loader

ចិននិងអាមេរិកព្រមព្រៀងធ្វើការរួមគ្នាលើបញ្ហានានាដែលពុំមែនជាផលប្រយោជន៍រួម

មេដឹកនាំសហរដ្ឋអាមេរិក និងមេដឹកនាំប្រទេសចិន បានពិភាក្សាគ្នាតាមទូរស័ព្ទជាលើកទី២ នៅថ្ងៃព្រហស្បតិ៍ ហើយបានព្រមព្រៀងធ្វើការជាមួយគ្នា លើបញ្ហានានាដែលជាផលប្រយោជន៍រួមផង និងលើបញ្ហានានាដែលភាគីទាំងពីរមានផលប្រយោជន៍ខុសគ្នាផង ដើម្បីកុំឱ្យការប្រជែងគ្នាក្លាយជាជម្លោះ។

 

 

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃព្រហស្បតិ៍បានព្រមព្រៀងធ្វើការជាមួយគ្នាលើវិស័យនានា ដែលប្រទេសទាំងពីរយល់ស្របគ្នាផង និងមិនយល់ស្របគ្នាផង។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ ពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា ដោយផ្អែកតាមប្រភពនៅវិមានប្រធានាធិបតីអាមេរិក។

យោងតាមក្យូដូ មហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរ ព្យាយាមគ្រប់គ្រងការប្រកួតប្រជែងដែលចេះតែរីកធំឡើងរបស់ខ្លួន។ ការព្រមព្រៀងខាងលើបានកើតមាន អំឡុងពេលសន្ទនាតាមទូរស័ព្ទជាលើកទីពីរ ចាប់តាំងពីលោក បៃឌិន បានចូលកាន់ដំណែងនៅខែមករា។ ក្យូដូរំលេចប្រាប់ដូច្នេះ ដោយបញ្ជាក់បន្ថែមតាមសេតវិមានថា ការពិភាក្សារបស់មេដឹកនាំទាំងពីររូប ប៉ះចំលើប្រធានបទ«ទំនួលខុសត្រូវរបស់ប្រជាជាតិទាំងពីរ ដើម្បីធានាថា ការប្រជែងគ្នាមិនប្រែទៅជាជម្លោះ»។

សេចក្ដីថ្លែងការណ៍របស់សេតវិមាន ត្រូវបានក្យូដូស្រង់យកមកផ្សាយថា៖ «មេដឹកនាំទាំងពីររូបមានកិច្ចពិភាក្សាយុទ្ធសាស្ត្រ ទូលំទូលាយ ដែលនៅក្នុងនោះ អ្នកទាំងពីរជជែកអំពីវិស័យនានា ដែលមានផលប្រយោជន៍ស្របគ្នា និងអំពីវិស័យនានា ដែលមានផលប្រយោជន៍ តម្លៃ និងទស្សនវិស័យខុសគ្នា។ អ្នកទាំងពីរបានព្រមព្រៀងធ្វើការជាមួយគ្នា លើវិស័យទាំងអស់ជាចំហរ និងដោយត្រង់ៗ។»

​សេចក្ដីថ្លែងការណ៍នោះប្រាប់ទៀតថា ភាគីលោក បៃឌិន បានគូសបញ្ជាក់អំពី​«ផលប្រយោជន៍យូរអង្វែងរបស់សហរដ្ឋអាមេរិកក្នុងសន្តិភាព ស្ថិរភាព និងវឌ្ឍនភាព នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងលើពិភពលោក»។ នេះបើយោងតាមក្យូដូ ដែលកត់សម្គាល់ឃើញថា ការពិភាក្សាគ្នានោះបានកើតឡើង នៅពេលដែលរដ្ឋបាលលោក បៃឌិន បានបញ្ចប់ការដកទ័ពពីប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបញ្ចប់សង្គ្រាមយូរបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងក្ដីសង្ឃឹមថា ខ្លួនអាចផ្ដោតការយកចិត្តទុកដាក់លើការប្រឈមថ្មីៗ បង្កឡើងដោយប្រទេសផ្ដាច់ការនានា។

ទីភ្នាក់ងារសារព័ត៌មានក្យូដូ ដែលផ្អែកតាមប្រភពស្និទ្ធនឹងទំនាក់ទំនងរវាងជប៉ុននិងអាមេរិក បានបញ្ជាក់ឱ្យដឹងដែរថា សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា នឹងរៀបចំកិច្ចប្រជុំកំពូលទល់មុខគ្នាជាលើកដំបូង នៅចុងខែកញ្ញានេះ ហើយបន្ថែមថា គម្រោងនេះអាចត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃកិច្ចខិតខំ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់។

ការសន្ទនាតាមទូរស័ព្ទដំបូង រវាងលោក ចូ បៃឌិន និងលោក ស៊ី ជិនពីង បានកើតឡើងនៅក្នុងខែកុម្ភៈ ពេលដែលលោក បៃឌិន បានលើកឡើងអំពីបញ្ហាចម្រូងចម្រាស់នានា ដូចជាបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងរបស់ចិន និងអំពីសម្ពាធរបស់ចិនលើកោះតៃវ៉ាន់ជាដើម។ នេះជាការរម្លឹកឱ្យដឹងដោយក្យូដូ ដែលបង្ហាញថា សេចក្ដីថ្លែងការណ៍របស់សេតវិមាន នៅថ្ងៃព្រហស្បតិ៍ មិនបានបញ្ជាក់ថា លោក បៃឌិន បានលើកអំពីកង្វល់របស់លោកទាក់ទងនឹងតំបន់ស៊ីនជាំង ឬកោះតៃវ៉ាន់ទៀតឬយ៉ាងណានោះទេ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បុគ្គលិកនារីនៅសាលាក្រុងកាប៊ុលត្រូវបានប្រាប់ឱ្យស្នាក់នៅផ្ទះ

បុគ្គលិកនារីក្នុងរដ្ឋបាលសាលារដ្ឋធានីកាប៊ុលនៃប[...]

អគ្គលេខាធិការ អសប ព្រមានចិន និង សរអ ឱ្យបញ្ចៀសសង្គ្រាមត្រជាក់ថ្មី

អគ្គលេខាធិការអង្គការសហប្រជាជាតិបានស្នើឱ្យប្រទ[...]

លោកស្រីរដ្ឋមន្ត្រីការបរទេសហូឡង់លាតំណែងព្រោះរឿងអាហ្វហ្គានីស្ថាន

លោកស្រីរដ្ឋមន្ត្រីការបរទេសនៃប្រទេសហូឡង់ ឈ្មោះ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x