en     km
en     km

អ្នកជំនាញ៖ ច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះមានជាធរមានហើយ តែការអនុវត្តនៅតែជាបញ្ហា

Share

 

បន្ទាប់ពីករណីអតីតឧកញ៉ាម្នាក់ប្រើប្រាស់អាវុធឆក់យកជីវិតមនុស្សពីររូបដោយខុសច្បាប់ស្ដីពីការប្រើប្រាស់និងគ្រប់គ្រងអាវុធនៅកម្ពុជាក្លាយជាចម្ងល់សម្រាប់សាធារណជន។ នៅក្នុងនោះ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមលើកឡើងថា ច្បាប់ដាក់បន្ទុកចំពោះជនល្មើសស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះមានជាធរមានហើយ តែការអនុវត្តនៅតែជាបញ្ហា។

(កញ្ញា កែវ​ សុជាតា រាយការណ៍)

 

សំឡេងប្រជាពលរដ្ឋ

នេះគឺជាការលើកឡើងរបស់ពលរដ្ឋខ្មែរដែលមានទាំងយុវជន យុវនារី និងចាស់ព្រឹទ្ធាចារ្យដែលមើលឃើញពីភាពអន្តិសុខនៃការប្រើប្រាស់អាវុធខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ការប្រព្រឹត្តអំពើល្មើសនឹងច្បាប់ដែលបានដាក់ឱ្យប្រើប្រាស់ ភាពចន្លោះប្រហោងនៃការអនុវត្តច្បាប់និងចាត់វិធានការទៅលើជនបង្ក និងការជួញដូរអាវុធខុសច្បាប់នៅលើទីផ្សារជាដើម។ ការលើកឡើងទាំងនេះ ក៏ផ្សាភ្ជាប់ជាមួយនឹងក្តីបារម្ភអំពីសុខសុវត្ថិភាពរបស់ខ្លួននៅតាមទីសាធារណៈ ក៏ដូចជានៅក្នុងសង្គមជាក់ស្តែង។

នៅក្នុងកម្មវិធីមាតិកាស្រ្តីប្រចាំខែក្រោមប្រធានបទការគ្រប់គ្រងអាវុធជាតិផ្ទុះដែលធ្វើឡើងដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាកាលពីថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះនៃក្រសួងមហាផ្ទៃឱ្យដឹងថា ការប្រើប្រាស់អាវុធមានវត្ថុបំណងបីធំៗ គឺទី១ការផ្តល់សិទ្ធិឱ្យកងកម្លាំងនគរបាលជាតិដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ  ទី២គឺសម្រាប់មន្រ្តីរាជការស៊ីវិល និងទី៣ផ្តល់សិទ្ធិឱ្យកងកម្លាំងជាទាហានអាចប្រើប្រាស់អាវុធបានក្រោមក្រមខណ្ឌការពារបូរណៈភាពទឹកដីរបស់ប្រទេស។ ​

រូបភាពអាវុធជាតិផ្ទុះ (រូបតំណាង)

 

ចំណែកលោកវរៈសេនីយ៍ឯក ទូច ប៉ូគីន នាយការិយាល័យគ្រប់គ្រងអាវុធនៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃបានលើកឡើងថា នៅក្នុងប្រទេសកម្ពុជាមានច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវដែល ដែលអាចដាក់ទោសលើជនណាដែលប្រព្រឹត្តបទល្មើសបង្កភាពអនាធិបតេយ្យភាព និងភាពចលាចលនៅក្នុងសង្គមជាតិ។ ដើម្បីបញ្ឈប់នូវបញ្ហាទាំងនេះ លោកយល់ថា ការប្រើប្រាស់អាវុធគួរមានដែនកំណត់ឱ្យជាក់លាក់ ពោលប្រសិនជាជនណាដែលមានអាវុធខុសច្បាប់គួរគប្បីបញ្ចូលឱ្យមកខាងកងកម្លាំងសមត្ថកិច្ចដើម្បីរក្សាទុក ឬចាត់វិធានការជាបន្ទាន់។

