ច្រកព្រំដែនរវាងតំបន់ហ្គាហ្សានិងអេហ្ស៊ីប បានបើកអនុញ្ញាតឱ្យជនភៀសខ្លួនធ្វើដំណើរឆ្លងកាត់ជាលើកដំបូងក្រោយបិទអស់រយៈពេលជិតបួនសប្តាហ៍។ ការបើកដំណើការនេះ នៅពេលដែល កងកម្លាំងអ៊ីស្រាអែលកំពុងបើកការវាយប្រហារឡោមព័ទ្ធក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា ដែលបណ្តាលឱ្យប្រជាជនជាច្រើនមានការព្រួយបារម្ភថានេះជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
(កញ្ញា កែវ សុជាតា រាយការណ៍)
មន្រ្តីអេហ្ស៊ីបរាយការណ៍ឱ្យដឹងថា ច្រកព្រំដែន Rafah រវាងតំបន់ហ្គាហ្សានិងអេហ្ស៊ីបបានបើកអនុញ្ញាតឱ្យជនភៀសខ្លួនធ្វើដំណើរឆ្លងកាត់ជាលើកដំបូងកាលពីថ្ងៃកាលពីថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយបិទអស់រយៈពេលជិតបួនសប្តាហ៍ បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារក្រុមហាម៉ាស់។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
មន្ត្រីអេហ្ស៊ីបបញ្ជាក់ថា ការបើកច្រកព្រំដែននេះធ្វើឡើងដោយកំណត់ចំនួនមនុស្សឆ្លងកាត់ ពិសេសពុំទាន់ដឹងច្បាស់ថាតើព្រំដែននេះនឹងបើកបានយូរប៉ុណ្ណាឡើយ។ ក៏ប៉ុន្តែ មន្រ្តីរូបនេះអះអាងថា ច្រកព្រំដែនរវាងប្រទេសទាំងពីរបានបើកអស់រយៈពេលជាង១០ថ្ងៃរួចមកហើយ ក្នុងគោលបំណងអនុញ្ញាតឱ្យឡានដឹកជំនួយមនុស្សធម៌ធ្វើដំណើរឆ្លងចូលទៅក្នុងតំបន់ហ្គាហ្សា។
គួរបញ្ជាក់ដែរថា មកទល់នឹងពេលនេះ រថយន្តដឹកជញ្ជូនជំនួយមនុស្សធម៌មានជាង២០០គ្រឿងបានបើកឆ្លងកាត់ព្រំដែន ក៏ប៉ុន្តែប្រជាជននៅតំបន់ហ្គាហ្សានៅតែត្រូវការជំនួយមនុស្សធម៌ច្រើនជាងនេះបន្តទៅទៀត ដើម្បីផ្គត់ផ្គង់នូវតម្រូវការចាំបាច់របស់ពួកគេ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា។
ក្នុងហេតុការណ៍នឡេះ ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ដែលរងរបួសធ្ងន់ធ្ងរត្រូវដឹកតាមរថយន្តសង្គ្រោះបន្ទាន់ដើម្បីឆ្លងទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៃប្រទេសអេហ្ស៊ីប។ ចំណែកអ្នកកាន់លិខិតឆ្លងដែនបរទេសរាប់រយនាក់បានឆ្លងទៅព្រំដែនម្ខាងទៀតផងដែរ។ មន្រ្តីអេហ្ស៊ីបនិយាយថា ខ្លួនអនុញ្ញាតឱ្យអ្នករបួសជាង ៨០ នាក់ និងជនបរទេសជាង ៥០០នាក់ធ្វើដំណើរតាមច្រកព្រំដែន Rafah។
ដោយឡែក យោធាអ៊ីស្រាអែលគូសបង្ហាញថា ខ្លួនកំពុងបើកការឡោមព័ទ្ធតំបន់ហ្គាហ្សាដើម្បីវាយប្រហារទីតាំងទីស្នាក់ការរបស់ក្រុមហាម៉ាស។
សូមជម្រាបថា ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាឱ្យដឹងថា មនុស្សជាង៩ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ខណៈក្រុមហាម៉ាស់បានសម្លាប់ប្រជាជនដែលរស់នៅក្នុងអ៊ីស្រាអែលជាង ១,៤០០នាក់កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕
ប្រភព៖ BBC ចុះថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