រូបភាពពីហ្វេសប៊ុករបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។
ភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់ ដែលបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តស្វាយរៀង ហើយបានរត់គេចខ្លួនចេញពីពន្ធនាគារកាលពីថ្ងៃទី២៨ ខែតុលា ត្រូវបានសមត្ថកិច្ចប្រទេសវៀតណាមចាប់ខ្លួនបានហើយនៅទឹកដីវៀតណាមកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ យ៉ាងណាសម្រាប់ការសម្រេចបញ្ជូនខ្លួនជនខាងលើនេះមកទទួលទោសនៅប្រទេសកម្ពុជាវិញ ឬយ៉ាងណានោះ មន្រ្តីពន្ធនាគារកម្ពុជាបញ្ជាក់ថា ភាគីទាំងពីរកំពុងសិក្សានីតិវិធីបន្ត ខណៈជនល្មើសមានដីកាតាមចាប់ខ្លួននៅក្នុងប្រទេសកំណើតរបស់ខ្លួន។
(កញ្ញា ជា សុខនី ជូនសេចក្តីរាយការណ៍)
នៅទីបំផុតជនជាប់ចោទជនជាតិវៀតណាមម្នាក់ឈ្មោះ តុងហ្វឹង ត្រូវបានសមត្ថកិច្ចអាជ្ញាធរខេត្ត ឡុងអាន ប្រទេសវៀតណាម ចាប់ខ្លួនបានកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីរូបជននេះព្យាយាមរត់គេចចេញពីពន្ធនាគារខេត្តស្វាយរៀងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤បានសម្រេច ខណៈមន្ត្រីយាមកាមមានការធ្វេសប្រហែសមិនបានចាក់សោរសុវត្ថិភាព។
លោក នុត សវនា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ ឫ ពន្ធនាគារព្រៃស ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៤ ខែវិច្ឆិកានេះថា បុរសជនជាតិវៀតណាមម្នាក់ ដែលបានរត់ចេញពីពន្ធនាគារខេត្តស្វាយរៀង គឺត្រូវបានសមត្ថកិច្ចប្រទេសវៀតណាមចាប់បានហើយ ខណៈជនល្មើសនោះ ក៏មានដីកាតាមចាប់ខ្លួននៅក្នុងប្រទេសកំណើតដែរ។ លោកបញ្ជាក់ថា ករណីសម្រេចបញ្ជូនជននេះត្រឡប់មកទទួលទោសនៅកម្ពុជាវិញឬអត់ គឺភាគីទាំងពីរកំពុងពិភាក្សាគ្នា និងស៊ើបអង្កេតផ្អែកលើនីតិវិធី ខណៈជនល្មើសបានប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសកំណើតខ្លួន។
លោក នុត សវនា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ។ រូបភាពពីបណ្ដាញសង្គម។
លោក នុត សវនា៖ «តាមខ្ញុំក្ដាប់បានដូចជាគាត់មានដីកាចាប់ខ្លួននៅវៀតណាមដែរ ដល់អ៊ីចឹងអាជ្ញាធរវៀតណាមគេអនុវត្តតាមដីកាខាងគេ ហើយជាទូទៅដោយសារជនជាតិគេផង ដល់អ៊ីចឹងវាមិនងាយគេប្រលែងមកឱ្យយើងវិញណាស់»។
លោកបន្ថែមថា ជនជាតិវៀតណាមនេះ តុលាការមិនទាន់ផ្ដន្ទាទោសនៅឡើយទេ ដោយជននោះស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើសរក្សាទុកអាវុធដោយខុសច្បាប់ និងបទប្រើប្រាស់សារធាតុញៀន។
ជុំវិញករណីនេះ កម្ពុជា និងវៀតណាម មានកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការអនុវត្តសន្ធិសញ្ញាស្ដីពី ការផ្ទេរទណ្ឌិត រវាងកម្ពុជា និងវៀតណាម។ សន្ធិសញ្ញានេះ បានអនុម័តឡើងកាលពីឆ្នាំ២០២០ ដែលមានការព្រមព្រៀងគ្នា ប្រសិនបើជនជាតិកម្ពុជាបានប្រព្រឹត្តបទល្មើសណាមួយនៅក្នុងប្រទេសវៀតណាម ហើយត្រូវបានវៀតណាមកាត់ទោសតាមច្បាប់របស់គេរួចហើយនោះ គឺរដ្ឋាភិបាលកម្ពុជាអាចស្នើផ្ទេរអ្នកទោសនោះពីវៀតណាមមកអនុវត្តទោសនៅប្រទេសកម្ពុជាវិញបាន។ ចំណែកជនជាតិវៀតណាម ដែលប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសកម្ពុជា ក៏ត្រូវបានផ្ទេរក្នុងការអនុវត្តទោសនៅប្រទេសវៀតណាមវិញបានផងដែរ។
ក្នុងមាត្រា៥ នៃសន្ធិសញ្ញានេះ ចែងថា ទណ្ឌិតអាចត្រូវបានផ្ទេរស្ថិតក្នុងលក្ខខណ្ឌដូចជា៖ អំពើសកម្ម ឬអកម្មដែលត្រូវបានប្រកាសទោសជាបទល្មើសតាមច្បាប់នៃភាគីទទួល ទណ្ឌិតជាប្រជាពលរដ្ឋរបស់ភាគីទទួល។ មានសាលក្រមចូលជាស្ថាពរ និងមិនមាននីតិវិធីផ្លូវច្បាប់ផ្សេងទៀតពាក់ព័ន្ធនឹងបុគ្គលនៅក្នុងដែនដីរបស់ភាគីផ្ទេរ មួយទៀតទាំងភាគីទទួល ភាគីផ្ទេរ និងទណ្ឌិត សុទ្ធតែព្រមព្រៀងគ្នាចំពោះការផ្ទេរនេះ។
ជាការកត់សម្គាល់ កន្លងមកកម្ពុជា ធ្លាប់បណ្ដេញជនជាតិវៀតណាមចេញពីប្រទេស ដោយសារតែការឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន និងជនជាតិវៀតណាម ដែលមានបទល្មើសគ្រឿងញៀនប្រព្រឹត្តនៅប្រទេសវៀតណាម។ បើតាមច្បាប់ស្ដីពី អន្តោប្រវេសន៍ ក្នុងមាត្រា៣៦ ចែងថា កម្ពុជាមានសិទ្ធិបណ្ដេញរាល់ជនបរទេសណា ដែលមានសកម្មភាព និងអាកប្បកិរិយាគ្រោះថ្នាក់ដល់សន្តិសុខជាតិ និងមកធ្វើការនៅក្នុងប្រទេសកម្ពុជាដោយគ្មានប័ណ្ណការងារ។
ភ្ជាប់ជាមួយករណីជនជាតិវៀតណាមនេះ ថ្មីៗនេះក៏មានករណីជនជាតិខ្មែរ ដែលត្រូវបានតុលាការប្រទេសអូស្ដ្រាលី កាត់ទោសឱ្យជាប់ពន្ធនាគារជាង ១២ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមនុស្សចំនួន ២នាក់ បានបាត់បង់ជីវិត។ ជនជាតិខ្មែរ ដែលត្រូវបានតុលាការអូស្រ្តាលីផ្តន្ទទោសហើយនេះ កំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារប្រទេសអូស្ដ្រាលី៕