ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលទទួលរងបទចោទក្នុងសំណុំរឿងបរិហាកេរ្តិ៍ចំនួន ៤ករណីមកហើយដោយមិនគិតពីដីកាស្វែងរកចាប់ខ្លួនលោកនោះ ឥឡូវនេះតុលាការរាជធានីភ្នំពេញបានប្រកាសថា ថ្ងៃ ២៨ កក្កដាខាងមុខនេះ គឺជាការបើកសំណុំជម្រះក្ដីរូបលោក តាមបណ្ដឹងរបស់លោក គី តិច ជាមេធាវីការពារក្តីសម្ដេច ហេង សំរិន។ សំណុំរឿងដែលគេចោទថាមេបក្សប្រឆាំងបានបរិហាក្ដេរិ៍ប្រធានរដ្ឋសភាទាក់ទងនឹងការបង្ហោះវីដេអូឃ្លីប ហើយក្នុងនោះលោកសសេរថា របបប្រជាមានិតកម្ពុជាដឹកនាំដោយសម្ដេចហេងសំរិនបានកាត់ទោសព្រះបាទនរោត្តមសីហនុអស់មួយជីវិតហើយជាទោសក្បត់ជាតិ។ តែបែបនេះក្ដី អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិថា លោក សម រង្ស៊ី មិនភ្ញាក់ផ្អើលអ្វីឡើយ ។
សាលាដំបូងរាជធានីភ្នំពេញគ្រោងបើសវនាកាជំនុំជម្រះក្នុងសំណុំរឿងប្រធានគណបក្សប្រឆាំង ពីបទបរិហារកេរ្តិ៍ប្រធាន រដ្ឋ សភាសម្ដេច ហេង សំរិន នៅចុងខែកក្កដា ឆ្នាំ ២០១៦ នេះស្របពេលតុលាការបិទបញ្ចប់ការស៊ើបសួរសំនុំរឿង ក្លែងឯកសាររឿងព្រំដែនទាក់ទិនសមាជិកព្រឹទ្ធសភាលោក ហុង សុខហួរ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា បានបញ្ជាក់នៅថ្ងៃសៅរិ៍ទី៩កក្កដានេះថាថា តុលាការនឹងបើកសវនាការជំនុំជម្រះផ្ទាល់លើករណី លោក សម រង្ស៊ី ពាក់ព័ន្ធនឹងបណ្តឹងបទបរិហារកេរ្តិ៍ ប្តឹងដោយមេធាវី របស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាគឺលោកមេធាវី គី តិច នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៦ខាងមុខនេះ។
លោក គី តិច បានប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានសរសេរ និងបង្ហោះវីឌីអូមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីកំឡុងខែ វិច្ឆិកា ឆ្នាំ ២០១៥ កន្លងមកដោយមេបក្សប្រឆាំងសរសេរនេះថា៖ «យើងចងចាំថារបបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេកាត់ទោសប្រហារជីវិតសម្តេចព្រះនរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ»។
វីដេអូដែលលោក សម រង្ស៊ី បានបង្ហោះនោះគឺសម្ដេច សីហនុ បានរៀបរាប់ពីកងទ័ពវៀតណាមចូលមកកម្ពុជា និងពាក់ព័ន្ធនឹងសម្ដេច ហេង សំរិន ជាប្រធានរដ្ឋសភាពេលបច្ចុប្បន្ននេះ។
ទន្ទឺមនឹងសំណុំរឿងនេះ លោក សម រង្ស៊ី រងការកោះហៅ ៣ករណីទៀត ដែលសុទ្ធសឹងជារឿងបរិហារកេរ្តិ៍ ។ ចំពោះករណីរឿងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ លោក សម រង្ស៊ី ក៏ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ការស៊ើបសួរ។
ក្នុងសំនុំរឿងនេះ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះត្រូវបានចោទពីបទ សមគំនិតក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា -វៀតណាមដែលសំនុំរឿងនេះ ទាក់ទិនជាមួយសមាជិកព្រឹទ្ធសភាហុង សុខ ហួរ។ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់មេបក្សប្រឆាំង ពីបទសមគំនិតក្លែងឯកសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកធ្ងន់ធ្ងរដល់សន្តិសុខសង្គម កាលពីខែ សីហា ឆ្នាំ ២០១៥កន្លងមក។
តាមរយៈសេចក្តីជូនដំណឹងរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក កោ វណ្ណី ចុះផ្សាយថ្ងៃទី៣០ មិថុនា ឆ្នាំ ២០១៦ បានសម្រេចបិទការស៊ើបសួរសំនុំរឿងនេះ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា មានប្រសាសន៍ថា ចៅក្រមស៊ើបសួរលោក កោ វណ្ឌី បានជូន ដំណឹងពីការបិទការស៊ើបសួរចំពោះសំនុំរឿងជនត្រូវចោទឈ្មោះ សម រង្សី ទៅលើសំណុំរឿងដែលបំបែកចេញពីសំណុំរឿងទាក់ទងនឹងជនជាប់ចោទ ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី។ ប៉ុន្តែលោក លី សុផាណា បញ្ជាក់ថា ចៅក្រមស៊ើបសួរបានបំបែកសំណុំរឿងលោក សម រង្ស៊ី ចេញពីសំណុំរឿងដែលចោទប្រកាន់ និងបញ្ជូនទៅជំនុំជម្រះលើជនជាប់ចោទឈ្មោះ ហុង សុខហួរ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញរូបនេះបន្ថែមថា តាមនីតិវិធីបន្ទាប់ពីជូនដំណឹងបិទការស៊ើបសួរ ២ ថ្ងៃបន្ទាប់ នឹងបញ្ជូនសំណុំរឿងនេះទៅព្រះរាជអាជ្ញាសាលាដំបូងធ្វើសេចក្តីសន្និដ្ឋានស្ថាពរ។
ចំណែកឯអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ សុំមិនធ្វើអត្ថាធិបាយទេ។ រីឯមេធាវីការពារក្តីលោក សម រង្ស៊ី គឺលោក សំ សុគង់ វិទ្យុស្ត្រីមិនទាន់អាចសុំការបំភ្លឺបន្ថែមជុំវិញបញ្ហានេះឡើយ ទូរស័ព្ទចូលគ្មានអ្នកទទួល។
លោក សម រង្ស៊ី ដែលនិរទេសខ្លួននៅក្រៅប្រទេសទទួលរងការចោទប្រកាន់ទៅតុលាការចំនួន ៤ករណី ដែលជាបណ្ដឹងរបស់មេធាវីរដ្ឋាភិបាល ប្ដឹងលោកពីបទបរិហារកេរ្តិ៍ ប៉ុន្តែអ្វីដែលនាំឱ្យលោកនិរទេសខ្លួនគឺករណីដីការស្វែងរកចាប់ខ្លួនលោកទាក់ ទងសំនុំរឿងចាស់របស់អតីតរដ្ឋការបរទេសលោក ហោ ណាំហុងប្ដឹងលោកពីបទបរិហាកេរ្តី៍រឿងថាអតីតរដ្ឋមន្ត្រីរូបនេះ ធ្លាប់ជាមេគុកបឹងត្របែក។
ទាំងករណីលោក សម រង្ស៊ី ករណីលោក ហុង សុខហួរ ករណីលោក អ៊ុំ សំអានក្ដីត្រូវបានអ្នកវិភាគមួយចំនួនចាត់ទុកជារឿងនយោបាយ ។
លោក សូ ចន្ថា សាស្ត្រាចារ្យ វិទ្យាសាស្ត្រនយោបាយមើលឃើញថា អ្នកនយោបាយខ្មែរតែងយករឿងបុគ្គលភ្ជាប់ទៅជារឿងនយោបាយដើម្បីផ្តួលគូរប្រកួត។ លោក សូ សន្ថា ចង់ឃើញអ្នកនយោបាយប្រកួតប្រជែងគ្នាតាមរបៀបដាក់ចេញគោល នយោបាយមានប្រយោជន៍សម្រាប់ប្រទេសជាតិ។ លោក សូចន្ថា៖«ចំណុចនេះចង់ឃើញអ្នកនយោបាយទាំង បក្សប្រឆាំង បក្សកាន់អំណាច ប្រកួតប្រជែងគ្នាដោយស្មោះត្រង់ ប្រកួតប្រជែកគ្នាដោយប្រើគោលនយោបាយ ដោយប្រើកម្មវិធីនយោបាយល្អ ដែលផ្តល់ប្រយោជន៍ពិតប្រាកដ ជាជាងអ្នកនយោបាយប្តឹងផ្តល់គ្នានៅតុលាការ ហើយយកតុលាការជាឧបករណ៍នយោបាយ ដើម្បីផ្តល់រលំដៃគូរ នេះជារបៀបប្រកួតប្រជែង មិនជាប្រជាធិបតេយ្យទេ»។
កាលពីសប្ដាហ៍មុនលោក សម រង្ស៊ី បានផ្ដល់បទម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពិនថា ទោះជាលោកមានរឿងក្ដីច្រើនយ៉ាងណាក៏ដោយ ក៏លោកនឹងវិលចូលប្រទេសញ គឺនៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៤មិថុនា ឆ្នាំ២០១៧។
សហភាពអឺរ៉ុប អាមេរិក និង ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថ្មីៗនេះ បានទាមទារឱ្យបក្សកាន់អំណាចទម្លាក់ចោលរាល់ការចោទប្រកាន់ និងដីកាស្វែងរកចាប់ខ្លួនលោក សម រង្ស៊ី នេះដែលពូកគេថា ដើម្បីឱ្យមេបក្សប្រឆាំងនេះវិលចូលកម្ពុជាទើបការបោះឆ្នោតឆ្នាំ ២០១៧ និងការបោះឆ្នោតសភា ឆ្នាំ២០១៨ ប្រកបដោយ ភាពត្រឹមត្រូវ នឹងមានភាពស្មើមុខគ្នា ។តែបែបនេះក្ដី បក្សកាន់អំណាចចាត់ទុករឿងរបស់លោក សម រង្ស៊ី ជាកិច្ចការរបស់តុលាការ៕