ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិគ្រោងប្តឹងទៅឧទ្ធរណ៍ជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសសកម្មជន និងមន្ត្រីបក្សរបស់ខ្លួនចំនួន ១១នាក់ឲ្យជាប់ពន្ធនាគារពី៧ទៅ ២០ឆ្នាំពាក់ព័ន្ធនឹងហិង្សាក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ ២០១៤ កន្លងទៅ។
ក្រោយបញ្ចប់កិច្ចប្រជុំរវាងតំណាងសម្លេងភាគច្រើន និងសម្លេងភាគតិចក្នុងសភា កាលពីល្ងាចថ្ងៃទី១០ សីហា ម្សិលមិញនៅវិមានរដ្ឋសភា គណបក្សប្រឆំាងសម្តែងការមិនពេញចិត្ត ដោយមិនទទួលបានលទ្ធិផលល្អប្រសើរពីជំនួបនេះ ពាក់ព័ន្ធសកម្មជនរបស់ខ្លួន ដែលកំពុងតែជាប់ពន្ធនាគារព្រៃសនៅឡើយនោះ។
លោក អេង ឆៃអៀង បានឱ្យដឹងបន្ទាប់កិច្ចប្រជុំម្សិលមិញថា គណបក្សសង្រ្គោះជាតិគ្រោងប្តឹងទៅឧទ្ធរណ៍ជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសសកម្មជន និងមន្ត្រីបក្សរបស់ខ្លួនចំនួន ១១នាក់ឲ្យជាប់ពន្ធនាគារពី ៧ទៅ ២០ឆ្នាំពាក់ព័ន្ធនឹងហិង្សាក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំមុន។ លោកបន្តថា មេធាវីនឹងរៀបចំឯកសារ ដើម្បីប្តឹងទៅសាលាឧទ្ធរណ៍ជំនាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។ លោកបន្ថែមទៀតថា ដោយឡែក សកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៣នាក់ទៀត ដែលទើបឃុំខ្លួននាពេលថ្មីៗនេះ ខាងគណបក្សសង្គ្រោះជាតិនឹងរកមេធាវីបន្ថែមទៀត ដើម្បីការពារអ្នកទាំងនោះ។
ជុំវិញបញ្ហានេះ លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ បានឲ្យដឹងនៅថ្ងៃទី១១ សីហានេះថា ជោគវាសនារបស់សកម្មជនគណបក្សសង្គ្រោះជាតិទាំង ១៤នាក់អាចនឹងមានសេរីភាពឡើងវិញ ឬយ៉ាងណានោះ គឺអាស្រ័យទៅលើការចរចាគ្នារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាត្រូវរ៉ូវគ្នាផ្នែកនយោបាយ។ លោក អំ សំអាត រំពឹងតិចតួចបំផុតចំពោះ ការគ្រោងប្តឹងទៅឧទ្ធរណ៍ជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញរបស់គណបក្សសង្គ្រោះជាតិ ព្រោះថាប្រព័ន្ធយុត្តិធម៌នៅកម្ពុជាហាក់មិនទាន់ឯករាជ្យពេញលេញនៅឡើយ។
ដូចគ្នានេះដែរ លោក បណ្ឌិត រស់ រ៉ាវុធ សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយបានលើកឡើងដែរថា ការចាប់ខ្លួន សកម្មជនសង្រ្គោះជាតិដាក់ពន្ធនាគារ កក្រើកឡើងវិញនៅពេលនេះ បន្ទាប់ពីបញ្ហាចម្រូងចម្រាស់ផ្នែកនយោបាយឡើងកំដៅជាថ្មី។ លោកបន្តទៀតថា ទោះបីជាគណបក្សប្រឆំាងស្វែងរកដំណោះស្រាយតាមផ្លូវនយោបាយ ឬតាមប្រព័ន្ធតុលាការក៏ដោយ លោកសូមឲ្យគណបក្សជាប់ឆ្នោតទាំងពីរមានដោះស្រាយប្រកបដោយតម្លាភាព មិនត្រូវយកខ្មែរគ្នាឯងជាសត្រូវឡើយ។ លោកបន្ថែមថា បើប្រទេសកម្ពុជាមិនអាចបញ្ចប់បញ្ហាកំដៅនយោបាយបានទេនោះ វាអាចនឹងប៉ះពាល់ដល់អ្នកវិនិយោគបរទេសមិនហ៊ានធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ប្រសិនបើបញ្ហានយោបាយនៅតែឡើងកំដៅដូចពេលនេះ។
ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក សក់ សេដ្ឋា បានបញ្ជាក់ថា គណបក្សជាប់ឆ្នោតទាំងពីរ បានឯកភាពគ្នាថា នឹងជួយផ្តល់គំនិតគ្នាទៅវិញទៅមក ដោះស្រាយបញ្ហារួមគ្នា ចំពោះករណីសកម្មជនបក្សប្រឆាំងដែលជាប់ឃុំនោះ។ លោកបន្តថា បើទោះជាមានការជួយផ្តល់គំនិតគ្នាទៅវិញទៅមកក៏ដោយ ក៏ការផ្តល់យោបល់នោះ គឺមិនប៉ះពាល់ដល់នីតិវិធីច្បាប់ និងមិនប៉ះពាល់ដល់សមត្ថកិច្ចរបស់តុលាការឡើយ។ លោកសង្កត់ធ្ងន់ថា ការឃុំខ្លួនសកម្មជនគណបក្សប្រឆាំងទាំង ១១នាក់នោះ ជាសមត្ថកិច្ចរបស់តុលាការ ហើយភាគីទាំងពីរមិនអាចជ្រៀតជ្រែកប្រព័ន្ធតុលាការបានឡើយ។
សូមបញ្ជាក់ថា ស្ថានភាពនយោបាយឡើងកម្ដៅជាថ្មីនេះ បន្ទាប់ពីក្រុមតំណាងរាស្ត្របក្សប្រឆាំងចុះពិនិត្យព្រំដែនកម្ពុជា វៀ់តណាម នាពេលថ្មីនេះ។ ចំណាត់ការចាប់សកម្មជនគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ដាក់ពន្ធនាគារព្រៃស ដោយតក់ក្រហល់នេះត្រូវបានសង្គមស៊ីវិល និងអ្នកវិភាគនយោបាយមួយចំនួនចាត់ទុកថា ជាបញ្ហានយោបាយ ដើម្បីគំរាមដល់គណបក្សប្រឆាំង៕