ក្រោយពីលោក វ៉ី សំណាង បានឡើងកាន់តំណែងជាអភិបាលខេត្តតាកែវ រយៈពេលជិតមួយខែ ផ្លាកស្រាបៀរនៅតាមដងផ្លូវទូទាំងខេត្តតាកែវ ត្រូវបានរុះរើចោលជាបន្តបន្ទាប់។ ជុំវិញការរុះរើផ្លាកស្រាបៀរចោលនេះ អ្នកឃ្លាំមើលសង្គម និងអ្នកវិភាគសេដ្ឋកិច្ចសន្និដ្ឋានថា មិនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងខេត្តនេះ ប៉ុន្តែបែរជាអាចជួយលើកកម្ពស់សេដ្ឋកិច្ចទៅវិញតាមរយៈសុខភាពរបស់ប្រជាពលរដ្ឋ។ កញ្ញា ជា សុខនី ជូនសេចក្តីរាយការណ៍
មុនឡើងជាអភិបាលខេត្តតាកែវ លោក វ៉ី សំណាង ធ្លាប់ជាអភិបាលខេត្តកំពង់ស្ពឺ ហើយលោកក៏ធ្លាប់បានដាក់បទបញ្ជាឱ្យសមត្ថកិច្ចអនុវត្តចុះរុះរើផ្លាកផ្សព្វផ្សាយគ្រឿងស្រវឹងនៅទូទាំងខេត្តកំពង់ស្ពឺផងដែរកាលគ្រានោះ។ មិនខុសពីពេលមុននោះទេ ពេលលោក វ៉ី សំណាង មកកាន់តំណែងជាអភិបាលខេត្តតាកែវ លោកក៏នៅតែបន្តអនុវត្តដោះផ្លាកស្រាបៀរចោលដដែល ហើយការអនុវត្តនេះ គេសង្កេតឃើញមានអភិបាលខេត្តផ្សេងទៀត ចាប់ផ្ដើមរុះរើផ្លាកស្រាបៀរចោលដែរ ក្នុងនោះមានខេត្ត កំពង់ចាម ក្រចេះ និងខេត្តស្ទឹងត្រែងជាដើម។
តើការរុះរើផ្លាកស្រាបៀចេញនៅតាមដងផ្លូវទូទាំងខេត្តតាកែវ អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងខេត្តនេះដែរទេ?
ជុំវិញរឿងនេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៩ ខែកក្កដាដោយថា ការដោះផ្លាកផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងចោលនេះ គឺមិនមានផលប៉ះពាល់អ្វីដល់សេដ្ឋកិច្ចទេ ប៉ុន្តែជាការចំណេញដល់សេដ្ឋកិច្ចទៅវិញ ពីព្រោះកុមារ និងយុវជនជំនាន់ក្រោយ នឹងមិនឃើញការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ហើយមិនប្រើប្រាស់គ្រឿងស្រវឹងទាំងនោះ។ ម្យ៉ាងវិញទៀត លោកថា ចំណូលដែលបានមកពីគ្រឿងស្រវឹងនេះ គឺមិនអាចយកទៅដោះស្រាយបញ្ហាដែលបង្កឡើងពីគ្រឿងស្រវឹងបានឡើយ ដ្បិតគ្រឿងស្រវឹងនេះ បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ បញ្ហាសុខភាពសាធារណៈ និងអំពើហិង្សាក្នុងសហគមន៍ និងសង្គមទាំងមូល។
លោក យង់ គិមអេង ៖ «លោកអភិបាលខេត្តតាកែវបានធ្វើបែបនេះ គឺធ្វើឱ្យចំណេញខាងសេដ្ឋកិច្ចទៅវិញ ចំណេញយ៉ាងមិច បើប្រជាពលរដ្ឋអត់ស្រវឹង ប្រជាពលរដ្ឋបានទៅធ្វើការ ប្រជាពលរដ្ឋមានសុខភាពល្អ អត់ទទួលរងនូវជំងឺតម្កាត់ ដោយសារតែការប្រើប្រាស់គ្រឿងស្រវឹងនោះទេ។ ពួកគាត់នឹងមានពេលទៅធ្វើការងារ ហើយនៅពេលដែលគាត់ទៅធ្វើការគាត់បានប្រាក់ខែមក គាត់បានយកលុយកាក់ទៅចាយវាយតាមភោជនីយដ្ឋាន ទៅទិញខោអាវ ទៅចាក់សាំង ទៅទិញនេះទិញនោះមក គឺរដ្ឋយើងវាចំណេញជាងផលដែលទទួលបានចំណូលបន្តិចបន្តួចពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងហ្នឹងទៅទៀត»។
ក្រៅពីនេះទៅទៀត លោក គិមអេង ថាមានស្ថាប័នអន្តរជាតិជាច្រើន បានស្រាវជ្រាវលើបញ្ហាគ្រឿងស្រវឹងនេះ ដោយបានរកឃើញថា ផលិតផលគ្រឿងស្រវឹងគឺជាឧបសគ្គក្នុងការអភិវឌ្ឍសេដ្ឋកិច្ច មិនមែនការផ្សព្វផ្សាយគ្រឿងស្រវឹង និងមានអ្នកពិសារគ្រឿងស្រវឹងច្រើន ធ្វើឱ្យសេដ្ឋកិច្ចមានភាពរុងរឿងនោះទេ។
ចំណែកលោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បង្ហាញការយល់ឃើញដែរថា ជាជំហានបន្ត លោកចង់ឃើញអភិបាលខេត្តផ្សេង អនុវត្តគំនិតផ្ដួចផ្ដើមនេះដូចខេត្តតាកែវដែរ ពីព្រោះការដោះផ្លាកប៉ាណូគ្រឿងស្រវឹងចោលនេះ ជាការចំណេញសេដ្ឋកិច្ចក្នុងខេត្ត និងសេដ្ឋកិច្ចក្នុងប្រទេសផងដែរ។ ចំពោះចំណូលដែលទទួលបានពីការផ្សព្វផ្សាយគ្រឿងស្រវឹងនេះដែរ លោកអះអាងថា មិនមែនជាប្រភពចំណូលជួយរដ្ឋឡើយ ពីព្រោះផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងនេះធ្វើឱ្យខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរជាងចំណូលដែលបានពីការផ្សាយពាណិជ្ជកម្ម។
លោក សន ជ័យ ៖ «បើទុកឱ្យការផ្សាយពាណិជ្ជកម្មស្រាបែបនេះនៅតែរីករាលដាល ទាក់ទាញខ្លាំងពេកទៅធ្វើឱ្យខូចសុខភាព ខូចខាតទ្រព្យសម្បត្តិ លុយកាក់ពលរដ្ឋ អញ្ចឹងប្រសិនជារឿងចំណូលមួយ គឺអ្វីដែលអាចប្រៀបធៀបគ្នាបានហើយ ប៉ុន្តែអាខូចខាតទៅវិញហ្នឹង វាមិនខូចខាតរឿងលុយកាក់ទេ តែបើនិយាយពីរឿងចំណូលគេគិតពីលុយកាក់ ប៉ុន្តែអាខូចខាតស្មារតីមនុស្សដែលយើងមិនអាចវាស់បាន យកលុយទៅគិតបាននោះអាហ្នឹងគឺជាទំហំមួយនៃផលប៉ះពាល់ធ្ងន់ធ្ងរដែរ។ អញ្ចឹងផលប៉ះពាល់ផ្នែកសង្គមគឺគេមិនអាចយកលុយមកវាស់បានទេអញ្ចឹងណា ប៉ុន្តែវាបានបង្កជាផលប៉ះពាល់ដូចជាអំពើហិង្សាក្នុងគ្រួសារ ការកាប់ចាក់គ្នា ធ្វើឱ្យប៉ះពាល់សន្តិសុខក្នុងសង្គម ប្រសិនជាចំណូលបានមកគិតជាលុយហើយ ហើយក៏មានផលប៉ះពាល់ក្នុងសង្គមដែរ អាហ្នឹងមិនខុសអីចាក់អង្ករយកអង្កាមទេ»។
ដោយឡែក អ្នកវិភាគសេដ្ឋកិច្ច នៅរាជបណ្ឌិតសភាកម្ពុជា គឺលោក គី សេរីវឌ្ឍ បញ្ជាក់ថា ការដោះផ្លាកប៉ាណូគ្រឿងស្រវឹងចោលនេះ គឺនឹងមានផលចំណេញលើផ្នែកសេដ្ឋកិច្ចមួយ ដែលបញ្ហាគ្រឿងស្រវឹងនេះ បានធ្វើឱ្យរាជរដ្ឋាភិបាលចំណាយថវិកាជាច្រើនទៅលើវិស័យសុខាភិបាល។ ដូច្នេះការរុះរើផ្លាកស្រាបៀរនេះចេញ ជាការជួយទប់ស្កាត់ហានិភ័យសុខភាព និងការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋផងដែរ។
លោក គី សេរីវឌ្ឍ ៖ «ថ្វីត្បិតតែចំណូលពីក្រុមហ៊ុនស្រាបៀរនៅខេត្តមានការថមថយ ក៏ប៉ុន្តែទទួលបានចំណេញមួយទៀតសម្រាប់រាជរដ្ឋាភិបាល គឺការចំណាយទៅលើសេវាសាធារណៈ យើងដឹងហើយថារាជរដ្ឋាភិបាលបច្ចុប្បន្ននេះលោកកំពុងយកចិត្តទុកដាក់ទៅលើសុខភាពប្រជាពលរដ្ឋ តាមរយៈការផ្ដល់នូវប័ណ្ណ ប.ស.ស ប័ណ្ណសមធម៏ និងប័ណ្ណក្រីក្រសម្រាប់ជួយគាំពារដល់វិស័យការរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះប្រជាពលរដ្ឋទទួលទានស្រា ទីមួយគាត់ងាយរងជំងឺ ហើយកម្លាំងពលកម្មត្រូវបាត់បង់ ទីពីររាជរដ្ឋាភិបាលត្រូវបង្កើនការចំណាយសាធារណៈ ដើម្បីលំហរសុខភាព អញ្ចឹងថ្ងៃអនាគតប្រទេសយើងអាចនឹងក្លាយទៅជាប្រទេសដែលមានមនុស្សឈឺច្រើនត្រូវការលុយរាជរដ្ឋាភិបាលសម្រាប់ជួយ ហើយបាត់បង់នឹងកម្លាំងពលកម្ម ដែលជាផលិតភាពសម្រាប់ជួយសេដ្ឋកិច្ច»។
រីឯអ្នកវិភាគបញ្ហាសង្គមម្នាក់ទៀត គឺលោក មាស នី បានឱ្យដឹងដែរថា កាលណាមានវិធានការដោះផ្លាកប៉ាណូផ្សព្វផ្សាយស្រាបៀរនៅតាមផ្លូវនេះ គឺចៀសមិនផុតពីមានការខាតបង់ខ្លះនោះទេ ប៉ុន្តែផ្លាកប៉ាណូស្រាបៀរទាំងនោះ លោកមើលឃើញថា ជាការបង្ហាញអំពីចរិកខ្មែរ ចៀសជាងការបង្ហាញអំពីសេដ្ឋកិច្ច។ ដូច្នេះមូលហេតុដែលលោកមើលឃើញបែបនេះ ដោយសារប៉ាណូស្រាបៀជាច្រើនត្រូវបានផ្សព្វផ្សាយនៅតាមដងផ្លូវពីខេត្តមួយទៅខេត្តមួយ ហើយការបង្ហាញទាំងនោះនៅពេលដែលជនជាតិបរទេសមកស្រុកខ្មែរ គឺត្រូវបានចាត់ទុកថាជាស្រុកដែលមានពលរដ្ឋប្រើប្រាស់គ្រឿងស្រវឹងច្រើនជាងគេ ខណៈប្រទេសជិតខាងផ្លាកប៉ាណូស្រាបៀរទាំងនោះ ត្រូវបានលុបបំបាត់ចោលអស់ហើយ។
លោក មាស នី ៖ «អញ្ចឹងការរុះរើនេះ វាមិនអាចយកមកប្រៀបធៀបជាមួយសេដ្ឋកិច្ចបានទេ ពីព្រោះសេដ្ឋកិច្ចបាត់វាច្បាស់ជាបាត់ហើយ វាអាចជាថយហើយ ដោយសារតែមិនមានការផ្សព្វផ្សាយ ប៉ុន្តែក៏មានការផ្សព្វផ្សាយតាមផ្លូវផ្សេងទៀតច្រើនដែរ។ ខ្ញុំជឿថានៅពេលដែលយើងដកផ្លាកពីតាមដងផ្លូវ គឺក្រុមហ៊ុនស្រាបៀរគេនឹងមានក្នុងការធ្វើទីផ្សាររបស់គេដែរ អានេះតាមខ្ញុំគិតថាអញ្ចឹងវាមិនអត់ទេ មិនមែនបានន័យថាដកផ្លាកស្រាបៀរចេញ ក្រុមហ៊ុនស្រាបៀរលក់លែងដាច់អីមិនប្រាកដអញ្ចឹងទេបាទ!»។
ទោះជាយ៉ាងណា អ្នកវិភាគបញ្ហាសង្គមរូបនេះ បញ្ជាក់ថា ផ្លាកស្រាបៀរនៅតាមដងផ្លូវទាំងនោះ ក៏បង្ហាញអំពីសីលធម៌ និងសុជីវធម៌នៅក្នុងប្រទេសទាំងមូល ដូច្នេះប្រសិនជាមានការគិតគូរសេដ្ឋកិច្ចជាងសីលធម៌ក្នុងសង្គម គឺវាមិនសមរម្យទេ ពីព្រោះកាលមានសីលធម៌សង្គមល្អ ក៏ជាផ្នែកមួយទាញសេដ្ឋកិច្ចរីកចម្រើនផងដែរ៕