en     km
en     km

ឃុំមួយនៅស្រុកបាទី ប្រាប់ប្រជាកសិករផ្អាកធ្វើស្រូវប្រាំងជាបណ្តោះអាសន្នសិន ព្រោះខ្លាចខ្វះទឹក

Share

រដ្ឋបាលឃុំកណ្តឹង​ ស្រុកបាទី ខេត្តតាកែវបានជូនដំណឹងដល់ប្រជាកសិករក្នុងឃុំកណ្តឹង ទាំងអស់ផ្អាកការបង្កបង្កើនផលស្រូវប្រាំង លើកទី២ជាបណ្តោះអាសន្ន  ដោយយោងទៅលើប្រភពទឹកក្នុងអាងទឹកទន្លេបាទី មានការស្រកចុះយ៉ាងខ្លាំង ធ្វើឱ្យបរិមាណទឹកពុំអាចបន្តបូមទម្លាក់តាមប្រឡាយមេ(ប្រឡាយហនុមាន)សម្រាប់ផ្គត់ផ្គង់ក្នុងការស្រោចស្រពស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋបានតទៅមុខទៀត និងដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍របស់ប្រជាកសិករ។ នេះតាមការបញ្ជាក់ពីលោក ស្រី សំបូរ មេឃុំកណ្តឹងបានឱ្យវិទ្យុស្រ្តីដឹងនៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៥។

មេឃុំកណ្តឹង លោក ស្រី សំបូរ បានប្រាប់ឱ្យដឹងថា យោងទៅលើប្រភពទឹកក្នុងអាងទឹកទន្លេបាទី មានការស្រកចុះយ៉ាងខ្លាំង ធ្វើឱ្យបរិមាណទឹកពុំអាចបន្តបូមទម្លាក់តាមប្រឡាយមេ(ប្រឡាយហនុមាន)សម្រាប់ផ្គត់ផ្គង់ក្នុងការស្រោចស្រពស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋបានតទៅមុខទៀតនៅចុងរដូវប្រាំងនេះដែលបានអូសបន្លាយពេលវែនោះ និងដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍របស់ប្រជាកសិករ ទើបអាជ្ញាធររដ្ឋបាលឃុំ ស្នើប្រជាកសិករធ្វើស្រូវប្រាំងជាលើកទី២នោះ ត្រូវផ្អាកធ្វើជាបណ្តោះអាសន្នសិន ខ្លាចក្រែងជួបបញ្ហាកង្វះទឹក។

ប្រភពរូប៖លោក ស្រី សំបូរ មេឃុំកណ្តឹង

លោក ស្រី សំបូរ៖«ដោយសារការណែនាំពីថ្នាក់ស្រុកលោកសុំអង្វករដល់បងប្អូនប្រជាពលរដ្ឋសូមមេតា្តផ្អាកជាបណ្តោះអាសន្នកុំឱ្យមានលើកទី២បន្តទៀតខ្លាចវាមានបញ្ហាហានិភ័យបញ្ហាទឹកនេះគឺគ្រាន់តែសុំទេ លោកលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើស្រែ ប៉ុន្តែរដូវប្រាំងយើងអត់មានអីក្រៅពីទឹកអាងទេ ទឹកអាងយើងស្រកស្រុតទៅខ្លាចហានិភ័យណាមួយកើតឡើងមានដល់ពួកគាត់ នេះគ្រាន់តែជូនដំណឹងទេ មិនមែនថាមិនអនុញ្ញាតឱ្យគាត់ធ្វើទេ ឱ្យគាត់ឈ្វេងយល់ពីបញ្ហាហ្នឹង ព្រោះកសិករប្រកបរបរធ្វើស្រែ​​ ប៉ុន្តែយើងធ្វើស្រែទាល់តែមានទឹក បើធ្វើស្រែអត់ទឹក យើងហានិភ័យហើយ​ ព្រោះនេះជារដូវប្រាំង មិនមែនរដូវវស្សាទេ គ្រាន់តែប៉ុណ្ណឹងទេ មិនមែនយើងហាមគាត់មិនឱ្យធ្វើស្រែទេ»។

 

លោកមេឃុំកណ្តឹង បានឱ្យដឹងទៀតថា  ជារៀងរាល់ឆ្នាំបន្ទាប់ពីច្រូតស្រូវវស្សារួច ប្រជាពលរដ្ឋ មកធ្វើស្រូវប្រាំងបង្កើនរដូវបន្ថែមទៀតដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ។ កន្លងមកឃុំកណ្តឹងក្នុងរដូវប្រាំង អនុវត្តន៍បានតែ១៧០ ហិកតាទេ។ តែឆ្នាំនេះ ការធ្វើស្រូវប្រាំងមានរហូតដល់ជាង ៤៣៤ហិកតា ដែលប្រជាពលរដ្ឋមាន៣៩៤គ្រួសារ លើសផែនការ និងប្រភពទឹកអាងទន្លេបាទីដែលស្រកចុះខ្លាំង។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកសុទ្ធ គឹមកុលមុន្នី បានឱ្យដឹងថា រហូតដល់ពេលនេះ មានខេត្តចំនួន១៤ ដែលរងផលប៉ះពាល់កង្វះទឹក តែអាជ្ញាធរក៏បានជួយអន្តរាគមន៍ហើយផងដែរ។ លោក សុទ្ធ គឹមកុលមុន្នី បានឱ្យដឹងបន្ថែមថា បញ្ហា​កង្វះទឹកនេះ ដោយសារតែ កត្តាទឹកភ្លៀងតិច និងកត្តាប្រជាកសិករធ្វើស្រូវប្រាំងលើសផែនការ ដោយតំបន់ខ្លះ ខេត្តខ្លះ មានរហូតជាង ៣០០ភាគរយ ដែលហួសពីសមត្ថភាពទឹកដែលបានត្រៀមទុក។

ប្រភពរូប៖ លោក សុទ្ធ គឹមកុលមុន្នី

លោកសុទ្ធ គឹមកុលមុន្នី៖«​ តាមជំនាញបានកំណត់រួចជាស្រេចអំពីវិធានការណ៍ដើម្បីឆ្លើយតបអ្វីជាសមត្ថភាពបង្ការទឹកដែលអនុវត្តន៍ស្រោចស្រពគឺ មានផែនការច្បាស់លាស់ ប៉ុន្តែការដាំស្រូវប្រាំងលើសលប់គឺធ្វើឱ្យខ្វះទឹក ហើយជំនាញបានណែនាំជាបន្តបន្ទាប់ក្រោយពីការច្រូតកាត់ ជំនាញនិងអាជ្ញាធរ និងថា្នក់ដឹកនាំក៏បានណែនាំទៅដល់ប្រជាកសិករក្រោយពីច្រូតកាត់ស្រូវប្រាំងហើយ កុំបន្តដាំដុះបន្តទៀតដោយសារការគិតគូរអំពីទឹកស្រោចស្រពគឺដឹងថាខ្វះហើយ ប្រជាកសិករយើងតំបន់ខ្លះ ក៏បានអនុវត្តន៍តាម កន្លែងខ្លះក៏គាត់បានបន្តដែលជាបញ្ហានៅតែប្រឈមការខ្វះខាតទឹក ជាមួយគ្នានេះបើនៅតែបន្តដាំដុះអាចប្រឈមនឹងការខូចខាតដោយសារតែពុំមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពទេ»។

លោកមេឃុំកណ្តឹងបានបញ្ជាក់បន្ថែមថា ការជូនដំណឹង អំពីការផ្អាកធ្វើស្រូវប្រាំងបណ្តោះអាសន្ននេះគឺចង់ឱ្យប្រជាកសិករ ត្រៀមលក្ខណៈ កុំទាន់អាលដាំដុះបន្តទៀត ដោយត្រូវមើលស្ថានភាពទឹកសិនកុំឱ្យមានការខាតបង់ ដល់ជីវភាពពួកគាត់៕

Share

ព័ត៌មានទាក់ទង