en     km
en     km

តើសមត្ថកិច្ច បានបង្ហាញដីកា ពេលចាប់ខ្លួនលោក ស៊ុន ចន្ធី ដែរឬទេ?

Share

លោក ស៊ុន ចន្ធី រូបភាពពីហ្វេសប៊ុកគណបក្សកម្លាំងជាតិ

សមត្ថកិច្ច និងតុលាការក្រុងភ្នំពេញ បានអះអាងថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានធ្វើឡើងដោយមានដីកាយ៉ាងត្រឹមត្រូវតាមនីតិវិធី។ ក៏ប៉ុន្តែ តំណាងគណបក្សកម្លាំងជាតិ នៅតែអះអាងថា ការចាប់ខ្លួនមេបក្សប្រឆាំងរូបនេះ គឺសមត្ថកិច្ច អនុវត្តដោយមិនមានបង្ហាញដីកា។

កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីលោកបានត្រឡប់មកពីបំពេញបេសកកម្មនៅប្រទេសជប៉ុន។ ក្រោយការចាប់ខ្លួនមានការចោទប្រកាន់ពីសំណាក់គណបក្សប្រឆាំងថាអាជ្ញាធរចាប់ខ្លួនមេបក្សរបស់ពួកគេដោយមិនមានបង្ហាញដីកា។

(Blue tick) ជុំវិញបញ្ហានេះ ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្ត្រី បានទាក់ទងសុំការផ្ដល់សម្ភាសន៍ពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ លោកថា ការនាំខ្លួនលោក ស៊ុន ចន្ធី គឺសមត្ថកិច្ចអនុវត្តទៅតាមច្បាប់ មានដីកានាំខ្លួនត្រឹមត្រូវរបស់ព្រះរាជអាជ្ញា លោក ច្រឹង ខ្មៅ។ ដូច្នេះសមត្ថកិច្ចធ្វើការងារ មិនមែនអនុវត្តផ្ទុយពីច្បាប់កំណត់នោះទេ។ លោកបានបន្តទៀតថា ក្រោយពីមានការនាំខ្លួនហើយ មកដល់ពេលនេះ ចៅក្រមស៊ើបសួរ បានអនុវត្តទៅតាមនីតិវិធី ដោយធ្វើការឃុំខ្លួនលោក ស៊ុន ចន្ធី ជាបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តពោធិ៍សាត់។

លោក អ៊ី រិន្ទ ថា៖ «គាត់ហ្នឹងត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនហើយ ពីបទញុះញង់ធ្វើឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ត្រូវបានឃុំខ្លួននៅម៤»។

(Red tick) ដោយឡែក លោក ជា មុនី អ្នកនាំពាក្យគណបក្សកម្លាំងជាតិ បានប្រាប់ដែរថា ក្នុងនាមលោកជាអ្នកអមដំណើរជាមួយលោក ស៊ុន ចន្ធី នៅក្នុងហេតុការណ៍នោះ លោក ចន្ធី គ្រាន់តែត្រឡប់មកដល់ព្រលានយន្តហោះក្នុងស្រុកភ្លាម ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅ ដោយមិនមានដីកាជូនដំណឹងដល់សម៉ីខ្លួនឱ្យបានដឹងជាមុនឡើយ ដែលការអនុវត្តបែបនេះ គឺខុសនឹងក្រមនីតិវិធីនៃច្បាប់របស់ប្រទេសកម្ពុជា។ លោកបន្តថា មួយវិញទៀត នៅពេលដែលមានការឃុំខ្លួន ឬឃាត់ខ្លួនណាមួយត្រូវតែមានភស្ដុតាងសម្រាប់ដាក់បន្ទុក ហើយនិងមានបង្ហាញដីកានាំខ្លួនផងដែរ។

លោក បញ្ជាក់ថា៖ «អត់ឃើញផង ខ្ញុំអត់បានឃើញផង ហើយសំខាន់បំផុតគឺលោក ស៊ុន ចន្ធីខ្លួនឯងតែម្ដង ប្រសិនជាគេចាប់ខ្លួនគាត់ គាត់ពិតជាបង្ហាញដីកា។ ហើយមួយទៀត ខ្ញុំចង់បង្ហាញថា យើងខ្ញុំវិលត្រឡប់មកពីប្រទេសជប៉ុន មកប្រទេសកម្ពុជាហើយ អញ្ចឹងបើមានការសង្ស័យណាមួយ យើងធ្វើការជូនដំណឹង ជូនអីទៅគាត់ទៅ ហើយបើគាត់រត់ទៅណា ក៏រត់មិនរួចដែរ បើមេបក្សមួយ គឺមិនអាចរត់ចោលនូវដំណោះស្រាយ និងបញ្ហាបានទេ ត្រូវតែប្រឈមគ្រប់បែបយ៉ាង»។

លោក ជា មុនី បានឱ្យដឹងទៀតថា ក្នុងអំឡុងដែលលោក បានចុះពីព្រលានយន្តហោះជាមួយលោក ស៊ុន ចន្ធី គឺលោកមិនបានឃើញសមត្ថកិច្ចបង្ហាញដីកានាំខ្លួនឡើយ ខណៈដែលការអនុវត្តបែបនេះ ជាការខុសច្បាប់ទម្លាប់ ពីព្រោះគណបក្សកម្លាំងជាតិ ជាគណបក្សនយោបាយត្រឹមត្រូវ បង្កើតឡើងស្របតាមរដ្ឋធម្មនុញ្ញ ហើយនិងត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ផងដែរ។

លោកថ្លែងថា៖ «ការចាប់ខ្លួនលោក ស៊ុន ចន្ធី នៅលើព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយពុំមានដីកា ហើយភាសានាំខ្លួនអញ្ចឹង ខ្ញុំមើលទៅដូចវាមិនមែនជាការសមរម្យទៅតាមក្រមនីតិវិធី ហើយវាផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញនៅប្រទេសកម្ពុជា។ អញ្ចឹងសម្រាប់យើងខ្ញុំថាយើងជាពលរដ្ឋខ្មែរ យើងជាអ្នកដឹកនាំគណបក្សនយោបាយ យើងជាអ្នកដឹកនាំជាតិ យើងគួរណាស់តែអនុវត្តច្បាប់ឱ្យបានស្មើភាពគ្នា ដើម្បីជាគំរូដល់ប្រជាពលរដ្ឋ អញ្ចឹងការចាប់ខ្លួនលោក ស៊ុន ចន្ធីនេះ ខ្ញុំមើលទៅមានជាលក្ខណៈនយោបាយ ច្រើនជាងការអនុវត្តតាមនីតិវិធីនៃច្បាប់ យើងខ្ញុំសុំឱ្យគាត់អ្នកកាន់តួនាទីទាំងឡាយធ្វើមិចឱ្យត្រឹមត្រូវ ខ្ញុំសុំតែត្រឹម ហើយត្រូវទេ»។

លោកមុនីបានបន្ថែមថា ដើម្បីឱ្យការអនុវត្តត្រឹមត្រូវតាមនីតីវិធី គឺសមត្ថកិច្ចត្រូវមានការបញ្ជូនដីកាចាប់ខ្លួនទៅកាន់លោក ស៊ុន ចន្ធី ជាមុនឱ្យបានដឹង បានយល់ ថាបានប្រព្រឹត្តខុសអ្វី ដែលត្រូវចូលខ្លួនទៅតាមដីកាកោះរបស់តុលាការ។ ប៉ុន្តែប្រសិនក្នុងករណីលោក ស៊ុន ចន្ធី បានប្រព្រឹត្តបទល្មើសជាក់ស្ដែងភ្លាមៗដូចជា៖ បង្ករបួសស្នាម ឆក់ប្លន់ជាដើម ដូច្នេះសមត្ថកិច្ច គឺអាចចាប់ខ្លួនភ្លាមៗដោយមិនចាំបាច់មានដីការបស់តុលាការឡើយ។

លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្ត្រីថា ករណីចាប់ខ្លួនលោក ស៊ុន ចន្ធី គឺសមត្ថកិច្ចអនុវត្តទៅតាមនីតិវិធីអស់ហើយ ដូច្នេះមិនមានអ្វីត្រូវបកស្រាយបន្ថែមទៀតទេ ពីព្រោះការចាប់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តទៅតាមដីការបស់តុលាការប៉ុណ្ណោះ។

លោកថ្លែងបញ្ជាក់ថា៖ «អ៊ីចឹង! ក្នុងនាមខាងអង្គភាពនៃការសមត្ថកិច្ចអនុវត្តច្បាប់ គឺគាត់អនុវត្តទៅតាមដីការបស់តុលាការ អញ្ចឹងកិច្ចការងារហ្នឹងគឺបានអនុវត្តទៅតាមនីតិវិធី ប្អូនចង់បញ្ជាក់ច្បាស់ សូមទៅខាងតុលាការណា»។

តាមដីការបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ហើយដែលត្រូវបានសារព័ត៌មានស្នីទរដ្ឋាភិបាលផុសផ្សាយក្រោយការចាប់ខ្លួនលោក ស៊ុន ចន្ធី បានបង្គាប់ឱ្យកម្លាំងសមត្ថកិច្ច នាំខ្លួនបុគ្គលឈ្មោះ ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ មកបង្ហាញខ្លួននៅក្នុងការិយាល័យសន្តិសុខផ្ទៃក្នុង ផែនការងារសន្តិសុខ នៃស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២៣ ខែឧសភា។ ការបង្គាប់ឱ្យនាំខ្លួននេះ គឺដើម្បីសាកសួរពីដំណើររឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ក្នុងដីកានោះលោក អ៊ី រិន្ទ បានបញ្ជាក់បន្ថែមថា ចំពោះបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមច្បាប់នៅក្នុងមាត្រ៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១លានរៀល ដល់ ៤លានរៀល។

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីលោកបានត្រឡប់មកពីបំពេញបេសកកម្មនៅប្រទេសជប៉ុន។ មកដល់ពេលនេះ លោកត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី៤ ឫហៅកាត់ថា ពន្ធនាគារ ម៤ នៅខេត្តពោធិ៍សាត់ ក្រោមបទដែលមេបក្សរូបនេះ បានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាលលើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋ ថាមានការលម្អៀង និងរើសអើង៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង