ភ្នំពេញ៖ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបរិយាកាសនយោបាយល្អ ស្ងប់ស្ងាត់ អព្យាក្រឹត និងយុត្តិធម៌ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតីកាលទី៦ ឆ្នាំ២០១៨ គណៈកម្មាការធិការរាជធានី ខេត្តរៀបចំការបោះឆ្នោតបានដាក់ចេញនូវផែនការចំនួន ៥ចំណុចឬប់ស្កាត់បាតុភាពយថាហេតុណាមួយដែលអាចកើតមានឡើង។
តាមសេចក្តីជូនដំណឹងរបស់គ.ជ.ប ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃពុធទី១៨ មេសា ម្សិលមិញផែនការទាំង ៥ចំណុចនោះរួមមាន៖
ទី១ ត្រូវបន្តការពង្រឹងទំនាក់ទំនង កិច្ចសហការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតជាមួយស្នងការដ្ឋាននគរ បាលរាជធានី-ខេត្តនិងអធិការដ្ឋាននគរបាលក្រុង ស្រុក-ខណ្ឌ និង ឃុំ-សង្កាត់ដើម្បីចាត់វិធានការការពារសន្តិសុខសុវត្ថិភាពឱ្យបានតឹងរឹង ។
ទី២ត្រូវពង្រឹងកិច្ចសហការចាត់វិធានការរក្សាការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈគ្រប់សកម្មភាពរបស់ភ្នាក់ងារ និងបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលទៅបោះឆ្នោត។
ទី៣ ត្រូវចាត់ចែង តាមដានត្រួតពិនិត្យសភាពការណ៍និងសុំអន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ច ក្នុងករណីមានការអុកឡុកការគំរាមកំហែងនិងអំពើហិង្សាល្មើសច្បាប់ផ្សេងៗ ដែលនាំឱ្យរាំងស្ទះដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ។
ទី៤ត្រូវផ្តល់ព័ត៌មានឬរបាយការណ៍ជាប្រចាំ អំពីស្ថានភាពសន្តិសុខ សុវត្ថិភាពជុំវិញដំណើរការនៃការបោះឆ្នោត ជូនអគ្គលេខាធិការដ្ឋាន គ.ជ.ប ឱ្យបានទៀងទាត់ចាប់ពីពេលនេះតទៅ។
ទី៥ត្រូវចាត់ចែងរៀបចំកិច្ចប្រជុំចម្រុះក្នុងគោលដៅជួបពិភាក្សា និងស្វែងរកដំណោះស្រាយសមស្រប រួមនឹងការចាត់វិធានការណ៍ផ្សេងៗ ដើម្បីបង្ការទប់ស្កាត់និងកាត់បន្ថយឱ្យបានរាល់បញ្ហាទំនាស់ ឬក៏បាតុភាពនានាដែលអាចនឹងកើតមានឡើងជាយថាហេតុ។
បន្ថែមពីសេចក្តីអំពាវនាវខាងលើលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ ជ ប បានគូសបញ្ជាក់ពីគោលបំណងនៃការពង្រឹកសន្តិសុខថ្ងៃបោះឆ្នោតជាតិយ៉ាងដូច្នេះថា
យ៉ាងណាលោក ហង្ស ពុទ្ធា មិនទាន់អាចបញ្ជាក់ពីតួលេខពិតប្រាកដចំពោះកងកម្លាំងសន្តិសុខដែលត្រូវដាក់ពង្រាយតាមការិយាល័យនៅទូទាំងប្រទេសប៉ុន្មាននោះទេ។ លោក ហង្ស ពុទ្ធា បញ្ជាក់បន្ថែមថា គ ជ ប នឹងអាចសូមការសហការពីក្រសួងពាក់ព័ន្ធដើម្បីបន្ថែមកម្លាំងសន្តិសុខការពារសណ្តាប់ធ្នាប់ និងបាតុភាពផ្សេងៗនៅថ្ងៃបោះឆ្នោតជាតិនាខែមិថុនាខាងមុខ។
ទោះបីអ្នកនាំពាក្យមិនទាន់អាចបញ្ជាក់ពីតួលេខនៃចំនួនកម្លាំងសន្តិសុខយ៉ាងណាក្តី តែកាលពីថ្ងៃទី១០ មេសា ឆ្នាំ ២០១៨ថ្មីនេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងក្នុងកិច្ចប្រជុំមួយនៅការិយាល័យ គ ជ ប ថា រដ្ឋាភិបាលបានសម្រេចត្រៀមកម្លាំងចំនួនជាង៨ម៉ឺននាក់ ដោយដាក់ពង្រាយតាមការិយាល័យ និងតាមតំបន់ផ្សេងៗ ដើម្បីការពារសន្តិសុខក្នុងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។ បើតាមលោក ហង្ស ពុទ្ធា បន្ទាប់ពីគ ជ ប បានប្រកាសអំពាវនាវស្វាគមន៍វត្តមានអង្គការសង្គមស៊ីវិលចូលរួមសង្កេតការណ៍បោះឆ្នោតជាតិនោះ រហូតមកទល់ពេលនេះនៅមិនទាន់មានអង្គការជាតិ ឬអន្តរជាតិមកចុះឈ្មោះជាភ្នាក់ងារនៅឡើយទេ។ តែយ៉ាងណាលោកថា មានអង្គការជាតិប្រមាណ៣ បានមកពិភាក្សាពីនិតីវិធីរបស់ គ ជ ប មួយចំនួនដើម្បីត្រៀមខ្លួនចុះឈ្មោះជាអ្នកអង្កេតការណ៍បោះឆ្នោតជាតិនាខែមិថុនាខាងមុខ។
សូមរំលឹកថា នៅក្នុងការបោះឆ្នោត ឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០១៧ដែលចាត់ទុកថាការបោះឆ្នោតមួយប្រកបដោយភាពសេរីត្រឹមត្រូវនិងយុត្តិធម៌ អ្នកជាតិនិងអន្តរជាតិ បានចុះធ្វើជាអ្នកសង្កេតការណ៍ ជាច្រើន ក្នុងនោះមាន អង្គការជំនាញកិច្ចការបោះឆ្នោត ខុមហ្វ្រែល អង្គការនិហ្វិច អង្គការតម្លាភាពកម្ពុជា ស្ថានទូតអាមេរិក សហភាពអឺរ៉ុប និងប្រទេសជប៉ុន។
សម្រាប់ សហភាពអឺរ៉ុប អាមេរិក បានសម្រេចបញ្ឈប់កិច្ចសហការជាមួយ កម្ពជា ដោយសារ តុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ និងឃាឃាំង មន្ត្រីជាន់ខ្ពស់បក្សនេះ ១១៨រូបមិនអោយបន្តសកម្មភាពនយោបាយ៕