ភ្នំពេញ៖ រាជរដ្ឋាភិបាលទើបតែបានសម្រេចផ្តាច់កុងត្រាវិនិយោគព្រលានយន្តហោះខេត្តសៀមរាបពីក្រុមហ៊ុនបារាំង ហើយដំណាលគ្នានោះ រាជរដ្ឋាភិបាលបានផ្តល់ការវិនិយោគលើព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាបដដែលដល់ក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិន។ ក្នុងពេលនេះរដ្ឋាភិបាលនិងក្រុមហ៊ុនវិនិយោគព្រលានយន្តហោះរបស់បារាំងកំពុងចរចាអំពីសកម្ពុជាគ្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីមួយនៅខេត្តសៀមរាបដែលជាផ្នែកនៃការវិនិយោគដោយក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិនដើម្បីជំនួសក្រុមហ៊ុនបារាំងដែលកំពុងដំណើរការក្នុងព្រលានយន្តហោះបច្ចុប្បន្ន។
ព្រលានយន្តហោះអន្តរជាតិថ្មីនេះវិនិយោគដោយក្រុមហ៊ុន Yunnan Investment Holdings Ltd ក្នុងទំហំទឹកប្រាក់ជិត៩០០លានដុល្លារអាមេរិកនិងស្ថិតនៅក្នុងស្រុកសូរនិគម ចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីព្រលានយន្តហោះក្រុងសៀមរាបបច្ចុប្បន្ន។ខណៈដែលព្រលានយន្តហោះអន្តរជាតិក្រុងសៀមរាបបច្ចុប្បន្នដែលកំពុងវិនិយោគដោយក្រុមហ៊ុនសម្បទានព្រលានយន្តហោះ (SCA) របស់បារាំងស្ថិតនៅកៀកនឹងទីប្រជុំជននិងទីប្រជុំប្រាសាទបុរាណ។
ការសាងសង់ព្រលានយន្តហោះថ្មីក៏ជាផ្នែកមួយនៃគោលដៅចៀសវាងផលប៉ះពាល់ដល់ប្រាង្គបា្រសាទអង្គរវត្តនិងប្រាសាទបាយន្តផងដែរ និងដើម្បីពង្រីកសមត្ថភាពចុះចតរបស់យន្តហោះធំៗជាងមុន។
លោក តឹក រ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីមានប្រសាសន៍ថាកម្ពុជានឹងប្រគល់ព្រលានយន្តហោះថ្មីមួយនៅខេត្តសៀមរាបឱ្យក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិន ខណៈដំណើរការព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបសព្វថ្ងៃមានលក្ខណៈតូចចង្អៀត និងអាចធ្វើឱ្យប៉ះពាល់ដល់ប្រាង្គប្រាសាទអង្គរវត្តនិងប្រាសាទបាយន័។
កាលពីឆ្នាំ២០១០ អង្គការ UNESCO បានចេញរបាយការណ៍មួយដោយបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិក្រុងសៀមរាបបច្ចុប្បន្ន មានទីតាំងនៅកៀកនឹងបា្រសាទអង្គរវត្ត និង ប្រាសាទបាយ័នពេក។ របាយការណ៍ព្រមានថា ភាពញ័រដែលកើតចេញពីការចុះចតនិងការហោះឡើងរបស់យន្តហោះ នឹងធ្វើឲ្យខូចខាតដល់គ្រឺះប្រាសាទទាំងពីរ។
លោក តឹក រ៉េតសំរេច បញ្ជាក់ថារដ្ឋាភិបាលបានប្រគល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន Yunnan រួចហើយ។ «គេកំពុងតែសិក្សាហើយ ហើយការអនុញ្ញាតបានច្បាប់ហើយតែត្រូវការពេលសិក្សាវាយតម្លៃគម្រោង ដែលគ្រោងចំណាយទឹកប្រាក់ប្រហែល ៧០០លានដុល្លារ»។
ក្នុងពេលដែលរាជរដ្ឋាភិបាលផ្តល់សិទ្ធិវិនិយោគអាកាសយានដ្ឋានថ្មីឲ្យក្រុមហ៊ុនរដ្ឋមកពីខេត្តយន់ណាន រាជរដ្ឋាភិបាលត្រូវបញ្ចប់កុងត្រាវិនិយោគជាមួយក្រុមហ៊ុនបារាំង SCAមុនកាលកំណត់។ ក្រុមហ៊ុនវ៉ាំងស៊ីរបស់បារាំងបានសហការណ៍វិនិយោគលើព្រលានយន្តហោះនៅកម្ពុជាចាប់តាំងពី១៩៩៥ មកម្ល៉េះ សម្រាប់រយៈពេល ៤៥ឆ្នាំ។ ពោលគឺក្រុមហ៊ុននេះត្រូវដាច់កុងត្រានៅឆ្នាំ២០៤០។
ក្រុមហ៊ុន Yunnan Investment Holdings Ltd នឹងត្រូវចាប់ផ្តើមហេដ្ឋារចនាសម្ពន្ធ័សាងសង់ព្រលានយន្តខេត្តសៀមរាបថ្មីនៅឆ្នាំ២០២០។ ហើយនឹងត្រូវអនុវត្តន៍គម្រោងវិនិយោគថាមប្រពន្ធ័ (BOT) រយៈពេល៥៥ឆ្នាំ។ រដ្ឋាភិបាលបានប្រគល់ដីចំនួន៧០០ហិកតាដល់ក្រុមហ៊ុនមកពីប្រទេសចិននេះ
រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីលោក តឹក រ៉េតសំរេច មានប្រសាសន៍ថាក្រុមហ៊ុនចិន និងក្រុមហ៊ុនបារំាងកំពុងចចារគ្នា។
ដំណាលគ្នានេះអ្នកនំាពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោក ស៊ិន ចាន់សេរីវុត្ថា មានប្រសាសន៍ថា ការអនុវត្តន៍គម្រោងសាងសង់របស់ក្រុមហ៊ុនយន់ណានធ្វើឡើងបានលុះណាតែរដ្ឋាភិបាលត្រូវដោះស្រាយសំណងជូនក្រុមហ៊ុនSCA ជាមុនសិន។ «កុងត្រាខាងចិនវាអត់ទាន់អនុវត្តបានទេទាល់តែយើងដោះស្រាយនូវបញ្ហាសំណងនៅខាងភាគីបារំាងសិន កាលណាយើងដោះស្រាយបារំាងមិនទាន់ចប់រឿងអីយើងទៅធ្វើការវិនយោគការងារហ្នឹង យើងគឺធ្វើតាមដំណាក់កាលនីមួៗគឺដោះស្រាយជាមួយភាគីបារំាងសិន»។
យ៉ាងណាក៏ដោយលោក ស៊ិន ចាន់សេរីវុត្ថា ឲ្យដឹងថាការដោះស្រាយសំណងកំពុងតែដំណើរការ។
លោក ខែក នរិនដា នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ(SCA) មិនធ្វើសេចក្តីអត្ថាធិប្បាយចំៗពីការផ្តាច់កិច្ចសន្យាវិនិយោគអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបនោះទេ។ ប៉ុន្តែលោកទំនងជាបង្ហើបពីដំណើរការចរចាទាក់ទងនឹងការទូទាត់សំណង។
លោក ខែក នរិនដា បានឱ្យវិទ្យុស្រ្តីដឹងតាមរយៈសារអេទ្បិចត្រូនិចឬអ៊ីម៉ែលថា៖ «ដូចរាជរដ្ឋាភិបាលកម្ពុជាកំពុងស្វែងរកគម្រោងថ្មីសំរាប់ប្រពន្ធ័ព្រលានយន្តហោះក្នុងខេត្តសៀមរាប យើងបានជជែកជាមួយអាជ្ញាធរកម្ពុជាអំពីអនាគតរបស់ព្រលានយន្តហោះនោះ»។
លោក ខែក នរិនដា ឱ្យដឹងទៀតថាកិច្ចពិភាក្សានោះមានលក្ខណៈស្ថាបនា និងបង្ហាញពីការឈរជើងយ៉ាងយូររបស់ក្រុមហ៊ុនបារំាង ដែលមានរយៈពេលជាង២០ឆ្នាំមកហើយនិងលើកពីជោគជ័យក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា។ទោះបីជាយ៉ាងនេះក្តីលោកមិនទាន់អាចបញ្ជាក់ព័ត៌មានលំអិតស្តីពីកិច្ចពិភាក្សានោះបាននៅទ្បើយទេក្នុងពេលនេះ។
ដោយឡែកអ្នកនំាពាក្យស្ថានទូតចិនប្រចំានៅកម្ពុជា លោក Woang មានប្រសាសន៍ដោយមិនបញ្ជាក់ចំៗអំពីការទទួលបានសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនចិនYunnan Investment Holdings Ltd នោះទេ។
លោកគ្រាន់តែបញ្ជាក់ថា៖«ខ្ញុំគិតថាមានក្រុមហ៊ុនចិនមួយចំនួនបានទាក់ទងផ្ទាល់ជាមួយអាជ្ញាធរកម្ពុជា។ប៉ុន្តែពួកគេទទួលបានការអនុញ្ញាតិពីរាជរដ្ឋាភិបាលកម្ពុជាឬយ៉ាងណាខ្ញុំមិនប្រាកដនោះទេ ពីព្រោះយើងមិនទទួលបានព័ត៌មាននេះទេ»។
មន្ត្រីអ្នកនាំពាក្យស្ថានទូតចិនដដែលបន្ថែមថា៖«ជាផ្លូវការរដ្ឋាភិបាលចិនលើកទឹកចិត្តឲ្យក្រុមហ៊ុននានាដែលមានបទពិសោធន៍ល្អ មានលទ្ធភាពវិនិយោគក្នុងប្រទេសកម្ពុជា។ លោកបន្ថែមទៀតថាចិនស្វាគមន៍ វិស័យឯកជនក្នុងការចូលរួមវិភាគទានការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនៅក្នុងប្រទេសកម្ពុជា»។
បច្ចុប្បន្នប្រទេសកម្ពុជាមានព្រលានយន្តហោះអន្តរជាតិចំនួនបី រួមមាន ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រលានយន្តហោះអន្តរជាតិសៀមរាប និងព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ។ អាកាសយានដ្ឋានទាំងនេះស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុនបារំាងគឺក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA ដែលជាផ្នែកមួយនៃការបណ្តាក់ទុនរបស់ក្រុមហ៊ុនវ៉ាំងស៊ី និងក្រុមហ៊ុនMuhhibah មកពីប្រទេសម៉ាឡេស៊ី។
រដ្ឋាភិបាលទំនងជាត្រូវប្តូរទីតាំងព្រលានយន្តហោះក្រុងភ្នំពេញសព្វថ្ងៃចេញផងដែរ។ព្រលានយន្តហោះថ្មីអាចស្ថិតនៅចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ការសាងសង់ព្រលានយន្តហោះថ្មីនេះនឹងចាប់ផ្តើមនៅឆ្នាំ២០២០ និងសង់រួចរាល់ក្នុងរយៈពេលប្រាំឆ្នាំ៕
អត្ថបទ ជួន សារ៉េត