WMC

តុលាការរាជធានីភ្នំពេញនឹងចេញសាលក្រមកំបាំងមុខ លើថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៣កុម្ភៈ

សាលាដំបូងរាជធានីភ្នំពេញដែលបានបន្តជំនុំជម្រះកំបាំងមុខសំណុំរឿងឧបឃាតប្រឆាំងក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ៩នាក់ កាលពីថ្ងៃទី៩ កុម្ភៈបានប្រកាសថានឹងប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៣ កុម្ភៈខាងមុខ។

មេធាវីការពារក្ដីឱ្យថ្នាក់ដឹកនាំគណបក្សប្រឆាំង លោក សំ សុខគង់ បានប្រាប់អ្នកសារព័ត៌មានថា  តំណាងអយ្យការអមសាលាដំបូងក្រុងភ្នំពេញស្នើសុំឱ្យមានការចោទប្រកាន់ធ្ងន់ធ្ងរ និងឱ្យចាប់ខ្លួនថ្នាក់ដឹកនាំបក្សប្រឆាំងទាំងនោះ។ សវនាការលើកទី៣នេះ មានតំណាងការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា មន្ត្រីស្ថានទូតប្រទេសនៃប្រទេសប្រជាធិបតេយ្យជឿនលឿន មន្ត្រីអង្គការសង្គមស៊ីវិល និងមេធាវីការពារក្ដី បានចូលស្ដាប់និងសង្កេតសវនាការ។

ជនជាប់ចោទ រួមមាន ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ និងលោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក នុត រំដួល លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ និងលោកស្រី ជូឡុង សួមួរ៉ា។

កាលពីខែមករា លោកស្រីមួរ សុខហួរ និងថ្នាក់ដឹកនាំបក្សប្រឆាំងមួយចំនួនទៀត បានទិញសំបុត្រយន្តហោះត្រឡប់ទៅតតាំងនៅកម្ពុជា ក៏ប៉ុន្តែត្រូវបានខកខានទៅវិញ ដោយសារស្ថានទូតខ្មែរប្រចាំ ប្រទេសទាំងនោះ មិនចេញទិដ្ឋាការឱ្យពួកគាត់។

តុលាការបានចោទប្រកាន់ក្រុមមេដឹកនាំបក្សប្រឆាំង ៩នាក់ពីបទឧបឃាត ក្នុងគោលបំណងបង្កឱ្យមានគ្រោះថ្នាក់ដល់សង្គមកម្ពុជា។

ក្នុងសំណុំរឿងនេះ សកម្មជនគណបក្សប្រឆាំងជាង ១២០នាក់ទៀត ក៏កំពុងជាប់ក្តីក្ដាំងនៅតុលាការក្នុងបទចោទ រួមគំនិតក្បត់ និងញុះញង់។ តុលាការគ្រោងបើកសវនាការសំណុំរឿងទាំងនេះជាបន្តបន្ទាប់នៅក្នុងខែកុម្ភៈ និងខែមីនាឆ្នាំ២០២១នេះ៕

Exit mobile version