មន្រ្តីជាន់ខ្ពស់យោធាចំនួន៩រូបនៃប្រទេសវេណេហ្សូអេឡាកាលពីថ្ងៃពុធ ទី ២៦ធ្នូ ត្រូវបានតុលាការកំពូលរបស់ប្រទេសនេះ កាត់ទោស ម្នាក់ៗពី ៥ឆ្នាំ ទៅ ៨ឆ្នាំ ពាក់ព័ន្ធនឹងការរៀបចំធ្វើរដ្ឋប្រហារមិនបានសម្រេចមួយកាលពីឆ្នាំ២០១៤ ដើម្បីទម្លាក់ប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូដែលគេហៅថា បុរសខ្លាំង។
តុលាការកំពូលប្រទេសនេះ បានចោទមន្ត្រីយោធាទាំងនោះថា បង្កអសន្តិសុខ និងអំពើក្បត់។ តាមបណ្ដាញផ្សាយព័ត៌មានវេណេហ្សូអេឡា Tele Sure ក្នុងចំណោមពួកយោធាទាំង ៩រូបនោះ គឺ មានឧត្តមសេនីយ៍ Oswaldo Hernandez និងវីរៈសេនីយឯក Jose Delgado ជាមនុស្សមាននិន្នា ការឯករាជ្យ ដែលមិនមែនជាសមាជិករបស់បក្សសង្គមនិយមរបស់លោកម៉ាឌូរ៉ូ។ ពួកគាត់ត្រូវចាប់ខ្លួននៅរវាងខែមីនា និងឧសភា ឆ្នាំ២០១៤ ។
ពួកយោធាទាំងនោះ ត្រូវបានតុលាការយោធាកាត់ទោសរួចហើយ។ ក្រុមគណបក្សប្រឆាំងបានប្រកាសថ្កោលទោស តុលាការដោយចាត់ទុកស្ថាប័ននេះថាជាឧបករណ៍របស់លោកម៉ាឌូរ៉ូ។
លោកម៉ាឌូរ៉ូ ដែលរងការប៉ងផ្ដួលរំលំជាច្រើនលើកមកហើយ។ លោកតែតែងចោទសហរដ្ឋអាមេរិកនិងប្រទេសកូលំប៊ីនៅពីក្រោយ។ ចាប់តាំងពីប្រទេសនេះ ធ្លាក់ក្នុងវិបត្តិនយោបាយនៅចុងឆ្នាំ ២០១៦មក ក្រុមប្រឆាំង ២៧៨នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមាន ពួកយោធា ៨០នាក់។ករណីនេះ ក៏បាននាំអោយ ពលរដ្ឋភៀសខ្លួនចេញពីប្រទេសបានកើនឡើងជិត៣លាននាក់។
ដោយសារវិបត្តិនយោបាយ និងការហ៊ុំព័ន្ធសេដ្ឋកិច្ចពីសំណាក់អាមេរិក និងសហភាពអឺរ៉ុបបាននាំឱ្យសេដ្ឋកិច្ចប្រទេសនេះដំាំក្បាលចុះជាខ្លាំង។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសជិតខាងមិនបានទទួលស្គាល់របបលោកម៉ាឌូរ៉ូ ថា ស្របច្បាប់ឡើយ ព្រោះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ២០ឧសភា ពុំមានបេក្ខជន មកពីគណបក្សប្រឆាំង៕