loader

«ជំងឺរបេង»ឃាតករលាក់មុខសំងំសម្លាប់ជីវិតមនុស្សយ៉ាងស្ងៀមស្ងាត់

កាលពីជាង ១០ ឆ្នាំមុន គឺនៅក្នុងពិធីបង្កក់កូនប្រុសរបស់អ្នកស្រី រ៉ែម យ៉ៃ ភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមកម្មវិធីបានមករាក់ទាក់អ្នកស្រី និង កូនប្រុសដែលទើបសម្រាលបានរយៈពេលមួយខែ។ គ្រានោះហើយ ភ្ញៀវម្នាក់ជាអ្នកជំងឺរបេងបានមកក្បែរហើយជូនពរអ្នកស្រីនិងកូនប្រុសឱ្យមានសុខភាពល្អ សំណាងល្អ តែបុរសមានជំងឺរបេងរូបនោះបានក្អកដាក់អ្នកស្រីដោយមិនបានបិទបាំង។

កន្លះខែក្រោយមក ពរជ័យរបស់បុរសអ្នកជំងឺរបេង ប្រែជារឿងអមង្គលទៅវិញ ព្រោះអ្នកស្រីបានតេស្តឃើញមេរោគរបេងកើតមានក្នុងខ្លួនទៅហើយ។

នេះជាការគូសបញ្ជាក់របស់អ្នកស្រី រ៉ែម យ៉ៃ អតីតអ្នកជំងឺរបេង ហើយបច្ចុប្បន្នអ្នកស្រីជាបណ្តាញអ្នកស្ម័គ្រចិត្តផ្សព្វផ្សាយពីបញ្ហារបេងក្នុងសហគមន៍មួយនាខេត្តសៀមរាប។

អ្នកស្រីបានរំលឹកបន្តថា អំឡុងពេលដែលអ្នកស្រីផ្ទុកនូវជំងឺរបេងនេះ អ្នកស្រីមានអាការក្អកយ៉ាងខ្លាំង ហើយសុខភាពទ្រុឌទ្រោមជាលំដាប់។

អ្នកស្រី រ៉ែម យ៉ៃ ៖«ខ្ញុំគ្រុនស្ទើររាល់យប់ ក្អករយៈពេលជាងកន្លះខែ ក្អកឡើងហើមឆ្អឹងជំនីរ ឈឺចាប់ពេញខ្លួន ហើយស្លេស្មចេញមកចង់ប៉ុនកូនដៃ។ ពេលយកស្លេស្មទៅពិនិត្យឃើញរបេងBK+បីខ្វែងបាត់ ខ្ញុំស្លុតស្មារតីអស់អាលីញ»។

 

អ្នកស្រី រ៉ែម យ៉ៃបណ្តាញអ្នកស្ម័គ្រចិត្តផ្សព្វផ្សាយពីបញ្ហារបេង ចែករំលែកពីបញ្ហាជំងឺរបេងក្នុងកម្មវិធីបង្កើតទំនាក់ទំនង និងផ្សព្វផ្សាយការយល់ដឹងអំពីរោគរបេង ក្នុងចំណោមអ្នកសារព័ត៌មាន និងអ្នកសិល្បៈ កាលពីថ្ងៃទី៧ សីហា ឆ្នាំ២០២០នៅសណ្ឋាគារភ្នំពេញអឺរ៉ា រាជធានីភ្នំពេញ។រូបភាពផ្តល់ដោយអង្គការខាណា។

 

«ជំងឺរបេង»នៅតែជាជំងឺមួយស្ថិតក្នុងចំណាប់ថ្នាក់ជំងឺកាចសាហាវទាំង ១០ លើសកលលោក និងកំពុងបន្តសម្លាប់មនុស្សយ៉ាងស្ងៀមស្ងាត់(Silent killer)។ ជំងឺរបេងបានសម្លាប់ជីវិតមនុស្សទូទាំងពិភពលោកប្រមាណជាង ១ លាន ៥ សែននាក់ក្នុងមួយឆ្នាំៗ។ នេះបើយោងតាមការឱ្យដឹងពីលោក ជួប​ សុខចំរើន នាយកប្រតិបត្តិអង្គការខាណា​​។

