ភ្នំពេញ៖ មន្ត្រី គ.ជ.ប អះអាងថាការចុះឈ្មោះបោះឆ្នោតថ្មី តាមប្រព័ន្ធកុំព្យូទ័រ ដែលមានការសហការ បច្ចេកទេសពីប្រទេសជប៉ុន និងសហភាពអ៊ឺរ៉ុប ដោយបញ្ជូនទិន្នន័យតាមអ៊ីនធ័រណែត នឹងមិនមានអ្នកចូលលួចទេ។
ការថ្លែងដូចនេះក្នុង កម្មវិធីសិក្ខាសាលាស្ដីពី នីតិវិធី និងច្បាប់បោះឆ្នោត នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ខែសីហានេះ។ រាយការណ៍ដោយកញ្ញា ច្រឹក ស្រីអូន៖
ការចុះឈ្មោះបោះឆ្នោត នឹងចាប់ផ្តើមដំណើរការ នៅថ្ងៃទី ០១ខែកញ្ញាឆ្នាំ២០១៦ ដោយបញ្ជូនទិន្នន័យ តាមប្រព័ន្ធអ៊ីនធ័រណែត ហើយសម្រាប់នៅតាម បណ្តាខេត្ត ឆ្ងាយៗ បញ្ជូនតាមប្រព័ន្ធ អ៊ីនធ័រណែតដោយប្រើ Modem និង ស៊ីមកាតចំនួន ៣ប្រព័ន្ធ។
ជុំវិញនឹងចម្ងល់ចំពោះការធានាសុត្ថិភាព ពេលបញ្ជូលទិន្នន័យ ការពារមិនឲ្យមានការ លួចទិន្នន័យបាន។ លោក សោម សូរីដា អគ្គលេខាធិការង គ.ជ.ប អះអាងថាការចុះបញ្ជីនេះមានការសិក្សាខ្ពស់ ជាពិសេសជំនាញបច្ចេកទេសជប៉ុន។
លោកបានបន្តថា គ.ជ.ប ធានាថាការបញ្ជូនទិន្នន័យគ្មានការចូលទៅលួចបានឡើយ។«ការបញ្ជូនទិន្នន័យនេះមាន ការសិក្សាខ្លាំងណាស់ពិសេសអ្នកជំនាញបច្ចេកទេស ជប៉ុន គាត់ប្រយ័ត្នប្រយែងខ្លាំណាស់ គឺជប៉ុន អញ្ចឹងដំណើរការផ្ទៀងផ្ទាត់ គ.ជ.ប ការធានាបញ្ជូនទិន្នន័យមិនមានការលួចទិន្នន័យ បញ្ជីបោះឆ្នោតបានឡើយ។ ដោយប្រើModem ធានាថាគ្មានអ្នកចូលលួចបានទេ»។
ជុំវិញបញ្ហានេះលោក សំ គុន្ធាមី នាយកប្រតិ្តអង្គការឃ្លាំមើលការបោះឆ្នោត (ហៅកាត់ថា និចហ្វិច) មានប្រសាសន៍ថា លោកបារម្ភចំពោះ ការបញ្ជូនទិន្នន័យ តាមប្រព័ន្ធអ៊ីនធ័រណែត ព្រោះប្រព័ន្ធទូរស័ព្ទនៅកម្ពុជាមិនសូវមានសុវត្តិភាព។
លោក បន្តថា គ.ជ.ប គួរតែត្រួតពិនិត្យនៅចំពោះការ ផ្ញើ ទិន្នន័យនិងក្រុមហ៊ុនទូរស័ព្ទឲ្យបានល្អដើម្បីធានា ឲ្យមានការជឿជាក់របស់ប្រជាពរដ្ឋ។«គ.ជ.ប គួរតែពិនិត្យប្រព័ន្ធផ្ញើរ និងក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ ដើម្បីធានាមានសន្តិសុខក្នុងការផ្ញើរ ទី២ គ.ជ.ប គួរត្រួតពិនិត្យមន្ត្រីចុះឈ្មោះពេលដែលគាត់បញ្ជូនទិន្នន័យ ជៀសវាងការបញ្ជូនមកមានការកកស្ទះ»។
ចំនែកលោក សូរ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ បានមានប្រសាសន៍ថា សុវត្ថិភាព ស៊ីមកាតប្រព័ន្ធទូរស័ព្ទមិនសូវល្អហើយករណី គ.ជ.ប ត្រូវតែធានាឲ្យបាននៅពេលបញ្ជូនទិន្នន័យតាមប្រព័ន្ធ អ៊ីនធ័រណែត ដើម្បីឲ្យអ្នកដែលពាក់ព័ន្ធមានទំនុកចិត្តលើ គ.ជ.ប។«គ.ជ.ប មានអំណាចក្នុងការពិភាក្សាជាមួយបណ្តាញប្រព័ន្ធទូរស័ព្ទ ដែលត្រូវប្រើប្រាស់ នោះធ្វើយ៉ាងណាឲ្យមានសុវត្ថិភាព ត្រូវប្រាកដថាឈ្មោះទាំងអស់នោះមិនត្រូវបានគេឬគេបំផ្លាញចោលតាមប្រព័ន្ធអ៊ីនធ័រណែត»។
ការចុះឈ្មោះបោះឆ្នោត នៅឆ្នាំនេះ ក្រោមការឧបត្ថម្ភ របស់អ្នកជំនាញ មកពីប្រទេសជប៉ុន និង សហភាពអឺរ៉ុប ដោយមាន ការប្រើទិន្នន័យ តាមកុំព្យូទ័រ ដែលគេរំពឹងថា មានតម្លាភាព ហើយការលួចបន្លំ នឹងមិនអាចមានទៀតទេ។ ជាមួយគ្នានេះ ពលរដ្ឋខ្មែរមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវទៅចុះឈ្មោះបោះឆ្នោត អាចមានចំនួន ជិត១០លាននាក់។
នៅពេលជាមួយគ្នានេះ គណបក្សប្រឆាំង បានអះអាងថាខ្លួននឹងដាក់ពង្រាយអ្នកសង្កេតការណ៍ ជាង២០០០នាក់ នៅតាមការិយាល័យ ចុះឈ្មោះបោះឆ្នោត ទាំងអស់នៅទូទាំងប្រទេស៕