ភ្នំពេញ៖ បន្ទាប់ពីចុះទៅពិនិត្យគុណភាពទំនិញនៅក្នុងផ្សារអូរឬស្សីនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ក្រសួងពាណិជ្ជកម្មបានឃើញ មុខម្ហូបពីរមុខដែលមានសារធាតុគីមី ដែលបង្កឱ្យប៉ះពាល់សុខភាពអ្នកបរិភោគ។ ម្ហូបទាំងពីរមុខនោះគឺបង្គា និងស្ពៃជ្រក់។ កញ្ញា ឆេង ណាតា រាយការណ៍ព័ត៌មាននេះ៖
បង្គានិងស្ពៃជ្រក់នៅក្នុងផ្សារអូរឬស្សី ដែលជាផ្សារធំមួយនៅកណ្តាលក្រុងភ្នំពេញត្រូវបានរកឃើញថាមានសារធាតុហ្វកម៉ាលីន និងមានកម្រិតជាតិអាស៊ីដ ហាមឃាត់ខ្ពស់ដែលសារធាតុទាំងពីរអាចបង្កឲ្យកើតជំងឺមហារីកបាន។ នេះបើតាមភ្នាក់ងារ កាំកុងត្រូលដែលបានចុះទៅពិនិត្យគុណភាព និងមុខទំនិញដោយផ្ទាល់នៅផ្សារអូរឬស្សី នៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី១២ខែមករានេះ។
ភ្នាក់ងារកាំកុងត្រូលត្រូវពិនិត្យគុណភាពទំនិញសរុបចំនួន៧១មុខនៅក្នុងផ្សារអូរឬស្សី ប៉ុន្តែទើបតែពិនិត្យបាន២៨មុខតែប៉ុណ្ណោះរួមមានបន្លែ ផ្លែឈើ ត្រីនិងសាច់។ ហើយបានក្នុងចំណោមមុខទំនិញដែលបានពិនិត្យរូចនេះ មានតែបង្គានិងស្ពៃជ្រក់តែប៉ុណ្ណោះដែលត្រូវបានរកឃើញថាមានផ្ទុកសារធាតុគីមីដែលបង្កហានិភ័យដល់សុខភាព។
សារធាតុហ្វកម៉ាលីនជាសារធាតុគីមី ដែលត្រូវហាមឃាត់មិនអោយប្រើប្រាស់ក្នុងចំណីអាហារ ដោយសារវានឹងធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរក្នុងរយៈពេលយូរអង្វែង។
លោក ម៉ក ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល បានប្រាប់អ្នករាយការណ៍ព័ត៌មានក្រោយពីបញ្ចប់កិច្ចត្រួតពិនិត្យថាអាស៊ីដនៅក្នុងស្ពៃជ្រក់នៅផ្សារអូឬស្សី មានកម្រិតខ្ពស់មិនអាចទទួលយកបាន ចំណែកសារធាតុហ្វកម៉ាលីន នៅក្នុងបង្គានោះជាសារធាតុដែលគេយកទៅចាក់លើសាកសព ការពារកុំឱ្យឆាប់ស្អុយរលួយប៉ុណ្ណោះ។
លោក ម៉ក ពេជ្ជរិទ្ធ៖«ឥលូវនេះយើងជួបប្រទះឃើញមួយតូបនោះមានហ្វកម៉ាលីនហើយនៅក្នុងបង្គារ ហើយស្ពៃជ្រក់យើងប្រទះឃើញអាស៊ីតដែលយើងហាមឃាត់ អញ្ជឹងនឹងធ្វើកែសម្រួលចំពោះពីរ តូបនេះ»។
យោងតាមលោក ម៉ក់ ពេជ្ជរិទ្ធ បង្គាដែលត្រូវបានរកឃើញទាំងនោះត្រូវនាំមកពីខេត្តកោះកុង ក្រុងព្រះសីហនុ និងនាំចូលពីប្រទេសវៀតណាម។
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ មានប្រសាសន៍ថា សារធាតុហ្វកម៉ាលីន គឺជាសារធាតុម្យ៉ាងដែលគេប្រើសម្រាប់ សម្លាប់មេរោគដើម្បីរក្សាទុកម្ហូបអាហារបានយូរ។ ប៉ុន្តែ ក្នុងករណីធ្ងន់ធ្ងរសារធាតុនេះអាចបង្កឱ្យកើតមហារីក ឬយ៉ាងហោចណាស់វាអាចបណ្តាលឱ្យមានប្រតិកម្មទៅលើស្បែក មានកន្ទួលរមាស់ ប្រតិកម្មផ្លូវដង្ហើម និងប៉ះពាល់ទៅដល់ការរំលាយអាហារជាដើម។ចំណែកឯជាតិអាស៊ីតដែលដាក់នៅក្នុងជ្រក់ស្ពៃវិញ គឺបង្កឱ្យរលាកក្រពះ ពោះវៀន និងថ្លើម។ ជាមួយគ្នានេះវាក៏បង្កឱ្យរលាកដល់ប្រព័ន្ធប្រាសាទ ហើយវាក៏បណ្តាលឱ្យកើតជំងឺមហារីកផងដែរ។
លោកបន្ថែមថា៖«ករណីសារធាតុហ្នឹងទៅតាមកម្រិតវា បើសិនកម្រិតវាខ្ពស់ពេកប្រតិកម្មហ្នឹងវាអាចខ្លាំង អញ្ចឹងវានាំចង្វាក់ដង្ហើមគាត់មានបញ្ហា វានាំឱ្យចង្វាក់បេះដូងមានបញ្ហាខ្លាំងដោយសារការរលាក ឬផលប៉ះពាល់នៃសារធាតុហ្នឹងអញ្ចឹងទីបំផុតអាចឱ្យគាំងបេះដូង ឬគាំងដង្ហើមបាន អាហ្នឹងករណីស្លាប់បាន ស្លាប់ភ្លាមដូចគ្នា»។
សូមបញ្ជាក់ថាភ្នាក់ងារកាំកុងត្រូលបានបន្តពិនិត្យគុណភាពទំនិញ ដែលនៅសេសសល់ក្នុងចំណោមទំនិញទាំង៧១មុខ ដែលត្រូវយកមកពិនិត្យនៅថ្ងៃនេះ។ ប៉ុន្តែវិទ្យុស្ត្រីមិនអាចស្វែងរកប្រភពពីនាយកដ្ឋានកាំកុងត្រូល ដើម្បីផ្តល់ព័ត៌មានបន្ថែមពីលទ្ធផលពិនិត្យចុងក្រោយនោះទេ៕