លោក ជួប​ សុខចំរើន ឱ្យដឹងថា ​ ជំងឺរបេងដែលកាចសាហាវនឹងបំផ្លាញប្រព័ន្ធផ្លូវដង្ហើមធ្ងន់ធ្ងរគឺ ជំងឺរបេងសួតសកម្ម(BK+)។ លោកបន្តថា ប្រភេទជំងឺរបេងសួតសកម្មនេះ មានលក្ខណចម្លងងាយ ពោលគឺអ្នកជំងឺរបេងម្នាក់អាចមានលទ្ធភាពចម្លងទៅមនុស្សក្បែរខ្លួនរហូត ១៥នាក់ ក្នុងទីតាំងបន្ទាប់តែមួយពេលវេលាតែមួយតាមរយៈការក្អកដោយមិនបានបិទបាំង។ លោកបញ្ជាក់ថា ជំងឺរបេងបើសិនមិនបានព្យាបាលបានត្រឹមត្រូវនឹងទាន់ពេលពេលវេលា នោះអាចមានគ្រោះថ្នាក់ដល់អាយុជីវិតបានផងដែរ។លោក ជួប​ សុខចំរើន៖«បើសិនអ្នកជំងឺជាអ្នករបេងសួតBK+ គាត់មានលទ្ធភាពចម្លងទៅគា្នយើងជាង១៥នាក់។ដូច្នេះបញ្ហារបេងមិនមែនគ្រាន់តែជាបញ្ហារបស់ក្រសួងសុខភិបាល​ប៉ុណ្ណោះទេ គឺជាបញ្ហារបស់យើងទាំងអស់គ្នា។»។

លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណាធ្វើបទបង្ហាញពីបញ្ហារបេងក្នុងកម្មវិធីបង្កើតទំនាក់ទំនង និងផ្សព្វផ្សាយការយល់ដឹងអំពីរោគរបេង ក្នុងចំណោមអ្នកសារព័ត៌មាន និងអ្នកសិល្បៈ កាលពីថ្ងៃទី៧ សីហា ឆ្នាំ២០២០នៅសណ្ឋាគារភ្នំពេញអឺរ៉ា រាជធានីភ្នំពេញ។ រូបភាពផ្តល់ដោយអង្កការខាណា។

 

កាលពីឆ្នាំ ២០១៥​ អង្គការសុខភាពពិភពលោក(WHO)បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសទាំង ២២ ដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ។​ ដោយឡែកនៅឆ្នាំ ២០១៩ រហូតមកទល់ពេលបច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោកបានចាត់ចំណាត់ថ្នាក់ប្រទេសចំនួន ៣០ ជាប្រទេសមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

របាយការណ៍ដដែលបង្ហាញថា​ កាលពីឆ្នាំ ២០១៨ កម្ពុជាមានអ្នកជំងឺគ្រប់សណ្ឋានទាំងអស់សរុប ១ សែននាក់ ក្នុងនោះមានអ្នកជំងឺរបេងចំនួន ៣០២នាក់ ហើយអ្នកជំងឺរបេងបានស្លាប់ចំនួន ១៨នាក់នៅឆ្នាំ២០១៨ ដដែលនោះ។ ដោយឡែកគិតត្រឹមឆមាទី១(មករា-មិថុនា)ឆ្នាំ២០២០នេះ មានអ្នកជំងឺរបេងសរុបចំនួន ១៤ ០៨១នាក់ ក្នុងនោះមានអ្នកជំងឺរបេងសួត(BK+)ចំនួន ៤ ៨៥២ នាក់។