«ជាក់ស្តែងដូចជាថ្មីៗនេះ មានករណីអតីតជាឧកញ៉ាម្នាក់ គាត់បានបាញ់ប្រហារទៅលើប្រជាពលរដ្ឋ។ អ៊‌ីចឹងច្បាប់ត្រូវបានចាប់ជននោះ​​​មកដាក់ទោសទណ្ឌ។ អ៊‌ីចឹងអ្វីដែលជាសំណូមពររបស់ខ្ញុំ ប្រជាពលរដ្ឋដែលប្រើប្រាស់អាវុធខុសច្បាប់គួរតែបញ្ឈប់​ ហើយប្រគល់ឱ្យសមត្ថកិច្ច។»។

លោក ប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកឃ្លាំមើលការអភិវឌ្ឍ​​​សង្គមមួយរូបសង្កេតឃើញថា ស្ថានភាពនៃការគ្រប់គ្រងនិងការប្រើប្រាស់អាវុធនៅកម្ពុជានៅមានអនាធិបតេយ្យនៅឡើយក្រោយពីប្រទេសកម្ពុជាឆ្លងផុតពីរបបប្រល័យពូជសាសន៍ ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងប្រមូលអាវុធពីពលរដ្ឋដែលមិនមានដែនសមត្ថកិច្ចទៅប្រើប្រាស់ គួបផ្សំនឹងការចូលរួមពីពលរដ្ឋខ្មែរដែលគិតគូរពីសន្តិសុខនិងហានិភ័យនៃការប្រើប្រាស់អាវុធដោយមិនមានដែនកំណត់ច្បាស់លាស់។ ជាងនេះសម្រាប់រូបលោកយល់ថា នាពេលបច្ចុប្បន្នការប្រព្រឹត្តអំពើបាញ់បោះបង្កជាភាពអសន្តិសុខនៅក្នុងសង្គមកើតចេញផ្ទាល់ពីមនុស្សដែលមានឋានន្តរស័កឬមុខមាត់នៅក្នុងសហគមន៍។

លោក ប៉ា ចាន់រឿន៖«ទោះជាយ៉ាងណា កន្លងមកយើងក៏ឃើញមាននូវព្រឹត្តិការណ៍មួយចំនួននៅក្នុងសង្គម ជាពិសេសគឺការបាញ់បោះ ការប្រើប្រាស់អាវុធបែបអនាធិបតេយ្យដែលតាមការសង្កេតរបស់ខ្ញុំជារួមគឺអ្នកដែលប្រព្រឹត្តបទល្មើសទាំងអស់នោះភាគច្រើនមិនមែនជាប្រជាពលរដ្ឋធម្មតាទេ។ ភាគច្រើនមានសមត្ថកិច្ចខ្លះដែលគាត់បំពានសិទ្ធិ​របស់គាត់ដូចបងតំណាងអញ្ជើញមកពីក្រសួងមហាផ្ទៃបានលើកឡើង​ ហើយក៏មានអ្នកមានទ្រព្យមួយចំនួន ក៏ជាជនល្មើសដែលប្រើប្រាស់អាវុធមិនបានត្រឹមត្រូវ និងមួយចំនួនទៀតជាឧក្រិដ្ឋជនដែលបានប្រព្រឹត្តអំពើបាញ់ប្រហារឆក់ប្លន់នៅក្នុងសង្គម។»។

លោក ប៉ា ចាន់រឿន

 

អ្នកឃ្លាំមើលការអភិវឌ្ឍ​​​សង្គមមួយរូបនេះបញ្ជាក់ដែរថា ច្បាប់នៅក្នុងប្រទេសកម្ពុជាមានរួចជាស្រេចសម្រាប់ដាក់ទោសជនល្មើសដែលប្រើប្រាស់អាវុធដើម្បីគំរាមកំហែងអាយុជីវិតសាធារណៈក៏ពិតមែន តែការអនុវត្តច្បាប់គ្រប់គ្រងការប្រើប្រាស់អាវុធជាតិផ្ទុះនិងគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ និងកំណត់ដែនសមត្ថកិច្ចនៃការប្រើប្រាស់​ឱ្យបានត្រឹមត្រូវ បើទោះជាពួកគាត់មានតួនាទីនៅក្នុងសង្គមក្តី។

«បាទ! ប៉ុន្តែអ្វីដែលខ្ញុំខ្លួនឯងផ្ទាល់ជាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម ហើយក៏បានចុះជួប​​​ប្រជាពលរដ្ឋជាច្រើនដែលតឹកតាងជាក់ស្តែងគឺបទសម្ភាសជាមួយនឹងខ្មែរសាធារណជនយើងដែលបានលើកឡើង​ហ្នឹង ខ្ញុំឯកភាពជាមួយនឹងប្រជាពលរដ្ឋយើងមួយចំនួន​​ដែលបានបង្ហាញថា ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះនិងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់យើងនៅមានកម្រិតនៅឡើយ ដែលទាមទារ​ឱ្យមានការយកចិត្តទុកដាក់បន្ថែម។ ជាពិសេសគឺពិនិត្យមើលអំពីចំណុចខ្វះខាត ទើបយើងអាចបង្កើននូវប្រសិទ្ធភាពនៅក្នុងការអនុវត្តច្បាប់និងគោលនយោបាយនោះឱ្យកាន់តែមានប្រសិទ្ធភាព។»។

ការប្រើប្រាស់អាវុធមានពីរសន្ធាន គឺការផ្តល់សិទ្ធិទៅកងកម្លាំងសមត្ថកិច្ច កងយុទ្ធពលខេមរភូមិន្ទ និងមន្រ្តីរាជការមួយចំនួនដែលមានកាតព្វកិច្ចបេសសកម្មនៅអំឡុងពេលបំពេញការងារ។ នេះបើតាមការលើកឡើងរបស់លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីកាដូ។ លោកបញ្ជាក់ដែរថា ការប្រើប្រាស់អាវុធទាំងនេះ តម្រូវឱ្យដាក់ស្នើទៅថ្នាក់លើសម្រាប់សុំសិទ្ធិនិងដែនសមត្ថកិច្ចប្រើប្រាស់ ហើយគ្រាប់កាំភ្លើងទៀតសោតក៏មានចំនួនកំណត់ក្នុងការផ្តល់ជូនទៅកាន់អ្នកយកទៅបំពេញបេសសកម្មដូចគ្នា។ ​បើទោះបីពួកគេមានសិទ្ធិគ្រប់គ្រងអាវុធក៏ដោយ តែដែននៃការប្រើប្រាស់មានកម្រិត ដ្បិតមិនមានថាមានអាវុធហើយអាចចេញធ្វើប្រព្រឹត្តតាមតែចិត្តចង់នោះទេ។

លោក អំ សំអាត 

 

​បន្ទាប់ពីករណីអតីតឧកញ៉ាម្នាក់ប្រើប្រាស់អាវុធឆក់យកជីវិតមនុស្សពីររូបដោយខុសច្បាប់ស្ដីពីការប្រើប្រាស់និងគ្រប់គ្រងអាវុធនៅកម្ពុជាក្លាយជាចម្ងល់សម្រាប់សាធារណជន។ ក្នុងនោះអ្នកលែងបណ្ដាញសង្គមមួយចំនួនបានចោទជាសំណួរថា តើឧកញ៉ាម្នាក់នេះ មានសិទ្ធិប្រើកាំភ្លើងស្របច្បាប់ឬយ៉ាងណា? ចំណែកខ្លះទៀត បានដាក់ជាចម្ងល់ថា បើការប្រើកាំភ្លើងនេះមិនស្របច្បាប់ តើគេបានកាំភ្លើងនេះមកពីណា?

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង