loader

តើពិភពលោកប្រតិកម្មដូចម្ដេចខ្លះករណីត្រាំផ្អាកជំនួយWHO?

អាមេរិកក្រៅពីធ្វើឱ្យពិភពលោកស្រឡាំងកាំងចំពោះភាពរងគ្រោះខ្លាំងបំផុតពីកូវីដ១៩ ពេលនេះ ពិភពលោកកំពុងសម្លឹងមើលព្រឹត្តិការណ៍ដែលលោកដូណាល់ ត្រាំធ្វើការសម្រេចចិត្តធំបំផុតមួយទៀតគឺនាំឱ្យអាមេរិកផ្ដាច់ជំនួយទៅកាន់WHOនៅថ្ងៃទី15មេសានេះ។ប្រធានស្ថាប័នអន្ដរជាតិធំៗ ប្រមុខរដ្ឋាភិបាលបណ្ដាប្រទេសជាច្រើន មិនថាសម្ព័ន្ធមិត្ត មិនថាគូប្រជែង មានទាំងមហាសេដ្ឋីក្ដីបានបញ្ចេញទស្សនៈ សោកស្ដាយនិងភ្ញាក់ផ្អើលចំពោះករណីនេះ មានទាំងបន្ទោសនិងលើកទឹកចិត្ តសកម្មភាពពុះពារក្នុងពេលនេះរបស់WHO។

អាមេរិកដែលជាប្រទេសជំនួយធំបំផុតដល់WHOបានប្រកាសផ្ដាច់ជំនួយទាំងស្រុងរបស់ខ្លួនស្មើនឹង១៥%នៃកញ្ចប់ថវិកាអង្គការនេះ។នេះបើតាមគេហទំព័រព័ត៌មានកាតា Aljazeera។WHOក្នុងមួយឆ្នាំៗទទួលបានជំនួយពីសហរដ្ឋអាមេរិក ប្រមាណជាជាង៤៤៥ លានដុល្លារ។ទម្រាំសម្រេចចិត្តបែបនេះ​ត្រាំបាននិយាយរិះគន់ច្រើនលើកថាWHOបានបរាជ័យ ក្នុងការអនុវត្តតួនាទីជាមូលដ្ឋានរបស់ខ្លួនហើយត្រូវតែប្រកាន់គណនេយ្យភាព។លោកចោទថាភ្នាក់ងាររបស់UNនេះលើកកម្ពស់ព័ត៌មានមិនពិតរបស់ចិនស្ដីពី វីរុសកូរ៉ូណាដែលលោកចាត់ទុកថាជាបុព្វហេតុនាំឱ្យការរាតត្បាតជាសកលកើតមានឡើង។

ក្នុងចំណោមប្រតិកម្មជាច្រើន ការរិះគន់និងថ្កោលទោសសម្បូរជាងគេ ដោយចាត់ទុកថានេះជាជំហានគ្រោះថ្នាក់ មួយក្នុងទិសដៅមិនត្រឹមត្រូវ។

ប្រតិកម្មដ៏គួរឱ្យកត់សម្គាល់បំផុតគឺពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បញ្ចេញ មតិថានេះមិនមែនជាពេលវេលាក្នុងការកាត់បន្ថយធនធាន ប្រតិបត្តិការរបស់WHOនោះទេ។លោកបញ្ជាក់ថានេះជាពេលសម្រាប់សាមគ្គីភាពនិងសម្រាប់សហគមន៍អន្ដរជាតិធ្វើការរួមគ្នាដើម្បីបញ្ឈប់វីរុសនេះពីមហាវិនាសកម្ម។

មន្រ្ដីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសុវត្ថិភាពសុខភាពនិងជាអ្នកជំនាញជំងឺឆ្លងលោកវេជ្ជបណ្ឌិត Amesh Adaljaចាត់ទុកថាចលនានេះអាមេរិកផ្ញើសារខុសហើយ អំឡុងដំណាក់កាលកណ្ដាលនៃការរាតត្បាតជាសកលជំងឺកូវីដនេះ។ លោកAdalja ទទួលស្គាល់ថា WHO មានកំហុសក្នុងការពន្យារការឆ្លើយតបដូចដែលខ្លួនធ្វើកាល ពីជំងឺអេបូឡារាតត្បាតអាហ្វ្រិកខាងលិចឆ្នាំ២០១៣ ២០១៤ ។លោកសង្ឃឹមថាកំណែទម្រង់នឹងត្រូវបានធ្វើឡើងបន្ទាំប់ពីការបញ្ចប់ទៅវិញនូវជំងឺដ៏កំណាចនេះ។

Adalja បានឱ្យដឹងទៀតថាពេលនេះ WHO កំពុងប្រមូលព័ត៌មានថាតើវីរុស នេះសកម្មបំផុតក្នុងប្រទេស នីមួយៗកំរិតណាដើម្បីជួយដល់អាមេរិកផងដែរក្នុងការ ធ្វើសេចក្ដីសម្រេចចិត្តមួយទៀតក្នុងការបើកព្រំដែន។

ករណីនេះផងដែរCDCដែលជាមជ្ឈមណ្ឌលគ្រប់គ្រងនិងត្រួតពិនិត្យជំងឺបានសរសេរ មតិស្នើផ្ទាល់ទៅកាន់សេតវិមាន តែមិនបញ្ចេញផ្សាយជាសាធារណៈនោះទេ។ ដោយឡែកប្រធានសមាគមសុខាភិបាលអាមេរិកលោកPatrice Harris ហៅសកម្មភាពដូចនេះរបស់អាមេរិកគឺជាជំហានដ៏គ្រោះថ្នាក់ដើរលើទិសដៅខុសដែលមិនធ្វើឱ្យការប្រយុទ្ធនឹងកូវីដ១៩បានងាយស្រួលជាងនេះទេ។លោកមានតែជម្រុញឱ្យលោកត្រាំពិចារណាឡើងវិញ។

ប៉ុន្ដែសម្រាប់លោក Chair Leslie Dach ដែលធ្លាប់ជាអ្នកសម្របសម្រួល វិបត្តិអេបូឡាមន្ទីរសុខាភិបាលនិង សេវាកម្មសង្គមរបស់អាមេរិកថាលោកត្រាំធ្វើនេះ គឺគ្មានអ្វីពីក្រៅពីចង់បង្ហាញពីតម្លាភាពដើម្បីបញ្ជៀសពីការនិយាយបន្ធូរស្ថានការណ៍ក្នុងប្រវត្តិដឹកនាំរបស់លោកដែលជួបវិបត្តិធ្ងន់ធ្ងរនៃកូវីដ១៩ក៏ដូចជាបរាជ័យរដ្ឋបាលរបស់លោកក្នុងការត្រៀមសម្រាប់ប្រជាជាតិ។លោកម្នាក់នេះសម្ដែងការព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រជាជនអាមេរិកនៅពេលនេះ។

Eliot Engel ប្រធានគណៈកម្មការកិច្ចការអន្ដរជាតិនៃសភាជាន់ទាប អាមេរិកមើលឃើញថាពីមួយថ្ងៃទៅមួយថ្ងៃវិបត្តិកាន់តែអាក្រក់ៗទៅ ទន្ទឹមនឹងនេះប្រធានាធិបតីអាមេរិកបានបង្ហាញពីល្បែងនយោបាយរបស់លោកគឺការស្ដីបន្ទោសWHO ចិន សត្រូវរបស់លោក ដើម្បីផ្លាតពីការពិតថារដ្ឋបាល របស់លោកគ្រប់គ្រងមិនកើតទេ នៃវិបត្តិនេះគឺជីវិតពលរដ្ឋអាមេរិកយើង រាប់ម៉ឺននាក់ស្លាប់ដូច្នេះ។

ក្រឡេកទៅមើលប្រតិកម្មពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបរទេសវិញម្ដង ផ្ដើមពីនាយករដ្ឋមន្រ្ដីណូវែលហ្សឺឡង់

លោកស្រី Jacinda Ardern មានទស្សនៈក្នុងពេលវេលាដូចនេះជាពេល ដែលយើងត្រូវការការចែករំលែកព័ត៌មាន និង ផ្ដល់យោបល់ដែលអាចពឹងអាស្រ័យបាន WHOបានផ្ដល់យើងនូវរឿងអស់នេះ យើងនៅតែគាំទ្រហើយបន្ដ ធ្វើវិភាគទានរបស់យើងជូនអង្គការនេះ។នាយករដ្ឋមន្រ្ដីនៃប្រទេសជឿនលឿនប៉ាស៊ីហ្វិកមួយរូបទៀតគឺ Scott Morrison ឯកភាពនឹងការរិះគន់របស់ត្រាំលើWHOតែលោកចាត់ទុកថាWHOធ្វើការសំខាន់ច្រើនណាស់ដែលអូស្រ្ដាលីនៅតែប្រកាន់ជំហរគាំទ្រ។

សម្ព័ន្ធមិត្តអាមេរិកមួយរូបទៀត គឺអាល្លឺម៉ង់តាមរយៈរដ្ឋមន្រ្ដីក្រសួងការបរទេសប្រទេសនេះ បានទិតៀនអាមេរិកដោយថាបន្ទោសអ្នកដទៃមិនអាចជួយអ្វីខ្លួនឯងបានទេ វីរុសគ្មានស្គាល់ព្រំដែនឡើយ។

រួមជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា ស្ថានការណ៍ COVID-19 កំពុងតែស្ថិតក្នុងដំណាក់ដ៏សំខាន់ ហើយ ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក នឹងប៉ះពាល់ប្រទេសនានានៅជុំវិញពិភពលោក ជាពិសេសប្រទេសដែលទន់ខ្សោយ។ លោក Zhao បានសង្កត់ធ្ងន់ថា អង្គការ WHO បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ មិនអាចរកអ្នកជំនួសបាន ក្នុងការឆ្លើយតបទៅនឹងវិបត្តិ COVID-19 ដែលជាវិបត្តិសុខភាពសាធារណៈទូទាំងសកលលោក។អំពាវនាវឲ្យអាមេរិកបំពេញកាតព្វកិច្ចដែលខ្លួនចំពោះ WHO ហើយបន្តគាំទ្រស្ថាប័នអន្តរជាតិនេះ ក្នុងការ លើកកម្ពស់កិច្ចសហប្រតិបត្តិការពិភពលោក ដើម្បីរួមគ្នាទប់ទល់នឹងជំងឺ COVID-19។ លោក Zhao បានបញ្ជាក់ជាចុងក្រោយថា ប្រទេសចិន នឹងនៅតែបន្តគាំទ្រអង្គការ WHO ជានិច្ច ហើយដើរតួនាទីរបស់ខ្លួន ក្នុងការលើកស្ទួយវិស័យសុខាភិបាលទូទាំងពិភពលោក និងការប្រយុទ្ធ ប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ។

រឿងរ៉ាវវិភាគទានទឹកប្រាក់ចិនអាមេរិកទៅកាន់WHOនេះលោកត្រាំធ្លាប់បានប្រៀបថាអាមេរិកជួយអង្គការនេះពី៤០០ទៅ៥០០លានដុល្លារខណៈចិនជួយតែ៤៥លានដុល្លារទេមួយឆ្នាំ។

ចំណែកកំពូលមហាសេដ្ឋីមួយរូបរបស់សហរដ្ឋអាមេរិកដែលជា ស្ថាបនិកក្រុមហ៊ុន Microsoftបានសរសេរក្នុងគណនីទ្វីតធឺផ្លូវការរបស់លោកថា ការផ្អាកផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុទៅឲ្យអង្គការ WHO ក្នុងកំឡុងពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខវិបត្តិសុខភាពបែបនេះ គឺពិតជាគ្រោះថ្នាក់ខ្លាំងបំផុត។

គិតមកទល់ពាក់កណ្ដាលខែមេសានេះដោយយោងតាមទិន្នន័យពីវែបសាយ Worldometers ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសកលលោក បានកើនឡើងលើសពី ២លាននាក់ហើយ ក្នុងនោះស្លាប់ជាង១២ម៉ឺននាក់ និងជាសះស្បើយជិត៤៩ម៉ឺននាក់។សម្រាប់សហរដ្ឋអាមេរិកតែឯងគឺមានអ្នកស្លាប់ដោយសារកូវីដជាង២៨៣០០នាក់និងឆ្លងជាង៦សែននាក់៕

ដោយ៖ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ម៉ាឌូរ៉ូប្រាប់ថា២ឆ្នាំទៀតចាំធ្វើប្រជាមតិទម្លាក់លោក ខណៈមានរុស្ស៊ីនៅពីក្រោយ

ទីបំផុតខ្នងបង្អែកដ៏រឹងមាំនៃរបបលោកម៉ាឌូរ៉ូបានច[...]

ចំពេលតានតឹងជម្លោះព្រំដែននឹងចិន ឥណ្ឌាទិញយន្ដហោះចម្បាំងពីរុស្ស៊ីរាប់សិបគ្រឿងដើម្បីអ្វី?

សំណើទិញយន្ដហោះចម្បាំងជាង៣០គ្រឿងពីរុស្ស៊ីត្រូវ[...]

វៀតណាមស្នើឱ្យអាស៊ានប្រកាន់ជំហររួមប្រឆាំងនឹងការវាតទីរបស់ចិនករណីសមុទ្រចិនខាងត្បូង

មេដឹកនាំសមាគមអាស៊ានបាននិយាយថាច្បាប់សមុទ្រឆ្នា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត