en     km
en     km

ជនជាតិដើមភាគតិចកួយសែនព្រេនបួងសួងសុំការពារដីចំការរបស់ពួកគេ ដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុន

Share

ព្រោះតែមិនមានរំពឹងថាអាជ្ញារធរនឹងផ្តល់ដំណោះស្រាយសមរម្យចំពោះទំនាស់ដីធ្លីរបស់ពួកគេជាមួយនិងក្រុមហ៊ុនចិនដាំអំពៅ ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ នៅភូមិប្រើសក្អកនិងភូមិបុស្ស ឃុំម្លូព្រៃពីរស្រុកឆែប ខេត្តព្រះវិហារ បាននាំគ្នាធ្វើពិធីសែនបួងសួងដល់វត្ថុស័ក្ដិសិទ្ធិម្ចាស់ទឹកម្ចាស់ដី សុំសេចក្ដីសុខចំរើន និងជួយថែរក្សាដីចំការដែលពួកគេធ្លាប់អាស្រ័យផលសុំកុំឱ្យបាត់បង់។

លោក អ៊ុក ដែន សូមជូននូវសេចក្តីរាយការ

ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយប្រមាណជាង៧០នាក់រស់នៅភូមិប្រើសក្អកនិងភូមិបុស្ស ឃុំម្លូព្រៃពីរស្រុកឆែប ខេត្តព្រះវិហារ បាននាំគ្នាធ្វើពិធីសែនបួងសួងដល់វត្ថុស័ក្ដិសិទ្ធិម្ចាស់ទឹកម្ចាស់ដី សុំ ជួយថែរក្សាដីចំការដែលពួកគេធ្លាប់អាស្រ័យផលសុំកុំឱ្យពួកគេបាត់បង់។ កម្មវិធីនេះប្រព្រឹត្តិនៅ ក្នុងភូមិសាស្ត្រព្រៃដំបង ​ត្រង់ចំណុចការដ្ឋានទី១០ ក្នុងឃុំម្លូព្រៃពីរស្រុកឆែបនាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកស្រី ណាប់ ណឿន អាយុ៣៧ឆ្នាំរស់នៅភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ បានប្រាប់វិទ្យុស្ត្រីថា  ការសែនព្រេន គឺជាទំនាមទម្លាប់ និងជំនឿតាំងពីដូនតាមក ហើយ ការសែនព្រេនលើដីចំការនេះគឺ ពលរដ្ឋចង់សុំសេចក្តីសុខ​ និងឱ្យបារមីអារក្សអ្នកតាជួយថែរក្សាដីចំការកុំឱ្យបាត់បង់ ។អ្នកស្រីថា ដីនេះជនជាតិដើមភាគតិចកួយធ្លាប់រស់នៅអាស្រ័យផលតាំងពីដូនតាមក ទើបតែក្រុមហ៊ុនទន្ទ្រានយកនៅឆ្នាំ២០១២ ហើយសហគមន៍បន្តការតវ៉ារហូតមក នៅក្នុងឆ្នាំ២០១៩ពេលដែលក្រុមហ៊ុនក្ស័យធន់ពលរដ្ឋក៏បានចូលទៅអាស្រ័យផលវិញ។ ទើបតែចុងឆ្នាំ២០២៣នេះមានអ្នកមកអះអាងថាជាម្ចាស់ដី មកភ្ជួរដំឡូងពលរដ្ឋចោលហើយគំរាមចាប់ដាក់គុក ។  ពលរដ្ឋរៀបសែនព្រេនសុំឱ្យម្ចាស់ទឹកម្ចាស់ដីជួយការពារ។

«ពួកខ្ញុំចង់បានទឹកដីមកវិញ ពួកខ្ញុំកើតមកនៅលើទឹកដីនេះហើយ បែជាអ្នកជាអ្នកមកពីក្រៅគេមកថាគេជាម្ចាស់ទឹកដីនេះទៅវិញ ព្រួយតែពួកខ្ញុំណា៎ពួកខ្ញុំកើតមកលើទឹកដីនេះណា រស់នៅតាំងពីដូនតាមកហើយ អ៊ីចឹងហើយមិនមែនថាពួកខ្ញុំពឹងផ្អែកទៅលើច្បាប់ទេប៉ុន្តែសង្ឃឹមតិចៗ »។

អ្នកស្រី ជុត យ៉ា អាយុ៣៤ឆ្នាំ និងជាជនជាតិដើមភាគតិចកួយ រស់នៅភូមិ ឃុំខាងលើដែរបានប្រាប់វិទ្យុស្រ្តីថា ​ដោយមិនសូវសង្ឃឹមថានឹងទទួលបានដំណោះស្រាយសមរម្យពីអាជ្ញារធរ ប្រជាសហគមន៍ក៏ធ្វើពិធីសែនព្រេនសុំម្ចាស់ទឹកដីវត្ថុសក្តិសិទ្ធិជួយឱ្យពលរដ្ឋទទួលបានដីនេះមកអាស្រ័យផលវិញ គ្រាន់បានទ្រទ្រង់ជីវភាពគ្រួសារ។ អ្នកស្រី ជុត យ៉ា ថាដីដែលពលរដ្ឋអាស្រ័យផលមិនច្រើនទេ ប្រមាណតែជាង៦០ហិកតាប៉ុណ្ណោះ អ្នកស្រីស្នើរដ្ឋាភិបាលជួយកាត់ដីដែលពលរដ្ឋធ្លាប់អាស្រ័យផលនេះឱ្យមកពលរដ្ឋវិញ។

«ពួកខ្ញុំទៅសែនក្បាលជ្រូកមាន់ស្ងោរ សុំម្ចាស់ទឹកម្ចាស់ដីព្រៃប្រឹក្សាដែលធ្លាប់រស់នៅទីនេះ នៅប្រទេសកម្ពុជាយើងស័ក្តិសិទ្ធិឱ្យជួយថែរក្សាពួកខ្ញុំដែលអ្នកខ្វះខាតដែលធ្លាប់ធ្វើដីហ្នឹងនោះឱ្យបានមកពួកខ្ញុំបានធ្វើ មិនដឹងធ្វើម៉េចឱ្យបានឈ្នះគេ ពួកខ្ញុំក៏ចេះតែធ្វើរកទៅ ទៅសែនព្រេនឱ្យម្ចាស់ទឹកដីជួយខាងប្រជាពលរដ្ឋផង ឱ្យបានធ្វើដីនោះម្នាក់១ហិកតា២ហិកតា គ្រាន់បានដោះស្រាយជីវភាពគ្រួសារ»។

ពលរដ្ឋជនជាតិដើមភាគតិចកួយម្នាក់ទៀតរស់នៅភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែបដែរ លោក ខាត់ ស៊ីសុផាន បានប្រាប់វិទ្យុស្ត្រីថា  សហគមន៍ធ្វើពិធីបួងសួងសុំឱ្យបារមីម្ចាស់ទឹកម្ចាស់ដីជួយរារាំងអ្នកដែលមកធ្វើទុក្ខបុកម្និញដល់សហគមន៍ និងជួយឱ្យសហគមន៍អាចទាមទាររដីធ្លាប់អាស្រ័យផលមកវិញ។លោកបញ្ជាក់ថា  ដីនេះពលរដ្ឋធ្លាប់អាស្រ័យផលតាំងពីដូនតាមក អ្នកមានលុយមានអំណាចមកឈូសឆាយទន្ទ្រានយកនៅឆ្នាំ២០១២ ។ដល់ឆ្នាំ២០១៩ជំនាន់កូវិតពលរដ្ឋបានចូលអាស្រ័យផលវិញមកទល់និងពេលនេះ  ស្រាប់តែមានមនុស្សមួយក្រុមអះអាងថាជាម្ចាស់ដី មកភ្ជួរដំឡូងប្រជាពលរដ្ឋ និងគំរាមលែងឱ្យពលរដ្ឋអាស្រ័យផលលើដីនេះទៀត ។

«គោលបំណងអស់ខ្ញុំគ្រាន់តែបន់ស្រន់ឱ្យម្ចាស់ទឹកម្ចាស់ដីព្រៃព្រឹក្សាជួយដើម្បីឱ្យអស់ខ្ញុំទាមទារយកដីសហគមន៍អស់ពួកខ្ញុំដែលក្រុមហ៊ុនបំពានតាំងពីដើម២០១២រហូតមកដល់ពេលក្រុមហ៊ុនក្ស័យធុនអស់ខ្ញុំនាំគ្នាធ្វើទៅធម្មតា ​។ដល់ថ្ងៃទី១៥ខែ១២-២០២៣ នាក់ដែលថាជាតំណាងក្រុមហ៊ុននោះគេមកមិនឱ្យអស់ខ្ញុំអាស្រ័យផលនៅទីនោះ  គេឱ្យដកដំឡូងចេញ បើថាដកមិនទានគេភ្ជួរចោល»។

លោក​ សុផាន​ អំពាវនាវដល់ថ្នាក់ដឹកនាំ ពិសេសសម្តេច ហ៊ុន មាណែត ជួយផ្តល់ដំណោះស្រាយឱ្យប្រជាពលរដ្ឋទទួលបានដីសហគមន៍ត្រឡប់មកវិញទុកគ្រាន់អាស្រ័យផលចិញ្ចឹមជីវិត។

ឆ្លើយនិងសំណួរអ្នកសារពត៌មានកាលពីពេលថ្មីៗនេះ ដែលថាក្រុមហ៊ុនបានធ្វើការប៉ះពាល់លើដីបងប្អូនប្រជាពលរដ្ឋជនជាតិភាគតិចចំនួន៦០ហិកតានោះ លោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ  ថា ដីជាង៦០ហិកតានោះគឺជាដីឯកជនរបស់រដ្ឋ ដែលបានចុះបញ្ជីជួលឱ្យក្រុមហ៊ុន រួយ ហ្វេង រួចហើយ  ក្នុងអំឡុងនៃវិបត្តិនៃជំងឺកូវីដ១៩ ក្រុមហ៊ុនទាំងនោះបានផ្អាកសហកម្មភាពដាំដុះដំណាំជាបណ្តោះអាសន្ន ជាហេតុធ្វើឱ្យដីទំនេរបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន បានចូលអាស្រ័យផលដាំដំណាំផ្សេងៗ ប៉ុន្តែដោយការយោគយល់របស់អាជ្ញាធរខេត្តព្រះវិហារ គឺបានឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើកិច្ចសន្យា ពេលដែលប្រមូលផលរួចត្រូវបញ្ឈប់ការដាំដុះលើដីវិនិយោគនេះតទៅទៀត តែពីមួយរដូវទៅមួយរដូវ ពីមួយឆ្នាំទៅមួយឆ្នាំ បងប្អូនប្រជាពលរដ្ឋនៅតែបន្តដាំដំណាំលើដីនេះដដែល។លោកសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវគោរពច្បាប់  ដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍតទៅទៀត។

លោក ស៊ឹង សែនករុណា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងជាអ្នកនាំពាក្យនៃសមាគម អាដហុក មានប្រសាសន៍ថា ការបន់ស្រន់គឺជាសិទ្ទិសេរីភាពផ្នែកជំនឿរបស់ពលរដ្ឋ តែរូបភាពដែលពលរដ្ឋជនជាតិដើមភាគតិច ធ្វើនេះហាក់បង្ហាញពីក្តីទុកកង្វល់របស់ពួកគាត់ដែលកំពុងទទួលរងពីការអភិវឌ្ឍន៍ ការអភិវឌ្ឍន៍ គឺធ្វើដើម្បីឱ្យប្រទេសជាតិរីកចំរើន តែការអភិវឌ្ឍន៍គួរតែអាចឱ្យប្រជាពលរដ្ឋក្នុងតំបន់អាចរស់បានផង ការអភិវឌ្ឍន៍មិនគួរធ្វើឱ្យពលរដ្ឋក្នុងតំបន់រងទុកទេ ពិសេសជនជាតិដើមភាគតិច ដែលគាត់ក្សត់ខ្សោយចំណេះដឹង អាជ្ញារធររដ្ឋគួរតែគាំពារ និងជួយថែរក្សាផលប្រយោជន៍ដល់ពួកគាត់។

«ការដែលមកអភិវឌ្ឍន៍ ឬមកទទួលគម្រោងពីរដ្ឋាភិបាល គួរតែឱ្យពលរដ្ឋដែលគាត់រស់នៅតំបន់ហ្នឹងគាត់រស់បានផង កុំឱ្យមានការប្រើប្រាស់នៅសិទ្ធិអំណាចហួសហេតុពេកទៅបំពានទៅលើប្រជាពលរដ្ឋគ្រាន់តែដំណាំដែលគាត់បង្កបង្កើនផលហើយ គ្រាន់តែទុកឱ្យគាត់ប្រមូលផលមិនបាន។ហើយបញ្ហាហ្នឹងពាក់ព័ន្ធនិងវិវាទហ្នឹងទៀតសោតយើងឃើញហើយពលរដ្ឋដែលជាអ្នកក្សត់ខ្សោយចំណេះដឹងជាពិសេសជនជាតិដើមភាគតិចអីទៅទៀតនេះគួរតែអាជ្ញារធររដ្ឋគឺជាអ្នកជួយជ្រោមជ្រែងគាត់ ជួយការពារនូវសិទ្ធិ និងផលប្រយោជន៍របស់ពួកគាត់»។

មាត្រា២៥  នៃច្បាប់ស្តីពីអចលនវត្ថុរបស់សហគមន៍ជនជាតិដើមភាគតិច បានចែងថា«ដីសហគមន៍ជនជាតិដើមភាគតិ គឺជាដីទាំងអស់ដែលសហគមន៍ បានរៀបចំនិវេសនដ្ឋាន និងប្រកបរបរ កសិកម្មប្រពៃណី។ ដីសហគមន៍ជនជាតិដើមភាគតិច មិនមែនមានតែដីដែលដាំដុះ ជាក់ស្តែងនោះទេ ប៉ុន្តែមានដីបម្រុងចាំបាច់ក្នុងការដូរវេណដំណាំថែមទៀត ដែលតម្រូវទៅតាមរបៀបទាញយកផល ដែលធ្លាប់ធ្វើកន្លងមកហើយ ត្រូវបានទទួលស្គាល់ដោយអាជ្ញាធររដ្ឋបាល។  ការវាស់វែង ការកំណត់ព្រំប្រទល់អចលនវត្ថុរបស់សហគមន៍ទាំងនោះ  ត្រូវកំណត់ទៅតាមស្ថានភាពជាក់ស្តែងដូចដែលបានអះអាងដោយសហគមន៍ ដោយមានការព្រមព្រាងពីអ្នកជិតខាង និងដែលបានកំណត់តាមនីតិវិធីក្នុងមាតិកាទី ៦ នៃច្បាប់នេះ និងអនុក្រឹត្យពាក់ព័ន្ធ»។

សូមជម្រាបថា​ នៅខេត្តព្រះវិហារក្រុមហ៊ុនចិនចំនួន៥ ដែលបានចុះកិច្ចសន្យាជួលដីរដ្ឋនិងបានចុះបញ្ជីរួចធ្វើការវិនិយោគ​ដាំដំណាំអំពៅ និងដំណាំកសិឧស្សាហកម្មផ្សេងៗ លើកិច្ចសន្យារយះពេល៥០ឆ្នាំ លើផ្ទៃដីដែលបានចុះបញ្ជីរួចចំនួន២០១៧៨.៧២ហិកតា។ នេះបើតាមលោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ៕

អត្ថបទ៖ អ៊ុក ដែន 

Share

Image Not Found
Image

ព័ត៌មានទាក់ទង