ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បដិសេធការបំភ្លឺតាមប្រព័ន្ធ អិនធើណិត របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី ករណីសំណុំរឿងដែលមេបក្សប្រឆាំងរូបនេះបានចោទរដ្ឋាភិបាលថា ជាអ្នករៀបចំឃាតកម្ម លើលោកបណ្ឌិត កែម ឡី។ការបដិសេធដូចនេះបន្ទាប់ពីលោក សម រង្ស៊ី ចង់ផ្តល់ការបំភ្លឺតាមប្រព័ន្ធអិនធឺណិតចំពោះបណ្តឹងរបស់សម្តេច ហ៊ុន សែន ប្ដឹងមេបក្សប្រឆាំងនេះ ដែលចោទថារដ្ឋាភិបាលរៀបចំការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ លោក ជួន សារ៉េត រាយការណ៍៖
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី ១៤ខែសីហាម្សិលមិញថា លោកព្រមផ្តល់ការបំភ្លឺឲ្យតុលាការ នូវហេតុផលទាំងឡាយ ជុំវិញបណ្តឹងរបស់សម្តេច ហ៊ុន សែន ពាក់ព័ន្ធការចោទប្រកាន់ ថារដ្ឋាភិបាលរៀបចំការបាញ់សម្លាប់លោក បណ្ឌិត កែម ទ្បី។
យោងតាមទំព័រហ្វេសប៊ុកលោក សម រង្ស៊ី ដដែលឱ្យដឹងទៀតថា ចំពោះបណ្តឹងសម្តេចហ៊ុន សែនប្ដឹងលោក ពីបទបរិហារកេរ្តិ៍ គឺលោកនៅតែមានជំនឿថារដ្ឋាភិបាលជាអ្នកនៅពីក្រោយ ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃ ១០កក្កដា ២០១៦ គឺ ដូចដែលរដ្ឋាភិបាលដដែលនេះ ជាអ្នកនៅពីក្រោយការវាយប្រហារដោយគ្រាប់បែកដៃ ក្នុងឆ្នាំ ១៩៩៧ ការបាញ់សម្លាប់លោក ជា វិជ្ជា ក្នុងឆ្នាំ ២០០៤ និងការបាញ់សម្លាប់លោក ឈុត វុទ្ធី ក្នុងឆ្នាំ ២០១២ អញ្ចឹងដែរ។
«តុលាការហៅខ្ញុំឲ្យទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ ១៩សីហា ២០១៦ ខាងមុខនេះ។ ខ្ញុំយល់ព្រមផ្តល់ឲ្យតុលាការ នូវហេតុផលទាំងឡាយ ដែលធ្វើឲ្យខ្ញុំជឿជាក់ថា រដ្ឋាភិបាលលោក ហ៊ុន សែន ជាអ្នកនៅពីក្រោយខ្នងឃាតកម្មនយោបាយទាំងអស់ខាងលើនេះ។ ខ្ញុំយល់ព្រមទាក់ទងជាមួយតុលាការ តាមរយៈប្រព័ន្ធ អិនធើណេត (Internet) គឺតាម Teleconference ដូចអ្វីដែលតុលាការខ្មែរក្រហមបានទាក់ទង ថ្មីៗនេះ ជាមួយសាក្សីមួយចំនួនដែលមិនស្ថិតនៅរាជធានីភ្នំពេញ»។
ឆ្លើយតបនឹងការលើកទ្បើងរបស់ប្រធានគណបក្សសង្គ្រោះជាតិនេះដែរ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធ Telegram កាលពីថ្ងៃទី ១៤សីហា ម្សិលមិញថា៖ «យើងមិនអនុញ្ញាតលើសំណើរសុំរបស់ជនជាប់សង្ស័យឈ្មោះ សម រង្ស៊ី សម្រាប់ការស្តាប់ចម្លើយនៅថ្ងៃទី ១៩សីហា ២០១៦ តាមកម្មវិធី Teleconference ដោយប្រើប្រាស់ប្រពន្ធ័ Internet ដោយមូលហេតុ ៖ ឈ្មោះ សម រង្ស៊ី ជាជនជាប់សង្ស័យមិនមែនជាសាក្សី។ ជនជាប់សង្ស័យត្រូវស្តាប់ចម្លើយចំពោះមុខព្រះរាជអាជ្ញានៅកាលបរិច្ឆេទកោះហៅ ដោយអនុលោមតាមនីតិវិធីដែលបញ្ញត្តិនៅក្នុងក្រមនីតិវីធីព្រហ្មទណ្ឌ»។
