loader

ឆ្នាំថ្មី កម្ពុជាប្ដេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខណៈពិន្ទុពុករលួយកម្ពុជាឆ្នាំចាស់កាន់តែអាក្រក់

ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលនឹងជិតឈានចូលមដល់សម្ដេច ហ៊ុន សែន បានធ្វើការប្ដេជ្ញា ថា ឆ្នាំនេះសម្ដេចនឹងដឹកនាំកម្ពុជាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ។ ការណ៍នេះ ធ្វើឡើងក្រោយពេលមានការបង្ហាញថា អំពើពុករលួយនៅកម្ពុជា កាន់តែអាក្រក់ទៅៗ ។

រាយការណ៍ដោយលោក សោម លាភ

 

ពិន្ទុនៃអំពើពុករលួយនៅកម្ពុជា ដែលស្ថិតក្រោមរបបនៃការដឹកនាំប្រទេសតាមបែបអត្តាធិបតេយ្យ ឬរបបនៃការដឹកនាំតាមបែបសែស្រឡាយនិយម កាន់តែមានស្ថានភាពអាក្រក់ទៅៗ ។

បើតាមរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជា ចុះនៅថ្ងៃទី ២៩ មករា ឆ្នាំ ២០១៩ កន្លងទៅ គឺពិន្ទុអំពើពុករលួយនៅកម្ពុជាធ្លាក់មួយពិន្ទុ បើធៀបទៅនឹងឆ្នាំមុន ។

យ៉ាងណាមិញ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តថា នឹងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមរយៈសារជូនប្រជាជាតិកម្ពុជាសម្រាប់បុណ្យចូលឆ្នាំថ្មី ។ ក្នុងសារដែលចុះនៅថ្ងៃទី ៨ មេសា បញ្ជាក់ទៀតផងដែរថា រាជរដ្ឋាភិបាលនឹងធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីជំរុញការអភិវឌ្ឍជាតិ ។

ប្រភពដដែលបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺនឹងប្រឹងប្រែងពុះពារជម្នះគ្រប់ឧបសគ្គរក្សាឱ្យបាននូវសុខសន្តិភាព ធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីជំរុញការអភិវឌ្ឍ ។ ជាងនេះ ក៏នឹងកសាងជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ។

មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា ក៏ប្ដេជ្ញាចិត្តក្នុងការការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងមូលសម្រេចបាននាពេលកន្លងទៅ ។

យ៉ាងណា សម្ដេច នាយករដ្ឋមន្ត្រី ក៏បានប្រកាសបន្តធ្វើកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ឱ្យខានតែបានផងដែរ ។

ជាងនេះ ក៏បន្ថែមការពង្រឹងអភិបាលកិច្ចល្អ តាមរយៈការពង្រឹងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដើម្បីការអភិវឌ្ឍធនធានមនុស្ស ការកែលម្អប្រព័ន្ធអប់រំឲ្យកាន់តែមានគុណភាពខ្ពស់ជាដើម ។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាលបញ្ជាក់ថា ក៏នឹងលើកកម្ពស់ប្រព័ន្ធការពារសង្គម ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កើនប្រភពថាមពលអគ្គិសនី អភិវឌ្ឍវិស័យផ្សេងៗទៀត ។

សម្ដេច ហ៊ុន សែន តែងតែបំផុសឱ្យសាធារណៈជនឃើញថា កម្ពុជាជាប្រទេសប្រទេសមានសន្តិសុខ និងសន្តិភាព  រួមទាំងការរក្សាបាននូវសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនក្នុងរង្វង់ ៧%។

រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាជាង ៣០ ឆ្នាំមកនេះ ក៏បានរៀបចំបង្កើនបៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធពីមួយឆ្នាំទៅមួយឆ្នាំ ។

សម្ដេច នាយករដ្ឋមន្ត្រីកម្ពុជា ក៏មិនដែលភ្លេចដែរ អំពីការបង្ហាញនូវសមិទ្ធិផលទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ មានដូចជាស្ពាន ថ្នល់ជាដើម ដែលភាគច្រើនបានមកពីជំនួយ ឬកម្ចីពីបរទេស ។

ក្នុងលិខិតនោះបញ្ជាក់បន្ថែមទៀតថា  រាជរដ្ឋាភិបាលបាន និងកំពុងជួយ ពលករកម្ពុជាដែលធ្វើការ នៅបរទេសមានប្រមាណជាង ១.២លាននាក់ មានជាអាទិ៍ ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ប្រទេសម៉ាឡេស៊ី ជប៉ុន សិង្ហបុរី និងហុងកុង ក្នុងការធានានូវផលប្រយោជន៍ស្របច្បាប់ និងមុខជំនាញ បច្ចេកទេសផ្សេងៗ  ។

គួររំលឹកថា បើតាមសេចក្ដីថ្លែងការណ៍របស់អង្គការតម្លាភាពកម្ពុជាកន្លងមកបញ្ជាក់ថា កម្ពុជានៅឆ្នាំ ២០១៨នេះទទួលបានពិន្ទុលេខ ២០ ជាពិន្ទុឈរនៅក្នុងចំណោមប្រទេសដែលប្រកាន់របបអត្តាធិបតេយ្យដែលជារបបមានប្រព័ន្ធដឹកនាំបែបគ្រួសារនិយម ហើយថ្នាក់ដឹកនាំចាត់ទុកខ្លួនឯងជាអាទិទេពលើប្រជាពលរដ្ឋ ។ យ៉ាងណា ពិន្ទុនេះបង្ហាញឱ្យឃើញថា  កម្ពុជាបានឈានទៅរកភាពកាន់តែអាក្រក់នៃអំពើពុករលួយថែមមួយលេខទៀត ខណៈកាលពីឆ្នាំ២០១៧ កម្ពុជាទទួលបានពិន្ទុនេះចំនួន២១ ។

ផ្អែកតាមរបាយការណ៍នេះ ការត្រួតពិនិត្យ និងការធានាតុល្យភាពអំណាចដើម្បីប្រឆាំងអំពើពុករលួយក៏មិនសូវអំណោយផលនោះទេ ខណៈយន្តការធានាគណនេយ្យភាពផ្នែកនយោបាយត្រូវបានចុះទន់ខ្សោយក្រោយការរំលាយបក្សប្រឆាំង ។

យ៉ាងណា អង្គការតម្លាភាពកម្ពុជា អំពាវនាវឱ្យមានការពន្លឿនការអនុវត្តសកម្មភាពកំណែទម្រង់ជាប្រព័ន្ធដែលជាចំណុចអាទិភាព។ តាមអង្គការនេះចំណុចអាទិភាព រួមមានការធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ  ពិសេសទាក់ទងការប្រកាសទ្រព្យសម្បត្តិ, ការពង្រឹងស្ថាប័នដែលទទួលខុសត្រូវក្នុងលើកកម្ពស់នីតិរដ្ឋ, ការគាំទ្រអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ, ការធានាឱ្យបាននូវគណនេយ្យភាពសង្គម ការធានាតុល្យភាពអំណាចរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រោះនេះបញ្ហាចម្បងដែលត្រូវដោះស្រាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ  ៕

អត្តបទដោយ៖ សោម លាភ

ព័ត៌មានទាក់ទង

វត្ថុបុរាណកម្ពុជាចំនួន១៥ គ្រោងតាំងបង្ហាញនៅពិព័រណ៍ក្រុងប៉េកាំង

គេហទំព័រសារព័ត៌មានចិនមានឈ្មោះ ​​china.org.cn [...]

សហភាពសហជីពកម្ពុជាចង់ឃើញមានការលើកលែងទោសលោកសមរង្ស៊ីនិងលោកកឹមសុខាក្នុងឱកាសឆ្នាំថ្មី

លោករ៉ុងឈុន ប្រធានសហភាពសហជីពកម្ពុជា តាងនាមឱ្យស[...]

សង្គមស៊ីវិល ក្រុមហ៊ុន និង ស្ថាប័នរដ្ឋ ធ្វើយុទ្ធនាការអំពីការគោរពច្បាប់ចរាចរណ៍មុនចូលឆ្នាំមកដល់

ពលរដ្ឋថាយុទ្ធនាការសុវត្ថិភាពចរាចរណ៍មុនចូលឆ្នា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត