ឆ្មាំសមុទ្រជនជាតិអ៊ីតាលីបាននិយាយថា មនុស្សសរុបចំនួន ១៨៣០ នាក់ បាននាំយកមកលើគោកក្នុងប្រតិបត្តិការ ៦ ផ្សេងគ្នា ដើម្បីសង្គ្រោះអ្នកដំណើរពីទូករងគ្រោះចំនួន៤ និងទូកពោងកៅស៊ូចំនួន២ ។
ទីក្រុងរ៉ូម៖ ជនចំណាកស្រុកប្រមាណជាង ១៨០០ នាក់ ត្រូវបានជួយសង្គ្រោះកាលពីថ្ងៃចន្ទ ទី៥ តុលា ចេញពីកប៉ាល់ចំនួន៦ ដែលបានរកឃើញថាអណ្ដែតនៅសមុទ្រមេឌីទេរ៉ាណេដែលជាប់នឹងសមុទ្រនៃប្រទេសលីប៊ី។ កប៉ាល់របស់អ៊ីតាលីចំនួន ៣ និងនាវាមកពីអង់គ្លេស និងអៀរឡង់ បានរួមគ្នា ក្នុងបេសកកម្មជួយសង្គ្រោះ EU Navfor Med នៃសហភាពអឺរ៉ុប។
យោងតាមទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានឱ្យដឹងថា ចំនួនជនចំណាកស្រុក និងជនភៀសខ្លួនជាងកន្លះលាននាក់ បានចូលសុំចតនៅច្រាំងសមុទ្រនាទ្វីបអឺរ៉ុបក្នុងឆ្នាំនេះ។ មនុស្សប្រមាណ ២៩៨០ នាក់ បានលង់ទឹកស្លាប់ឬក៏បាត់ខ្លួន ក្នុងពេលធ្វើដំណើរតាមសមុទ្រ។
ភាគច្រើនពួកគេជាជនជាតិអាហ្វ្រិក និងទួរគី ចេញដំណើរពីលីប៊ី ជាកន្លែងដែលគ្រាប់រ៉ក់កែត និងមីស៊ីលត្រូវបានបាញ់ទៅលើមេឃ។ នេះជាហេតុនាំឱ្យប្រជាជនភៀសខ្លួនចេញពីជម្លោះនិងភាពវេទនា ដែលកើតមាននៅមជ្ឈឹមបូព៌ា និងទ្វីបអាស៊ី។
កាលពីថ្ងៃពុធ ប្រតិបត្តិការនាវាក្រោមកិច្ចការពារពី EU Navfor Med នឹងមានអំណាចថ្មីក្នុងការតស៊ូលួចលាក់នាំប្រជាជនដែលបញ្ជូនជនចំណាកស្រុកនិងជនភៀសខ្លួនចូលទៅកាន់ទូកដែលចង្អៀតខ្លាំង។
សមាជិកកងទ័ពនឹងមានសិទ្ធិបិទ ស្រាវជ្រាវ រឹបអូស និងបង្វែរទិសដៅកប៉ាល់ដែលបានរកឃើញនៅដែនទឹកអន្តរជាតិ ហើយដែលត្រូវបានសង្ស័យថាកំពុងតែលួចលាក់បញ្ជូនប្រជាជន៕
ប្រែសម្រួលដោយ៖ សេង វិបុល / ប្រភព៖ Channel News Asia