en     km
en     km

ចិន៖ ឆ្មាមួយពាន់ក្បាលត្រូវបានជួយសង្គ្រោះអំឡុងពេលឈ្មួញយកទៅលក់

Share

មន្រ្តីប៉ូលីសចិនបានបង្រ្កាបឡានដឹកសត្វខុសច្បាប់មួយគ្រឿង ដែលផ្ទុកទៅដោយសត្វឆ្មាប្រហែលជា ១,០០០ក្បាល។ មន្ត្រីមកពីខេត្ត Jiangsu ភាគខាងកើតនៃប្រទេសចិនបាននិយាយថា ឡានដឹកជញ្ជូនមួយគ្រឿងនេះ ទំនងជាដឹកសត្វឆ្មាទៅលក់នៅទិសខាងត្បូងនៃប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។

មន្រ្តីប៉ូលីសចិនបាននិយាយថា ជនបង្កមានបំណងជួញដូរសត្វឆ្មាខុសច្បាប់ដែលអាចជាការលក់សាច់ឱ្យឈ្មួញម្ខាងទៀតយកទៅធ្វើជាសាច់ជំនួសឱ្យសាច់ជ្រូក ឬសាច់ចៀម។ មន្រ្តីរូបនេះបានសម្តែងក្តីព្រួយបារម្ភជុំវិញសន្តិសុខសុវត្ថិភាពអាហារនៅក្នុងប្រទេសចិន។

ជុំវិញករណីនេះទៀតសោត មន្រ្តីប៉ូលីសចិនមិនបានបកស្រាយអំពីប្រភពនៃជនបង្កឬការចាប់ខ្លួនណាមួយ ដែលត្រូវធ្វើឡើងបន្ទាប់ពីមានភស្តុតាងគ្រប់គ្រាន់នៅឡើយទេ។ ជាងនេះទៀត មន្រ្តីប៉ូលីសក៏មិនបានបើកបង្ហាញពីប្រភពនៃសត្វឆ្មាទាំងមួយពាន់ក្បាលនេះ ថាតើពួកវាជាឆ្មាវង្វេង ឬជាឆ្មាចិញ្ចឹម។ សារព័ត៌មាន CNN បានព្យាយាមទាក់ទងទៅប៉ូលីសខេត្ត Jiangsu និងបណ្តាជម្រកសត្វនានានៅក្នុងប្រទេសចិន ដើម្បីធ្វើការអត្ថាធិប្បាយបន្ថែម ក៏ប៉ុន្តែពុំទាន់ទទួលបានទិន្នន័យសមស្របនៅឡើយទេ។

យ៉ាងណាមិញ សកម្មជន​ម្នាក់​បានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្នុងសត្វឆ្មាមួយក្បាលអាចលក់បានក្នុងតម្លៃប្រហែលជា ២០ដុល្លារអាមេរិកទៅតាមទម្ងន់ជាក់ស្តែងរបស់សត្វឆ្មាទាំងនេះ។ សកម្មជនម្នាក់ផ្សេងទៀតបញ្ជាក់ថា ករណីជួញដូរសត្វឆ្មាខុសច្បាប់នេះពុំមែនកើតឡើងជាលើកទីមួយនោះទេ។

គួរបញ្ជាក់ដែរថា របាយការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភជាថ្មីអំពីសិទ្ធិសត្វ និងសុវត្ថិភាពចំណីអាហារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិន ដោយមានមនុស្សជាច្រើនបានអំពាវនាវឱ្យមានការត្រួតពិនិត្យកាន់តែខ្លាំងពីសំណាក់អាជ្ញាធរ៕

ប្រភព៖ CNN ចុះថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣

Share

Image Not Found
Image

ព័ត៌មានទាក់ទង