ភ្នំពេញ៖ «ខ្ញុំមើលឃើញប្រជាពលរដ្ឋកម្ពុជាមួយចំនួនគ្មានផ្ទះនៅត្រឹមត្រូវ គ្មានទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែ អ្នកខ្លះគ្មានដីស្រែធ្វើកសិកម្ម អ្នកខ្លះមានកូនតូចបីនៅនឹងដៃ គ្មានមុខរបរអ្វីសម្រាប់ចិញ្ចឹមជីវិត ខ្ញុំយល់ថាពួកគាត់រស់នៅគឺដើម្បីកំដរតែថ្ងៃស្លាប់តែប៉ុណ្ណោះ… ហើយខ្ញុំក៏ចាប់ផ្ដើមឆ្ងល់ថា ហេតុអ្វីបានជាចម្ងាយ ៧៥ គីឡូម៉ែត្រពីទីក្រុងភ្នំពេញសោះ ប្រជាពលរដ្ឋកម្ពុជាជួបរឿងបែបហ្នឹង? អ្វីដែលខ្ញុំចាំមិនភ្លេចនោះ គឺនៅពេលមានបាតុកម្ម មានការតវ៉ាផ្សេងៗ ម្ដេចខ្មែរហ៊ានលើកដៃវាយខ្មែរគ្នាឯង ដែលជាជាតិសាសន៍មានឈាមខ្មែរតែមួយ? តើហេតុអ្វីខ្មែរហ៊ានធ្វើបែបហ្នឹង? តើយុត្តិធម៌នៅក្នុងសង្គមខ្មែរមាននៅទីណា»?
នេះជាការរៀបរាប់ពីចម្ងល់របស់កញ្ញា តាន់ គឹមហេង មានវ័យ ២២ ឆ្នាំ នៅពេលកញ្ញាចាប់ផ្តើមមើលឃើញបញ្ហាជាច្រើនកើតឡើងនៅក្នុងសង្គមកម្ពុជាក្នុងឆ្នាំ ២០១៣ កន្លងទៅ ដោយពុំទាន់មានដំណោះស្រាយរហូតដល់ពេលបច្ចុប្បន្ន។
សំណួរខាងលើទាំងអស់នេះ បានជំរុញចិត្ត គឹមហេង ឱ្យចាប់ផ្តើមស្វែងរកចម្លើយតាមករយៈការចូលរួមស្ដាប់ ជជែក ពិចារណារឿងរ៉ាវដែលកើតឡើងនៅក្នុងសង្គម និងបានប្ដេជ្ញាចិត្តប្រែក្លាយជីវិតពីយុវតីម្នាក់មិនចាប់អារម្មណ៍រឿងរ៉ាវនយោបាយ ក្លាយជាស្ត្រីម្នាក់មានជីវិតរឹងមាំ រហូតមានគោលបំណងចង់ក្លាយខ្លួនជាអ្នកនយោបាយស្ត្រីនៅថ្ងៃអនាគត។
តើមានយុវតី ឬ ស្រី្តខ្មែរប៉ុន្មាននាក់ដែលហ៊ាននិយាយ និង ចង់ក្លាយខ្លួនជាអ្នកនយោបាយ? កញ្ញា តាន់ គឹមហេង បាននិយាយអមដោយស្នាមញញឹមថា៖ «បើនិយាយរឿងនយោបាយស្ត្រីមួយចំនួននៅក្នុងសង្គមកម្ពុជាពុំសូវចូលចិត្ត ឬ ចង់ដឹងឮច្រើននោះទេ ព្រោះពួកគេភាគច្រើនគិតថារឿងនយោបាយ រឿងរ៉ាវកើតឡើងនៅក្នុងសង្គម ជារឿងរបស់បុរស ហើយរឿងទាំងអស់នោះមានអ្នកដោះស្រាយរួចទៅហើយ ។ ពួកគេសុខចិត្តយកពេលទៅគិតនិងជជែករឿងផ្សេងជំនួសវិញ… ប៉ុន្តែសម្រាប់ខ្ញុំរឿងនយោបាយ ហេតុការណ៍កើតមាននៅក្នុងសង្គម បើមានអ្នកជជែក មានអ្នកនិយាយ ខ្ញុំចូលចិត្តណាស់ ព្រោះការជជែកពិភាក្សាអាចធ្វើឱ្យយើងមានគំនិតថ្មី ដើម្បីដោះស្រាយបញ្ហានៅក្នុងសង្គម…»។
មុននឹង គឹមហេង ក្លាយជាមនុស្សជីវិតរឹងមាំដូចពេលចប្ចុប្បន្ន យុវតីម្នាក់នេះបានរំលឹកពីប្រវត្តិរបស់ខ្លួនថា បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ទី ១២ នៅឆ្នាំ ២០១១ កញ្ញាពុំបានបន្តការសិក្សាមហាវិទ្យាល័យភ្លាមៗបាននោះទេ។ មុននឹងបញ្ចប់បាក់ឌុប ឪពុករបស់ គឹមហេង ក៏បានទទួលមរណៈភាព ម្តាយក្លាយជាស្ត្រីមេម៉ាយ ហើយបន្ទុកគ្រួសារមួយចំនួនត្រូវធ្លាក់ទៅលើ គឹមហេង ជាអ្នករ៉ាប់រង។
ឆ្នាំ ២០១២ គឹមហេង បានមកបន្តការសិក្សានៅទីក្រុងភ្នំពេញដោយស្នាក់នៅជាមួយបងប្រុស។ បន្ទាប់មកបងប្រុសបានជំរុញលើកទឹកចិត្តរូបគេ ឱ្យចូលរៀនវគ្គសិក្សាខ្លីមួយឈ្មោះ «អភិវឌ្ឍខ្លួន» របស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន។ ក្រោយពេលសិក្សាចប់ ភាពទន់ខ្សោយ ឥរិយាបថមិនសូវចេះនិយាយស្តីទៅកាន់មនុស្សជុំវិញខ្លួន ចរឹតមិនចូលចិត្តតាមដានព័ត៌មាន មិនហ៊ានជជែករឿងរ៉ាវសង្គម ហាក់រសាត់បាត់ពីខ្លួន ហើយក៏ចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្តជួយសង្គម បង្កើតក្រុមយុវជនពិភាក្សា ព្រមទាំងបានចុះបង្រៀនដល់យុវជននៅតាមបណ្តាសហគមន៍មួយចំនួនក្នុងខេត្តនានា។
«ពេលដែលខ្ញុំចូលរួមសកម្មភាពការងារស្ម័គ្រចិត្ត និងផ្តើមយល់ដឹងពីបញ្ហាសង្គម ខ្ញុំសង្កេតឃើញថា សង្គមខ្មែរយើងបច្ចុប្បន្នមានបញ្ហាជាច្រើនដែលត្រូវតែស្វែងរកដំណោះស្រាយ។ បញ្ហាទាំងនោះ រួមមាន ការអភិវឌ្ឍន៍ប្រទេសជាតិមានស្ថានភាពយឺតយ៉ាវ ការអភិវឌ្ឍន៍វិស័យអប់រំនៅមានកម្រិតទាប បញ្ហាសុខាភិបាល បញ្ហាចំណាកស្រុក ការគិតគួរពីបញ្ហាប្រាក់ឈ្នួលកម្មករ ព្រមទាំងបញ្ហាយុវជនកម្ពុជានៅមានសមត្ថភាពចំណេះដឹង ជំនាញ នៅមានកម្រិតនៅឡើយ»។
គឹមហេង បានបន្តនិយាយទៀតថា បញ្ហាទាំងអស់ខាងលើសុទ្ធតែអាចដោះស្រាយបានប្រសិនបើរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយ។ «ប្រសិនបើខ្ញុំមានតួនាទីនៅក្នុងការសម្រេចចិត្ត ខ្ញុំអាចដោះស្រាយបញ្ហាទាំងអស់នេះបាន ព្រោះខ្ញុំបានសិក្សាស្វែងយល់ពីវាតាមរយៈការមើលឃើញដោយផ្ទាល់ ការទទួលបានព័ត៌មាន និងបទពិសោធន៍ដែលខ្ញុំទទួលបានពីប្រទេសអភិវឌ្ឍជាច្រើន ដែលខ្ញុំធ្លាប់ទៅ»។
ទន្ទឹមនឹងការមើលឃើញបញ្ហាមួយចំនួនខាងលើ កញ្ញា តាន់ គឹមហេង បាននិយាយឱ្យដឹងថា ក្នុងនាមជាស្ត្រីត្បិតកម្លាំងទន់ខ្សោយមិនដូចបុរស ប៉ុន្តែសមត្ថភាពរបស់ស្ត្រីមិនប្រាកដថាចាញ់បុរសនោះទេ ហើយដើម្បីអភិវឌ្ឍសមត្ថភាព ចំណេះដឹងរបស់ខ្លួនឱ្យមានការរីកចម្រើន ស្ត្រីត្រូវក្តាប់ព័ត៌មានទូលំទូលាយ ស្ត្រីខ្លួនឯងត្រូវតែចាំផ្តើមឱ្យតម្លៃខ្លួនឯងជាមុនសិន។
នៅក្នុងកិច្ចការសង្គម ស្ត្រីត្រូវចេះជំរុញចិត្តខ្លួនឯងឱ្យស្រឡាញ់សកម្មភាពឬអ្វីដែលខ្លួនឯងយល់ថាល្អ និងពេញចិត្តធ្វើកិច្ចការទាំងនោះ ពេលនោះភាពរឹងមាំក្នុងជីវិត ការគិតវិជ្ជមាន នឹងមានសម្រាប់ស្ត្រី។ លើសពីនេះ ដើម្បីឱ្យខ្លួនឯងមានការផ្លាស់ប្តូរឥរិយាបថ មានគោលជំហររឹងប៉ឹងបាន កត្តាគ្រួសារ មិត្តភក្តិ ក្រុមការងារ បរិយាកាសជុំវិញខ្លួន ព្រមទាំងការផ្តល់ឱកាសដល់ស្ត្រី ឬយុវតីឱ្យបញ្ចេញមតិយោបល់របស់ខ្លួន នឹងធ្វើឱ្យស្ត្រីអាចអភិវឌ្ឍសមត្ថភាពបានយ៉ាងឆាប់បំផុត។ គឹមហេង បានបញ្ជាក់ថា សូម្បីតែកញ្ញាផ្ទាល់ក៏មានបងប្រុសជួយជ្រោមជ្រែង លើកទឹកចិត្តទើបគ្រប់ពេលដែរ។
ឆ្លើយតបទៅនឹងការលើកឡើងខាងលើដូច្នេះ បងប្រុសកញ្ញា តាន់ គឹមហេង លោក តាន់ គឹមហុង បានឱ្យដឹងថា ការជំរុញលើកទឹកចិត្តប្អូនស្រី ឱ្យចូលរួមសិក្សាស្វែងយល់ពីរឿងរ៉ាវផ្សេងៗនៅក្នុងសង្គម តាមរយៈអង្គការ ស្ថាប័នមួយចំនួន គឺជាការផ្តល់ឱកាសមួយឱ្យប្អូនស្រីមានឱកាសរៀនសូត្រ ទទួលយករបៀបទំនាក់ទំនងជាមួយមនុស្សនៅក្នុងសង្គមជារឿងសំខាន់ ។ ស្ត្រីមានសមត្ថភាព ទេពកោសល្យចូលរួមអភិវឌ្ឍសង្គមជាតិ ។
«ខ្ញុំសប្បាយចិត្តនៅពេលដែលប្អូនស្រីអាចចូលរួមធ្វើការងារសង្គមបាន ស្គាល់មនុស្សជាច្រើននៅក្នុងសង្គម អាចដើរបានច្រើនប្រទេស ជាពិសេសជីវិតរបស់គេអាចរឹងមាំបានច្រើន រួមទាំងការសម្រេចចិត្តផ្សេងៗ… ។ កន្លងទៅខ្ញុំមានបទពិសោធន៍នៅពេលមិនបានធ្វើការងារសង្គមអ្វី ពិបាករកការងារធ្វើណាស់ ព្រោះដើម្បីទទួលបានឱកាសការងារ គេសួរថា តើមានបទពិសោធន៍អស់? អ៊ីចឹងដើម្បីបានបទពិសោធន៍ការងារ ទាល់តែយើងរៀនហ្វឹកហាត់ខ្លួន ជាមួយសង្គមមនុស្សខាងក្រៅឱ្យបានច្រើនជាមុនសិន»។ នេះជាការបញ្ជាក់ឱ្យដឹងបន្ថែមរបស់លោក តាន់ គឹមហុង បងប្រុសកញ្ញា គឹមហេង ពីមូលហេតុដែលលោកលើកទឹកចិត្តប្អូនស្រីឱ្យចូលរួមការងារស្ម័គ្រក្នុងសង្គម។
កន្លងមក គឹមហេង បានចូលរួមក្នុងសកម្មភាពការងារស្ម័គ្រចិត្តធ្វើជាអ្នកសង្គ្រោះបឋម ក្នុងពេលប្រជាពលរដ្ឋធ្វើបាតុកម្មជាបន្តបន្ទាប់ប្រឆាំងរាជរដ្ឋាភិបាល ក្រោយពេលបោះឆ្នោតឆ្នាំ ២០១៣ ។ រូបគេធ្លាប់ចុះបណ្ដុះបណ្តាលដល់យុវជននៅតាមសហគមន៍ដាច់ស្រយាលក្នុងខេត្តជាច្រើន ពីផលប៉ះពាល់នៃការធ្វើចំណាកស្រុក ចូលរួមធ្វើការងារស្ម័គ្រចិត្តនៅអង្គការស្នាមញញឹមនៃកុមារ (PSE) បង្រៀននិងលើកទឹកចិត្តដល់ក្មេងៗ ហើយបច្ចុប្បន្នកំពុងចូលរួមធ្វើគម្រោងនិងសកម្មភាពការងារផ្សេងៗ ជាមួយអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួន។ គឹមហេង ជាសមាជិកស្នូលម្នាក់របស់បណ្តាញស្ត្រីវ័យក្មេងនិងភាពជាអ្នកដឹកនាំ ដែលធ្វើការលើកកម្ពស់ ការចូលរួមរបស់ស្ត្រីនៅក្នុងសង្គម ហើយកន្លងទៅធ្លាប់ធ្វើការងារជាយុវជនសកម្មម្នាក់តំណាងឱ្យយុវជនកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំ វេទិកាយុវជនអាស៊ាន ទៅចំនួន ៧ ប្រទេស រួមមានប្រទេសថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា កូរ៉េខាងត្បូង ឥណ្ឌា និងឥណ្ឌូណេស៊ី។
អ្នកស្រុកកំពង់បាយ ខេត្តកំពត រូបនេះ មានបងប្អូនស្រីប្រុសទាំងអស់ចំនួន ៤ នាក់ មានបងប្រុសម្នាក់និងប្អូនស្រី ២ នាក់។ បច្ចុប្បន្ន គឹមហេង ជានិស្សិតឆ្នាំទី ៤ ផ្នែកអក្សរសាស្ត្រអង់គ្លេស កំពុងបំពេញការងារក្នុងតួនាទីជាជំនួយការប្រធាននៅសមាគមយុវជនខ្មែរ (KYA) ។ កញ្ញា តាន់ គឹមហេង ប្រកាន់គោលជំហររបស់ខ្លួនថា ថ្ងៃអនាគតរូបគេនឹងក្លាយជាអ្នកនយោបាយស្ត្រីដ៏មានឥទ្ធិពលម្នាក់កម្ពុជា ធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមួយមានសន្តិភាព មានគេស្គាល់លើឆាកអន្តរជាតិកាន់តែច្រើន៕