ភ្នំពេញ៖ តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារនេះ សម្រេចកាត់ទោសយុវជន គង់ រ៉ៃយ៉ា ឱ្យជាប់ពន្ធធនាគាររយៈពេល ១ឆ្នាំ ៦ខែ ពីបទប៉ុនប៉ងប្រឆាំងរាជរដ្ឋាភិបាលករណីបង្ហោះសារឃោសនាឱ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា។
យុវជន គង់ រ៉ៃយ៉ា រៀននៅសាកលវិទ្យាល័យខេមរៈ ដែលត្រូវបាននាំខ្លួនមកស្ដាប់ការសូត្រ សាលក្រមរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ លោកមានប្រសាសន៍តែមួយម៉ាត់ប៉ុណ្ណោះថា ៖«ខ្ញុំ សង្ឃឹមថា តុលាការនឹងដោះលែងខ្ញុំ»។
មន្ត្រីការពារសិទ្ធមនុស្សលោក អំ សំអាត បានសម្តែងការខកចិត្តចំពោះការសម្រេចរបស់តុលាការ សាលាដំបូងរាជធានីភ្នំពេញ ឱ្យយុវជន គង់ រ៉ៃយ៉ា ឱ្យជាប់ពន្ធធនាគារ។ លោកបន្ថែមថា ការកាត់ទោសនិស្សិត គង់ រ៉ៃយ៉ា ឱ្យជាប់ពន្ធធនាគានេះ ទំនងអាចជាសារគំរាមគំហែងមួយ ចង់ប្រាប់ទៅយុវជនទាំងអស់ផ្សេងទៀត ត្រូវមានការប្រុងប្រយ័ត្នក្នុងសម្តែងមតិយោបល់នៅលើបណ្តាញទំនាក់ទំនងសង្គម។
យុវជន គង់ រ៉ៃយ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២០ សីហា នៅសាកលវិទ្យាល័យខេមរៈ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយពីយុវជនរូបនេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់ខ្លួនពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌។
សារនោះសរសេរថា៖ «តើមានបងប្អូនណា ហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្លាស់ប្ដូររបបដ៏ថោកទាបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»។
នៅថ្ងៃទី២២ សីហា យុវជន គង់ រ៉ៃយ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារព្រៃសបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា៕