loader

ជំនួយជាង ២៦ ម៉ឺនដុល្លារបានផ្តល់ជូនមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅថ្ងៃនេះ

ភ្នំពេញ៖ ជំនួយជាថវិកាជាង ២៦ ម៉ឺនដុល្លាររបស់រដ្ឋាភិបាលស៊ុយអ៊ែតបានផ្តល់ជូនមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សម្រាប់ប្រតិបត្តិការការងារដោះស្រាយវិវាទការងាររបស់កម្មករនិយោជិតប្រកបដោយប្រសិទ្ធភាព។ ជំនួយរបស់ប្រទេសស៊ុយអ៊ែតដែលបានប្រគល់ជូនដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលប្រតិបត្តិការការងាររយៈពេលមួយឆ្នាំក្នុងឆ្នាំ២០១៩នេះ ធ្វើឡើងក្នុងពិធីចុះកិច្ចហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណង នៅថ្ងៃទី០៦ មីនានេះ។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

 

ដើម្បីកាត់បន្ថយ ហើយឈានទៅបញ្ចប់ការចេញធ្វើបាតុកម្ម ឬកូតកម្មរបស់កម្មករ និយោជិត មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដោះស្រាយវិវាទដោយមិនគិតកម្រៃជូនភាគីពាក់ព័ន្ធក្នុងវិស័យការងារ។ ​នេះជាការលើកឡើងរបស់នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលក្រោយបញ្ចប់ពិធីចុះកិច្ចហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងចំនួនជាង ២៦ម៉ឺនដុល្លារអាមេរិកដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។

លោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលមានប្រសាសន៍ថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើរតួនាទីយ៉ាងសំខាន់ និងបានបំពេញការងារយ៉ាងល្អប្រសើរ ដោយសម្រេចបានសមិទ្ធផលជាច្រើនក្នុងការដោះស្រាយវិវាទការងារកន្លងមក។ លោកបន្តថា មកដល់ឆ្នាំ២០១៨នេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានទទួលសំណុំរឿងចុះបញ្ជីចំនួន ២៧៦៥ ករណី ដែលមានកម្មករនិយោជកពាក់ព័ន្ធចំនួនជាង១លាននាក់ទាំងក្នុងវិស័យកាត់ដេរ និងវិស័យផ្សេងៗទូទាំងប្រទេស កម្ពុជា។ ចំនួននេះមានការកើនឡើងជាងឆ្នាំ២០១៧ ដែលមានត្រឹមតែជាង ៦០០ករណីតែប៉ុណ្ណោះ។

លោក ម៉ែន និម្មិត ឱ្យដឹងទៀតថា ក្នុងចំណោមសំណុំរឿងដែលបានចុះបញ្ជីទាំងអស់នេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រេចបាននូវអត្រាជោគជ័យក្នុងការដោះស្រាយវិវាទចំនួន ៧៣,២០%។​ លោកឱ្យដឹងទៀតថា និន្នាការនៃការកើនឡើងករណីវិវាទនេះ ព្រោះតែភាគីវិវាទ ពិសេសកម្មករនិយោជិតមានជំនឿជាក់លើអព្យាក្រឹតភាពក្នុងការដោះស្រាយវិវាទរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនេះ។

                                                              លោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។

 

សម្រាប់ជំនួយរបស់ប្រទេសស៊ុយអ៊ែតនេះ លោក និម្មិត បញ្ជក់ថា​ ថវិកានេះគឺជាចំណែកមួយដ៏មានប្រសិទ្ធភាពសម្រាប់ជួយដល់ដំណើរការការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលកាន់តែល្អប្រសើរ។

ទាក់ទងនឹងថវិកាជំនួយនេះលោក សាមូអ៊ែល ហ៊ូទីក ប្រធានផ្នែកសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ របស់ស្ថានទូតស៊ុយអ៊ែតប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ការអប់រំ និងទីផ្សារការងារ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពដដៃទៀត របស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអ៊ែតប្រចាំកម្ពុជា។ លោកបន្តថា មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរួមចំណែកយ៉ាងខ្លាំងក្នុងការដោះស្រាយវិវាទការងារប្រកបដោយយុត្តិធម៌ និងសមធម៌។

លោកបន្ថែមទៀតថា គោលដៅដែលប្រទេសស៊ុយអ៊ែតផ្តល់ថវិកាដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលតាំងពីឆ្នាំ២០១៤មកនេះ ដើម្បីជំរុញការដោះស្រាយវិវាទការងារ និងលើកកម្ពស់កិច្ចសន្ទនាសង្គម រួមចំណែកបង្កើតឱ្យមានទំនាក់ទំនង វិជ្ជាជីវប្រកប ដោយប្រសិទ្ធភាពនៅកម្ពុជា។

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាស្ថាប័នលើកកម្ពស់ឱ្យមានទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពតាមរយៈការផ្តល់ជាវេទិកាសម្រាប់កម្មករនិយោជិត និងនយោជកនៅកម្ពុជា ក្នុងការរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងសមធម៌ចំពោះវិវាទការងារដែលកើតមានឡើង។

                                                     ពិធីប្រគល់ថវិកាជាង២៦ម៉ឺនដុល្លាររបស់ស៊ុយអ៊ែតដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

 

លោកស្រី សុវណ្ណ វណ្ណារតន៍ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ក្នុងពិធីនេះថា ជោគជ័យដ៏ធំធេងរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលគឺក្នុងដោះស្រាយវិវាទការងាររួមក្នុងវិស័យការងារប្រកបដោយប្រសិទ្ធភាព​ និងអព្យាក្រឹត ជូនដល់ក្នុងកម្មករនិយោជិត។ លោកស្រីបន្តថា ការរួមចំណែករបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាការរួមចំណែកដ៏ធំធេងជួយដល់សេដ្ឋកិច្ចប្រទេសជាតិ ព្រោះការដោះស្រាយវិវាទដោយមានសុក្រឹតភាព បានធានាឱ្យមានសុខដុមរមនាក្នុងសង្វាក់ផលិតកម្ម និងទំនាក់ទំនងល្អរវាងកម្មករ និងថៅកែ។

លោកស្រីបន្ថែមទៀតថា ដើម្បីបន្តនរិន្តរភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងមានក្រសួងការងារដែលបានបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាលឡើង នឹងខិតខំប្រឹងប្រែងកៀរគររកថវិកាសម្រាប់ដំណើរការស្ថាប័នមួយនេះ ឱ្យប្រព្រឹត្តិទៅប្រកបដោយប្រសិទ្ធភាព និងអព្យាក្រឹត។

មេសហជីបធំមួយនៅកម្ពុជាលោក អាត់ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (ស៊ី​ខៅ​ឌូ) បានទទួលស្គាល់ថា លទ្ធផលនៃការសេចក្តីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល មានប្រសិទ្ធភាពនិងអាចជឿទុកចិត្តបានជាងការកាត់សេចក្តីក្នុងប្រព័ន្ធតុលាការ និងនៅក្រសួងការងារ។ ចំពោះចំណុចខ្វះខាតរបស់ស្ថាប័នមួយនេះ គឺពាក់ព័ន្ធនឹងថវិកាទ្រទ្រង់ដំណើរការការងារ អាជ្ញាកណ្តាលរកយុត្តិធម៌អាចជាអ្នកមានផលប្រយោជន៍ជាមួយភាគីជម្លោះ ឬជាមេធាវីរបស់ថៅកែរោងចក្រ ហើយរយៈពេលនៃដំណើរការដោស្រាយវិវាទហាក់អូសបន្លាយពេលយូររហូតដល់ជាង ៥០ថ្ងៃ។

                                        ​លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) ។

 

សូមជំរាបជូនថា ក្នុងកំឡុងឆ្នាំ២០១៤ ដល់ ២០១៨ ប្រទេសស៊ុយអ៊ែត បានផ្តល់ជំនួយជាថវិកាដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលចំនួនជាង ១,២លានដុល្លារអាមេរិក។ ជំនួយនេះសំដៅលើកកម្ពស់អភិបាលកិច្ច ទីផ្សារការងារប្រកបដោយប្រសិទ្ធភាពសម្រាប់វិស័យឯកជន និងការអភិវឌ្ឍសង្គម តាមរយៈនូវការផ្តល់នូវមជ្ឈការវិនិច្ឆ័យដោះស្រាយវិវាទការងារដោយអាជ្ញាកណ្តាលដែលអាចជឿជាក់បាន និងដំណើរការរលូន។

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល​ ដែលបានបង្កើតឡើងនៅឆ្នាំ ២០០៥ គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងគ្រប់គ្រងទៅដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល​ ក៏ជាស្ថាប័នមួយឯករាជ្យមានអំណាចដោះស្រាយវិវាទការងាររួមនៅកម្ពុជាតាមច្បាប់ការងារ។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវបានទទួលស្គាល់ថា ជាស្ថាប័នចម្បងជាសារវន្តមួយសម្រាប់ការដោះស្រាយវិវាទការងារនោកម្ពុជា ដើម្បីជួយជំរុញឱកយមានស្ថេរភាពទីផ្សារការងារ និងរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។

ចាប់តាំងពីបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាល ស្ថាប័នមួយនេះបានដោះស្រាយវិវាទការងារជូនកម្មករ និងយោជកបានចំនួន ២៦៥០ ករណី គិតត្រឹមឆ្នាំ ២០១៦។ សំណុំរឿងវិវាទទាំងនេះ បានដោះស្រាយជាមួយកម្មករនិយោជិតជាង ១ លាននាក់ ហើយទទួលបានអត្រាជោគជ័យចំនួន ៧៥% តាមរយៈការផ្សះផ្សា និងមជ្ឈត្តកម្មដែលចំណាយពេលជាមធ្យម ១៧ថ្ងៃ។

ជាលទ្ធផលក្នុងឆ្នាំ ២០១៧ នាយកដ្ឋានវិវាទការងារបានដោះស្រាយវិវាទបុគ្គលចំនួន ៤៧៦ករណី សះជា ២២៨ករណី មិនសះជាចំនួន ១៩១ករណី និងមោឃៈចំនួន ៥៧ករណី។ ចំណែកការដោះស្រាយវិវាទការងាររួមចំនួន ១២៧ករណី សះជា ៥៦ករណី និងមិនសះជាចំនួន ៧០ករណី និងមោឃៈចំនួន ១ ករណី៕

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អង្គការអ្នកប្រជាធិបតេយ្យសុំឲ្យ EU ផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជាករណី EBA

អង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិ(Centr[...]

រដ្ឋមន្រ្តីពាណិជ្ជកម្មពន្យល់ម្ចាស់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ពីជំហរការពារវិស័យវាយនភ័ណ្ឌ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋមន្រ្[...]

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាមានកំណើនស្វាហាប់គឺ៧,៥%ក្នុងឆ្នាំ២០១៨

ភ្នំពេញ៖ កម្ពុជានៅតែបន្តរក្សាបានកំណើនសេដ្ឋកិច[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត