានប្រឆាំងនឹងសាច់រឿងនេះទេ ប៉ុន្តែឆ្គងជាមួយនឹងច្បាប់… សង្គមខ្មែរអត់រើសអើងទេ»។ នេះជាការបញ្ជាក់របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មានមួយស្ដីពីច្បាប់ពាក់ព័ន្ធនឹងក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា (LGBT) នៅកម្ពុជាធ្វើឡើងនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០១៤ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញក្នុងពេលកន្លងទៅ មានការស្នើសុំជាសាធារណៈទៅប្រជាពលរដ្ឋគ្រប់រូបទាំងអស់ កុំប្រើពាក្យថា «ខ្ទើយ ឬប្រើពាក្យអសុរស អាខ្ទើយ មីខ្ទើយ» ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ស្ដាប់មើលទៅមានការរើសអើងខ្លាំងសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ព្រោះអ្នកស្រឡាញ់ភេទដូចគ្នាមានក៏សិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញសមត្ថភាពធ្វើការងារដូចមនុស្សទូទៅដែរ៕