en     km
en     km

តុលាការស្វាយរៀង ច្រានចោលសំណើនៅក្រៅឃុំលោក ជា ចាន់ថា រង់ចាំជំនុំជម្រះនៅចុងខែវិច្ឆិកា

Share

 

លោក ជា ចាន់ថា ដែលជាថ្នាក់ដឹកនាំមូលដ្ឋានរបស់សមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេ​ដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀង ត្រូវតុលាការសម្រេចឃុំខ្លួនលោកដដែល ដោយច្រានចោលសំណើនៅក្រៅឃុំ និងបន្តលើកនីតិវិធីជំនុំជម្រះនៅចុងខែវិច្ឆិកានេះ។ យ៉ាងណាការច្រានចោលសំណើនេះ ក្រុមគ្រួសារលោក និងថ្នាក់ដឹកនាំសមាគម ថាជារឿងអយុត្តិធម៌ ពីព្រោះសកម្មភាពលោក ជា ចាន់ថា បានចូលរួមជួយសង្គម មិនមែនជាសកម្មភាពប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈឡើយ។ កញ្ញា ជា សុខនី រាយការណ៍

 

លោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១២ ខែវិច្ឆិកានេះថា តាមពាក្យស្នើសុំនៅក្រៅឃុំជាបណ្តោះអាសន្ន របស់ជនជាប់ចោទឈ្មោះ ជា ចាន់ថា តុលាការបានបើកសវនាការជំនុំជម្រះលើករណីនេះកាលពីថ្ងៃទី១១ ខែវិច្ឆិការនេះ។ លោកបន្តថា ក្នុងសវនាការជំនុំជម្រះនេះ ចៅក្រម សម្រេចបន្តឃុំខ្លួនជនជាប់ចោទលោក ជា ចាន់ថា រហូតដល់ចប់នីតិវិធីរបស់តុលាការ។ ប៉ុន្តែការបន្តឃុំខ្លួននេះ លោកថា លោក ចាន់ថា នឹងទទួលបានការជំនុំជម្រះអង្គសេចក្ដីម្ដងទៀត នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

លោក ឈីវ អ៊ិចគង់៖ «ការសម្រេចរបស់ចៅក្រមជំនុំជម្រះ គឺពួកគាត់បានសម្រេចការឃុំខ្លួនបណ្ដោះអាសន្ន រហូតដល់នីតិវីធីនៃការបរិច្ឆេទនៃការជំនុំជម្រះលើអង្គសេចក្ដីលើគាត់ណា»។

លោក ជា ចាន់ថា ត្រូវបានសាលាដំបូង​ខេត្ត​ស្វាយរៀង​ សម្រេច​ចោទប្រកាន់​លោកចំនួនពីរបទ គឺទីមួយ «​បទ​ឆបោក​​» យោង​តាម​មាត្រា​​៣​៧​៧ និងមាត្រា​៣​៧​៨​ ដោយប្រឈមនឹងជាប់ពន្ធគារពីចន្លោះ ៦ខែ ទៅ ៣ឆ្នាំ។ ទីពីរ «​បទ​ធ្វើសកម្មភាព​បង្កើត​ឱ្យ​មានការ​យល់​ច្រឡំ​ជាមួយ​ការ​បំ​ពេញមុខ​ងារ​សាធារណៈ​» យោង​តាម​មាត្រា​​៦​១​០​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ។

លោក ជា ចាន់ថា ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ រូបភាពពីអ្នកស្រី ឡេង ចន្នី ភរិយារបស់លោក។

អ្នកស្រី ឡេង ចន្ធី ជាភរិយារបស់លោក ជា ចាន់ថា បានឱ្យដឹងដែរថា អង្គជំនុំជម្រះនេះ អ្នកស្រីសង្ឃឹមថា តុលាការនឹងដោះលែងស្វាមីខ្លួន តែបែរជាតុលាការពន្យារពេលជំនុំជម្រះទៅវិញ។ ការពន្យារពេលនេះ ធ្វើឱ្យអ្នកស្រីកាន់តែមានជីវភាពលំបាក ពីព្រោះលោក ជា ចាន់ថា ជាមេគ្រួសារដែលរកចំណូលផ្គត់ផ្គង់ក្នុងគ្រួសារ តែមេគ្រួសារនេះកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារ។

អ្នកស្រី ឡេង ចន្ធី៖ «ពិបាកហ្មងណាអូន ចាសនៅពេលគាត់ជាប់អ៊‌ីចឹងទៅ និយាយរួមពិបាកហ្មងខ្ញុំនៅតែឯងធ្វើការចិញ្ចឹងកូន វាច្រើនមុខដែរ គ្រាន់តែថាយើង និយាយរួមទៅយើងជាម្ដាយវាមានការបែងចែកច្រើន»។

ចំណែកលោក វន់ ពៅ ប្រធានសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេ​ដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា ការសម្រេចពន្យារពេលនេះ ដោយសារព្រះរាជ្ញាសំអាងហេតុថា ករណីលោក ជា ចាន់ថា គឺប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ដូច្នេះតុលាការគឺមិនអនុញ្ញាតឱ្យលោក ចាន់ថា នៅក្រៅឃុំបានឡើយ។ យ៉ាងណាករណីលោក ចាន់ថានេះ សម្រាប់លោក វន់ ពៅ គឺសោកស្ដាយដែលតុលាការសម្រេចបន្តឃុំខ្លួន ដោយច្រានចោលសំណើរបស់មេធាវី សុំនៅក្រៅឃុំ។

លោក វន់ ពៅ៖ «ទីមួយគឺប៉ះពាល់ទៅដល់សេរីភាពរបស់គាត់ ទីពីរគឺប៉ះពាល់ទៅនឹងសេចក្ដីសុខ សុភមង្គលជាមួយក្រុមគ្រួសារធ្វើឱ្យគាត់បែកបាក់កូនតូចជាទីស្រលាញ់។ ទីបីគឺជារឿងដែលអយុត្តិធម៌សម្រាប់គាត់គ្រាន់តែរឿងប៉ុណ្ណឹង ខ្ញុំគិតថាមិនគួរណាមានការឃុំខ្លួនគាត់ទេ គួរណាស់តែឱ្យគាត់នៅក្រៅឃុំ ហើយផ្ដល់សេរីភាព​ឱ្យគាត់ពេញលេញទៅ ដើម្បីគាត់បន្តប្រកបមុខរបរអាជីវកម្ម ដើម្បីចិញ្ចឹមជីវិតគ្រួសារគាត់បន្តទៅទៀត ហើយម្យ៉ាងទៀតខ្ញុំគិតថាគួរតែទម្លាក់ចោលការចោទប្រកាន់ទៅលើលោក ជា ចាន់ថា ទាំងអស់តែម្ដង»។

លោក វន់ ពៅ បានដើរចេញពីសវនាការនៅតុលការកំពូល។ WMC/Cheasokny

ប្រធានសមាគមរូបនេះ សង្ឃឹមថា សវនាការជំនុំជម្រះខាងមុខនេះ តុលាការនឹងពិចារណាដោះលែងលោក ជា ចាន់ថា ឱ្យនៅក្រៅឃុំ និងទម្លាក់រាល់បទចោទទាំងនោះ ពីព្រោះករណីនោះជារឿងយល់ច្រឡំរវាងសមត្ថកិច្ច និងលោក ចាន់ថា។ ដូច្នេះភស្ដុតាងសម្រាប់តតាំងក្នុងការដោះបន្ទុករឿងនេះ លោកថា ក្នុងនាមជាសហជីពមូលដ្ឋាន ការងារចម្បងរបស់លោក ចាន់ថា គឺចុះទៅចងក្រងសមាជិក និងផ្សព្វផ្សាយទៅដល់សមាជិកអំពីការចុះបញ្ជី ប.ស.ស. ហេតុនេះសកម្មភាពទាំងនោះ មិនគួរណាត្រូវរងការចោទប្រកាន់ឡើយ។

អ្នកស្រី ឡេង ចន្ធី លើកឡើងថា ក្នុងពេលដែលគ្រួសារមានជីវភាពលំបាក ស្ថានភាពលោក ចាន់ថា ដែលរស់នៅក្នុងពន្ធនាគារ គឺមានសុខភាពមិនសូវល្អទេ ដោយដៃ-ជើងឡើងហើម និងមានឡើងជាតិអាស៊ីតជាដើម។ ក្រៅពីនេះអ្នកស្រី ចន្ធី ថា ស្វាមីអ្នកស្រី ក៏មានជំងឺឈឺក្បាល ដែលជាជំងឺប្រចាំកាយផងដែរ។

អ្នកស្រី ឡេង ចន្ធី៖ «គាត់ភ័យគាត់ថាមិនដឹងម៉េចទេ បើគេពន្យារពេលទៀតហើយអូនបងមិនដឹងគិតម៉េចទេ ដូចថាទីពឹងខាងយើងគាត់អត់ដឹងអ៊‌ីចឹង ហើយនៅក្នុងអ៊‌ីចឹង គាត់បារម្ភខ្លួនឯង ហើយនិយាយយំរហូតហ្នឹងគាត់ភ័យគាត់បារម្ភខ្លួនគាត់។ គាត់បារម្ភដូចថា មិនដឹងគេឃុំបន្ត ឬមួយគេឱ្យចេញក្រៅឃុំអ៊‌ីចឹង គាត់ថាអត់មានអីត្រូវខុស អត់មានអីទេគាត់ថាអ៊‌ីចឹងរឿងហ្នឹងអត់មានអីធំដុំផង គាត់អត់មានអីធ្វើខុសផង គាត់ជួយដល់សង្គមហ្នឹង គាត់មានអីត្រូវខុស»។

ជុំវិញការឃុំខ្លួនលោក ជា ចាន់ថានេះ កន្លងមក អង្គការសិទ្ធិមនុស្ស និងសហជីពជាង ៤០ស្ថាប័ន បានស្នើឱ្យតុលាការខេត្តស្វាយរៀងទម្លាក់​ចោល​បទចោទប្រកាន់​មកលើលោក​ ​ជា​ ​ចាន់​ថា​ ​ដែលគ្រាន់តែធ្វើសកម្មភាព​ផ្សព្វផ្សាយ​ពី​បេឡា​ជាតិរបប​សន្តិសុខ​សង្គម​ ​មិនមាន​សកម្មភាព​ណាមួយ​បំផ្លិចបំផ្លាញ​ប្រយោជន៍ជាតិ​ឡើយ។ ការស្នើបែបនេះ ដោយសារអង្គការទាំងនោះ មើលឃើញថា ការ​ដោះលែង​លោក​ ​ជា​ ​ចាន់​ថា​ ឱ្យមានសេរីភាពឡើងវិញ នឹង​អាច​ធ្វើ​ឱ្យ​លោក​បន្ត​មុខរបរ​ក្នុង​ការ​លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ​ ​ដោះស្រាយបញ្ហា​ជីវភាព​គ្រួសារ​ ​ដែល​ជួយ​ដល់​សង្គមជាតិ​ផង​ដែរ​។

សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិត បានឃាត់ខ្លួន លោក ជា ចាន់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងអំឡុងពេលដែលលោកចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ទៅដល់អាជីវករ និងអ្នករត់រ៉ឺម៉កទេសចរណ៍ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ក្នុងខេត្តស្វាយរៀង។​ បន្ទាប់ពីការឃាត់ខ្លួនហើយ តុលាការខេត្តស្វាយរៀង បានសម្រេចឃុំខ្លួនលោក ចាន់ថា បណ្ដោះអាសន្ន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤៕

Share

ព័ត៌មានទាក់ទង