វិវាទដីធ្លីនៅប្រទេសកម្ពុជាមិនបានថយចុះនោះទេ។ ផ្ទុយទៅវិញទំនាស់ដីធ្លីបានផ្ទុះឡើងយ៉ាងខ្លាំងនៅឆ្នាំកន្លងទៅ។ បើតាមរបាយការណ៍ របស់វេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា ហៅកាត់ NGO Forum ទំនាស់ដីធ្លីបានកើនឡើងទ្វេដងនៅឆ្នាំកន្លងទៅ។ ប្រជាពលរដ្ឋដែលវិទ្យុស្ត្រីធ្លាប់បានជួបសម្ភាសន៍បានត្អួញត្អែរអំពីសម្ពាធរបស់តុលាការនិងអ្នកមានអំណាចក្នុងដំណើរការដោះស្រាយទំនាស់នេះ។
កញ្ញា ឆេង ណាតា រាយការជូនដូចតទៅ៖
និយាយបណ្តើរ យំអណ្តឺតអណ្តកបណ្តើរ អ្នកស្រី ហែន សុផានណេ គឺជាជនរងគ្រោះក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយ ក្នុងឃុំព្រះពន្លា ស្រុកសេរីសោភណ័ ខេត្តបន្ទាយមានជ័យ។
ជាស្ត្រីមេម៉ាយ អ្នកស្រីហែន សុផានណេ អាយុ៤៦ឆ្នាំ បានតស៊ូជាមួយឧញ៉ាមួយរូបដែលអ្នកស្រីអះអាងថាបានទិញដីរបស់អ្នកស្រី ប៉ុន្តែមិនបានឲ្យលុយអ្នកស្រីគ្រប់ចំនួន។
អ្នកស្រីបានទាមទារនិងតវ៉ាតាមផ្លូវតុលាការជាច្រើនឆ្នាំ តុលាការមិនបានដោះស្រាយសំណុំរឿងនេះជូនអ្នកស្រីនោះទេ។
ប៉ុន្តែទំនាស់ដីធ្លីដែលអ្នកស្រីហែន សុផានណា បានជួបប្រទះនិងឆ្លងកាត់នេះមិនមែនជាករណីដោយឡែកនោះទេ។
រហូតមកទល់នឹងឆ្នាំ ២០១៦ មានប្រជាពលរដ្ឋយ៉ាងតិចចំនួនជាង៥ម៉ឺនគ្រួសារបានរងគ្រោះនិងទទួលរងផលប៉ះពាល់ដោយសារទំនាស់ដីធ្លី។ នេះបើយោងតាមរបាយការណ៍របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា NGO Forum នៅថ្ងៃព្រហស្បត្តិ៍នេះ។
របាយការណ៍បញ្ជាក់បន្ថែមថាផ្ទៃដីជាង១លាន ៥ម៉ឺនហិចតាបានក្លាយជាដីមានជម្លោះ។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានថ្លែងនៅក្នុងកម្មវិធីបង្ហាញរបាយការណ៍នេះថា វិវាទដីធ្លីនៅកម្ពុជាបានជាប់ពាក់ពន្ធ័នឹងការផ្តល់ ដីសម្បទានដីសេដ្ឋកិច្ច ការប្រើប្រាស់អំណាចរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអំណាចមុខងារជាឧកញ៉ា ជាអ្នកមាន និងការរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិ។
«ទាក់ទងកំណើននៃការអភិវឌ្ឍន៍ទាក់ទងនឹងទីក្រុងក៏ជាបញ្ហាប្រឈមមួយដែរនៅពេលមានការអភិវឌ្ឍន៍ ដីថ្លៃ ជម្លោះបានកើតមានឡើង អាហ្នឹងអ្វីដែលជាការកត់សម្គាល់នៅក្នុងការរាប់បញ្ចូលនៅក្នុងករណីវិវាទ ហើយចំណុចទី២គឺ នៅមានករណីចាស់មួយចំនួនដែលគាត់ស្ងប់ស្ងាត់ហើយ គាត់ចាប់ផ្តើមដាក់ពាក្យបណ្តឹងឡើងវិញ»។
យោងតាមរបាយការណ៍របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាករណីវិវាទដីធ្លីថ្មីកាលពីឆ្នាំ២០១៦ មានចំនួន៥៦ករណី គឺច្រើនជាងឆ្នាំ២០១៥លើសពីពីរដង។ជម្លោះដីធ្លីទាំងនោះ កើតមានក្នុងខេត្តកំពងធំ៦ករណី ខេត្តរតនគិរី និងមណ្ឌលគិរី ខេត្តបាត់ដំបង ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង ប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តក្រចេះ ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម កោះកុង ឧត្តរមានជ័យ ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង និងខេត្តតាកែវ។
ក្រុមមន្ត្រីក្រសួងដែនដី នគររូបនីយកម្មមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។ ពុំមនទិន្នន័យណាមួយនៅលើគេហទំព័ររបស់ក្រសួងដដែលនេះដែលបង្ហាញពីការខិតខំប្រឹងប្រែងឬលទ្ធផលនៃការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋនោះទេ។
ប៉ុន្តែបើយោងតាមលោកតឹក វណ្ណារ៉ា ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលបានបង្កើតយន្តការចាត់វិធានការនិងចូលរួមដោះស្រាយវិវាទដីធ្លីយ៉ាងសកម្មនៅថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិ។ ក្នុងនោះដែរជម្លោះដីធ្លីចំនួនដប់ករណីត្រូវបានដោះស្រាយនៅឆ្នាំ២០១៦។
លោក ឯម សុវណ្ណារ៉ា សាស្រ្តាចារវិទ្យាសាស្រ្តនយោបាយ មានប្រសាសន៍ថា មូលហេតុដែលនាំឱ្យកម្ពុជានៅតែបន្តកើតមានករណីវិវាទដីធ្លី គឺបណ្តាលមកពីការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ។
សាស្រ្តាចារ្យរូបនេះ មានប្រសាសន៍បន្តថា ប្រសិនប្រទេសកម្ពុជា នៅតែបន្តកើតមានករណីជម្លោះដីធ្លី នោះក៏អាចបង្កឱ្យស្ថេរភាពនយោបាយកម្ពុជា មិនស្ថិតស្ថេរផងដែរ៕