ភ្នំពេញ៖ ការហ្វឹកហាត់ល្បុក្កតោ នាពេលបច្ចុប្បន្នក្រៅពីបុរស តាមការសម្គាល់មាននារី ឬយុវតីខ្មែរតិចណាស់ដែលចាប់អារម្មណ៍ នឹងបានចូលរួមហ្វឹកហាត់មរតកគុនបុរាណខ្មែរមួយនេះ។ កញ្ញា ឌឹម សុភារ័ត្ន វ័យ ២៤ ឆ្នាំ ជាអ្នកហាត់ល្បុក្កតោម្នាក់ក្នុងចំណោមអ្នកហាត់ល្បុក្កតោជានារីដែលមានចំនួនតិចតួចនៅឡើយក្នុងពេលសព្វថ្ងៃ បានចាត់ទុកការហាត់ល្បុក្កតោរបស់ខ្លួន ជាការចូលរួមចំណែកអភិរក្សមរតកគុនបុរាណខ្មែរឱ្យបានគង់វង្ស ព្រមទាំងផ្ទេរចំណេះដឹងទាំងនេះបន្ត ទុកដល់កូនចៅខ្មែរជំនាន់ក្រោយ ឱ្យស្គាល់ពីល្បុក្កតោរបស់ដូនតាខ្មែរ។
ទឹកមុខញញឹម និយាយអមដោយកាយវិការលើកដៃពន្យល់មួយៗ ដោយទន់ភ្លន់ កញ្ញា ឌឹម សុភារ័ត្ន បានប្រាប់ឱ្យដឹងពីមូលហេតុដែលជំរុញចិត្តឱ្យកញ្ញាហ្វឹកហាត់គុនល្បុក្កតោថា ការហ្វឹកហាត់ល្បុក្កតោក្រៅពីជួយឱ្យខ្លួនមានសុខភាពល្អ រាងការមាំមួន និងមានភាពរហ័សហួនគ្រប់សកម្មភាពនោះ ការហាត់ល្បុក្កតោ ក៏ជាការចូលរួមចំណែកអភិរក្សមរតកគុនបុរាណខ្មែរឱ្យបានគង់វង្សផងដែរ។ កញ្ញា សុភារ័ត្ន បានបន្ថែមទៀតថា ដើម្បីឱ្យក្បាច់គុនបុរាណរបស់ខ្មែរមួយនេះ គង់រង្សបានជារៀងរហូតនោះ រូបគេនឹងបន្តចែករំលែកចំណេះដឹងល្បុក្កតោដល់យុវជន យុវតីខ្មែរឱ្យបានច្រើននៅថ្ងៃខាងមុខ និងចង់បង្ហាញទៅកាន់សាធារណជនថា ស្ត្រីក៏មានសមត្ថភាពហ្វឹកហាត់ បង្ហាញ ព្រមទាំងប្រើប្រាស់គុនល្បុក្កតោបានល្អដូចបុរសដែរ។
«ដំបូងឡើយ ខ្ញុំមិនស្គាល់ល្បុក្កតោហ្នឹងជាអ្វីនោះទេ ប៉ុន្តែនៅពេលដែលមិត្តភក្តិខ្ញុំគេបបួលទៅមើលគេសម្ដែងក្បាច់គុនល្បុក្កតោ ស្រាប់តែមានអារម្មណ៍ថាភ្ញាក់ផ្អើល អស្ចារ្យមែនទែនសម្រាប់ខ្ញុំ ហើយក៏ចាប់ផ្តើមចង់ហាត់ដូចគេដែរ។ បន្ទាប់មក ខ្ញុំបានទៅមើលគេហាត់ដោយផ្ទាល់នៅសាលាល្បុក្កតោ លោកគ្រូបង្ហាត់គាត់និយាយថា គាត់លើកទឹកចិត្តដល់ស្ត្រី បើមាននារីហាត់លោកគ្រូមិនយកថ្លៃ ខ្ញុំក៏ចាប់ផ្ដើមចាប់សាកល្បងតែម្តងទៅ… »។ នេះជាការរៀបរាប់ឱ្យដឹងពីមូលហេតុ ដែលនាំឱ្យ សុភារ័ត្ន ទាក់ចិត្តចាំផ្តើមហាត់ល្បុក្កតោ។
យុវតីវ័យ ២៤ ឆ្នាំរូបនេះ បានឱ្យដឹងទៀតថា៖ «ខ្ញុំចាប់ផ្ដើមហាត់ល្បុក្កតោដំបូងនៅឆ្នាំ ២០០៨ ដោយមិនបានឱ្យក្រុមគ្រួសារដឹងនោះទេ ហាត់រៀនដោយស្ងាត់ៗជាមួយមិត្តភក្តិរហូតដល់ចេះស្ទាត់ ឡើងទៅចូលរួមប្រកួតក្នុងកម្មវិធីប្រកួតជម្រើសជាតិ ទើបម្តាយឪពុកដឹង… នៅពេលដែលទាំងអស់គ្នាបានដឹង គាត់មិនចង់ឱ្យខ្ញុំហាត់គុន ហត់លោតកាន់ដាវដំបងនោះទេ ពួកគាត់សុំឱ្យខ្ញុំឈប់។ ប៉ុន្តែនៅពេលដែលខ្ញុំប្រាប់ហេតុផលមួយចំនួនដល់គាត់ គូបផ្សំពួកគាត់បានឃើញការសម្តែងរបស់ខ្ញុំ ក៏ឈប់ជំទាស់តាំងពីពេលនោះ… ខ្ញុំក៏នៅតែបន្តហាត់រហូតមកដល់ពេលបច្ចុប្បន្ន»។
បច្ចុប្បន្ននេះ កញ្ញា ឌឹម សុភារ័ត្ន មិនមែនជាកីឡាការីនីល្បុក្កតោមានមុខឡើងប្រកួតនៅលើទីលានប្រកួតញឹកញាប់នោះទេ ប៉ុន្តែ សុភារ័ត្ន ជាស្ត្រីហាត់ល្បុក្កតោម្នាក់មានសមត្ថភាពអាចសម្តែងក្បាច់គុនល្បុក្កតោបានយ៉ាងស្ទាត់ជំនាញផងដែរ។ លើសពីនេះទៀត ក្រៅពីមានសមត្ថភាពជាអ្នកសម្តែងក្បាច់គុនល្បុក្កតោ សុភារ័ត្ន ក៏ជាអ្នកបង្ហាត់គុនល្បុក្កតោនៅវិទ្យាស្ថានមួយនៅទីក្រុងភ្នំពេញផងដែរ។
និយាយពីការលំបាកមួយចំនួននៅក្នុងការហ្វឹកហាត់វិញ យុវតីដែលមិនមានសាច់ញាតិមានឈាមជ័រជាអ្នកកីឡារូបនេះ បានឱ្យដឹងថា ដំបូងឡើយអ្វីដែលលំបាកជាងគេក្នុងការហាត់ល្បុក្កតោចំពោះស្ត្រី គឺភាពខ្មាសអៀន។ អារម្មណ៍ខ្មាសអៀនចំពោះមនុស្សនៅជុំវិញខ្លួននៅពេលហ្វឹកហាត់តែងកើតមានជានិច្ច ព្រោះអ្នកហាត់ភាគច្រើនជាបុរស… ស្ត្រីកម្លាំងខ្សោយមិនដូចបុរស កំហុសឆ្គងកើតមានច្រើនដងនៅក្នុងការហាត់ ប៉ុន្តែអ្វីគ្រប់យ៉ាងដែលជាឧបសគ្គសម្រាប់នារីក្នុងការហ្វឹកហាត់ ត្រូវបាន សុភារ័ត្ន ជំនះដោយមិនស្តាប់រាល់ការនិយាយបន្ដុះបង្អាប់ ការរិៈគន់ និងភាពខ្មាសអៀនដែលខ្លួនធ្លាប់មានក្នុងពេលកន្លងមក។
មិនបានបង្អង់សម្តី និយាយជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួន អ្នកមានកំណើតកើតជា ជាកូនអ្នកទីក្រុងភ្នំពេញរូបនេះ បាននិយាយថាបន្តទៀតថា ៖ «សម្រាប់ខ្ញុំអត់ខ្វល់ពីរឿងអ្នករិៈគន់អីនោះទេ ព្រោះមិនមែនជារឿងអ្វីខុសឆ្គងឡើយ… ហាត់គុនល្បុក្កតោ គឺដើម្បីសុខភាព ហាត់ដើម្បីការពារខ្លួន យ៉ាងហោចណាស់ក៏ជាការចូលរួមជួយថែរក្សាក្បាច់គុនរបស់ខ្មែរបានដែរ ហើយយើងក៏មិនបានធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃដែរ… ខ្ញុំរីករាយហាត់និងបង្ហាត់គ្រប់ពេលដែលខ្ញុំទំនេរពីការងារ និងការសិក្សា»។
អ្នកស្រី គង់ ម៉េងថូ ជាម្តាយរបស់កញ្ញា សុភារ័ត្ន បាននិយាយថា អ្នកស្រីមិនចង់ឱ្យកូនស្រីហាត់គុនល្បុក្កតោ វាយដោយដៃ ជើង គុនដំបងនោះទេ ព្រោះអ្នកស្រីយល់ថា នារីធ្វើបែបនេះ មើលទៅមិនសមទំនងជានារីនោះទេ ទុកភារៈទាំងនេះទៅឱ្យបុរសប្រសើរជាង។ ម្យ៉ាវិញទៀត កូនស្រីហាត់ល្បុក្កតោ អាចប្រឈមនឹងការបាត់បង់ភាពទន់ភ្លន់ក្នុងនាមជាស្ត្រីខ្មែរ។
ផ្ទុយពីអ្វីដែលខ្លួនធ្លាប់យល់ឃើញខាងលើ អ្នកស្រី គង់ ម៉េងថូ ជាម្តាយបានឱ្យដឹងទៀតថា៖ «ខ្ញុំពុំអាចហាមឃាត់ចិត្តកូនមិនឱ្យគេធ្វើអ្វីដែលគេចង់ធ្វើដាច់ខាតបានឡើយ… ចេះតែភ័យខ្លាចមានស្នាមរបួសនៅលើមុខ មាត់ ដៃ ជើងអីហ្នឹង ! ព្រោះយើងជាស្រី។ ដំបូងខ្ញុំមិនសូវសប្បាយចិត្តឱ្យកូនហាត់ល្បុក្កតោនោះទេ ប៉ុន្តែបន្ទាប់ពីបានមើលការសម្តែង បន្ទាប់ពីមានការពន្យល់ហេតុផលផ្សេងៗពីកូន ខ្ញុំបែរជាគិតថា ស្ត្រីខ្មែរបើចេះគុនល្បុក្កតោជារឿងសំខាន់ ជារឿងល្អសម្រាប់ស្ត្រី និងសង្គមជាតិ ព្រោះគេហាត់នេះ មានន័យថា គេអាចចូលរួមថែរក្សាកីឡាដែលដូនតាខ្មែរធ្លាប់មានឱ្យបានគង់វង្ស… ។ ពេលនេះ ខ្ញុំមិនជំទាស់កូននោះទេ ក្នុងការលេងកីឡារបស់ខ្មែរមួយនេះ» ។
កញ្ញា សំ ថារ័ត្ន ជាកីឡាការិនីល្បុក្កតោឆ្នើមរបស់កម្ពុជា ជាមិត្តភក្តិជិតស្និទ្ធរបស់ សុភារ័ត្ន ចាប់ដៃគូហាត់ជាមួយគ្នាតាំងពីដំបូង បាននិយាយថា សម្រាប់ស្ត្រីការហាត់ល្បុក្កតោ មានការលំបាកជាងបុរស ព្រោះនារីក្រៅពីកម្លាំងខ្សោយ គាត់នៅមានភាពខ្មាសអៀនច្រើន។ ប៉ុន្តែអ្វីដែលសំខាន់ គឺនារីខ្លួនឯង ត្រូវចេះប្តេជ្ញាចិត្តថា ហាត់កីឡានេះ ដើម្បីសុខភាព ហាត់ដើម្បីការពារខ្លួន។ កីឡាការិនីរូបនេះ បានលើកទឹកចិត្តដល់ស្ត្រី ឬយុវតីខ្មែរគ្រប់រូបថា ប្រសិនបើអាច នារីគួរណាស់យកពេលវេលាហាត់ល្បុក្កតោ ឬហាត់កីឡាប្រភេទផ្សេងៗឱ្យបានច្រើន។ ស្ត្រីហាត់កីឡាដើម្បីសុខភាព ហាត់កីឡាដើម្បីមិត្តភាពមិនមែនហាត់កីឡាដើម្បីបង្ហាញពីភាពចរឹតក្អេងក្អាងដាក់គេឯងនោះទេ។
ទន្ទឹមនឹងការ យល់ឃើញពីសារៈសំខាន់នៃកីឡាប្រភេទនេះ លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ប្រធានរាជបណ្ឌិត្យសភាល្បុក្កតោកម្ពុជា បានលើកឡើង៖ «ជាការពិតស្ត្រីបើនិយាយពីការហាត់ពិតជាលំបាកសម្រាប់គាត់ កន្លងទៅមានសិស្សជានារីតិចតួចណាស់ ដែលបានចូលរួមហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរមួយនេះ ។ ចំនួននារីហាត់តិចនេះ អាចបណ្តាលមកពីការយល់ឃើញរបស់ស្ត្រីថា ជាការហាត់ល្បុក្កតោស្មុគស្មាញលំបាក មានភាពខ្មាស់អៀន ខ្លាចគ្រោះថ្នាក់ មានការរិៈគន់ជាដើម … ប៉ុន្តែការពិតមិនមែនបែបនេះនោះទេ ស្ដ្រីនឹងបុរសហាត់បានដូចគ្នា ហើយមិនមានផលប៉ះពាល់អ្វីដល់រាងកាយ ឬសុខភាពឡើយ… ហ្វឹកហាត់គុនល្បុក្កតោគឺដើម្បីជួយដល់សុខភាព ហើយដោយសារតែល្បុក្កតោនេះហើយ ទើបខ្មែរមានប្រាសាទអង្គរ ខ្មែរជំនាន់នោះមានមេទ័ពការពារទឹកដី អ៊ីចឹងកូនខ្មែរ ពិសេសស្ត្រីហាត់ល្បុក្កតោក៏ជាការរួមចំណែកមួយក្នុងការថែរក្សាវប្បធម៌របស់ខ្មែរដែរ»។
លោកគ្រូតាក្រមាមាស សាន គឹមស៊ាន បានបញ្ជាក់បន្ថែមទៀតថា ស្ត្រីដើម្បីឱ្យរាងកាយរបស់ខ្លួនរឹងមាំ រូបរាងកាយស្រស់ស្អាត មានសុខភាពល្អ កីឡាជាឱសថដ៏ពូកែបំផុតសម្រាប់ជួយរក្សាសម្រស់ ព្រោះការហាត់កីឡាបានខ្ជាប់ខ្ជួនធ្វើឱ្យអ្នកហាត់អាចរក្សារាងកាយ វ័យនៅចាំបានល្អ ។ លោកថា គុនល្បុក្កតោ ជាសិល្បៈនៃក្បាច់គុន មានភាពស្រស់ស្អាត រឹងមាំ ទន់ភ្លន មិនមែនជាក្បាច់សម្រាប់វាយគ្នាស្លាប់រស់នោះទេ ហើយការចូលរួមហ្វឹកហាត់របស់ស្ត្រីពិតជាសំខាន់សម្រាប់ក្បាច់គុនល្បុក្កតោខ្មែរ។
នៅក្នុងទឹកចិត្តស្រឡាញ់គុនល្បុក្កតោ ក្រៅពីការសម្ដែងក្បាច់គុនបែបសិល្បៈនៅក្នុងព្រឹត្តិការណ៍ជាតិសំខាន់ៗ បង្ហាញដល់សាធារណជនក្នុងស្រុកជាច្រើនលើក ចូលរួមប្រកួតកីឡាល្បុក្កតោជម្រើសជាតិនារី កញ្ញា សុភារ័ត្ន ក៏បានចូលរួមប្រកួតនៅប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ ២០១៤ កន្លងទៅផងដែរ។ រហូតមកដល់ពេលនេះ សុភារ័ត្ន នៅតែប្រកាន់គោលជំហរ និងការប្តេជ្ញាចិត្តរបស់ខ្លួនថា រូបគេនឹងធ្វើឱ្យវិស័យក្បាច់គុនល្បុក្កតោរបស់ខ្មែរ កាន់តែល្បីឈ្មោះ មានអ្នកស្គាល់កាន់តែច្រើន ជាពិសេសបង្ហាញពីសារៈសំខាន់របស់ស្ត្រីក្នុងវិស័យកីឡាល្បុក្កតោ។
រយៈពេល ៨ ឆ្នាំមកហើយ គិតមកដល់ពេលបច្ចុប្បន្ននេះ ដែលកញ្ញា ឌឹម សុភារ័ត្ន បានហ្វឹកហាត់ក្បាច់គុនល្បុក្កតោ។ ទន្ទឹមគ្នានឹងការហ្វឹកហាត់នេះ បច្ចុប្បន្ន សុភារ័ត្ន កំពុងបំពេញការងារជាមន្ត្រីធនាគារម្នាក់ ក្នុងធនាគារធំមួយនៅកម្ពុជា។
សូមបញ្ជាក់ថា ល្បុក្តតោ គឺជាក្បាច់គុនបុរាណរបស់ខ្មែរប្រកបដោយអនុភាពឬជាក្បាច់គុនខ្លាំងដូចសត្វតោ ការហាត់ល្បុក្កតោមានការប្រឡង ប្រើគ្រប់ស្នៀត ដើម្បីឱ្យគ្រូដាក់ពិន្ទុឡើងថ្នាក់ក្រមា។ ក្នុងនោះក្រមាទាំង ៦ ប្រភេទ ធ្វើឡើងដើម្បីឱ្យជាតិសាសន៍ដទៃស្គាល់កាន់តែច្បាស់ពីល្បុក្កតោខ្មែរ មានក្បួន មានថ្នាក់ត្រឹមត្រូវ ដូចប្រភេទក្បាច់គុនដទៃដែរ។ នេះជាការបញ្ជាក់របស់ លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ប្រធានរាជបណ្ឌិត្យសភាល្បុក្កតោកម្ពុជា៕