LAHORE ៖ យោងតាមរ៉យទ័រតុលាការប៉ាគីស្ថានក្នុងទីក្រុង Lahore កាលពីថ្ងៃចន្ទទី១៥ ខែ ឧសភា ឆ្នាំ ២០២៣ បានធានាភរិយារបស់អតីតនាយករដ្ឋមន្ត្រី Imran Khanនៅក្រៅឃុំ ក្នុងសំណុំរឿងពុករលួយ។ នេះបើតាមការឱ្យដឹងរបស់មេធាវី។
លោក Khan ត្រូវបានចាប់ខ្លួនដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយ កាលពីសប្តាហ៍មុន ដែលបណ្តាលឱ្យមានការតវ៉ាដោយហឹង្សានៅទូទាំងប្រទេស។ ក្រោយមកលោក Khan ត្រូវបានតុលាការក្នុងទីក្រុង Islamabad ដោះលែង និងដាក់ប្រាក់ធានាឱ្យនៅក្រៅឃុំរយៈពេលពីរសប្តាហ៍។ភរិយារបស់លោក Khan គឺលោកស្រី Bushra Bibi ត្រូវបានចោទប្រកាន់រួមជាមួយលោក Khan ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការទទួលបានថវិកាពីអ្នកអភិវឌ្ឍន៍ដីធ្លី នៅក្នុងការបង្កើតសាកលវិទ្យាល័យ Al Qadir។
លោក Intizar Hussain Panjutha មេធាវីរបស់ភរិយាលោក Khan បានប្រាប់រ៉យទ័រថា “យើងបានស្នើសុំការធានាការពារលោកស្រី Bushra Bibi ក្នុងសំណុំរឿងការសាងសង់សកលវិទ្យាល័យ Al Qadir ហើយចៅក្រមពីររូបរបស់តុលាការទីក្រុង Lahore បានផ្តល់ការធានាឱ្យនៅក្រៅឃុំរហូតដល់ថ្ងៃទី ២៣ ខែឧសភា” ។
លោក Khan ដែលអមដំណើរភរិយាទៅកាន់តុលាការជាន់ខ្ពស់នៅទីក្រុង Lahore កាលពីថ្ងៃច័ន្ទទី១៥ ខែឧសភា២០២៣ បានសម្តែងក្ដីបារម្ភថារដ្ឋាភិបាលគ្រោងនឹងចាប់ខ្លួនប្រពន្ធរបស់លោកដែលលោកអះអាងថាជាយុទ្ធនាការប្រឆាំងនឹងរូបលោក។លោក Khan បានសរសេរនៅលើ Twitter ថា “ផែនការរដ្ឋាភិបាលពេលនេះគឺធ្វើឱ្យខ្ញុំអាម៉ាស់ដោយចាប់ Bushra ដាក់គុក” ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន Marriyum Aurangzeb មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ រដ្ឋាភិបាលបដិសេធថាមិនមានអ្នកនៅពីក្រោយករណីនេះទេ ហើយនិយាយថា ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ ការិយាល័យគណនេយ្យភាពជាតិកំពុងធ្វើការដោយឯករាជ្យ។
សំណុំរឿងនេះគឺជាករណីមួយក្នុងចំណោមបណ្ដឹងជាង ១០០ ដែលបានប្ដឹងលោកKhan ចាប់តាំងពីលោកត្រូវបានបណ្តេញចេញពីអំណាចកាលពីឆ្នាំមុន។ចាប់តាំងពីពេលនោះមក លោក Khan បានធ្វើយុទ្ធនាការទូទាំងប្រទេសសម្រាប់ការបោះឆ្នោតថ្មីៗ ហើយបានបន្ទោសពួកយោធាចំពោះការបង្រ្កាបលោក និងគណបក្សរបស់លោក។ លោក Khan ត្រូវបានគេបាញ់ឱ្យរងរបួសជើងខណៈពេលធ្វើយុទ្ធនាការកាលពីឆ្នាំមុន៕
ប្រភព៖ Reuters ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