លោក លី សុផាណា បន្តថាសាលាក្តីខ្មែរក្រហមបានប្រើប្រាស់នូវតាមកម្មវិធី Teleconference ដោយប្រើប្រាស់ប្រពន្ធ័ Internet សម្រាប់សាក្សីតែប៉ុណ្ណោះដែលជាវិធានការដោយឡែកហើយមិនត្រូវបានប្រើសម្រាប់ជនជាប់សង្ស័យ ឬជនត្រូវចោទ ឬជនជាប់ចោទនោះឡើយ។ តាមផ្លូវច្បាប់ គេនិយាយអំពីភស្តុតាងមិនមែននិយាយអំពី ជំនឿរបស់បុគ្គលនោះទេ ហើយជនជាប់សង្ស័យអាចដាក់ភស្តុតាង សម្រាប់ការពារខ្លួននិងជូនតុលាការពិនិត្យដោយផ្ទាល់ខ្លួន ឬតាមរយះមេធាវីការពារក្តីរបស់ខ្លួន។
ទាក់ទងនឹងបញ្ហានេះដែរ អ្នកច្បាប់ម្នាក់ គឺលោក សួន វិសាល បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា សណើរលោក សម រង្ស៊ី ដែលចង់បំភ្លឺតាមប្រព័ន្ធអិនធឺណិតគឺមានការលំបាក។ លោកថាការលំបាកនោះដោយលោកថានីតិវិធីនៅក្នុងប្រព័ន្ធតុលាការទាក់ទងនឹងការបំភ្លឺតាមប្រព័ន្ធអិនធឺណិតគឺមិនទាន់មានមធ្យោបាយទំនើប អាចបំភ្លឺបាននៅទ្បើយ។
លោក សួន វិសាល បន្ថែមទៀតថាបើតាមផ្លូវច្បាប់ជនជាប់ជាធម្មតា ត្រូវចូលមកបំភ្លឺតាមដីការកោះហៅរបស់តុលាការ ព្រោះបើជនជាប់ចោទមិនមកបំភ្លឺតាមដីការកោះហៅនោះទេផលប្រយោជន៍របស់ជនជាប់ចោទអាចនឹងបាត់បង់ ប៉ុន្តែបើជនជាប់ចោទមកបំភ្លឺវិញគឺអាចការពារផលប្រយោជន៍របស់ខ្លួនបានច្រើន។
សំនួរបានចោទសួរថា តើ លោក សម រង្ស៊ី ស្នើសុំបំភ្លឺតាមប្រព័ន្ធអិនធឺណិតវាអាចខុសនីតិវិធីរបស់តុលាការដែរឬទេ? មេធាវីរូបនេះឆ្លើយតបយ៉ាងដូច្នេះថា៖ «ច្បាប់យើងអត់មានកំណត់ឱ្យធ្វើចឹងអាហ្នឹងផ្លូវច្បាប់ ប៉ុន្តែការដែលគេសម្រេចលើសេចក្តីផ្អែកលើវាអត់ចាំបាច់ជនសង្ស័យបំភ្លឺ ក៏គេអាចកាត់បានដែរផ្លូវច្បាប់យើង ព្រោះសម្តីជនជាប់ចោទគេចាត់ទុកមិនមានតម្លៃអីនោះទេអញ្ចឹងទេ គេដំណើរការបានធម្មតា ទោះបីជាគាត់មិនមកក៏គេអាចដំណើរកាបានដែរព្រោះគេផ្អែកលើភស្តុតាង។ មេធាវីរបស់គាត់អាចដាក់ភស្តុតាងសម្រាប់ការពារគាត់ចឹងរឿងមួយចំនួនជនជាប់អវត្តមាន គេអាចកាត់បានតាសប៉ុន្តែស្មារតីរបស់ចៅក្រមគឺថាធ្វើអីមួយមិនត្រូវមានភាពលំអៀងនោះទេតើនៅពេលជនជាប់អត់មកត្រូវ សន្មត់ថាមានទោសឬអីទេសំខាន់ផ្អែកលើភស្តុតាងថាតើមានភស្តុតាង គ្រប់គ្រាន់សម្រាប់កាត់ក្តីរឿងនេះឬអត់អានេះជារឿងផ្លូវច្បាប់»។
សូមជំរាបជូនថា លោកមេធាវី គី តិច តំណាងសម្តេច ហ៊ុន សែន បានដាក់ពាក្យបណ្តឹងប្តឹង លោក សម រង្ស៉ី និង លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៉ី ក្នុងសំណុំរឿងចោទរាជរដ្ឋាភិបាលកម្ពុជា និងសម្តេច ហ៊ុន សែន ថាជាអ្នកនៅពីក្រោយនៃឃាតកម្ម សម្លាប់លោកបណ្ឌិត កែម ឡី។ ចំពោះរឿងនេះសម្តេច ហ៊ុន សែន បាន ប្តឹងទាមទារសំណងជំងឺចិត្តតែ១០០រៀលប៉ុណ្ណោះ៕