ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៨ខែកក្កដា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះលើសំណុំរឿង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍ ប្រធានរដ្ឋសភាសម្ដេច ហេង សំរិន។ នេះបើតាមអ្នកសារព័ត៌មានវិទ្យុស្ដ្រី បានឱ្យដឹងមុននេះបន្តិច។
លោក គី តិច មេធាវី សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកាលពីថ្មីៗនេះបានអះអាងថាបណ្ដឹងនេះធ្វើឡើងកាលពីចុងឆ្នាំ២០១៥ បន្ទាប់ពី លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បង្ហោះនៅលើបណ្តាញសង្គម Facebook របស់លោក ដោយចោទប្រកាន់ សម្តេច ហេង សំរិន (សម្ដេច ហេង សំរិន កាលជាប្រមុខរដ្ឋនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា) ថាជាអ្នកកាត់ទោស សម្តេច សីហនុ។
សូមជម្រាបដែរថា ក្រៅពីជាប់បណ្ដឹងពីសម្ដេច ហេង សំរិន ហើយនោះ លោក សម រង្ស៊ី ក៏នៅមានពាក្យបណ្ដឹងមួយទៀត ទាក់ទងនឹង លោក សោម សឿន មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលប្ដឹងចោទថា បានបង្ហោះអត្តបទដែលមានខ្លឹមសារមួលបង្កាច់ខុសពីការពិត ហើយនឹងត្រូវបើកសវនាការនៅថ្ងៃទី ១៧ខែតុលា ឆ្នាំ២០១៦ខាងមុខនេះផងដែរ។
ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានរងបណ្តឹងថ្មីៗជាច្រើនគឺមានចំនួន ៤បណ្ដឹងចាប់តាំងពីលោកចាកចេញពីប្រទេសកាលពីឆ្នាំ២០១៥ ហើយនៅពេលជាមួយគ្នានេះ លោកបានគេចខ្លួនពីការតាមចាប់ខ្លួនពាក់ព័ន្ធនឹងបណ្ដឹងរបស់អតីតរដ្ឋមន្ត្រីការបរទេស ហោ ណាំហុង ដែលបានប្ដឹងមេបក្សប្រឆាំងនេះករណីបរិហារកេរ្តិ៍ផងដែរ៕