លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី ១០ តុលា នេះ បានឱ្យដឹងថា តុលាការទីក្រុងប៉ារីស បានច្រានចោលជាស្ថាពរ បណ្តឹងបរិហាកេរ្តិ៍មួយទៀត ដែលលោក ហោ ណាំហុង បានប្ដឹងលោក ។
លោកបានសរសេរលើទំព័រហ្វេសប៊ុក របស់លោកដូចនេះ៖ « កាលពីថ្ងៃ ២១ កញ្ញា ២០១៦ ថ្មីៗនេះ តុលាការបារាំង នៅទីក្រុងប៉ារីស បានច្រានចោលជាស្ថាពរ បណ្តឹងបរិហាកេរ្តិ៍ មួយទៀត ដែលលោក ហោ ណាំហុង បានដាក់ប្តឹងចំពោះរូបខ្ញុំ»។
តាម ហ្វេសប៊ុក របស់លោក សម រង្ស៊ី ដដែល លោកបានរិះគន់ ថា ៖«មានតែនៅប្រទេសកម្ពុជាទេ ដែលតុលាការស្ថិតក្រោមបញ្ជាគណបក្សកាន់អំណាច ហើយយករឿងលោក ហោ ណាំហុង នេះ មកផ្តន្ទាទោសខ្ញុំ ដោយអយុត្តិធម៌ ដើម្បីកុំឲ្យខ្ញុំបានចូលរួមក្នុងការបោះឆ្នោត»។
វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបពី លោក ហោ ណាំហុង បានទេ នៅថ្ងៃនេះ ដោយគ្មានប្រភពដើម្បីទាក់ទង។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា តែងតែចាត់ទុកលោក សម រង្ស៊ី ថា ជាអ្នកនយោបាយ ដែលមិនហ៊ានតតាំងក្ដី ក្នុងប្រទេសរបស់ខ្លួន ហើយបែរជាទៅរកប្រទេសដទៃឲ្យជួយ។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានឈ្នះក្ដី ករណីលោក ហោ ណាំហុង ជាមួយគ្នាម្ដងរួចហើយ កាលពីឆ្នាំ២០១២ ដោយតុលាការកំពូលប្រទេសបារាំងចាត់ទុកលោក សម រង្ស៊ី ជាអ្នកនយោបាយ ដែលការសម្ដែងមតិ របស់អ្នកនយោបាយជាការបញ្ចេញមតិ ខាងនយោបាយ ហើយនៅប្រទេសបារាំង មិនមានច្បាប់ដាក់កំហិតទោសអ្នកនយោបាយទេ។
លោក ហោ ណាំហុង ដែលប្ដឹងលោក សម រង្ស៊ី ជាលើកទី២នោះ គឺ ក្នុងឋានៈ លោក ជារដ្ឋ មន្ដ្រីការបរទេស ដោយប្ដឹងពីបទបរិហារក្ដេរិ៍ ដូចលើកមុនដែរ ដោយសារតែលោក សម រង្ស៊ី នៅតែបន្ដព្យាយាម បរិហារក្ដេរិ៍ មកលើរូបលោកថា ជាអតីតមេគុកបឹងត្របែក នៃរបបខ្មែរក្រហម ដែលលោក ហោ ណាំហុង បដិសេធទាំងស្រុង។
លោក សម រង្ស៊ី មិនអាចចូលប្រទេសកម្ពុជាបាន ដោយសារលោក រងដីការចាប់ខ្លួនដោយសាលដីកា របស់សាលាឧទ្ធរណ៍ ក្នុងបណ្ដឹង អតីតរដ្ឋមន្ត្រីការបរទេសរូបនេះ ប្ដឹងលោក ករណីដដែលកាលពីឆ្នាំ២០១១។ បណ្ដឹងរបស់លោក ហោ ណាំហុង ត្រូវបានអ្នកវិភាគចាត់ទុកជាមោឃៈដោយសារ មានដំណោះស្រាយនយោបាយ ធ្វើឱ្យលោក សម រង្ស៊ី បានវិលចូលប្រទេសវិញនៅខែកក្កដា ឆ្នាំ២០១៣៕