លោក កង សារ៉ន (ស្ដាំ)និងភរិយា (រូបភាពឯកសារកាលលោកនៅក្រៅឃុំ)
នៅព្រឹកថ្ងៃទី១៤ ខែមករានេះ តុលាការកំពូលបានតម្កល់ការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៣ឆ្នាំ លើសកម្មជនសង្គម លោក កង សារ៉ន ដែលលោកត្រូវបានអាជ្ញាធរចាប់ខ្លួន ក្រោយពេលដែលលោកបង្ហោះវីដេអូផ្សាយផ្ទាល់ នៅលើបណ្តាញសង្គម ហ្វេសប៊ុក ដោយបានបញ្ចេញមតិរបស់លោកទៅលើរឿងនយោបាយ នៅមុនពេលនៃការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ ២០២៣។ ក្នុងសម្លៀកបំពាក់អ្នកទោស ឈុតពណ៌ទឹកក្រូច លោក សារ៉ន ស្រែកខ្លាំងក្រោយការប្រកាសថា «អយុត្តិធម៌ខ្លាំងណាស់»។
លោក កង សារ៉ន (ឆ្វេង) ថតរូបជាមួយម្ដាយ។
លោក សារ៉ន ត្រូវបានចាប់ខ្លួនតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលដែលលោកបង្ហោះវីដេអូលើបណ្តាញសង្គមរបស់លោក ហើយលោកត្រូវបានឃុំខ្លួនអស់ ១០ ថ្ងៃ មុនពេលត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី១១ ខែកក្កដា ។ អំឡុងពេលនោះ លោកសារ៉ន បានបង្ហាញការបេជ្ញាថា ទោះបីមួយជំហានស្លាប់ក៏លោកមិនស្តាយជីវិតដែរ ពីព្រោះលោកស្រឡាញ់កម្ពុជាដែលជាទឹកដីកំណើតខ្លួន ទើបលោកហ៊ានលើកយកបញ្ហាសង្គមមកវែកញែក។
ក្រោយមកនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចផ្តន្ទាទោសលោក សារ៉ន ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ បទជេរប្រមាថជាសាធារណៈ និងបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយយោងតាមមាត្រា ៤៩៥ ៣០៧ និង ៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌ ។ លោក សារ៉ន ត្រូវបានចាប់ខ្លួន ប៉ុន្មានថ្ងៃក្រោយពីការប្រកាសសាលក្រម និងត្រូវបានបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យ ។ ក្រោយមកនៅខែកុម្ភៈ ឆ្នាំ២០២៤ សាលាឧទ្ធរណ៍បាត់ដំបង សម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ ទុកជាបានការដដែល។
នៅខែធ្នូ ឆ្នាំ២០២៣ មន្ត្រីនគរបាលចំនួន ៦នាក់ បានចាប់ខ្លួនមនុស្សចំនួន ៤នាក់ ដែលរួមមានសមាជិកគ្រួសាររបស់លោក សារ៉ន នៅពេលដែលអ្នកទាំងនោះកំពុងស្វែងរកសេវាជំនួយផ្នែកច្បាប់ នៅក្នុងការិយាល័យរបស់អង្គការ លីកាដូ ខេត្តបន្ទាយមានជ័យ ។ មន្ត្រីនគរបាលទាំងនោះ មិនបានបង្ហាញឯកសារពាក់ព័ន្ធណាមួយ ក្នុងការចាប់ខ្លួនអ្នកទាំងនោះ នៅក្នុងការិយាល័យអង្គការ លីកាដូ នោះទេ ។ អ្នកទាំង ៤នាក់ ក្រោយមក ត្រូវបាននគរបាលដោះលែង និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ នៅប៉ុន្មានម៉ោងក្រោយមក៕