អ្នកស្រី រ៉ែម យ៉ៃ ដែលបច្ចុប្បន្នជាអ្នកស្ម័គ្រចិត្តផ្សព្វផ្សាយបញ្ហារបេងក្នុងសហគមន៍បញ្ជាក់ថា កាលពីឆ្នាំ២០១៨-២០១៩ អ្នកស្រីបានចុះអប់រំអ្នកកើតរបេងចំនួនពីរឃុំ សរុបចំនួន១៨ ភូមិស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ឃើញថាមានអ្នកជំងឺរបេងចំនួន ៦០នាក់។ ក្នុងនោះអ្នកជំងឺរបេងបានស្លាប់ចំនួន ២ កាលពីឆ្នាំ២០១៨ និងស្លាប់ ៦ នាក់នៅឆ្នាំ២០១៩។

«ជំងឺរបេង»មិនមែនជាជំងឺតំណពូជ

បើទោះបីជាជំងឺរបេង(របេងសួតសកម្ម BK+)នៅតែក្តីកង្វល់យ៉ាងណាក្តី តែបច្ចុប្បន្នជំងឺរបេងមានថ្នាំព្យាបាលឱ្យជាសះស្បើយ ១០០% និងពុំអស់ថវិកាឡើយ បើសិនជាអ្នកជំងឺទៅទទួលយកសេវាព្យាបាលបានទៀងទាត់នៅតាមមណ្ឌលសុខភាពសាធារណៈក្នុងប្រទេសកម្ពុជា។ អ្វីជាពិសេស ជំងឺរបេងមិនមែនជាជំងឺតំណពូជដូចពាក្យចចាមអារ៉ាមនោះទេ។ នេះជាឱ្យដឹងពីលោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន។

លោក​វេជ្ជបណ្ឌិត ហួត ចាន់យុដា ពន្យល់ថា ជំងឺរបេង បង្កឡើងដោយមេរោគម្យ៉ាងឈ្មោះថា ​បាក់ស៊ីដឺកុក ដែលវាប្រមូលផ្តុំកកើតនៅក្នុងសួតរបស់មនុស្ស ហើយចម្លងទៅមនុស្សផ្សេងទៀតតាមរយៈការក្អក។ លោកបន្ថែមថា អ្នកមានរោគសញ្ញារបេង អាចមានអាការក្អកជាប់ៗគ្នាលើសពី ២០ថ្ងៃឡើងទៅ ចាប់ផ្តើមស្រកទម្ងន់ ប្រើប្រាស់ថ្នាំផ្សះមិនបានធូរស្បើយជាដើម។ លោកសូមអំពាវនាវដល់សាធារណជនទាំងអស់ ករណីសង្ស័យរោគរបេងត្រូវប្រញាប់ទៅមន្ទីរពេទ្យរដ្ឋ ដើម្បីពិនិត្យកំហាករកមេរោគរបេង និងព្យាបាលឱ្យបានទាន់ពេលវេលា ជៀសវាងបណ្តាយឱ្យស្ថានភាពសុខភាពឈឺធ្ងន់ធ្ងរ និងចម្លងទៅអ្នកដដៃ ពិសេសសមាជិកក្នុងគ្រួសារ។

លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន ឡើងធ្វើបទបង្ហាញក្នុងកម្មវិធីបង្កើតទំនាក់ទំនង និងផ្សព្វផ្សាយការយល់ដឹងអំពីរោគរបេង ក្នុងចំណោមអ្នកសារព័ត៌មាន និងអ្នកសិល្បៈ កាលពីថ្ងៃទី៧ សីហា ឆ្នាំ២០២០នៅសណ្ឋាគារភ្នំពេញអឺរ៉ា រាជធានីភ្នំពេញ។រុបភាពផ្តល់ដោយអង្កការខាណា។

 

ចំណែកអ្នកស្ម័គ្រចិត្តសហគមន៍ផ្សព្វផ្សាយបញ្ហារបេងគឺអ្នកស្រី​ រ៉ែម យ៉ៃ កត់សម្គាល់ឃើញថា នៅអំឡុងឆ្នាំ ២០០០ បញ្ហារបេងក្នុងសហគមន៍របស់អ្នកស្រីបានផ្ទុះឡើងយ៉ាងខ្លាំង ហើយអ្នកជំងឺរបេងគ្រានោះត្រូវបានគេរើសអើងយ៉ាងខ្លាំង សូម្បីតែអង្គុយរួមតុក៏មហាជនមិនហ៊ានអង្គុយក្បែរដែរ។ ធ្ងន់ធ្ងរជាងនេះ បើស្រ្តីក្រមុំស្ថិតក្នុងក្រុមគ្រួសារដែលមានសមាជិកកើតជំងឺរបេង នោះមហាជនមិនសូវហ៊ានចូលស្តីដណ្តឹងនោះទេ ព្រោះពួកគេយល់ថា ជំងឺរបេងជាជំងឺតំណពូជ។

ប៉ុន្តែមកទល់ពេលបច្ចុប្បន្ននេះ អ្នកស្រី រ៉ែម​ យ៉ៃ សង្កេតឃើញថា ប្រជាពលរដ្ឋក្នុងសហគមន៍បានយល់ដឹងកាន់តែប្រសើរពីបញ្ហារបេងនេះ ហើយការរើសអើងក៏ត្រូវបានកាត់បន្ថយ ព្រោះពួកគេយល់ដឹងថា ជំងឺរបេងជាជំងឺអាចព្យាបាលជាងសះស្បើយ១០០%​ និងពុំមែនជាជំងឺតំណពូជដូចពាក្យចចាមអារាមនោះទេ។

ក្រុមងាយរងគ្រោះដោយជំងឺរបេង​

អ្នកផ្ទុកជំងឺអេសដ៍ និងអ្នកជំងឺទឹកនោមផ្អែមជាក្រុមងាយប្រឈមការចម្លងរោគរបេងបំផុត ព្រោះថាក្រុមមនុស្សទាំងនេះ មានប្រព័ន្ធភាពសុំា(ប្រព័ន្ធភាពស៊ាំ មាននាទីការពាររាង្គកាយប្រឆាំងមេរោគដែលបានជៀតចូលនៅក្នុងខ្លួន)ខ្សោយជាងមនុស្សធម្មតា។ នេះជាការគូសបញ្ជាក់របស់លោក សុខ ជួបចំរើន។

ក្នុងនាមជាអ្នកធ្វើការងារផ្តោតលើបញ្ហាជំងឺអេសដ៍ គ្រុនចាញ់ និងបញ្ហារោគរបេងជាច្រើនឆ្នាំ លោក សុខ ជួបចំរើន រំលឹកដាស់តឿដល់អ្នកផ្ទុកជំងឺអេដស៍ អ្នកជំងឺទឹកផ្អែម កុមារ និងក្រុមមនុស្សចាស់ជរា ត្រូវតោងប្រុងប្រយ័ត្នការពារខ្លួនពីការចម្លងរោគរបេង ព្រោះការព្យាបាលមានការលំបាក និងប្រើរយៈពេលយូរ។

ទាក់ទងក្រុមងាយប្រឈមនេះ លោក វុទ្ធី អាយុ ៤៥ ឆ្នាំជាកម្មកររោងចក្រម្នាក់រស់នៅរាជធានីភ្នំពេញប្រាប់ឱ្យដឹងថា លោកបានកើតជំងឺទឹកនោមផ្អែមនេះតាំងពីអាយុ ៤០ ឆ្នាំមកម្ល៉េះ។​ លោកបន្តថា លោកជាវថ្នាំទឹកនោមផ្អែមនៅឱសថស្ថានមកលេបជារៀងរាល់ខែ ដើម្បីទប់កុំឱ្យជាតិស្ករឡើងខ្ពស់។ តែយ៉ាងណាលោកមិនដែលបានទទួលការណែនាំពីគ្រូពេទ្យពីការបង្កការពារខ្លួនពីជំងឺរបេងឡើយ។ ហើយលោកក៏មិនបានដឹងពីផលវិបាក ឬ បញ្ហាប្រឈមនានាជុំវិញជំងឺរបេងនោះទេ។

លោក វុទ្ធី៖«ខ្ញុំមិនដែលក្អកអីធំដុំទេ ក្អកតិចតួចទិញថ្នាំលេបទៅក៏បាត់វិញហើយ។ហើយពេទ្យក៏មិនដែលប្រាប់អីពីបញ្ហារបេងហ្នឹងដែរ គាត់[គ្រូពេទ្យ]ជួសតែឈាមមើលតែជាតិស្ករហើយឱ្យយើងតបផ្អែម តបស្រា មិនដែលប្រាប់ពីបញ្ហារបេងអីផង។តែបើដឹងចឹង បងនឹងប្រុងប្រយ័ត្នខ្លួនពីជំងឺរបេងនេះ ហើយបើមានរោគសញ្ញាបងនឹងទៅពេទ្យ»។​

អ្នកជំងឺទឹកនោមផ្អែមដែលមកទទួលសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ។ រូបភាពពីហ្វេសប៊ុក មន្ទីរពេទ្យជោរៃ។

 

យោងតាមឯកសារបង្ហោះលើគេទំព័រមន្ទីរពេទ្យកាល់ម៉ែត(Calmette)មានចំណងជើងថា៖«ជំងឺទឹកនោមផ្អែម និងជំងឺរបេង “ចំណុចប្រសព្វដ៏គ្រោះថ្នាក់មួយនៃជំងឺឆ្លង និងមិនឆ្លង” !»បានបកស្រាយថា អ្នកជំងឺទឹកនោមផ្អែម អត្រាដែលអាចកើតមានជំងឺរបេងគឺមានច្រើនជាង ២ ទៅ ៣ដង ជាពិសេសគឺក្រុមអ្នកជំងឺទឹកនោមផ្អែមដែលមិនបានព្យាបាល និងត្រួតពិនិត្យជាតិស្ករឲ្យបានត្រឹមត្រូវ។ ចំណែកអត្រាមរណៈនៃអ្នកដែលកើតរបេង និងមានទឹកនោមផ្អែមគឺខ្ពស់ជាង ៤ ទៅ ៥ ដង ធៀបជាមួយអ្នកដែលកើតរបេងដែលគ្មានទឹកនោមផ្អែម។ ហេតុដូចនេះសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គឺត្រូវស្វែងយល់ និងបង្ការជំងឺរបេង ។

ដោយឡែកបញ្ហាជំងឺអេដស៍វិញ មន្ត្រី​ជាន់​ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​ក្នុង​ឆ្នាំ ២០១៨ ​បាន​រក​ឃើញ​ថា ​មាន​ការ​កើន​ឡើង​ជាង ៨០០ នាក់។ រីឯរបាយការណ៍​សមិទ្ធផល​សុខាភិបាល​របស់​ក្រសួង​សុខាភិបាល​​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ត្រីមាស​ទី ៣​ ក្នុងឆ្នាំ ២០១៨ ដដែលមាន​អ្នក​ជំងឺ​ចំនួន ៥២៥ នាក់ ​ត្រូវ​បាន​រាយការណ៍​ថា​បាន​ស្លាប់​ដោយសារ​មេរោគ​អេដស៍ ​ខណៈ​មាន​អ្នក​ជំងឺ​សកម្ម​សរុប​ចំនួន ៥៩ ៥៥១ នាក់ ​កំពុង​ទទួល​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍។ ក្នុង​នោះ​មាន​ជាង ៥ ម៉ឺន ៦ ពាន់​នាក់ ជា​មនុស្ស​ពេញ​វ័យ​ និង​ជាង ៣ ពាន់​នាក់ ​ជា​កុមារ។

ការផ្តល់សេវាព្យាបាល

ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ រដ្ឋាភិបាលបានកំណត់ទិសដៅបញ្ចប់ការរាតត្បាតជំងឺរបេងត្រឹមឆ្នាំ ២០៣០។ តាមរយៈទិសដៅនេះ រដ្ឋាភិបាលដែលមានក្រសួងសុខាភិបាលជាសេនាធិការ បានសម្រេចផ្តល់សេវាព្យាបាលរោគរបេងដល់ប្រជាពលរដ្ឋដោយពុំចំបាច់បង់ថវិកានៅគ្រប់មន្ទីរពេទ្យ​ និងមណ្ឌលសុខភាពសាធារណៈទូទាំងប្រទេស។

អ្នកជំងឺរបេងមកទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យដោយឥតគិតថ្លៃ។រូបភាពផ្តល់ដោយអង្គការខាណា។

 

លោក​វេជ្ជបណ្ឌិត ហួត ចាន់យុដា បញ្ជាក់ថា ដើម្បីឱ្យការប្រយុទ្ធប្រឆាំងនឹងបញ្ហារបេងមានប្រសិទ្ធិខ្ពស់ការចូលរួមចំណែកពីគ្រប់មជ្ឈដ្ឋាន ពិសេសអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយមានដូចជា អ្នកសិល្ប អ្នកសារព័ត៌មាន ជាធាតុចូលដ៏សំខាន់ឈានទៅសម្រេចបានកាត់បន្ថយភាពក្រក្រីរបស់ពលរដ្ឋតាមរយៈការយល់ដឹងបញ្ហារបេងនេះ។លោក​វេជ្ជបណ្ឌិត ហួត ចាន់យុដា៖«បញ្ហារបេងយើងត្រូវជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ កាលណាគាត់[អ្នកជំងឺរបេង]យល់ទៅ មានន័យថាយើងបានជួយអ្នកជំងឺរបេង ជួយកាត់បន្ថយភាពក្រីក្ររបស់អ្នកជំងឺរបេង ព្រោះពេលគាត់ឈឺគាត់ត្រូវខានពេលទៅប្រកបរបររកស៊ី។ដូច្នេះពេលអ្នកជំងឺទៅរកសេវាព្យាបាលទាន់ពេលគឺអាចកាត់បន្ថយពេលវេលាព្យាបាលរបស់ពួកគេ អាចមានពេលប្រកបអាជីវកម្មបានគ្រប់គ្រាន់»

អ្នកជំងឺរបេងទទួលសេវាព្យាបាលបានទៀងទាត់អាចជាសះស្បើយ១០០%និងពុំមានការបង់ប្រាកឡើយ។

 

ដោយឡែកលោកស្រី លូស៊ីកា ម៉ាដាល តំណាងសម្ព័ន្ធអង្គការអន្តរជាតិដើម្បីបញ្ចប់ជំងឺរបេង(STBP)ធ្លាប់បានលើកឡើងក្នុងកម្មវិធីបង្កើតទំនាក់ទំនង និងផ្សព្វផ្សាយការយល់ដឹងអំពីរោគរបេង ក្នុងចំណោមអ្នកសារព័ត៌មាន និងអ្នកសិល្បៈ កាលពីខែសីហា ឆ្នាំ២០២០កន្លងទៅ នៅសណ្ឋាគារភ្នំពេញអឺរ៉ា រាជធានីភ្នំពេញ លោកស្រីឱ្យដឹងថា បញ្ហាជំងឺរបេងត្រូវបានសម្ព័ន្ធអង្គការអន្តរជាតិដើម្បីបញ្ចប់ជំងឺរបេង​ បាននិងកំពុងធ្វើការយ៉ាងសកម្មជួយជំរុញ និងពង្រឹងសមត្ថភាពអ្នកពាក់ព័ន្ធទាំងថ្នាក់តំបន់ និងក្របខណ្ឌប្រទេសឆ្លើយតបបញ្ហារបេងឱ្យមានប្រសិទ្ធិភាពខ្ពស់។ លោកស្រីបន្ថែមថា STBP បានផ្តល់ទាំងធនធានសម្ភារពិសេសគឺថ្នាំព្យាបាល និងធនធានចំណេះដឹងតាមរយៈការពង្រឹងសំឡេងសហគមន៍ ដែលរួ​មមាន ការលើកកម្ពស់ការចូលរួមរបស់សហគមន៍ ការយល់ដឹងសិទ្ធិក្នុងការទទួលសេវាព្យាបាលជំងឺរបេងតាមសហគមន៍ជាដើម ដើម្បីបញ្ជ្រាបការយល់ដល់ប្រជាជននៅមូលដ្ឋានបានយល់ដឹងពីបញ្ហារបេង និងមកទទួលសេវាព្យាបាលទាន់ពេលវេលា។

លោកស្រីបញ្ជាក់បន្ថែមទៀតថា បញ្ហាជំងឺរបេងនៅតែជារបៀបវារៈដ៏សំខាន់របស់ប្រទេសលើសកលលោក ព្រោះជំងឺនេះ នៅតែបន្តសំងំសម្លាប់មនុស្សយ៉ាងស្ងៀមស្ងាត់ ហើយចំនួនអ្នកស្លាប់ដោយជំងឺរបេងមានចំនួនជាង១,៥លាននាក់ក្នុងមួយឆ្នាំៗច្រើនជាងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ទៀតផង។

លោកស្រី លូស៊ីកា ម៉ាដាល តំណាងសម្ព័ន្ធអង្គការអន្តរជាតិដើម្បីបញ្ចប់ជំងឺរបេង(STBP) បានលើកឡើងក្នុងកម្មវិធីបង្កើតទំនាក់ទំនង និងផ្សព្វផ្សាយការយល់ដឹងអំពីរោគរបេង ក្នុងចំណោមអ្នកសារព័ត៌មាន និងអ្នកសិល្បៈ កាលពីខែសីហា ឆ្នាំ២០២០កន្លងទៅ នៅសណ្ឋាគារភ្នំពេញអឺរ៉ា រាជធានីភ្នំពេញ។រូបភាពផ្តល់ដោយអង្គការខាណា។

 

ក្នុងនាមជាអ្នកស្ម័គ្រចិត្តសហគមន៍ផ្សព្វផ្សាយបញ្ហារបេងដោយមិនគិតពីផលកម្រៃអ្នកស្រី រ៉ែម យ៉ៃ ក្នុងសំនៀងរដឺនៗ សំនៀងបែបអ្នកខេត្តសៀមរាប អ្នកស្រីសូមផ្ញើសារដល់អ្នកជំងឺរបេង និងអ្នកសង្ស័យថាមានរោគរបេងយ៉ាងដូច្នេះថា៖«ខ្ញុំសូមឱ្យបងប្អូនដែលមានបញ្ហាក្អកលើសពីកន្លះខែ ត្រូវទៅមន្ទីរពេទ្យដើម្បីពិនិត្យរកមេរោគរបេង និងយកថ្នាំមកលេបមិនអស់លុយនោះទេ។ បើយើងព្យាបាលបានត្រឹមត្រូវ លេបថ្នាំបានទៀងទាត់រយៈពេលប្រហែល ៦ខែគឺជាសះស្បើយ១០០%ហើយ»៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ផលិតផលកែច្នៃចេញដើមទ្រាំងក្លាយជាប្រភពចំណូលទ្រទ្រង់ជីវភាពស្រ្តីក្នុងសហគមន៍ព្រៃឈើខេត្តព្រះវិហារ

ការរកប្រាក់ចំណូលបន្ថែមពីការកែច្នៃចេញពីអនុផលព្[...]

ផលិតផលកែច្នៃចេញដើមទ្រាំងក្លាយជាប្រភពចំណូលទ្រទ្រង់ជីវភាពស្រ្តីក្នុងសហគមន៍ព្រៃឈើខេត្តព្រះវិហារ

ការរកប្រាក់ចំណូលបន្ថែមពីការកែច្នៃចេញពីអនុផលព្[...]

ស្ថានទូតអាមេរិកអញ្ជើញផលិតករភាពយន្ដវិស័យSTEMមកបំផុសគំនិតក្មេងជំទង់កម្ពុជា

ភាពយន្ដពាក់ព័ន្ធនឹងវិស័យធំចំនួនបួនគឺScience វ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x