en     km
en     km

តើករណីកម្ចីអនឡាញជាថ្នូរនឹងរូបភាពអាក្រាតកាយមានប្រាកដទេនៅកម្ពុជា?

Share

 

ភ្នំពេញ៖ ក្នុងវេទិកាតុមូលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ស្តីពី«ស្ថាភាពបំណុលនៅកម្ពុជា»លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិថ្លែងអះអាងថា កម្ពុជាមិនមានករណីកម្ចីតាមអនឡាញដោះដូរនឹងរូបភាពអាក្រាតកាយរបស់កូនបំណុល។ ក៏ប៉ុន្តែអង្គការលីកាដូដែលធ្វើការងារលើបញ្ហានេះបញ្ជាក់ប្រាប់វិទ្យុស្រ្តីថា ករណីកូនបំណុលថតរូបអាក្រាតទៅម្ចាស់បំណុលដើម្បីទទួលបានកម្ចី  ហើយអង្គការបានទទួលបណ្តឹងពីស្រ្តីចំនួន ៣ ករណីប្តឹងសុំជួយអន្តរាគមន៍។ អ្នកស្រីវ៉ាយ វត្តីជូនសេចក្តីរាយការណ៍

ថ្លែងឆ្លើយតបនឹងសំនួររបស់អ្នកសារព័ត៌មានដែលបានចោទសួរករណី ការជជែកវែកញែកជុំវិញករណីស្រ្តីមួយចំនួននៅតែរងគ្រោះដោយសារការខ្ចីលុយជាថ្នូរនៃការផ្តល់រូបភាពអាក្រាតកាយនោះ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បញ្ជាក់ដោយអះអាងថា ករណីនេះគ្មានកើតឡើងនៅកម្ពុជានោះទេ ហើយរឿងនេះកើតឡើងតែនៅប្រទេសផ្សេងៗតែប៉ុណ្ណោះ។ លោក ជា ពៅ ៖«ខ្ញុំសុំឆ្លើយដោយខ្លីថា គឺមិនមាន ទី២ដើម្បីទប់ស្កាត់រឿងកម្ចីនេះគឺយើងបានអប់រំផ្សព្វផ្សាយដោយបានលើកនិយាយច្រើនណាស់ ហើយរឿងនេះមិនមែនកើតឡើងតែកម្ពុជាទេ នៅប្រទេសអាស៊ានក៏មានកើតឡើងច្រើនដែរទៅស្រាត ទៅខ្ចីលុយនេះ។ »។

ជុំវិញរឿងនេះ លោក អំ សំអាត មន្រ្តីជាន់ខ្ពស់នៃអង្គការលីកាដូប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២៤នេះថា ករណីកម្ចីដោះដូរនឹងរូបភាពអាក្រាតកាយរបស់កូនបំណុលនេះ​ អង្គការលីកាដូធ្លាប់បានទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះ។ បន្ថែមពីនេះ ស្រ្តីរងគ្រោះក៏បានដាក់ពាក្យបណ្តឹងទៅស្នងការនគរបាលជាតិផ្នែកប្រឆាំងបទល្មើលបច្ចេកវិទ្យាផងដែរ។ ជុំវិញករណីកម្ចីអនឡាញជាថ្នូរនឹងរូបភាពអាក្រាតកាយពីកូនបំណុលនេះ លោកយល់ថា នៅតែជារឿងធ្ងន់ធ្ងរសម្រាប់ជនរងគ្រោះពិសេសស្រ្តីៗ ព្រោះម្ចាស់បំណុលមិនត្រឹមតែគំរាមបង្ហោះរូបភាពអាក្រាតរបស់អ្នកខ្ចីនោះទេ តែក៏គំរាមដល់មិត្តភក្តិ និងសាច់ញាតិកូនបំណុលផងដែរ។ មួយទៀតដែរ លោកចាត់ទុកថា ករណីនេះជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដ្បិតកម្ចីប្រភេទនេះគ្មានច្បាប់អនុញ្ញាតនោះទេ។

លោក អំ សំអាត៖«បាទយើងដឹងហើយថា ចំណាត់ការ និងនីតិវិធីស្រាវជ្រាវនិងស៊ើបអង្កេតជាអទិភាពរបស់សមត្ថកិច្ច ក៏ប៉ុន្តែខ្ញុំយល់ថាមកដល់ពេលនេះវាគួរតែដល់ពេលបង្ហាញអំពីសមិទ្ធិផល លទ្ធផលនៃការស្រាវជ្រាវហើយ ទន្ទឹមនឹងហ្នឹងវាក៏ជាករណីសិក្សាសម្រាប់សមត្ថកិច្ចនៅក្នុងការស្វែងរកយន្តការ និងនីតិវិធីក្នុងជួយសម្រាប់ជនរងគ្រោះផងដែរ»។

ក្នុងនាមជាមន្រ្តីអង្គការសង្គមស៊ីវិលធ្វើការលើកស្ទួយលើរឿងសិទ្ធិមនុស្សលោក អំ សំអាត សុំអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវតែមានវិធានការស៊ើបអង្កេតឱ្យម៉ត់ចត់ និងតម្លាភាព ដើម្បីទប់ស្កាត់កម្ចីអនឡាញខុសច្បាប់ និងការប្រើប្រាស់រូបភាពដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្រ្តី។

សូមរំលឹកថា អង្គការលីកាដូ កាលពីឆ្នាំ ២០២២ បានផ្ដល់សេវាមួយចំនួនដល់ស្ត្រីបីនាក់ ដែលរងការបៀតបៀនដោយអ្នកផ្ដល់កម្ចីមិនផ្លូវការ។ ស្ត្រីម្នាក់ៗជួបប្រទះរឿងរ៉ាវស្រដៀងគ្នា ដោយដំបូងពួកគេ បានខ្ចីប្រាក់ប្រមាណ ៥០ដុល្លារពីក្រុមហ៊ុនដែលផ្សព្វផ្សាយនៅលើហ្វេសប៊ុក ដើម្បីផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ ឬព្យាបាលជំងឺ។ ក៏ប៉ុន្តែចុងក្រោយត្រូវបានក្រុមហ៊ុនគំរាមហែកកេរ្ដិ៍ និងជំរិតទារប្រាក់ បន្ទាប់ពីបានផ្ញើរូបភាព និងវីដេអូអាក្រាត នៅពេលពួកគេព្យាយាមគេចចេញពីបំណុលវ័ណ្ឌក ។

ទាក់ទងរឿងកម្ចីអនឡាញនេះលោក ប៉ា ចន្ទរឿន ប្រធានវិទ្យាសា្ថនប្រជាធិបតេយ្យកម្ពុជា​សង្កេតឃើញថា សព្វថ្ងៃប្រជាពលរដ្ឋចង់អភិវឌ្ឍន៍សេដ្ឋកិច្ចជីវភាពគ្រួសារ ប៉ុន្តែពួកគេពុំទាន់ចេះប្រើប្រាស់លុយ ហើយធ្វើឱ្យកម្ចីក្លាយទៅជាបំណុលវ័ណ្ឌក។ ដូច្នេះលោកថា រដ្ឋាភិបាលគួរតែបញ្ជៀបចំណេះដឹងទាក់ទងការខ្លីលុយ ឬហៅថា ​អក្ខរកម្មហិរញ្ញវត្ថុទៅដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតំបន់ជន។ បន្ថែមពីលើនេះលោកថា រដ្ឋាភិបាលគួរតែមានច្បាប់រឹតបណ្តឹងលើអ្នកផ្តល់កម្ចីឯកជន ឬកម្ចីអនឡាញ ព្រោះក្រុមអ្នកផ្តល់កម្ចីឯកជន ឬកម្ចីអនឡាញ គឺជាក្រុមដែលរកស៊ីឆ្លៀតឱកាស មិនមានប្រព័ន្ធនិងមិនបានបង់ពន្ធត្រឹមត្រូវជូនរដ្ឋនោះទេ ហើយការដាក់អត្រាការប្រាក់គឺធ្វើឡើងតាមតែទំនើងចិត្ត៕

 

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង